សំបុត្រទី២ជូនចំពោះធីម៉ូថេ
៤ គ្រិស្តយេស៊ូនឹងវិនិច្ឆ័យ+មនុស្សរស់និងមនុស្សស្លាប់+ ពេលដែលលោកលេចមក+ និងពេលដែលលោកគ្រប់គ្រងក្នុងរាជាណាចក្ររបស់លោក។+ ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការនៅចំពោះមុខលោកនិងព្រះថា ២ ចូរប្រកាសបណ្ដាំរបស់ព្រះ។+ ចូរប្រកាសជាបន្ទាន់នៅពេលដែលមានអំណោយផល និងនៅពេលដែលមានការលំបាក។ ចូរប្រដៅតម្រង់+ ស្ដីបន្ទោស លើកទឹកចិត្ត ដោយមានចិត្តអត់ធ្មត់និងការប៉ិនប្រសប់គ្រប់យ៉ាងក្នុងការបង្រៀន។+ ៣ ព្រោះនឹងមានគ្រាដែលពួកគេនឹងមិនទ្រាំស្ដាប់សេចក្ដីបង្រៀនដែលមានប្រយោជន៍ទៀត+ តែពួកគេនឹងធ្វើតាមបំណងប្រាថ្នារបស់ខ្លួន ហើយប្រមូលពួកអ្នកបង្រៀនដែលនិយាយអ្វីដែលពួកគេចង់ស្ដាប់។+ ៤ ពួកគេនឹងឈប់ស្ដាប់សេចក្ដីពិត រួចបែរទៅស្ដាប់រឿងមិនពិតវិញ។ ៥ ចំណែកអ្នកវិញ ចូរដឹងខ្លួនជានិច្ចក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងការអាក្រក់+ ចូរបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ* ហើយបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូក។+
៦ ខ្ញុំប្រៀបដូចជាគ្រឿងបូជាជាស្រា ដែលកំពុងត្រូវច្រួចចេញលើទីបូជា+ ហើយពេលដែលខ្ញុំនឹងត្រូវរំដោះ+ គឺជិតដល់ហើយ។ ៧ ខ្ញុំបានតស៊ូយ៉ាងប្រសើរ+ ខ្ញុំបានរត់ប្រណាំងដល់ទីផ្ដាច់ព្រ័ត្រ+ ខ្ញុំបានបន្តធ្វើតាមជំនឿ។ ៨ ចាប់ពីពេលនេះទៅ មកុដនៃសេចក្ដីសុចរិតនឹងត្រូវទុកឲ្យខ្ញុំ+ គឺមកុដដែលលោកម្ចាស់ជាចៅក្រមដ៏សុចរិត+នឹងឲ្យខ្ញុំជារង្វាន់នៅថ្ងៃនោះ+ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ តែក៏ឲ្យដល់អស់អ្នកដែលប្រាថ្នាឲ្យលោកលេចមកដែរ។
៩ ចូរខំអស់ពីសមត្ថភាព ដើម្បីមកឯខ្ញុំឲ្យបានឆាប់បំផុត។ ១០ ព្រោះដេម៉ាស+បានបោះបង់ចោលខ្ញុំ ដោយសារគាត់ស្រឡាញ់របៀបរបបពិភពលោក*នាបច្ចុប្បន្ន ហើយគាត់បានទៅក្រុងថែស្សាឡូនិច។ រីឯក្រេសេន គាត់បានទៅខេត្តកាឡាទី ហើយទីតុសបានទៅតំបន់ដាល់ម៉ាទា។ ១១ មានតែលូកាម្នាក់ប៉ុណ្ណោះដែលនៅជាមួយនឹងខ្ញុំ។ ចូរនាំម៉ាកុសមកជាមួយនឹងអ្នក ព្រោះគាត់អាចជួយខ្ញុំយ៉ាងច្រើនក្នុងកិច្ចបម្រើ។ ១២ ចំណែកទីឃីកុសវិញ+ ខ្ញុំបានចាត់គាត់ឲ្យទៅក្រុងអេភេសូរ។ ១៣ នៅពេលដែលអ្នកមក ចូរយកក្រណាត់ដណ្ដប់ដែលខ្ញុំបានផ្ញើទុកនឹងកាប៉ុសនៅក្រុងត្រូអាស ហើយចូរយករមូរក្រដាសមកដែរ ជាពិសេសរមូរស្បែក។
១៤ អាឡិចសង់ដែលជាជាងស្ពាន់ បានធ្វើទុក្ខខ្ញុំច្រើនលើកច្រើនសា។ ព្រះយេហូវ៉ា*នឹងតបស្នងទៅគាត់វិញតាមការប្រព្រឹត្តរបស់គាត់។+ ១៥ ចូរអ្នកប្រុងប្រយ័ត្ននឹងគាត់ដែរ ព្រោះគាត់បានប្រឆាំងពាក្យសម្ដីរបស់យើងខ្លាំងណាស់។
១៦ ពេលដែលខ្ញុំនិយាយការពារខ្លួនជាលើកទី១ គ្មានអ្នកណាគាំទ្រខាងខ្ញុំទេ។ ផ្ទុយទៅវិញ ពួកគេទាំងអស់គ្នាបានបោះបង់ចោលខ្ញុំ។ សូមព្រះកុំប្រកាន់ទោសពួកគេក្នុងរឿងនេះឡើយ។ ១៧ ប៉ុន្តែ លោកម្ចាស់បានឈរក្បែរខ្ញុំ ហើយពង្រឹងកម្លាំងខ្ញុំ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយយ៉ាងសព្វគ្រប់ និងដើម្បីឲ្យប្រជាជាតិទាំងអស់បានឮការផ្សព្វផ្សាយ+ ហើយលោកម្ចាស់បានជួយសង្គ្រោះខ្ញុំពីមាត់តោ។+ ១៨ លោកម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយនឹងរក្សាការពារខ្ញុំសម្រាប់រាជាណាចក្ររបស់លោកនៅស្ថានសួគ៌។+ សូមឲ្យលោកបានប្រកបដោយសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
១៩ សូមផ្ដាំសួរសុខទុក្ខព្រីស្កា និងអាគីឡា+ ព្រមទាំងពួកអ្នកផ្ទះរបស់អូណេស៊ីផឺ។+
២០ អេរ៉ាធូស+ស្នាក់នៅក្រុងកូរិនថូស តែខ្ញុំបានទុកត្រូភីមឹស+ឲ្យនៅក្រុងមីលេតូស ព្រោះគាត់ឈឺ។ ២១ ចូរខំអស់ពីសមត្ថភាពដើម្បីមកមុនរដូវត្រជាក់។
អឺប៊ូលូសផ្ដាំសួរសុខទុក្ខអ្នក ហើយភូដេន ឡែណុស ក្លូឌា និងបងប្អូនទាំងអស់ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ។
២២ សូមឲ្យលោកម្ចាស់នៅជាមួយនឹងអ្នក ដោយសារចិត្តគំនិតដែលអ្នកបង្ហាញ។ សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់របស់លោក។