យ៉ូប
៤ តើមនុស្សដែលមានភាពខុសឆ្គង*អាចបង្កើតមនុស្សដែលមិនមានភាពខុសឆ្គង*ដូចម្ដេចបាន?+ គឺមិនបានទេ!
៥ អាយុជីវិតរបស់មនុស្សបានត្រូវកំណត់
ហើយចំនួនខែដែលគាត់អាចរស់ ក៏ស្ថិតនៅក្នុងដៃរបស់លោកដែរ
លោកបានកំណត់ថ្ងៃជាស្រេចសម្រាប់គាត់
គាត់មិនអាចរស់ហួសពីថ្ងៃនោះបានឡើយ។+
៦ សូមលោកបែរមុខចេញពីគាត់ ដើម្បីឲ្យគាត់បានសម្រាក
ដូចកម្មករស៊ីឈ្នួលបានសម្រាកក្រោយពីធ្វើការចប់។+
៧ សូម្បីតែដើមឈើក៏មានសេចក្ដីសង្ឃឹម
ទោះបីជាគេកាប់វាចោលក្ដី គង់តែវាដុះឡើងម្ដងទៀត
រួចមែកវានឹងមិនដែលខានលាស់ខ្ចីឡើយ។
៨ ទោះជាឫសវាកាន់តែចាស់នៅក្នុងដី
ហើយគល់របស់វាប្រែទៅជាស្ងួតក្ដី
៩ តែពេលមានចំហាយទឹក វានឹងចេញពន្លក
ហើយបែកមែកសាខា ដូចដើមឈើថ្មី។
១០ ប៉ុន្តែពេលមនុស្សស្លាប់ កម្លាំងគាត់ក៏លែងមានទៀត
ពេលបាត់បង់ជីវិត តើគាត់ទៅឯណា?+
១១ ចំណែកទឹកសមុទ្រក៏ស្រកអស់
ហើយទន្លេក៏រីងស្ងួតទៅ។
១២ ដូចគ្នាដែរ មនុស្សដេកទៅ មិនក្រោកមកវិញទេ+
ពួកគេនឹងមិនភ្ញាក់ ឬងើបពីដំណេកឡើយ
រហូតដល់មេឃសាបសូន្យទៅ។+
១៣ ឱបើលោកលាក់ខ្ញុំនៅក្នុងផ្នូរ*+
ហើយទុកខ្ញុំនៅទីនោះរហូតដល់កំហឹងរបស់លោករសាយទៅ
ហើយកំណត់ពេលឲ្យខ្ញុំ រួចនឹកចាំខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!+
១៤ បើមនុស្សស្លាប់ហើយ តើគាត់អាចរស់ឡើងវិញបានទេ?+
ខ្ញុំនឹងទន្ទឹងចាំដរាបដល់គ្រប់ថ្ងៃកំណត់*
គឺរហូតដល់វេលាដែលខ្ញុំបានត្រូវដោះលែងឲ្យរួចខ្លួន។+
១៥ លោកនឹងហៅ ហើយខ្ញុំនឹងឆ្លើយតប+
លោកនឹងនឹកអាល័យខ្ញុំខ្លាំងណាស់ ព្រោះលោកបានបង្កើតខ្ញុំមក។
១៦ ប៉ុន្តែពេលនេះ លោកសង្កេតមើលខ្ញុំគ្រប់ជំហានឥតឈប់
លោកគន់មើលតែកំហុសរបស់ខ្ញុំប៉ុណ្ណោះ។
១៧ លោកប្រមូលអំពើល្មើសរបស់ខ្ញុំទុកក្នុងថង់បិទជិត
ថែមទាំងបិទកាវយ៉ាងជាប់ទៀតផង។
១៨ ដូចភ្នំរលំបាក់ស្រុតចុះ
ហើយថ្មដាច់ធ្លាក់ចេញពីកន្លែង
១៩ ដូចទឹកហូរកាត់ថ្មឲ្យសឹករេចរឹល
ហើយហូរច្រោះដីទៅឆ្ងាយយ៉ាងណា
នោះលោកក៏បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សមិនឲ្យសល់យ៉ាងនោះដែរ។
២០ លោកបន្តបង្ក្រាបគាត់រហូតដល់គាត់វិនាសទៅ+
លោកផ្លាស់ប្ដូររូបរាងមុខមាត់គាត់ រួចបណ្ដេញគាត់ឲ្យចេញឆ្ងាយ។
២១ ទោះជាកូនៗគាត់ទទួលកិត្តិយសក៏ដោយ គាត់មិនដឹងទេ
ទោះជាពួកគេធ្លាក់ខ្លួនទន់ទាបយ៉ាងណា ក៏គាត់មិនដឹងដែរ។+
២២ ប៉ុន្តែ គាត់មានអារម្មណ៍ឈឺចាប់ ក្នុងពេលនៅរស់
គាត់សោកសៅ ក្នុងពេលដែលនៅមានជីវិតនៅឡើយ»។