ដំណើរចាកចេញ
៤០ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ ២ «នៅថ្ងៃទី១ ក្នុងខែទី១ អ្នកត្រូវដំឡើងត្រសាលជំនុំ។+ ៣ អ្នកត្រូវដាក់ហឹបនៃសេចក្ដីរំលឹកនៅក្នុងត្រសាល+ ហើយដាក់វាំងននបាំងហឹបនោះ។+ ៤ អ្នកត្រូវយកតុ+មកដាក់នៅក្នុងនោះ ហើយរៀបចំដាក់ប្រដាប់ប្រដាលើតុ ព្រមទាំងយកជើងចង្កៀង+មកដាក់ ហើយអុជចង្កៀងបំភ្លឺផងដែរ។+ ៥ រួចយកទីបូជាពីមាសសម្រាប់ដុតគ្រឿងក្រអូប+ ទៅដាក់នៅខាងមុខហឹបនៃសេចក្ដីរំលឹក ហើយដាក់វាំងននបាំងមាត់ទ្វារត្រសាល។+
៦ «ក្រោយនោះ អ្នកត្រូវដាក់ទីបូជាសម្រាប់គ្រឿងបូជាដុត+នៅខាងមុខមាត់ទ្វារត្រសាលជំនុំ ៧ រួចអ្នកត្រូវដាក់អាងទឹកនៅចន្លោះត្រសាលជំនុំនិងទីបូជា ហើយចាក់ទឹកឲ្យពេញអាងនោះ។+ ៨ បន្ទាប់មក អ្នកត្រូវដំឡើងរនាំងជុំវិញទីធ្លា+ត្រសាលជំនុំ ហើយដាក់វាំងនន+នៅច្រកចូលទីធ្លា។ ៩ រួចអ្នកត្រូវយកប្រេងបរិសុទ្ធ*+ ទៅចាក់លើត្រសាលជំនុំនិងប្រដាប់ប្រដាទាំងអស់ដែលនៅក្នុងនោះ+ ដើម្បីញែកប្រដាប់ប្រដាទាំងនោះជាបរិសុទ្ធ។ យ៉ាងនោះ ត្រសាលនឹងបានទៅជាបរិសុទ្ធ។ ១០ រួចអ្នកត្រូវចាក់ប្រេងលើទីបូជាសម្រាប់គ្រឿងបូជាដុត និងប្រដាប់ប្រដាប្រើប្រាស់នៅលើទីបូជានោះ ដើម្បីញែកទីបូជានោះជាបរិសុទ្ធ។ យ៉ាងនោះ ទីបូជានោះនឹងបានទៅជាទីបូជាបរិសុទ្ធបំផុត។+ ១១ រួចចាក់ប្រេងលើអាងទឹកនិងជើងទ្រ ដើម្បីញែករបស់ទាំងនោះជាបរិសុទ្ធដែរ។
១២ «បន្ទាប់មក អ្នកត្រូវនាំអេរ៉ុននិងកូនប្រុសៗរបស់គាត់មកជិតមាត់ទ្វារត្រសាលជំនុំ ហើយលាងជម្រះកាយពួកគាត់។*+ ១៣ ក្រោយនោះ អ្នកត្រូវយកសម្លៀកបំពាក់បរិសុទ្ធមកបំពាក់ឲ្យអេរ៉ុន+ រួចចាក់ប្រេងតែងតាំងគាត់+ ហើយញែកគាត់ជាបរិសុទ្ធ ដើម្បីឲ្យគាត់បម្រើជាសង្ឃដល់ខ្ញុំ។ ១៤ បន្ទាប់មក នាំកូនប្រុសៗរបស់អេរ៉ុនចូលមក ហើយបំពាក់អាវវែងឲ្យពួកគាត់។+ ១៥ អ្នកត្រូវចាក់ប្រេងតែងតាំងពួកគាត់ដូចអ្នកចាក់ប្រេងតែងតាំងអេរ៉ុនជាឪពុកពួកគាត់ដែរ+ ដើម្បីឲ្យពួកគាត់បម្រើជាសង្ឃដល់ខ្ញុំ។ ការតែងតាំងនោះនឹងបញ្ជាក់ថាពួកគាត់នឹងបម្រើជាសង្ឃគ្រប់ជំនាន់តរៀងទៅ»។+
១៦ ម៉ូសេបានធ្វើតាមបង្គាប់ទាំងអស់របស់ព្រះយេហូវ៉ាគ្រប់ប្រការ។+
១៧ នៅថ្ងៃទី១ ក្នុងខែទី១ នៃឆ្នាំទី២ ត្រសាលជំនុំបានត្រូវដំឡើងរួចរាល់ទាំងអស់។+ ១៨ ពេលម៉ូសេដំឡើងត្រសាល គាត់បានដាក់ជើងពន្លួញ+ខាងក្រោម ហើយដាក់ក្ដារស៊ុម+ពីលើ រួចគាត់ស៊ករនុក+ចូល ហើយដំឡើងសសរ។ ១៩ គាត់បានលាក្រណាត់+និងផ្ទាំងស្បែកគ្របលើត្រសាល+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២០ ក្រោយនោះ ម៉ូសេយកបន្ទះថ្មនៃសេចក្ដីរំលឹក+ដាក់ក្នុងហឹប+ ហើយស៊កដងឈើស្នែង+ រួចគ្របគម្រប+ហឹប។+ ២១ បន្ទាប់មក គាត់បានយកហឹបនៃសេចក្ដីរំលឹកទៅដាក់ក្នុងត្រសាល រួចដាក់វាំងនន+បាំងហឹបនោះ+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២២ បន្ទាប់ពីនោះ ម៉ូសេបានយកតុ+ទៅដាក់នៅប៉ែកខាងជើងក្នុងត្រសាលជំនុំ ខាងក្រៅវាំងនននៃកន្លែងបរិសុទ្ធបំផុត។ ២៣ រួចគាត់រៀបនំប៉័ង+ដាក់លើតុនៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៤ បន្ទាប់មក ម៉ូសេដាក់ជើងចង្កៀង+នៅទល់មុខតុ នៅប៉ែកខាងត្បូងក្នុងត្រសាល។ ២៥ រួចគាត់អុជចង្កៀង+នៅចំពោះព្រះយេហូវ៉ា ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៦ ក្រោយនោះ ម៉ូសេដាក់ទីបូជាពីមាស+ក្នុងត្រសាលជំនុំ នៅខាងមុខវាំងនន ២៧ ដើម្បីដុតគ្រឿងក្រអូប+ឲ្យផ្សែងហុយឡើង+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
២៨ បន្ទាប់មក គាត់បានដាក់វាំងនន+នៅមាត់ទ្វារត្រសាល។
២៩ បន្ទាប់ពីនោះ ម៉ូសេបានដាក់ទីបូជាសម្រាប់គ្រឿងបូជាដុត+នៅខាងមុខទ្វារត្រសាលជំនុំ ដើម្បីគាត់អាចជូនគ្រឿងបូជាដុត+ និងគ្រឿងបូជាពីស្រូវនៅលើនោះ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
៣០ ក្រោយនោះ គាត់ដាក់អាងទឹកនៅចន្លោះត្រសាលជំនុំនិងទីបូជា រួចចាក់ទឹកពេញអាងនោះសម្រាប់លាងសម្អាត។+ ៣១ ឯម៉ូសេ អេរ៉ុន និងកូនប្រុសៗរបស់អេរ៉ុន ពួកគាត់លាងដៃនិងលាងជើងនៅទីនោះ។ ៣២ ពេលណាពួកគាត់ចូលទៅត្រសាលជំនុំ ឬចូលទៅជិតទីបូជា ពួកគាត់តែងតែលាងសម្អាតជាមុនសិន+ ដូចព្រះយេហូវ៉ាបានបង្គាប់គាត់។
៣៣ ក្រោយបង្អស់ គាត់ដំឡើងរនាំងជុំវិញទីធ្លា+ត្រសាលជំនុំនិងទីបូជា ហើយដាក់វាំងនននៅច្រកចូលទីធ្លា។+
យ៉ាងនោះ ម៉ូសេបានធ្វើកិច្ចការគ្រប់យ៉ាងចប់រួចរាល់។ ៣៤ ពេលនោះ ពពកក៏មកគ្របដណ្ដប់លើត្រសាលជំនុំ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាមាននៅពេញទីនោះ។+ ៣៥ ម៉ូសេមិនអាចចូលទៅក្នុងត្រសាលជំនុំបានទេ ព្រោះពពកនៅគ្របដណ្ដប់លើនោះ ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ាមាននៅពេញទីនោះ។+
៣៦ កាលណាពពកឡើងផុតពីត្រសាលជំនុំ បណ្ដាជនចាប់ផ្ដើមរើជំរំពួកគេ រួចធ្វើដំណើរទៅ។+ ៣៧ ប៉ុន្តែ បើពពកមិនឡើងទៅទេ ពួកគេមិនរើជំរំឡើយ។+ ៣៨ គ្រប់កន្លែងដែលបណ្ដាជនអ៊ីស្រាអែលបោះជំរំ ពួកគេតែងតែឃើញពពករបស់ព្រះយេហូវ៉ាស្ថិតនៅលើត្រសាលជំនុំនៅពេលថ្ងៃ ហើយឃើញភ្លើងនៅពេលយប់។+