អេសាយ
៣៣ វេទនាហើយ! អ្នកដែលបំផ្លាញគេ ហើយមិនទាន់ត្រូវគេបំផ្លាញ+
វេទនាហើយ! អ្នកដែលក្បត់គេ ហើយមិនទាន់ត្រូវគេក្បត់វិញ។
ព្រោះពេលអ្នកបំផ្លាញចប់ហើយ គេនឹងបំផ្លាញអ្នកវិញ។+
ក្រោយពីអ្នកក្បត់គេហើយ គេនឹងក្បត់អ្នកវិញ។
២ ឱព្រះយេហូវ៉ាអើយ! សូមបង្ហាញការពេញចិត្តដល់យើងផង+
ព្រោះយើងសង្ឃឹមលើលោកហើយ។
៣ ពេលឮសំឡេងលាន់រំពងរបស់លោក បណ្ដាជននាំគ្នារត់គេច។
ពេលលោកក្រោកឡើង ប្រជាជាតិទាំងឡាយរត់ខ្ចាត់ខ្ចាយ។+
៤ ហ្វូងកណ្ដូបប្រមូលផ្ដុំគ្នាយ៉ាងណា នោះគេនឹងប្រមូលទ្រព្យសម្បត្តិរបស់អ្នកយ៉ាងនោះដែរ
មនុស្សនឹងសម្រុកចូលទៅយក ដូចជាហ្វូងកណ្ដូបពពាក់ពពូនគ្នា។
៥ ព្រះយេហូវ៉ានឹងទទួលការលើកតម្កើង
ព្រោះលោកអាស្រ័យនៅស្ថានដ៏ខ្ពស់។
លោកនឹងធ្វើឲ្យភ្នំស៊ីយ៉ូនពេញទៅដោយសេចក្ដីសុចរិតយុត្តិធម៌។
៦ លោកជាអ្នកដែលធ្វើឲ្យអ្នកមានសុវត្ថិភាព។
ឯសេចក្ដីសង្គ្រោះ+ ប្រាជ្ញា ចំណេះ និងការកោតខ្លាចព្រះយេហូវ៉ា+នឹងមានជាបរិបូរ នេះហើយជាទ្រព្យវិសេសរបស់លោក។*
៧ មើល! វីរបុរសរបស់ពួកគេនឹងស្រែកនៅតាមផ្លូវ
ហើយពួកអ្នកនាំសារដែលទៅសុំសន្តិភាព នឹងទ្រហោយំយ៉ាងខ្លាំង។
៨ នៅតាមផ្លូវធំនឹងគ្មានមនុស្សទេ ហើយក៏គ្មានអ្នកដំណើរនៅលើផ្លូវតូចដែរ។
៩ ទឹកដីនឹងយំកាន់ទុក្ខ* ហើយខ្សោយទៅៗ។
តំបន់ភ្នំលីបង់នឹងរងការអាម៉ាស់+ ហើយពុកផុយទៅ។
វាលសារ៉ុននឹងទៅដូចជាតំបន់ស្ងាត់ជ្រងំ
ហើយតំបន់បាសាននិងភ្នំកើមែល នឹងជ្រុះស្លឹកអស់។+
១០ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឥឡូវ ខ្ញុំនឹងក្រោកឡើង
ខ្ញុំនឹងលើកកិត្តិយសខ្ញុំ+ ខ្ញុំនឹងលើកតម្កើងខ្លួនខ្ញុំ។
១១ អ្នកនឹងមានគភ៌ជាស្មៅក្រៀមស្វិត ហើយសម្រាលបានជាចំបើងវិញ។
ចិត្តគំនិតរបស់អ្នកនឹងបំផ្លាញអ្នក ដូចជាភ្លើងឆាបឆេះ។+
១២ បណ្ដាជននឹងប្រៀបដូចជាផេះកំបោរ។
ពួកគេនឹងត្រូវបំផ្លាញ ដូចជាគុម្ពបន្លាដែលគេកាប់ដុតចោល។+
១៣ ឱអ្នកដែលនៅឆ្ងាយអើយ! ចូរស្ដាប់អំពីអ្វីដែលខ្ញុំនឹងធ្វើចុះ!
ឱអ្នកដែលនៅជិតអើយ! ចូរទទួលស្គាល់ឫទ្ធានុភាពរបស់ខ្ញុំ!
១៤ នៅភ្នំស៊ីយ៉ូន ពួកអ្នកប្រព្រឹត្តខុសឆ្គងភ័យតក់ស្លុត+
ហើយពួកអ្នកក្បត់ជំនឿញ័ររន្ធត់ ដោយនិយាយថា៖
‹តើមានអ្នកណាម្នាក់អាចរស់ក្បែរភ្លើងឆេះសន្ធោសន្ធៅបានទៅ?+
តើមានអ្នកណាម្នាក់អាចរស់នៅជិតអណ្ដាតភ្លើងឆាបឆេះរហូតបាន?›។
១៥ គឺអ្នកណាដែលដើរក្នុងផ្លូវសុចរិតជានិច្ច+ ជាអ្នកនិយាយទៀងត្រង់+
មិនរកកម្រៃដោយការបោកប្រាស់ និងដោយការប្រព្រឹត្តមិនស្មោះត្រង់
ហើយមិនលូកដៃទៅទទួលសំណូក+
និងខ្ទប់ត្រចៀកមិនស្ដាប់គម្រោងការសម្លាប់មនុស្ស
ថែមទាំងបិទភ្នែកមិនព្រមមើលការអាក្រក់ឡើយ។
១៦ គាត់នឹងអាស្រ័យនៅកន្លែងដ៏ខ្ពស់
ហើយជម្រករបស់គាត់មានសុវត្ថិភាព ព្រោះស្ថិតនៅក្នុងបន្ទាយថ្ម។
គាត់តែងតែទទួលអាហារ និងទឹកមិនដែលខានឡើយ»។+
១៧ ភ្នែកទាំងគូរបស់អ្នកនឹងឃើញស្ដេចដែលពេញទៅដោយសិរីរុងរឿង
ហើយនឹងមើលឃើញស្រុកមួយដែលនៅឆ្ងាយ។
១៨ ក្នុងចិត្ត អ្នកនឹងនឹកឃើញ*នូវគ្រាដ៏រន្ធត់ ហើយសួរថា៖
«តើលេខាធិការនៅឯណា?
តើអ្នកដែលបង់សួយអាករទៅណាបាត់ហើយ?+
តើអ្នកដែលរាប់ប៉មនៅឯណា?»។
១៩ នៅពេលនោះ អ្នកនឹងលែងឃើញប្រជាជាតិដែលគ្មានការគោរពនេះទៀតហើយ
ជាប្រជាជាតិដែលនិយាយភាសា ដែលអ្នកស្ដាប់មិនបាន
ហើយនិយាយត្រដិត ដែលអ្នកស្ដាប់មិនយល់។+
២០ ចូរមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលយើងតែងតែធ្វើពិធីបុណ្យ។+
អ្នកនឹងមើលទៅក្រុងយេរូសាឡិម ជាកន្លែងរស់នៅដ៏សុខសាន្ត
ជាត្រសាលដែលនៅស្ថិតស្ថេរ។+
ឯស្នឹងត្រសាលនឹងមិនត្រូវដកចេញទេ
ហើយខ្សែពួរសម្រាប់ចងក៏មិនត្រូវបណ្ដាច់ដែរ។
២១ ប៉ុន្តែ នៅទីនោះ ព្រះយេហូវ៉ាជាព្រះដ៏រុងរឿងអស្ចារ្យ
នឹងការពារយើង ដូចទន្លេនិងផ្លូវទឹកការពារក្រុងដែលគ្មាននាវាឆ្លងកាត់
ឬគ្មានសំពៅធំសម្បើមធ្វើដំណើរលើនោះឡើយ។
២២ ព្រោះព្រះយេហូវ៉ាជាចៅក្រមរបស់យើង+
ព្រះយេហូវ៉ាជាអ្នកតែងច្បាប់ឲ្យយើង+
ព្រះយេហូវ៉ាជាមហាក្សត្ររបស់យើង+
គឺលោកហើយជាអ្នកសង្គ្រោះយើង។+
២៣ ឯខ្សែពួរទាំងប៉ុន្មាននឹងធូរអស់
មិនអាចចងទប់ដងក្ដោងឲ្យមាំបានទេ ហើយក៏មិនអាចចងក្ដោងបានដែរ។
នៅគ្រានោះ គេនឹងរឹបអូសបានរបស់របរយ៉ាងច្រើនសន្ធឹក យកមកចែកគ្នា
គឺមានច្រើនដល់ម្ល៉េះ សូម្បីតែមនុស្សខ្វិនក៏ប្រមូលបានច្រើនដែរ។+