សៀវភៅលូកា
១៦ បន្ទាប់មក លោកក៏បានមានប្រសាសន៍ទៅពួកអ្នកកាន់តាមលោកដែរថា៖ «មានបុរសម្នាក់ជាអ្នកមាន ហើយគាត់មានអ្នកចាត់ចែងកិច្ចការផ្ទះ*ម្នាក់។ អ្នកចាត់ចែងនោះត្រូវគេចោទប្រកាន់ថា កំពុងបង្ខាតទ្រព្យសម្បត្តិរបស់ម្ចាស់គាត់។ ២ ដូច្នេះ ម្ចាស់ហៅអ្នកចាត់ចែងនោះមក ហើយប្រាប់ថា៖ ‹តើដឹងថាខ្ញុំបានឮគេនិយាយអ្វីអំពីអ្នកទេ? ចូរប្រគល់បញ្ជីគណនីមកខ្ញុំវិញ ពីព្រោះខ្ញុំលែងឲ្យអ្នកចាត់ចែងទៀតហើយ›។ ៣ ម្ល៉ោះហើយ អ្នកចាត់ចែងនោះនិយាយប្រាប់ខ្លួនឯងថា៖ ‹ម្ចាស់ខ្ញុំលែងឲ្យខ្ញុំចាត់ចែងទៀតហើយ ដូច្នេះតើខ្ញុំត្រូវធ្វើយ៉ាងណាវិញ? ខ្ញុំមិនមានកម្លាំងល្មមនឹងជីកដីទេ ហើយបើដើរសុំទាន ខ្ញុំនឹងត្រូវខ្មាសគេ។ ៤ អូ៎! ខ្ញុំដឹងអ្វីដែលខ្ញុំត្រូវធ្វើហើយ ដើម្បីឲ្យមានអ្នកព្រមទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់ពួកគេ ក្រោយពីម្ចាស់បញ្ឈប់ការងារខ្ញុំ›។ ៥ រួចមក គាត់ហៅកូនបំណុលគ្រប់គ្នាដែលជំពាក់ម្ចាស់របស់គាត់មក ក៏សួរកូនបំណុលទី១ថា៖ ‹តើអ្នកជំពាក់ម្ចាស់ខ្ញុំប៉ុន្មាន?›។ ៦ អ្នកនោះឆ្លើយថា៖ ‹ប្រេងអូលីវ១០០រង្វាល់›។* អ្នកចាត់ចែងប្រាប់អ្នកនោះថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅអង្គុយសរសេរ៥០រង្វាល់វិញជាប្រញាប់›។ ៧ បន្ទាប់មក អ្នកចាត់ចែងសួរកូនបំណុលម្នាក់ទៀតថា៖ ‹ចុះអ្នកវិញ តើជំពាក់ប៉ុន្មានដែរ?›។ អ្នកនោះឆ្លើយថា៖ ‹ស្រូវសាលី១០០រង្វាល់›។* អ្នកចាត់ចែងប្រាប់ថា៖ ‹ចូរយកកិច្ចសន្យារបស់អ្នកទៅសរសេរ៨០រង្វាល់វិញ›។ ៨ ម្ចាស់របស់អ្នកចាត់ចែងនោះបានសរសើរគាត់ ពីព្រោះពិតមែនតែគាត់ទុច្ចរិត ប៉ុន្តែគាត់ប្រព្រឹត្តដោយប្រាជ្ញា។ ស្ដីអំពីការប្រព្រឹត្តចំពោះមនុស្សជំនាន់របស់ខ្លួន មនុស្សក្នុងពិភពលោកនេះមានប្រាជ្ញាច្រើនជាងមនុស្សក្នុងពន្លឺ។+
៩ «ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា ចូរប្រើទ្រព្យនៃពិភពលោកនេះ* ប្រយោជន៍ឲ្យបានមិត្តភក្ដិ។+ យ៉ាងនេះ ក្រោយពីទ្រព្យនោះសាបសូន្យទៅ មិត្តទាំងនោះនឹងទទួលអ្នកចូលក្នុងទីអាស្រ័យនៅដែលស្ថិតស្ថេរជារៀងរហូត។+ ១០ អ្នកណាដែលស្មោះត្រង់ក្នុងការដ៏តូចបំផុត អ្នកនោះក៏ស្មោះត្រង់ក្នុងការជាច្រើនដែរ ហើយអ្នកណាដែលមិនសុចរិតក្នុងការដ៏តូចបំផុត អ្នកនោះក៏មិនសុចរិតក្នុងការជាច្រើនដែរ។ ១១ ដូច្នេះ ប្រសិនបើអ្នកមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើទ្រព្យនៃពិភពលោកនេះ*ទេ តើអ្នកណានឹងផ្ញើទ្រព្យដ៏ពិតប្រាកដទុកនឹងអ្នករាល់គ្នា? ១២ ហើយប្រសិនបើអ្នករាល់គ្នាមិនបានបង្ហាញសេចក្ដីស្មោះត្រង់ក្នុងរបៀបដែលអ្នកប្រើអ្វីៗដែលជារបស់អ្នកដទៃ តើអ្នកណានឹងឲ្យអ្វីដល់អ្នករាល់គ្នា?+ ១៣ គ្មានអ្នកបម្រើណាម្នាក់អាចធ្វើជាខ្ញុំបម្រើរបស់ម្ចាស់ពីរបានឡើយ ព្រោះគាត់នឹងស្អប់ម្ចាស់ម្នាក់ ហើយស្រឡាញ់ម្ចាស់ម្នាក់ទៀត ឬគាត់នៅជាប់នឹងម្ចាស់ម្នាក់ ហើយមើលងាយម្ចាស់ម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។+
១៤ ពេលពួកផារិស៊ីដែលជាមនុស្សស្រឡាញ់ប្រាក់ បានឮលោកមានប្រសាសន៍ដូច្នោះ ពួកគេក៏ចាប់ផ្ដើមពេបជ្រាយឲ្យលោក។+ ១៥ ម្ល៉ោះហើយ លោកមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាប្រកាសថាខ្លួនសុចរិតនៅមុខមនុស្ស+ តែព្រះជ្រាបអំពីអ្វីដែលនៅក្នុងចិត្តរបស់អ្នករាល់គ្នា។+ ព្រោះអ្វីដែលមនុស្សចាត់ទុកថាសំខាន់ គឺជាអ្វីដ៏គួរឲ្យស្អប់ខ្ពើមចំពោះព្រះវិញ។+
១៦ «ច្បាប់*និងពាក្យរបស់ពួកអ្នកប្រកាសទំនាយ បានត្រូវប្រកាសរហូតដល់យ៉ូហានមកដល់។ ចាប់តាំងពីពេលនោះមក ដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះកំពុងត្រូវប្រកាសផ្សាយ ហើយមនុស្សគ្រប់ប្រភេទកំពុងខំប្រឹងឆ្ពោះទៅកាន់រាជាណាចក្រនោះ។+ ១៧ ទោះជាមេឃនិងផែនដីអាចសូន្យបាត់ទៅក៏ដោយ តែគ្មានអក្សរណាមួយក្នុងច្បាប់ដែលនឹងមិនសម្រេចឡើយ។+
១៨ «អ្នកណាដែលលែងលះប្រពន្ធ ហើយរៀបការស្ត្រីម្នាក់ទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់។ រីឯអ្នកណាដែលរៀបការជាមួយនឹងស្ត្រីដែលប្ដីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។+
១៩ «មានបុរសអ្នកមានម្នាក់ ដែលតែងខ្លួនដោយសម្លៀកបំពាក់ពណ៌ស្វាយនិងក្រណាត់សាច់ល្អ ក៏ធ្លាប់សប្បាយហ៊ឺហារៀងរាល់ថ្ងៃ។ ២០ ប៉ុន្តែ អ្នកសុំទានម្នាក់ឈ្មោះឡាសាដែលមានដំបៅរលួយពេញខ្លួន ធ្លាប់ត្រូវគេយកមកដាក់នៅមាត់ទ្វាររបងរបស់បុរសអ្នកមាននោះ។ ២១ ឡាសាចង់ចម្អែតក្រពះដោយអាហារដែលជ្រុះពីតុរបស់បុរសអ្នកមាន ក៏មានឆ្កែមកលិឍដំបៅរបស់គាត់ដែរ។ ២២ លុះក្រោយមក អ្នកសុំទាននោះបានស្លាប់ទៅ ហើយបណ្ដាទេវតាបានយកគាត់ទៅដាក់នៅក្បែរ*អាប្រាហាំ។
«ឯបុរសអ្នកមាន គាត់ក៏បានស្លាប់ដែរ ហើយត្រូវគេបញ្ចុះ។ ២៣ ពេលនៅក្នុងផ្នូរ* បុរសអ្នកមាននោះកំពុងរងទារុណកម្ម ហើយគាត់ក៏ងើបមុខទៅឃើញអាប្រាហាំនៅឆ្ងាយ ហើយឃើញឡាសានៅក្បែរ*អាប្រាហាំ។ ២៤ ដូច្នេះ គាត់ស្រែកហៅថា៖ ‹លោកឪពុកអាប្រាហាំអើយ! សូមអាណិតមេត្តាខ្ញុំផង សូមចាត់ឡាសាឲ្យទៅជ្រលក់ចុងម្រាមដៃក្នុងទឹក ហើយបន្តក់លើអណ្ដាតរបស់ខ្ញុំឲ្យត្រជាក់ផង ពីព្រោះខ្ញុំកំពុងរងទុក្ខវេទនាខ្លាំងណាស់នៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅនេះ›។ ២៥ ប៉ុន្តែ អាប្រាហាំតបថា៖ ‹កូនអើយ សូមចាំថា កាលដែលអ្នកនៅរស់ អ្នកបានទទួលរបស់ល្អសព្វគ្រប់ តែឡាសាវិញ គាត់បានទទួលសេចក្ដីអាក្រក់ជាច្រើន។ ឥឡូវនេះ គាត់កំពុងទទួលការសម្រាលទុក្ខនៅទីនេះ តែអ្នកកំពុងរងទុក្ខវេទនាវិញ។ ២៦ ក្រៅពីនោះ មានចន្លោះដ៏ធំមួយដែលបានត្រូវដាក់ខណ្ឌនៅកណ្ដាលយើងនិងអ្នករាល់គ្នា ដើម្បីអ្នកណានៅទីនេះដែលចង់ឆ្លងទៅខាងអ្នករាល់គ្នា មិនអាចឆ្លងទៅបាន ហើយកុំឲ្យអ្នកណានៅទីនោះឆ្លងមកខាងយើងបានឡើយ›។ ២៧ រួចបុរសនោះនិយាយថា៖ ‹បើដូច្នេះ ខ្ញុំសូមលោកឪពុកចាត់គាត់ឲ្យទៅផ្ទះរបស់ឪពុកខ្ញុំ ២៨ ព្រោះខ្ញុំមានបងប្អូនប្រាំនាក់ ហើយគាត់អាចពន្យល់ពួកគេឲ្យយល់ច្បាស់ ដើម្បីកុំឲ្យពួកគេត្រូវមកកន្លែងទារុណកម្មនេះដូចខ្ញុំឡើយ›។ ២៩ ប៉ុន្តែ អាប្រាហាំប្រាប់ថា៖ ‹ពួកគេមានម៉ូសេនិងពួកអ្នកប្រកាសទំនាយ ទុកឲ្យពួកគេស្ដាប់អ្នកទាំងនោះចុះ›។+ ៣០ រួចបុរសនោះនិយាយថា៖ ‹ទេ! លោកឪពុកអាប្រាហាំអើយ! ប្រសិនបើមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅឯពួកគេ នោះពួកគេនឹងប្រែចិត្ត›។ ៣១ ប៉ុន្តែ អាប្រាហាំតបទៅគាត់ថា៖ ‹បើពួកគេមិនស្ដាប់ម៉ូសេ+និងពួកអ្នកប្រកាសទំនាយទេ ពួកគេក៏នឹងមិនស្ដាប់អ្នកណាម្នាក់ដែលបានរស់ឡើងវិញដែរ›»។