សៀវភៅម៉ាថាយ
១៤ នៅគ្រានោះ ហេរ៉ូឌដែលជាអភិបាលស្រុក បានឮអំពីលោកយេស៊ូ។+ ២ គាត់បានប្រាប់ពួកអ្នកបម្រើរបស់គាត់ថា៖ «អ្នកនោះគឺយ៉ូហាន ជាអ្នកជ្រមុជទឹក។ គាត់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហេតុនេះហើយបានជាគាត់អាចធ្វើការដែលប្រកបដោយឫទ្ធានុភាពទាំងនេះបាន»។+ ៣ ព្រោះមុននោះ ហេរ៉ូឌ*បានចាប់យ៉ូហានចង ហើយបញ្ជូនទៅគុក ដើម្បីផ្គាប់ចិត្តហេរ៉ូឌាស ដែលជាភរិយារបស់ភីលីពជាបងគាត់។+ ៤ ពីព្រោះយ៉ូហានបានជម្រាបហេរ៉ូឌច្រើនដងថា៖ «គ្មានច្បាប់ឲ្យលោកយកនាងធ្វើជាភរិយាទេ»។+ ៥ ទោះជាហេរ៉ូឌចង់សម្លាប់យ៉ូហានក៏ដោយ តែគាត់ខ្លាចបណ្ដាជន ដោយសារពួកគេចាត់ទុកយ៉ូហានជាអ្នកប្រកាសទំនាយ។+ ៦ នៅថ្ងៃមួយ ពេលដែលកំពុងជប់លៀងអបអរថ្ងៃកំណើតរបស់ហេរ៉ូឌ+ នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំក្នុងពិធីនោះ ហើយធ្វើឲ្យហេរ៉ូឌពេញចិត្តខ្លាំងណាស់។+ ៧ ដូច្នេះ គាត់បានស្បថថានឹងឲ្យនាងនូវអ្វីក៏ដោយដែលនាងសុំ។ ៨ រួចមក នាងបានសុំតាមពាក្យបង្គាប់របស់ម្ដាយថា៖ «ខ្ញុំសុំក្បាលរបស់យ៉ូហានជាអ្នកជ្រមុជទឹក ដាក់លើថាស»។+ ៩ ទោះជាការស្នើសុំរបស់នាងធ្វើឲ្យស្ដេចពិបាកចិត្តក៏ដោយ គាត់បានធ្វើតាមសំណូមពររបស់នាង ដោយសារគាត់បានស្បថនៅចំពោះមុខអស់អ្នកដែលបរិភោគជាមួយនឹងគាត់រួចហើយ។ ១០ ដូច្នេះ គាត់បានចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក។ ១១ រួចមក គេដាក់ក្បាលរបស់យ៉ូហានលើថាសមួយ យកមកឲ្យនាង ហើយនាងយកទៅឲ្យម្ដាយ។ ១២ ក្រោយមក អ្នកកាន់តាមយ៉ូហានបានមកយកសពគាត់ទៅបញ្ចុះ រួចនាំដំណឹងទៅជម្រាបលោកយេស៊ូ។ ១៣ ឮដូច្នេះ លោកយេស៊ូបានចុះទូកចេញពីទីនោះទៅកន្លែងមួយឆ្ងាយពីគេ ដើម្បីនៅម្នាក់ឯង។ ប៉ុន្តែ ពេលដែលដំណឹងនេះឮដល់បណ្ដាជន ពួកគេក៏ចេញពីក្រុងនានា ហើយដើរទៅតាមលោក។+
១៤ ពេលលោកឡើងមកដល់ច្រាំង លោកឃើញមនុស្សមួយក្រុមធំ ក៏មានចិត្តអាណិតអាសូរពួកគេ+ ហើយបានធ្វើឲ្យមនុស្សដែលឈឺក្នុងចំណោមពួកគេបានជាសះស្បើយ។+ ១៥ ប៉ុន្តែពេលល្ងាច ពួកអ្នកកាន់តាមបានមកឯលោក ហើយជម្រាបថា៖ «កន្លែងនេះនៅដាច់ឆ្ងាយពីគេ ថ្ងៃក៏កាន់តែជ្រេដែរ។ សូមឲ្យបណ្ដាជនត្រឡប់ទៅវិញ ដើម្បីពួកគេអាចទិញអាហារនៅតាមភូមិ»។+ ១៦ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគទៅ»។ ១៧ ពួកគាត់ជម្រាបលោកថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយ»។ ១៨ លោកមានប្រសាសន៍ថា៖ «យកនំប៉័ងនិងត្រីទាំងនោះមកឲ្យខ្ញុំ»។ ១៩ បន្ទាប់មក លោកប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ។ លោកក៏បានយកនំប៉័ងប្រាំដុំនិងត្រីពីរកន្ទុយនោះ ហើយងើយភ្នែកមើលទៅស្ថានសួគ៌ រួចអធិដ្ឋាន។+ ក្រោយនោះ លោកកាច់នំប៉័ង ចែកឲ្យពួកអ្នកកាន់តាម ហើយពួកគាត់ក៏ចែកឲ្យបណ្ដាជន។ ២០ ដូច្នេះ គ្រប់គ្នាបានបរិភោគឆ្អែត ហើយពួកគាត់បានប្រមូលអាហារដែលនៅសល់បាន១២កញ្ជើ។+ ២១ ឯអ្នកដែលបានបរិភោគ មានបុរសប្រហែល៥.០០០នាក់ ដោយមិនរាប់ស្ត្រីនិងកូនក្មេងទេ។+ ២២ រួចមក ដោយមិនបង្អែបង្អង់ លោកបានបង្គាប់អ្នកកាន់តាមឲ្យចុះទូកទៅត្រើយម្ខាងមុនលោក ទុកឲ្យលោកជាអ្នកប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។+
២៣ ក្រោយពីឲ្យបណ្ដាជនត្រឡប់ទៅវិញ លោកបានឡើងភ្នំតែម្នាក់ឯងដើម្បីអធិដ្ឋាន។+ លុះដល់ពេលយប់ លោកនៅទីនោះតែម្នាក់ឯង។ ២៤ ពេលនោះ ទូកនៅឆ្ងាយពីច្រាំងរាប់រយម៉ែត្រហើយ ក៏ត្រូវរលកបោកយ៉ាងខ្លាំង ដោយសារទូកនោះទៅបញ្ច្រាសខ្យល់។ ២៥ លុះដល់យាមទី៤*នៅយប់នោះ លោកបានដើរលើទឹកសមុទ្រទៅឯពួកអ្នកកាន់តាម។ ២៦ ពេលពួកគាត់ក្រឡេកទៅឃើញលោកកំពុងដើរលើទឹកសមុទ្រ ពួកគាត់ចាប់ផ្ដើមវិលវល់ក្នុងគំនិត ហើយតាំងភ័យខ្លាច ក៏ស្រែកឡើងថា៖ «តើនោះជាអ្វីហ្នឹង!»។* ២៧ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ភ្លាមថា៖ «ចូរមានចិត្តក្លាហានឡើង! គឺខ្ញុំទេ កុំខ្លាចឡើយ»។+ ២៨ ពេត្រុសបានតបទៅលោកថា៖ «លោកម្ចាស់! បើពិតជាលោកមែន សូមឲ្យខ្ញុំដើរលើទឹកទៅឯលោកផង»។ ២៩ នោះលោកបង្គាប់ថា៖ «ចូរមកចុះ!»។ ឮដូច្នេះ ពេត្រុសបានចេញពីទូក ហើយដើរលើទឹកទៅឯលោកយេស៊ូ។ ៣០ ប៉ុន្តែដោយមើលទៅខ្យល់ព្យុះ គាត់ក៏ភ័យខ្លាច ហើយពេលដែលចាប់ផ្ដើមលិចទៅក្នុងទឹក គាត់ស្រែកឡើងថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ ៣១ ភ្លាមនោះ លោកយេស៊ូបានលូកដៃទៅចាប់គាត់ ហើយសួរថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។+ ៣២ ក្រោយពីលោកយេស៊ូនិងពេត្រុសបានចូលក្នុងទូកហើយ ខ្យល់ព្យុះក៏ស្ងប់បាត់ទៅ។ ៣៣ រួចមក អ្នកកាន់តាមលោកដែលនៅក្នុងទូកបានលំឱនកាយគោរពលោក ហើយពោលថា៖ «លោកពិតជាបុត្ររបស់ព្រះមែន»។ ៣៤ ក្រោយមក លោកនិងពួកគាត់បានឆ្លងទៅតំបន់កេណិសារ៉ែត។+
៣៥ ពេលទៅដល់ អ្នកស្រុកនោះបានស្គាល់លោកភ្លាម ក៏បានចាត់គេឲ្យនាំដំណឹងទៅផ្សាយពេញតំបន់នៅជុំវិញ រួចមនុស្សបាននាំអស់អ្នកដែលឈឺមកឯលោក។ ៣៦ ក្រោយមក ពួកគេបានអង្វរសុំពាល់តែជាយសម្លៀកបំពាក់លោកប៉ុណ្ណោះ+ ហើយអស់អ្នកដែលបានពាល់ជាយសម្លៀកបំពាក់លោក ក៏បានជាសះស្បើយ។