សៀវភៅយ៉ូហាន
២០ នៅថ្ងៃដំបូងនៃសប្ដាហ៍នោះ ម៉ារៀម៉ាក់ដាឡេនបានមកទីបញ្ចុះសពតាំងពីព្រលឹម+ កាលដែលមេឃងងឹតនៅឡើយ។ ពេលនោះ នាងឃើញថាថ្មបានត្រូវប្រមៀលចេញពីទីបញ្ចុះសពហើយ។+ ២ ដូច្នេះ នាងរត់ទៅរកស៊ីម៉ូនពេត្រុសនិងអ្នកកាន់តាមម្នាក់ទៀតដែលលោកយេស៊ូស្រឡាញ់+ ហើយប្រាប់ពួកគាត់ថា៖ «ពួកគេបានយកលោកម្ចាស់ចេញពីទីបញ្ចុះសពបាត់ហើយ។+ យើងមិនដឹងថាពួកគេបានដាក់លោកនៅកន្លែងណាទេ»។
៣ រួចមក ពេត្រុសនិងអ្នកកាន់តាមនោះបានចេញទៅទីបញ្ចុះសព។ ៤ ពួកគាត់ទាំងពីរនាក់ចាប់ផ្ដើមរត់ទៅជាមួយគ្នា តែអ្នកកាន់តាមនោះរត់លឿនជាងពេត្រុស ដូច្នេះគាត់បានទៅដល់ទីបញ្ចុះសពមុន។ ៥ រួចគាត់ឱនទៅឃើញក្រណាត់សាច់ល្អនៅទីនោះ+ តែគាត់មិនបានចូលក្នុងទេ។ ៦ ស៊ីម៉ូនពេត្រុសមកតាមក្រោយគាត់ ក៏ចូលទៅក្នុងទីបញ្ចុះសព ហើយឃើញក្រណាត់សាច់ល្អនៅទីនោះ។ ៧ ក្រណាត់ដែលគេបានដាក់លើក្បាលលោក មិននៅជាមួយនឹងក្រណាត់ផ្សេងទៀតទេ តែបានត្រូវមូរទុកដោយឡែកនៅកន្លែងមួយ។ ៨ រួចអ្នកកាន់តាមដែលបានមកដល់ទីបញ្ចុះសពមុន ក៏ចូលទៅក្នុងដែរ គាត់បានឃើញ ហើយក៏ជឿ។ ៩ ប៉ុន្តែ ពួកគាត់នៅមិនទាន់យល់ទេអំពីបទគម្ពីរដែលចែងថា លោកត្រូវរស់ពីស្លាប់ឡើងវិញ។+ ១០ ដូច្នេះ ពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។
១១ ក៏ប៉ុន្តែ ម៉ារៀនៅឈរយំខាងក្រៅជិតទីបញ្ចុះសពនោះ។ កាលដែលនាងកំពុងយំនៅឡើយ នាងឱនទៅមើលក្នុងទីបញ្ចុះសព ១២ ហើយឃើញទេវតាពីររូប+ស្លៀកពាក់ស កំពុងអង្គុយនៅកន្លែងដែលគេបានដាក់សពលោកយេស៊ូ ម្នាក់អង្គុយនៅក្បាលនិងម្នាក់អង្គុយនៅជើង។ ១៣ ទេវតាសួរនាងថា៖ «ហេតុអ្វីនាងយំ?»។ នាងឆ្លើយថា៖ «ពួកគេបានយកលោកម្ចាស់របស់ខ្ញុំចេញបាត់ហើយ។ ខ្ញុំមិនដឹងថាពួកគេដាក់លោកនៅកន្លែងណាទេ»។ ១៤ លុះនិយាយចប់ នាងបែរទៅ ក៏ឃើញលោកយេស៊ូឈរនៅទីនោះ តែនាងមិនបានដឹងថាជាលោកយេស៊ូទេ។+ ១៥ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ហេតុអ្វីនាងយំ? តើនាងកំពុងរកអ្នកណា?»។ នាងគិតថាលោកជាអ្នកថែសួនច្បារ ដូច្នេះនាងនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកបានយកសពរបស់លោកចេញ សូមប្រាប់ខ្ញុំថាអ្នកបានដាក់លោកនៅកន្លែងណា ខ្ញុំនឹងទៅយក»។ ១៦ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ម៉ារៀ!»។ នាងក៏បែរទៅរកលោក ហើយនិយាយទៅលោកជាភាសាហេប្រឺថា៖ «រ៉ាបូនី!» (ដែលមានន័យថា«លោកគ្រូ!»)។ ១៧ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ឈប់តោងខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯបិតានៅស្ថានសួគ៌ទេ។ ប៉ុន្តែ ចូរនាងទៅឯបងប្អូនរបស់ខ្ញុំ+ ហើយប្រាប់ពួកគាត់ថា៖ ‹ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំ+ដែលជាបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំ+ដែលជាព្រះរបស់អ្នករាល់គ្នា›»។ ១៨ ម៉ារៀម៉ាក់ដាឡេនបាននាំដំណឹងទៅប្រាប់ពួកអ្នកកាន់តាមថា៖ «ខ្ញុំបានឃើញលោកម្ចាស់!»។ នាងក៏បានរៀបរាប់ប្រាប់ពួកគាត់អំពីអ្វីដែលលោកបានមានប្រសាសន៍ទៅនាង។+
១៩ នៅល្ងាចថ្ងៃដដែល ជាថ្ងៃដំបូងនៃសប្ដាហ៍នោះ ពួកអ្នកកាន់តាមបានជួបជុំគ្នា ហើយបានចាក់សោទ្វារដោយសារខ្លាចជនជាតិយូដា។ លោកយេស៊ូបានលេចមកឈរនៅកណ្ដាលពួកគាត់ ហើយមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»។+ ២០ បន្ទាប់ពីមានប្រសាសន៍ដូច្នេះ លោកបានបង្ហាញដៃទាំងពីរនិងចំហៀងខ្លួនឲ្យពួកគាត់ឃើញ។+ រួចពួកអ្នកកាន់តាមក៏ត្រេកអរ ដោយសារឃើញលោកម្ចាស់។+ ២១ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ម្ដងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ។+ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ+ ដូចបិតានៅស្ថានសួគ៌បានចាត់ខ្ញុំឲ្យមកដែរ»។+ ២២ លុះមានប្រសាសន៍ហើយ លោកក៏ផ្លុំលើពួកគាត់ រួចមានប្រសាសន៍ថា៖ «ចូរទទួលឫទ្ធានុភាពបរិសុទ្ធរបស់ព្រះចុះ។+ ២៣ ប្រសិនបើអ្នករាល់គ្នាអភ័យទោសចំពោះការខុសឆ្គងរបស់អ្នកណា ការខុសឆ្គងរបស់អ្នកនោះនឹងត្រូវអភ័យទោស។ ប្រសិនបើអ្នករាល់គ្នាមិនអភ័យទោសចំពោះការខុសឆ្គងរបស់អ្នកណា ការខុសឆ្គងរបស់អ្នកនោះនឹងមិនត្រូវអភ័យទោសទេ»។
២៤ ប៉ុន្តែ ពេលដែលលោកយេស៊ូលេចមក ថូម៉ាស់+ដែលគេហៅថាកូនភ្លោះ* ដែលជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំង១២នាក់ មិនបាននៅជាមួយនឹងពួកគាត់ទេ។ ២៥ ដូច្នេះ ពួកអ្នកកាន់តាមឯទៀតប្រាប់គាត់ថា៖ «យើងបានឃើញលោកម្ចាស់!»។ ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំមិនជឿដាច់ខាត លុះត្រាតែខ្ញុំឃើញស្នាមដែកគោលលើដៃរបស់លោក ហើយដាក់ម្រាមដៃខ្ញុំក្នុងស្នាមដែកគោលនោះ ថែមទាំងលូកដៃទៅក្នុងចំហៀងខ្លួនលោក»។+
២៦ លុះ៨ថ្ងៃក្រោយមក ពួកអ្នកកាន់តាមលោកនៅក្នុងផ្ទះម្ដងទៀត ហើយថូម៉ាស់ក៏នៅជាមួយនឹងពួកគាត់ដែរ។ លោកយេស៊ូបានលេចមក ទោះជាទ្វារចាក់សោក៏ដោយ ហើយលោកបានឈរនៅកណ្ដាលពួកគាត់ ដោយមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»។+ ២៧ រួចលោកមានប្រសាសន៍ទៅថូម៉ាស់ថា៖ «ចូរដាក់ម្រាមដៃរបស់អ្នកនៅទីនេះ មើលដៃរបស់ខ្ញុំ ហើយលូកដៃទៅក្នុងចំហៀងខ្លួនខ្ញុំ ហើយឈប់សង្ស័យ តែចូរជឿចុះ»។ ២៨ ថូម៉ាស់និយាយទៅលោកថា៖ «លោកម្ចាស់របស់ខ្ញុំនិងព្រះរបស់ខ្ញុំអើយ!»។ ២៩ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកជឿដោយសារបានឃើញខ្ញុំឬ? អស់អ្នកណាដែលជឿទោះជាមិនឃើញក៏ដោយ អ្នកនោះមានសុភមង្គលហើយ»។
៣០ តាមការពិត លោកយេស៊ូក៏បានធ្វើសញ្ញាសម្គាល់ជាច្រើនទៀតនៅមុខពួកអ្នកកាន់តាមលោកដែរ តែមិនបានត្រូវសរសេរក្នុងរមូរនេះទេ។+ ៣១ ប៉ុន្តែ ការទាំងនេះបានត្រូវសរសេរ ដើម្បីឲ្យអ្នករាល់គ្នាជឿថា លោកយេស៊ូជាគ្រិស្ត និងជាបុត្ររបស់ព្រះ ហើយឲ្យជឿថាអ្នករាល់គ្នាអាចបានជីវិតតាមរយៈនាមរបស់លោក ដោយសារអ្នករាល់គ្នាមានជំនឿ។+