ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
១១ ដូច្នេះ ខ្ញុំសូមសួរថា តើព្រះបានបដិសេធរាស្ដ្ររបស់លោកឬ?+ ច្បាស់ជាមិនអាចទេ! ព្រោះខ្ញុំក៏ជាជនជាតិអ៊ីស្រាអែលដែរ គឺជាកូនចៅ*អាប្រាហាំ ហើយមកពីកុលសម្ព័ន្ធបេនយ៉ាមីន។ ២ ព្រះមិនបានបដិសេធរាស្ត្ររបស់លោក ដែលលោកបានជ្រើសរើសមុនគេឡើយ។+ តើអ្នកមិនស្គាល់បទគម្ពីរដែលចែងអំពីអេលីយ៉ា ពេលគាត់អង្វរព្រះទាស់នឹងអ៊ីស្រាអែលទេឬ? ៣ បទគម្ពីរចែងថា៖ «ព្រះយេហូវ៉ា ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក ហើយបានរំលំទីបូជាទាំងប៉ុន្មានរបស់លោក។ ពេលនេះនៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ ហើយឥឡូវពួកគេកំពុងតាមសម្លាប់ខ្ញុំទៀត»។+ ៤ ប៉ុន្តែ តើព្រះតបទៅគាត់យ៉ាងណា? ព្រះតបទៅគាត់ថា៖ «ខ្ញុំនៅមានមនុស្ស៧.០០០នាក់ទៀត ដែលមិនបានលុតជង្គង់ក្រាបគោរពរូបព្រះបាល»។+ ៥ ដូច្នេះ នៅគ្រានេះក៏ដូចគ្នាដែរ នៅមានមនុស្សមួយចំនួនដែលនៅសល់+ គឺពួកអ្នកដែលបានត្រូវជ្រើសរើសដោយសារគុណដ៏វិសេសលើសលប់។ ៦ ប្រសិនបើការជ្រើសរើសគឺដោយសារគុណដ៏វិសេសលើសលប់+ ការជ្រើសរើសនោះមិនផ្អែកលើការប្រព្រឹត្តតទៅទៀតឡើយ+ ព្រោះបើផ្អែកលើការប្រព្រឹត្ត គុណដ៏វិសេសលើសលប់នោះ មិនមែនជាគុណដ៏វិសេសលើសលប់ទៀតទេ។
៧ បើដូច្នេះ តើយើងត្រូវនិយាយយ៉ាងណាវិញ? អ្វីដែលអ៊ីស្រាអែលកំពុងព្យាយាមរក ពួកគេមិនបានទទួលឡើយ។ ប៉ុន្តែ ពួកអ្នកដែលបានត្រូវជ្រើសរើស ពួកគេបានទទួលវិញ។+ ចំណែកអ្នកឯទៀត ពួកគេបានទៅជាមនុស្សរឹងរូស+ ៨ ដូចបទគម្ពីរចែងថា៖ «ព្រះបានធ្វើឲ្យពួកគេដេកលក់ស៊ប់*+ ក៏ឲ្យមានភ្នែកមើលមិនឃើញ និងឲ្យមានត្រចៀកស្ដាប់មិនឮ រហូតដល់សព្វថ្ងៃនេះ»។+ ៩ ម្យ៉ាងទៀត ដាវីឌនិយាយថា៖ «សូមឲ្យតុរបស់ពួកគេទៅជាអន្ទាក់ និងជាឧបសគ្គដែលនាំឲ្យជំពប់ដួល ហើយជាហេតុដែលនាំឲ្យពួកគេទទួលទោស។ ១០ សូមឲ្យភ្នែករបស់ពួកគេទៅជាងងឹត ហើយធ្វើឲ្យខ្នងរបស់ពួកគេកោងរហូតតទៅ»។+
១១ ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដួលងើបលែងរួចឬ? មិនមែនទេ! ប៉ុន្តែ ដោយសារពួកគេបានធ្វើខុស* នោះជនជាតិដទៃមានឱកាសទទួលសេចក្ដីសង្គ្រោះ ដើម្បីធ្វើឲ្យពួកគេច្រណែន។+ ១២ ប្រសិនបើការធ្វើខុស*របស់ពួកគេនាំឲ្យពិភពលោកទទួលពរ ហើយការថយចុះរបស់ពួកគេនាំឲ្យជនជាតិដទៃទទួលពរ+ ទម្រាំតែពួកគេមានគ្រប់ចំនួនវិញ នោះនឹងមានពរកាន់តែច្រើនជាងនោះទៅទៀត!
១៣ ពេលនេះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដែលជាជនជាតិដទៃ។ ព្រោះខ្ញុំជាសាវ័កសម្រាប់ជនជាតិដទៃ+ ខ្ញុំលើកតម្កើងកិច្ចបម្រើរបស់ខ្ញុំ+ ១៤ ដើម្បីខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែនជនជាតិដទៃ។ យ៉ាងនេះ ខ្ញុំប្រហែលជាអាចសង្គ្រោះជនរួមជាតិរបស់ខ្ញុំបានខ្លះ។ ១៥ ព្រោះប្រសិនបើការបោះបង់ពួកគេចោល+នាំឲ្យពិភពលោកផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះ នោះការទទួលពួកគេ ប្រាកដជានឹងនាំឲ្យអ្នកទាំងនោះរស់ពីស្លាប់ឡើងវិញ។ ១៦ ម្យ៉ាងទៀត ប្រសិនបើចំណែកនៃដុំម្សៅដែលបានត្រូវយកជាផលដំបូងគឺបរិសុទ្ធ នោះដុំម្សៅទាំងមូលក៏បរិសុទ្ធដែរ ហើយប្រសិនបើឫសគឺបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
១៧ ក៏ប៉ុន្តែ ប្រសិនបើមែកដើមអូលីវខ្លះបានត្រូវកាច់ចោល តែអ្នកបានត្រូវផ្សាំក្នុងចំណោមមែកដែលនៅសល់ ក៏ស្រូបជីជាតិដ៏បរិបូរពីឫសនៃដើមអូលីវ រួមជាមួយនឹងមែកឯទៀតដែរ ទោះជាអ្នកជាមែកអូលីវព្រៃក៏ដោយ ១៨ កុំមើលងាយមែកដែលបានត្រូវកាច់ចោលឡើយ។ ប៉ុន្តែ បើអ្នកមើលងាយមែកទាំងនោះ+ ចូរចាំថា មិនមែនអ្នកទេដែលចិញ្ចឹមឫស តែគឺឫសទេដែលចិញ្ចឹមអ្នក។ ១៩ អ្នកនឹងនិយាយថា៖ «មែកខ្លះបានត្រូវកាច់ចោល ដើម្បីខ្ញុំអាចត្រូវផ្សាំវិញ»។+ ២០ ត្រូវហើយ! ពួកគេបានត្រូវកាច់ចោលដោយសារគ្មានជំនឿ+ តែអ្នកកំពុងឈរដោយសារមានជំនឿ។+ កុំអួតខ្លួនឡើយ តែចូរមានចិត្តកោតខ្លាចវិញ។ ២១ ព្រោះប្រសិនបើព្រះមិនបានត្រាប្រណីដល់មែកពីកំណើត នោះលោកក៏នឹងមិនត្រាប្រណីដល់អ្នកដែរ។ ២២ ដូច្នេះ ចូរពិចារណាចុះ ព្រះសប្បុរស+ ហើយម៉ឺងម៉ាត់។ លោកប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ចំពោះពួកអ្នកដែលបានដួល+ តែលោកប្រព្រឹត្តយ៉ាងសប្បុរសចំពោះអ្នករាល់គ្នា ឲ្យតែអ្នករាល់គ្នាបន្តធ្វើជាអ្នកដែលសមនឹងទទួលសេចក្ដីសប្បុរសពីលោក។ ពុំនោះសោត អ្នករាល់គ្នាក៏នឹងត្រូវកាត់ចោលដែរ។ ២៣ ប្រសិនបើពួកគេចាប់ផ្ដើមមានជំនឿ នោះពួកគេក៏នឹងត្រូវផ្សាំដែរ+ ព្រោះព្រះអាចផ្សាំពួកគេវិញបាន។ ២៤ ព្រោះប្រសិនបើអ្នកបានត្រូវកាត់ចេញពីដើមអូលីវដែលជាពូជព្រៃ រួចអាចផ្សាំខុសពីធម្មជាតិជាប់នឹងដើមអូលីវស្រុកបានទៅហើយ ចុះទម្រាំតែអ្នកទាំងនេះដែលជាមែកពីកំណើត ពួកគេច្បាស់ជានឹងត្រូវផ្សាំជាប់នឹងដើមរបស់ពួកគេវិញជាងនោះទៀត!
២៥ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានចំណេះអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ+ ដើម្បីកុំឲ្យអ្នករាល់គ្នាចាត់ទុកខ្លួនជាអ្នកមានប្រាជ្ញា។ អាថ៌កំបាំងដ៏ពិសិដ្ឋនោះគឺ ជនជាតិអ៊ីស្រាអែលមួយផ្នែកបានទៅជារឹងចចេស រហូតដល់ជនជាតិដទៃបានចូលមកគ្រប់ចំនួន។ ២៦ តាមរបៀបនេះ អ៊ីស្រាអែល+នឹងត្រូវសង្គ្រោះ។ ដូចបទគម្ពីរចែងថា៖ «អ្នកសង្គ្រោះនឹងចេញមកពីស៊ីយ៉ូន+ រួចធ្វើឲ្យកូនចៅយ៉ាកុបជៀសចេញពីអំពើទុច្ចរិត*របស់ពួកគេ។ ២៧ នេះហើយជាកិច្ចព្រមព្រៀងរបស់ខ្ញុំជាមួយនឹងពួកគេ+ ពេលដែលខ្ញុំដកការខុសឆ្គងរបស់ពួកគេចេញ»។+ ២៨ ពិតមែន បើនិយាយអំពីដំណឹងល្អ ពួកគេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ប៉ុន្តែ បើនិយាយអំពីការជ្រើសរើសវិញ ពួកគេជាទីស្រឡាញ់របស់ព្រះ ដើម្បីជាប្រយោជន៍ដល់ពួកបុព្វបុរសរបស់ពួកគេ។+ ២៩ ព្រោះព្រះនឹងមិនស្ដាយអំណោយរបស់លោក និងអ្នកដែលលោកបានហៅទេ។ ៣០ ពីមុនអ្នករាល់គ្នាមិនស្ដាប់បង្គាប់ព្រះ+ តែឥឡូវអ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាករុណា+ ដោយសារពួកគេមិនស្ដាប់បង្គាប់វិញ។+ ៣១ ការដែលពួកគេមិនស្ដាប់បង្គាប់ ធ្វើឲ្យព្រះផ្ដល់សេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ ដូច្នេះ ឥឡូវព្រះក៏ផ្ដល់សេចក្ដីមេត្តាករុណាដល់ពួកគេដែរ។ ៣២ ពីព្រោះព្រះបានឃុំពួកគេគ្រប់គ្នាទុកឲ្យនៅក្នុងការមិនស្ដាប់បង្គាប់+ ដើម្បីលោកអាចបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេទាំងអស់គ្នា។+
៣៣ ពរ ប្រាជ្ញា និងចំណេះរបស់ព្រះ គឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ! ៣៤ ព្រោះ«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា? ឬតើអ្នកណាអាចធ្វើជាទីប្រឹក្សារបស់លោកបាន?»+ ៣៥ ឬ«តើអ្នកណាបានជូនអ្វីមួយទៅលោកមុន ដើម្បីឲ្យលោកត្រូវសងអ្នកនោះវិញ?»។+ ៣៦ ពីព្រោះអ្វីៗទាំងអស់កើតមកពីលោក ក៏មាននៅដោយសារលោក ហើយគឺសម្រាប់លោក។ សូមឲ្យលោកមានសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។