យ៉ូប
២៨ «មានកន្លែងជីករកប្រាក់
និងមានកន្លែងសម្រាប់ស្លមាស។+
២ គេយកដែកពីក្នុងដី។ ចំណែកស្ពាន់ គេរំលាយវាចេញពីថ្ម។+
៣ មនុស្សយកប្រដាប់បំភ្លឺទៅក្នុងទីងងឹត
គាត់ចូលទៅកន្លែងងងឹតបំផុត ដើម្បីរុករករ៉ែ។*
៤ នៅតំបន់ដែលគ្មានមនុស្សរស់នៅ
ជាកន្លែងឆ្ងាយពីផ្លូវធ្វើដំណើរ គឺកន្លែងដែលគេបំភ្លេចចោល
គាត់ជីកអណ្ដូងរ៉ែ ក៏មានអ្នកខ្លះសម្រូតខ្សែពួរចុះទៅ។
៥ ផលដំណាំដុះលើផែនដី
ប៉ុន្តែនៅខាងក្រោមវិញ ដីកំពុងត្រូវបំផ្លាញ ហាក់ដូចជាមានភ្លើងឆេះ។*
៦ នៅទីនោះ មានត្បូងកណ្ដៀងក្នុងថ្ម
ហើយក្នុងដីមានមាស។
៧ គ្មានសត្វឥន្ទ្រីណាស្គាល់ផ្លូវទៅទីនោះទេ
ឯសត្វខ្លែងក៏មិនឃើញកន្លែងនោះដែរ។
៨ នៅទីនោះ សត្វព្រៃធំសម្បើមមិនធ្លាប់ដើរកាត់ទេ
រីឯតោស្ទាវក៏មិនដែលដើរក្រវែលដែរ។
៩ មនុស្សខំប្រឹងបំបែកថ្មដ៏រឹង
គាត់ជីករំលើងរហូតដល់ឫសភ្នំ។
១០ គាត់ដាប់ថ្មឲ្យទឹកហូរ+
គាត់ឃើញសុទ្ធតែវត្ថុមានតម្លៃ។
១១ គាត់ទប់ទន្លេមិនឲ្យហូរ
ហើយយកកំណប់ទ្រព្យចេញមកកន្លែងភ្លឺ។
១២ ប៉ុន្តែចុះប្រាជ្ញាវិញ តើអាចរកបាននៅកន្លែងណា?+
ហើយនៅឯណាមានការយល់ដឹង?+
១៣ គ្មានមនុស្សណាម្នាក់ស្គាល់តម្លៃនៃប្រាជ្ញាឡើយ+
ហើយក៏មិនអាចរកឃើញក្នុងចំណោមមនុស្សរស់ដែរ។
១៤ ទឹកដ៏ជ្រៅពោលឡើងថា៖ ‹ប្រាជ្ញាមិននៅក្នុងខ្ញុំទេ!›
ហើយសមុទ្របន្លឺថា៖ ‹ប្រាជ្ញាក៏មិននៅជាមួយនឹងខ្ញុំដូចគ្នា!›។+
១៥ ប្រាជ្ញាមិនអាចទិញដោយមាសសុទ្ធ
ហើយប្រាក់ក៏មិនអាចថ្លឹងប្ដូរយកប្រាជ្ញាបានដែរ។+
១៦ សូម្បីតែមាសពីអូភា+ ឬត្បូងនិល*និងត្បូងកណ្ដៀងដ៏កម្ររកបាននោះ
ក៏នៅតែមិនអាចប្រៀបផ្ទឹមនឹងប្រាជ្ញាដែរ។
១៧ ចំណែកមាសនិងកញ្ចក់មិនអាចស្មើនឹងប្រាជ្ញាទេ
ហើយភាជនៈធ្វើពីមាសសុទ្ធក៏មិនអាចដូរយកប្រាជ្ញាបានដែរ។+
១៨ មិនបាច់និយាយដល់ផ្កាថ្ម*និងកែវចរណៃទេ+
ព្រោះប្រាជ្ញាមានតម្លៃខ្ពស់ជាងគជ់ខ្យងមួយថង់ទៅទៀត។
១៩ ប្រាជ្ញាមានតម្លៃថ្លៃជាងត្បូងថូផាស+ពីស្រុកគូស
ហើយមិនអាចទិញដូរដោយមាសសុទ្ធទេ។
២០ បើដូច្នេះ តើប្រាជ្ញាមកពីណា? ហើយតើការយល់ដឹងនៅឯណា?+
២១ ប្រាជ្ញាបានត្រូវលាក់ពីជីវិតទាំងឡាយនៅផែនដី+
ហើយសត្វស្លាបលើមេឃក៏មិនឃើញប្រាជ្ញាដែរ។
២២ ទីបញ្ចុះសព*និងសេចក្ដីស្លាប់និយាយថា៖
‹ពួកយើងគ្រាន់តែឮគេនិយាយប៉ុណ្ណោះ›។
២៣ ព្រះស្គាល់ផ្លូវទៅរកប្រាជ្ញា
មានតែលោកប៉ុណ្ណោះដឹងថានៅឯណា។+
២៤ ពីព្រោះលោកមើលរហូតដល់ចុងផែនដី
លោកឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។+