សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៨ ឥឡូវ យើងចង់ប្រាប់បងប្អូនអំពីគុណដ៏វិសេសលើសលប់របស់ព្រះ ដែលលោកបានឲ្យដល់ក្រុមជំនុំទាំងប៉ុន្មាននៅតំបន់ម៉ាសេដូន។+ ២ ក្នុងអំឡុងពេលពួកគាត់ជួបទុក្ខវេទនាដែលជាការល្បងលដ៏ខ្លាំង ពួកគាត់មានអំណរពោរពេញ ហើយទោះជាពួកគាត់ក្រតោកយ៉ាកក៏ដោយ ពួកគាត់បានបង្ហាញចិត្តទូលាយក្រៃលែង។ ៣ ព្រោះពួកគាត់បានឲ្យតាមសមត្ថភាពខ្លួន+ ហើយខ្ញុំសូមបញ្ជាក់ថា តាមពិត ការដែលពួកគាត់ឲ្យនោះគឺលើសពីសមត្ថភាពរបស់ពួកគាត់ទៅទៀត។+ ៤ ពួកគាត់បានអង្វរយើងម្ដងហើយម្ដងទៀតយ៉ាងអស់ពីចិត្ត សុំឲ្យពួកគាត់មានកិត្តិយសជូនអំណោយដោយចិត្តទូលាយ និងរួមចំណែកក្នុងការផ្ដល់ជំនួយសម្រាប់ពួកអ្នកបរិសុទ្ធ*+ ៥ ហើយពួកគាត់បានធ្វើលើសពីអ្វីដែលយើងបានសង្ឃឹមទៅទៀត តែមុនបង្អស់ពួកគាត់បានខំព្យាយាមបម្រើលោកម្ចាស់យ៉ាងអស់ពីចិត្ត ហើយបានជួយយើងស្របតាមបំណងប្រាថ្នារបស់ព្រះ។ ៦ ដូច្នេះ យើងបានលើកទឹកចិត្តទីតុស+ថា គាត់គួរបង្ហើយការប្រមូលអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នា ដោយសារគាត់បានចាប់ផ្ដើមធ្វើកិច្ចការនេះក្នុងចំណោមអ្នករាល់គ្នា។ ៧ ទោះជាយ៉ាងនោះក៏ដោយ ចូរអ្នករាល់គ្នាជូនអំណោយដោយចិត្តទូលាយជាបរិបូរ ដូចអ្នករាល់គ្នាក៏មានអ្វីៗទាំងអស់ជាបរិបូរដែរ ពោលគឺជំនឿ ប៉ិនប្រសប់ក្នុងការនិយាយ ចំណេះ ចិត្តខ្នះខ្នែង និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានទទួលពីយើង។+
៨ ខ្ញុំនិយាយដូច្នេះមិនមែនដើម្បីបង្គាប់អ្នករាល់គ្នាទេ តែខ្ញុំនិយាយដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីចិត្តខ្នះខ្នែងរបស់អ្នកឯទៀត និងដើម្បីល្បងមើលឲ្យដឹងថាសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាស្មោះឬមិនស្មោះ។ ៩ ព្រោះអ្នករាល់គ្នាស្គាល់គុណដ៏វិសេសលើសលប់របស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងថា ទោះជាលោកជាអ្នកមានក៏ដោយ លោកបានទៅជាអ្នកក្រដើម្បីអ្នករាល់គ្នា។+ លោកធ្វើដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានតាមរយៈភាពក្រីក្ររបស់លោក។
១០ ខ្ញុំសូមប្រាប់មតិរបស់ខ្ញុំអំពីរឿងនេះថា+ ការធ្វើកិច្ចការនេះនាំឲ្យអ្នករាល់គ្នាទទួលផលប្រយោជន៍ ដោយសារមួយឆ្នាំមុន អ្នករាល់គ្នាមិនត្រឹមតែចង់ធ្វើការនេះប៉ុណ្ណោះទេ តែក៏ចាប់ផ្ដើមធ្វើការនេះដែរ។ ១១ ដូច្នេះឥឡូវ ចូរធ្វើការនេះឲ្យហើយចុះ។ យ៉ាងនោះ អ្នករាល់គ្នានឹងបង្ហើយការនេះតាមលទ្ធភាពរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាមានចិត្តចង់ធ្វើពីមុន។ ១២ ព្រោះប្រសិនបើមានចិត្តចង់ឲ្យហើយ នោះធ្វើឲ្យព្រះពេញចិត្តណាស់។ ការឲ្យគឺតាមអ្វីដែលខ្លួនមាន+ មិនមែនតាមអ្វីដែលខ្លួនមិនមាននោះទេ។ ១៣ ព្រោះខ្ញុំមិនចង់ធ្វើឲ្យអ្នកឯទៀតស្រួល តែធ្វើឲ្យអ្នករាល់គ្នាពិបាកទេ។ ១៤ ប៉ុន្តែ គឺដើម្បីឲ្យអ្នករាល់គ្នាដែលមានអ្វីលើសពីសេចក្ដីត្រូវការ អាចបំពេញការខ្វះខាតរបស់ពួកគេ ហើយពេលពួកគេមានអ្វីដែលលើសពីសេចក្ដីត្រូវការ ពួកគេអាចបំពេញការខ្វះខាតរបស់អ្នករាល់គ្នាដែរ យ៉ាងនោះនឹងមានភាពស្មើគ្នា។ ១៥ ដូចបទគម្ពីរចែងថា៖ «អ្នកដែលមានច្រើន មិនមានច្រើនពេកទេ ហើយអ្នកដែលមានតិច ក៏មិនមានតិចពេកដែរ»។+
១៦ យើងសូមអរគុណព្រះដែលទីតុសគិតដល់អ្នករាល់គ្នា ដូចយើងគិតដល់អ្នករាល់គ្នាដែរ+ ១៧ ពីព្រោះគាត់មិនត្រឹមតែបានធ្វើអ្វីដែលយើងបានលើកទឹកចិត្តគាត់ឲ្យធ្វើប៉ុណ្ណោះទេ តែដោយសារគាត់មានចិត្តខ្នះខ្នែងខ្លាំងដល់ម្ល៉េះ បានជាគាត់ចេញទៅឯអ្នករាល់គ្នាដោយស្ម័គ្រពីចិត្ត។ ១៨ ប៉ុន្តែ យើងបានចាត់បងប្រុសម្នាក់ទៀតឲ្យទៅជាមួយនឹងគាត់។ បងប្រុសនោះទទួលការសរសើរពីក្រុមជំនុំទាំងអស់ ដោយសារកិច្ចការរបស់គាត់ដែលទាក់ទងនឹងដំណឹងល្អ។ ១៩ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជំនុំបានតែងតាំងគាត់ឲ្យរួមដំណើរជាមួយនឹងយើងក្នុងការចាត់ចែងអំណោយដ៏សប្បុរសនេះ ដើម្បីតម្កើងសិរីរុងរឿងរបស់លោកម្ចាស់ និងដើម្បីបញ្ជាក់ថាយើងប្រុងប្រៀបជួយអ្នកឯទៀតជានិច្ច។ ២០ យ៉ាងនេះ យើងមិនបើកឱកាសឲ្យអ្នកណារិះគន់យើងអំពីរបៀបដែលយើងកំពុងចាត់ចែងវិភាគទានជាច្រើននេះទេ។+ ២១ ព្រោះយើង‹ចាត់ចែងកិច្ចការដោយទៀងត្រង់ មិនគ្រាន់តែនៅចំពោះមុខព្រះយេហូវ៉ា*ប៉ុណ្ណោះទេ តែក៏នៅចំពោះមុខមនុស្សដែរ›។+
២២ ម្យ៉ាងទៀត យើងចាត់បងប្រុសម្នាក់ឲ្យទៅជាមួយនឹងពួកគាត់។ យើងធ្លាប់សាកល្បងបងប្រុសនោះជាញឹកញយក្នុងកិច្ចការជាច្រើន ហើយឃើញថាគាត់មានចិត្តខ្នះខ្នែង តែឥឡូវគាត់មានចិត្តខ្នះខ្នែងខ្លាំងជាងមុន ដោយសារគាត់មានទំនុកចិត្តយ៉ាងខ្លាំងលើអ្នករាល់គ្នា។ ២៣ ក៏ប៉ុន្តែ ប្រសិនបើមានការសង្ស័យអំពីទីតុស ខ្ញុំសូមប្រាប់ថា គាត់រួមចំណែកជាមួយនឹងខ្ញុំ និងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាទទួលប្រយោជន៍។ ប្រសិនបើមានការសង្ស័យអំពីបងប្រុសៗរបស់យើង ខ្ញុំសូមប្រាប់ថា ពួកគាត់ជាសាវ័ករបស់ក្រុមជំនុំ ហើយពួកគាត់នាំឲ្យគ្រិស្តទទួលការលើកតម្កើង។ ២៤ ដូច្នេះ ចូរបង្ហាញឲ្យឃើញថាអ្នករាល់គ្នាស្រឡាញ់ពួកគាត់+ ហើយចូរបង្ហាញក្រុមជំនុំថាអ្វីដែលយើងបានអួតអំពីអ្នករាល់គ្នា គឺជាការពិត។