យេរេមា
៨ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ ឆ្អឹងរបស់បណ្ដាស្ដេចស្រុកយូដា ពួកអ្នកគ្រប់គ្រង ពួកសង្ឃ ពួកអ្នកប្រកាសទំនាយ និងឆ្អឹងរបស់បណ្ដាជននៅក្រុងយេរូសាឡិម នឹងត្រូវយកចេញពីទីបញ្ចុះសព។ ២ គេនឹងយកឆ្អឹងរបស់អ្នកទាំងនោះទៅរាយនៅលើដីក្រោមដួងអាទិត្យ ដួងចន្ទ និងផ្កាយទាំងឡាយនៅលើមេឃ ព្រោះអ្នកទាំងនោះធ្លាប់ស្រឡាញ់ ធ្លាប់បម្រើ កាន់តាម ស្វែងរក និងគោរពបូជាអ្វីទាំងនោះ។+ គេនឹងមិនប្រមូលឆ្អឹងទាំងនោះទៅបញ្ចុះទេ តែនឹងត្រូវទុកចោលឲ្យនៅលើដីដូចជាជីវិញ»។+
៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ប្រកាសថា៖ «ឯពួកអ្នកដែលនៅសល់ពីប្រជាជាតិដ៏អាក្រក់នេះ ពួកគេនឹងសុខចិត្តស្លាប់ជាជាងរស់នៅ គឺជាពួកអ្នកដែលខ្ញុំបានកម្ចាត់កម្ចាយនៅគ្រប់ទីកន្លែង»។
៤ «អ្នកត្រូវនិយាយទៅកាន់ពួកគេថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«តើអ្នកដែលដួលនឹងមិនក្រោកឡើងវិញទេឬ?
បើម្នាក់ត្រឡប់មកវិញ តើអ្នកឯទៀតនឹងមិនត្រឡប់មកដែរទេឬ?
៥ ហេតុអ្វីក៏អ្នកក្រុងយេរូសាឡិមតែងតែប្រព្រឹត្តមិនស្មោះត្រង់ដូច្នេះ?
ពួកគេជឿការបោកបញ្ឆោត ហើយមិនព្រមត្រឡប់មកវិញទេ។+
៦ ខ្ញុំខំស្ដាប់ តែពួកគេមិនបាននិយាយអ្វីដែលពិតត្រង់ទេ។
គ្មាននរណាម្នាក់ប្រែចិត្តពីអំពើទុច្ចរិតរបស់ខ្លួន ហើយក៏គ្មាននរណាសួរថា៖ ‹ម្ដេចក៏ខ្ញុំធ្វើដូច្នេះ?›។+
ពួកគេម្នាក់ៗចេះតែទៅតាមផ្លូវដែលពេញនិយមប្រៀបដូចជាសេះបោលចូលក្នុងចម្បាំង។
៧ សត្វកុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល
ឯលលក ត្រចៀកកាំ និងបក្សីឯទៀត* ពួកវាស្គាល់ពេលកំណត់ដែលត្រូវហោះត្រឡប់មកសម្បុក*វិញ។
ប៉ុន្តែ រាស្ត្រខ្ញុំមិនស្គាល់ពេលវេលាដែលខ្ញុំជាយេហូវ៉ានឹងវិនិច្ឆ័យពួកគេទេ»›។+
៨ ‹តើអ្នកអាចនិយាយម្ដេចនឹងបានថា៖ «យើងមានប្រាជ្ញា ហើយក៏មានច្បាប់*របស់ព្រះយេហូវ៉ាដែរ»?
តាមពិត ពួកអ្នកចម្លងច្បាប់ប្រើស្លាបប៉ាកកាក្លែងក្លាយ+ ដើម្បីកត់ទុកនូវអ្វីដែលមិនពិតប៉ុណ្ណោះ។
៩ ពួកអ្នកប្រាជ្ញបានរងការអាម៉ាស់។+
ពួកគេនឹងភ័យតក់ស្លុត ហើយនឹងត្រូវចាប់ខ្លួន។
មើល! ពួកគេបានមើលងាយប្រសាសន៍របស់ព្រះយេហូវ៉ាហើយ
ដូច្នេះ តើពួកគេមានប្រាជ្ញាអ្វីទៅ?
១០ ហេតុនេះ ខ្ញុំនឹងប្រគល់ប្រពន្ធរបស់ពួកគេឲ្យបុរសឯទៀត
ហើយប្រគល់ស្រែចម្ការរបស់ពួកគេឲ្យអ្នកឯទៀត។+
ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ពួកគេទាំងអស់សុទ្ធតែរកស៊ីមិនទៀងត្រង់+
ហើយចាប់ពីពួកអ្នកប្រកាសទំនាយរហូតដល់ពួកសង្ឃពួកគេសុទ្ធតែជាជនបោកប្រាស់។+
១១ ពួកគេធ្វើឲ្យរបួសរបស់រាស្ត្រខ្ញុំជាសះតែបន្តិចបន្តួចទេ ដោយនិយាយថា៖
«មានសន្តិភាពហើយ! មានសន្តិភាពហើយ!» តែតាមពិតគ្មានទាល់តែសោះ។+
១២ តើពួកគេអៀនខ្មាសចំពោះអំពើដ៏គួរឲ្យស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្តឬទេ?
ពួកគេគ្មានការអៀនខ្មាសទាល់តែសោះ!
គឺពួកគេមិនទាំងដឹងថាការអៀនខ្មាសជាអ្វីផង។+
ហេតុនេះ ពួកគេនឹងដួលលើពួកអ្នកដែលបានដួលរួចហើយ។
ពេលខ្ញុំដាក់ទោសពួកគេ ពួកគេនឹងជំពប់ដួលជាមិនខាន›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
១៣ ព្រះយេហូវ៉ាប្រកាសថា៖ ‹ពេលខ្ញុំប្រមូលពួកគេមកហើយខ្ញុំនឹងបំផ្លាញពួកគេឲ្យអស់គ្មានសល់
គឺដូចដើមទំពាំងបាយជូរនិងដើមល្វាដែលគ្មានផ្លែនៅសល់។ ឯស្លឹកក៏ស្វិតស្រពោនអស់ដែរ។
អ្វីដែលខ្ញុំបានប្រគល់ឲ្យពួកគេនឹងសូន្យបាត់ទៅ›»។
១៤ «ហេតុអ្វីក៏យើងអង្គុយស្ងៀមនៅទីនេះទៀត?
ចូរយើងនាំគ្នាចូលទៅបណ្ដាក្រុងដែលមានកំពែងរឹងមាំ+ហើយស្លាប់នៅទីនោះទៅ។
ព្រោះព្រះយេហូវ៉ាជាព្រះនៃយើងនឹងប្រហារយើងជាមិនខាន។
លោកនឹងឲ្យយើងផឹកទឹកដែលមានជាតិពុល+
ព្រោះយើងបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាហើយ។
១៥ យើងសង្ឃឹមថាមានសេចក្ដីសុខសាន្ត តែគ្មានអ្វីល្អកើតឡើងទេ
យើងសង្ឃឹមថាមានការជាសះស្បើយ តែមានតែការភ័យតក់ស្លុតប៉ុណ្ណោះ។+
១៦ មានឮសំឡេងដង្ហើមសេះរបស់ពួកសត្រូវពីទឹកដីដាន់
ហើយពេលសេះខ្លាំងក្លារបស់ពួកគេស្រែកកញ្ជ្រៀវ ទឹកដីទាំងមូលញ័ររញ្ជួយ។
ពួកសត្រូវចូលមកបំផ្លាញស្រុកទាំងមូលនិងអ្វីៗទាំងអស់នៅក្នុងនោះ
គឺទាំងក្រុង ទាំងបណ្ដាជន»។
១៧ «មើល! ខ្ញុំនឹងឲ្យពស់មានពិសចូលទៅក្នុងចំណោមអ្នករាល់គ្នា
គឺជាពស់ដែលមិនអាចសណ្ដំបាន
ពួកវានឹងចឹកអ្នករាល់គ្នាជាមិនខាន»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៨ ខ្ញុំមានទុក្ខព្រួយ មិនចេះស្រាកស្រាន្តទេ ហើយចិត្តខ្ញុំក៏ឈឺចាប់ខ្លាំងដែរ។
១៩ ពីស្រុកឆ្ងាយ មានឮសំឡេងស្រែកសុំជំនួយ
គឺជាសម្រែករបស់កូនស្រីនៃរាស្ត្រខ្ញុំ ដែលថា៖
«តើព្រះយេហូវ៉ាមិននៅក្នុងក្រុងស៊ីយ៉ូនទេឬ?
តើស្ដេចមិននៅក្នុងក្រុងនោះទេឬ?»។
«ហេតុអ្វីពួកគេធ្វើឲ្យខ្ញុំខឹងដោយសាររូបព្រះរបស់ពួកគេ
ជាព្រះដែលឥតបានការរបស់ជនជាតិដទៃ?»។
២០ «រដូវប្រមូលផលបានកន្លងផុតទៅ ហើយរដូវក្ដៅក៏ចប់ហើយដែរ
តែយើងមិនទាន់បានសង្គ្រោះទេ!»។
២១ ចិត្តខ្ញុំខ្ទេចខ្ទាំដោយសារទុក្ខវេទនារបស់កូនស្រីនៃរាស្ត្រខ្ញុំ។+
ខ្ញុំបានកើតទុក្ខ ហើយភ័យតក់ស្លុតជាខ្លាំង។
២២ នៅស្រុកគីលាត តើគ្មានប្រេងបាលសាម*ទេឬ?+
តើគ្មានគ្រូពេទ្យនៅទីនោះទេឬ?+
ចុះហេតុអ្វីបានជាកូនស្រីនៃរាស្ត្រខ្ញុំនៅតែមិនទាន់មានសុខភាពល្អឡើងវិញដូច្នេះ?+