អេសេគាល
២០ នៅថ្ងៃទី១០ ខែទី៥ ក្នុងឆ្នាំទី៧* ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលមួយចំនួនបានមក ហើយអង្គុយនៅមុខខ្ញុំដើម្បីសុំការណែនាំពីព្រះយេហូវ៉ា។ ២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ៣ «កូនមនុស្សអើយ! ចូរប្រាប់ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមកសុំការណែនាំពីខ្ញុំឬ? ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយចំពោះសំណូមពររបស់អ្នករាល់គ្នាទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
៤ «កូនមនុស្សអើយ! តើអ្នកត្រៀមវិនិច្ឆ័យទោសពួកគេហើយឬ? តើអ្នកត្រៀមខ្លួនវិនិច្ឆ័យទោសពួកគេហើយឬនៅ? ចូរឲ្យពួកគេដឹងអំពីការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមដែលបុព្វបុរសរបស់ពួកគេបានប្រព្រឹត្តចុះ។+ ៥ ចូរប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «នៅថ្ងៃដែលខ្ញុំបានជ្រើសរើសអ៊ីស្រាអែល+ ខ្ញុំក៏បានស្បថនឹងពូជពង្សយ៉ាកុបដែរ ហើយខ្ញុំបានបង្ហាញឲ្យពួកគេស្គាល់ខ្ញុំនៅស្រុកអេហ្ស៊ីប+ គឺខ្ញុំបានស្បថនឹងពួកគេ ហើយនិយាយថា៖ ‹ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា›។ ៦ នៅថ្ងៃនោះ ខ្ញុំបានស្បថថាខ្ញុំនឹងនាំពួកគេចេញពីស្រុកអេហ្ស៊ីប ទៅរស់នៅក្នុងស្រុកដែលខ្ញុំបានជ្រើសរើសឲ្យពួកគេ ជាស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាស្រុកដែលស្អាតជាងគេបំផុត។ ៧ រួចមក ខ្ញុំបាននិយាយទៅពួកគេថា៖ ‹ចូរបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខអ្នករាល់គ្នាទៅ ហើយកុំធ្វើឲ្យខ្លួនមិនស្អាតបរិសុទ្ធដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតឡើយ។+ ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា›។+
៨ «‹«ប៉ុន្តែ ពួកគេបានបះបោរប្រឆាំងនឹងខ្ញុំ ហើយមិនព្រមស្ដាប់ខ្ញុំទេ។ ពួកគេមិនបានបោះចោលរបស់ដែលគួរឲ្យស្អប់ខ្ពើមចេញពីមុខពួកគេឡើយ ហើយថែមទាំងមិនបោះចោលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកអេហ្ស៊ីបទៀតផង។+ ដូច្នេះ ខ្ញុំស្បថថាខ្ញុំបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅស្រុកអេហ្ស៊ីប។ ៩ ប៉ុន្តែ ខ្ញុំបានប្រព្រឹត្តដោយយល់ដល់នាមខ្ញុំ ដើម្បីកុំឲ្យប្រជាជាតិនានាដែលពួកគេរស់នៅជាមួយនោះ មកប្រមាថមើលងាយខ្ញុំ។+ ព្រោះខ្ញុំបានធ្វើឲ្យពួកគេ*ស្គាល់ខ្ញុំនៅចំពោះមុខប្រជាជាតិទាំងនោះ ពេលដែលខ្ញុំបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+ ១០ ដូច្នេះ ខ្ញុំបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប រួចនាំទៅតំបន់ស្ងាត់ជ្រងំ។+
១១ «‹«បន្ទាប់មក ខ្ញុំបានឲ្យបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំដល់ពួកគេ+ ដើម្បីឲ្យអ្នកណាដែលកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមទាំងនោះ អាចរស់រានមានជីវិតតទៅទៀត។+ ១២ បន្ថែមទៅទៀត ខ្ញុំបានឲ្យច្បាប់ថ្ងៃឈប់សម្រាក+ ទុកជាសញ្ញាសម្គាល់រវាងខ្ញុំនិងពួកគេ+ ដើម្បីឲ្យពួកគេដឹងថា ខ្ញុំគឺយេហូវ៉ា ខ្ញុំនេះហើយដែលញែកពួកគេជាបរិសុទ្ធ។
១៣ «‹«ប៉ុន្តែ ពូជពង្សអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងខ្ញុំនៅតំបន់ស្ងាត់ជ្រងំ។+ ពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ។ ប៉ុន្តែ បើបុគ្គលម្នាក់កាន់តាម គាត់អាចរស់រានមានជីវិតតទៅទៀត។ បន្ថែមទៅទៀត ពួកគេបានបំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំទាំងស្រុង។ ដូច្នេះ ខ្ញុំស្បថថាខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅតំបន់ស្ងាត់ជ្រងំដើម្បីបំផ្លាញពួកគេឲ្យសាបសូន្យអស់។+ ១៤ ខ្ញុំបានប្រព្រឹត្តដោយយល់ដល់នាមរបស់ខ្ញុំ ដើម្បីកុំឲ្យប្រជាជាតិនានាដែលឃើញខ្ញុំនាំពួកគេ*ចេញពីស្រុកអេហ្ស៊ីប ប្រមាថមើលងាយនាមខ្ញុំឡើយ។+ ១៥ ខ្ញុំបានស្បថនៅតំបន់ស្ងាត់ជ្រងំថា ខ្ញុំនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានជ្រើសរើសឲ្យពួកគេឡើយ។+ នោះជាស្រុកដែលសម្បូរទឹកដោះនិងទឹកឃ្មុំហូរហៀរ+ និងជាស្រុកដែលស្អាតជាងគេបំផុត។ ១៦ ព្រោះពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ ហើយក៏បំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។ ព្រោះចិត្តពួកគេចេះតែចង់ធ្វើតាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេវិញ។+
១៧ «‹«ប៉ុន្តែ ខ្ញុំបានអាណិតអាសូរពួកគេ ហើយខ្ញុំមិនបំផ្លាញពួកគេទេ គឺខ្ញុំមិនបំផ្លាញពួកគេឲ្យសាបសូន្យនៅតំបន់ស្ងាត់ជ្រងំឡើយ។ ១៨ ខ្ញុំបាននិយាយទៅកាន់កូនចៅរបស់ពួកគេនៅតំបន់ស្ងាត់ជ្រងំថា៖+ ‹ចូរកុំកាន់តាមច្បាប់និងក្រឹត្យក្រមរបស់បុព្វបុរសអ្នករាល់គ្នា+ ហើយក៏កុំធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេដែរ។ ១៩ ខ្ញុំគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំ និងធ្វើតាមក្រឹត្យក្រមរបស់ខ្ញុំចុះ។+ ២០ ចូរញែកថ្ងៃឈប់សម្រាករបស់ខ្ញុំជាបរិសុទ្ធ+ ហើយទុកថ្ងៃនោះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នក ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់អ្នក›។+
២១ «‹«ប៉ុន្តែ កូនចៅពួកគេក៏បានបះបោរប្រឆាំងនឹងខ្ញុំដែរ។+ ពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ តែបើបុគ្គលម្នាក់កាន់តាម គាត់អាចរស់រានមានជីវិតតទៅទៀត។ បន្ថែមទៅទៀត ពួកគេបានបំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំ។ ដូច្នេះ ខ្ញុំស្បថថាខ្ញុំនឹងបញ្ចេញកំហឹងដ៏ខ្លាំងក្រៃលែងទៅលើពួកគេនៅតំបន់ស្ងាត់ជ្រងំ។+ ២២ ប៉ុន្តែ ខ្ញុំបានទប់ចិត្ត+ ហើយបានប្រព្រឹត្តដោយយល់ដល់នាមខ្ញុំ+ ដើម្បីកុំឲ្យប្រជាជាតិនានាដែលឃើញខ្ញុំនាំពួកគេ*ចេញពីស្រុកអេហ្ស៊ីប ប្រមាថមើលងាយនាមខ្ញុំឡើយ។ ២៣ ម្ល៉ោះហើយ ខ្ញុំបានស្បថនឹងពួកគេនៅតំបន់ស្ងាត់ជ្រងំថា ខ្ញុំនឹងធ្វើឲ្យពួកគេខ្ចាត់ខ្ចាយទៅរស់នៅក្នុងចំណោមប្រជាជាតិនានានិងស្រុកឯទៀត+ ២៤ ព្រោះពួកគេមិនបានកាន់តាមបញ្ញត្តិនិងក្រឹត្យក្រមរបស់ខ្ញុំទេ+ ហើយក៏បំពានច្បាប់ថ្ងៃឈប់សម្រាករបស់ខ្ញុំដែរ។ ព្រោះពួកគេចេះតែចង់កាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់បុព្វបុរសពួកគេវិញ។+ ២៥ ដូច្នេះ ខ្ញុំបណ្ដោយឲ្យពួកគេធ្វើតាមបញ្ញត្តិដែលមិនផ្ដល់ប្រយោជន៍ដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមក្រឹត្យក្រមដែលមិននាំឲ្យពួកគេរស់រានមានជីវិតដែរ។+ ២៦ ខ្ញុំបណ្ដោយឲ្យពួកគេស្មោកគ្រោកដោយគ្រឿងបូជារបស់ខ្លួន គឺនៅពេលដែលពួកគេដុតកូនច្បងខ្លួនជាគ្រឿងបូជា។+ ខ្ញុំនឹងធ្វើឲ្យពួកគេវិនាសសូន្យទៅ។ យ៉ាងនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»›។
២៧ «ដូច្នេះ កូនមនុស្សអើយ! ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តាមរបៀបនេះហើយដែលបុព្វបុរសអ្នករាល់គ្នា បានប្រមាថមើលងាយខ្ញុំដោយប្រព្រឹត្តមិនស្មោះត្រង់នឹងខ្ញុំ។ ២៨ ខ្ញុំបាននាំពួកគេចូលទៅក្នុងស្រុកដែលខ្ញុំបានស្បថឲ្យពួកគេ។+ ប៉ុន្តែ ពេលពួកគេឃើញទីខ្ពស់ៗទាំងប៉ុន្មាននិងដើមឈើធំៗដែលមានស្លឹកត្រសុំត្រសាយ+ ពួកគេចាប់ផ្ដើមជូនគ្រឿងបូជាផ្សេងៗនិងគ្រឿងបូជាដែលគួរឲ្យស្អប់ខ្ពើមនៅទីនោះ។ ពួកគេថែមទាំងដុតគ្រឿងបូជាឲ្យមានក្លិនឈ្ងុយនិងច្រួចស្រាជាគ្រឿងបូជាទៀតផង។ ២៩ ដូច្នេះ ខ្ញុំបានសួរពួកគេថា៖ ‹តើអ្នករាល់គ្នាទៅទីខ្ពស់ទាំងនោះក្នុងបំណងអ្វី? (រហូតដល់សព្វថ្ងៃ គេនៅតែហៅទីនោះថាទីខ្ពស់ដដែល)›»›។+
៣០ «ឥឡូវចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាកំពុងធ្វើឲ្យខ្លួនស្មោកគ្រោកដូចបុព្វបុរសរបស់អ្នករាល់គ្នាឬ? ព្រោះអ្នករាល់គ្នាកំពុងកាន់តាមរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម ហើយប្រព្រឹត្តអំពើពេស្យាចារ*ជាមួយនឹងរូបទាំងនោះ។+ ៣១ រហូតមកដល់សព្វថ្ងៃ តើអ្នករាល់គ្នានៅតែធ្វើឲ្យខ្លួនស្មោកគ្រោកដោយដុតកូនប្រុសៗជាគ្រឿងបូជាដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទៀតឬ?+ នៅដំណាលគ្នានេះ ឱពូជពង្សអ៊ីស្រាអែលអើយ! តើខ្ញុំគួរតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាឬ?»›។+
«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតប្រកាសថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងមិនតបឆ្លើយនឹងសំណូមពររបស់អ្នករាល់គ្នាជាដាច់ខាត។+ ៣២ អ្វីដែលអ្នករាល់គ្នាបានគិតក្នុងចិត្ត ហើយនិយាយថា៖ «ចូរឲ្យយើងដូចជាប្រជាជាតិនានាចុះ គឺដូចជាប្រជាជាតិនៅស្រុកឯទៀត ដែលគោរពបូជា*រូបព្រះពីឈើនិងពីថ្មទៅ»+ ការនោះនឹងមិនកើតឡើងទេ›»។
៣៣ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដូចខ្ញុំមានជីវិតរស់នៅ ខ្ញុំស្បថថាខ្ញុំនឹងគ្រប់គ្រងជាស្ដេចលើអ្នករាល់គ្នាដោយឫទ្ធានុភាពនិងកម្លាំងដ៏ខ្លាំងក្លា ហើយដោយកំហឹងរបស់ខ្ញុំ។+ ៣៤ ខ្ញុំនឹងនាំអ្នករាល់គ្នាចេញពីប្រជាជាតិនិងស្រុកនានាដែលអ្នករាល់គ្នាបានខ្ចាត់ខ្ចាយទៅនោះ ឲ្យមកជួបជុំគ្នា ដោយឫទ្ធានុភាពនិងកម្លាំងដ៏ខ្លាំងក្លា ហើយដោយកំហឹងរបស់ខ្ញុំ។+ ៣៥ ខ្ញុំនឹងនាំអ្នករាល់គ្នាចូលទៅក្នុងតំបន់ស្ងាត់ជ្រងំរបស់ប្រជាជាតិនានា ហើយនៅទីនោះខ្ញុំនឹងវិនិច្ឆ័យទោសអ្នករាល់គ្នានៅប្រទល់មុខតែម្ដង។+
៣៦ «‹ដូចខ្ញុំបានវិនិច្ឆ័យទោសបុព្វបុរសអ្នករាល់គ្នានៅតំបន់ស្ងាត់ជ្រងំក្នុងស្រុកអេហ្ស៊ីបយ៉ាងណា នោះខ្ញុំក៏នឹងវិនិច្ឆ័យទោសអ្នករាល់គ្នាយ៉ាងនោះដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ ៣៧ ‹ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាឆ្លងកាត់ក្រោមដំបងរបស់គង្វាល+ ហើយអ្នករាល់គ្នាត្រូវធ្វើតាមកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ៣៨ ឯពួកអ្នកដែលបះបោរនិងប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងខ្ញុំ ខ្ញុំនឹងដកពួកគេចេញ។+ ព្រោះខ្ញុំនឹងនាំពួកគេចេញពីស្រុករបស់ជនបរទេស តែពួកគេមិនអាចចូលស្រុកអ៊ីស្រាអែលបានទេ។+ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា›។
៣៩ «ចំណែកអ្នករាល់គ្នាវិញ ឱពូជពង្សអ៊ីស្រាអែលអើយ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ចូរទៅគោរពបម្រើដល់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួនទៅចុះ។+ ប៉ុន្តែ ក្រោយមកអ្នករាល់គ្នានឹងរងទុក្ខពីការប្រព្រឹត្តនោះ។ រួចអ្នករាល់គ្នានឹងមិនអាចធ្វើឲ្យនាមដ៏បរិសុទ្ធរបស់ខ្ញុំអាប់ឱន ដោយគ្រឿងបូជានិងរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នាទៀតទេ›។+
៤០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ព្រោះនៅភ្នំបរិសុទ្ធរបស់ខ្ញុំជាភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល+ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងគោរពប្រណិប័តន៍ខ្ញុំ+ ហើយខ្ញុំនឹងពេញចិត្តពួកគេ។ នៅទីនោះហើយដែលអ្នករាល់គ្នានឹងជូនវិភាគទាននិងគ្រឿងបូជាដ៏ល្អបំផុតដល់ខ្ញុំ ពោលគឺអ្វីៗទាំងអស់ដែលបរិសុទ្ធ។+ ៤១ ដោយសារក្លិនឈ្ងុយពីគ្រឿងបូជារបស់អ្នករាល់គ្នា នោះខ្ញុំនឹងពេញចិត្តអ្នករាល់គ្នា។ នេះនឹងកើតឡើង ពេលខ្ញុំនាំអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិនានានិងស្រុកឯទៀតដែលអ្នករាល់គ្នាបានខ្ចាត់ខ្ចាយទៅ ឲ្យត្រឡប់មកវិញ។+ រួចខ្ញុំនឹងត្រូវញែកជាបរិសុទ្ធក្នុងចំណោមអ្នករាល់គ្នានៅចំពោះមុខប្រជាជាតិទាំងនោះ›។+
៤២ «‹អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា+ ពេលដែលខ្ញុំនាំអ្នករាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល+ គឺក្នុងស្រុកដែលខ្ញុំបានស្បថឲ្យដល់បុព្វបុរសអ្នករាល់គ្នា។ ៤៣ នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញការប្រព្រឹត្តទាំងប៉ុន្មានដែលបណ្ដាលឲ្យអ្នករាល់គ្នាស្មោកគ្រោក+ ហើយអ្នករាល់គ្នានឹងស្អប់ខ្ពើមខ្លួនឯង ព្រោះតែអំពើអាក្រក់គ្រប់យ៉ាងដែលអ្នករាល់គ្នាបានធ្វើ។+ ៤៤ ដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ! អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា គឺពេលខ្ញុំប្រព្រឹត្តទៅលើអ្នករាល់គ្នាដោយយល់ដល់នាមខ្ញុំ។+ ខ្ញុំមិនមែនប្រព្រឹត្តទៅលើអ្នករាល់គ្នា ដោយសារអំពើទុច្ចរិតឬការប្រព្រឹត្តដ៏ខូចអាក្រក់របស់អ្នករាល់គ្នានោះទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
៤៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ៤៦ «កូនមនុស្សអើយ! ចូរបែរមុខតម្រង់ទៅទិសខាងត្បូង រួចប្រកាសទៅតំបន់នោះ គឺប្រកាសទំនាយទៅកាន់ព្រៃឈើនៅតំបន់ខាងត្បូង។ ៤៧ ចូរនិយាយទៅព្រៃនោះថា៖ ‹ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ាចុះ! ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ដូចតទៅ៖ «មើល! ខ្ញុំនឹងបង្កាត់ភ្លើងដុតបំផ្លាញអ្នក+ ភ្លើងនឹងឆាបឆេះទាំងដើមឈើស្រស់ទាំងដើមឈើងាប់ ហើយឆេះសន្ធោសន្ធៅមិនអាចពន្លត់បានឡើយ។+ ពីទិសខាងត្បូងទៅដល់ទិសខាងជើង មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង។ ៤៨ ពេលនោះ មនុស្សជាតិនឹងឃើញថាខ្ញុំនេះហើយជាយេហូវ៉ា ជាអ្នកបង្កាត់ភ្លើងឲ្យឆាបឆេះសន្ធោសន្ធៅ គ្មានអ្នកណាអាចពន្លត់បានឡើយ»›»។+
៤៩ រួចខ្ញុំក៏និយាយថា៖ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ពួកគេកំពុងនិយាយអំពីខ្ញុំថា៖ ‹តើគាត់មិនគ្រាន់តែនិយាយជាពាក្យប្រស្នាទេឬ?›»។