យេរេមា
២៩ យេរេមាជាអ្នកប្រកាសទំនាយបានសរសេរសំបុត្រពីក្រុងយេរូសាឡិម ផ្ញើទៅពួកបុរសចាស់ទុំដែលរស់នៅក្នុងចំណោមពួកសង្ឃ ពួកអ្នកប្រកាសទំនាយ និងបណ្ដាជនទាំងអស់ ដែលនេប៊ូក្នេសាបានចាប់យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ២ គឺក្រោយពេលដែលស្ដេចយេកូនាស+ និងមាតាស្ដេច+ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងពួកអ្នកគ្រប់គ្រងនៅស្រុកយូដានិងនៅក្រុងយេរូសាឡិម រួមទាំងជាងចម្លាក់ និងជាងដែក* បានត្រូវនាំចេញពីក្រុងយេរូសាឡិម។+ ៣ យេរេមាបានផ្ញើសំបុត្រនោះតាមរយៈអែលអេសាជាកូនសាផាន+ និងកេម៉ារៀជាកូនហ៊ីលគីយ៉ា ពេលដែលសេដេគា+ស្ដេចស្រុកយូដា បានចាត់ពួកគាត់ឲ្យទៅជួបនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន។ សំបុត្រនោះមានសេចក្ដីដូចតទៅ៖
៤ «នេះជាប្រសាសន៍របស់ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល ទៅកាន់បណ្ដាជនទាំងអស់ដែលលោកបានត្រូវនិរទេសពីក្រុងយេរូសាឡិមទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន៖ ៥ ‹ចូរសង់ផ្ទះហើយរស់នៅទីនោះចុះ ព្រមទាំងធ្វើចម្ការ ហើយបរិភោគផលដែរ។ ៦ ចូររៀបការប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី។ រួចរៀបការឲ្យកូនប្រុសកូនស្រីខ្លួន ដើម្បីឲ្យពួកគេបង្កើតកូនជាច្រើនឡើង។ ចូរបង្កើនចំនួនឲ្យច្រើននៅទីនោះ កុំឲ្យថយចុះឡើយ។ ៧ ចូរខំព្យាយាមធ្វើឲ្យមានសេចក្ដីសុខនិងសេចក្ដីចម្រើននៅក្នុងក្រុងដែលខ្ញុំបាននិរទេសអ្នករាល់គ្នា ហើយអធិដ្ឋានដល់ខ្ញុំជាយេហូវ៉ាឲ្យពួកអ្នកក្រុងនោះផង ព្រោះបើក្រុងនោះមានសេចក្ដីសុខសាន្ត អ្នករាល់គ្នានឹងមានសេចក្ដីសុខសាន្តដែរ។+ ៨ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «កុំចាញ់បោកពួកអ្នកប្រកាសទំនាយនិងពួកគ្រូទាយឡើយ+ ហើយក៏កុំជឿការបកស្រាយសុបិនរបស់ពួកគេដែរ។ ៩ ព្រោះ‹ពួកគេកំពុងប្រកាសទំនាយមិនពិតក្នុងនាមខ្ញុំ តែខ្ញុំមិនបានចាត់ពួកគេទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»។
១០ «ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹លុះចប់៧០ឆ្នាំហើយ ខ្ញុំនឹងចាត់វិធានការដើម្បីអ្នករាល់គ្នា+ ហើយខ្ញុំនឹងធ្វើតាមសេចក្ដីសន្យារបស់ខ្ញុំ ដោយនាំអ្នករាល់គ្នាត្រឡប់មកទីនេះវិញ›។+
១១ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ព្រោះខ្ញុំដឹងច្បាស់នូវគំនិតដែលខ្ញុំកំពុងគិតចំពោះអ្នករាល់គ្នា គឺខ្ញុំចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត មិនមែនសេចក្ដីវេទនាទេ+ ហើយចង់ឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ។+ ១២ ពេលដែលអ្នករាល់គ្នាហៅរកខ្ញុំនិងអធិដ្ឋានមកខ្ញុំ ខ្ញុំនឹងស្ដាប់អ្នករាល់គ្នា›។+
១៣ «‹អ្នករាល់គ្នានឹងខំស្វែងរកខ្ញុំ ហើយរកខ្ញុំឃើញមែន។+ ព្រោះអ្នករាល់គ្នាស្វែងរកខ្ញុំអស់ពីចិត្ត+ ១៤ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ខ្ញុំនឹងនាំយកអ្នករាល់គ្នានិងជនរួមជាតិដែលជាប់ជាឈ្លើយ ចេញពីប្រជាជាតិនានា និងពីកន្លែងដែលខ្ញុំបានកម្ចាត់កម្ចាយអ្នករាល់គ្នា។+ ខ្ញុំនឹងនាំអ្នករាល់គ្នាត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ គឺជាទឹកដីដែលខ្ញុំបានបណ្ដេញអ្នករាល់គ្នា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
១៥ «ប៉ុន្តែ អ្នករាល់គ្នាបាននិយាយថា៖ ‹ព្រះយេហូវ៉ាបានតែងតាំងពួកអ្នកប្រកាសទំនាយដើម្បីណែនាំយើងនៅស្រុកបាប៊ីឡូនហើយ›។
១៦ «នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់ស្ដេចដែលកំពុងអង្គុយលើបល្ល័ង្កដាវីឌ+ និងបណ្ដាជនទាំងអស់ដែលកំពុងរស់នៅក្នុងក្រុងនេះ ព្រមទាំងជនរួមជាតិរបស់អ្នករាល់គ្នាដែលមិនបានត្រូវនិរទេស។ ១៧ ប្រសាសន៍លោកមានដូចតទៅ៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងធ្វើឲ្យពួកគេរងទុក្ខដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។+ បន្ថែមទៀត ខ្ញុំនឹងធ្វើឲ្យពួកគេប្រៀបដូចជាផ្លែល្វាស្អុយរលួយ* ដែលមិនអាចបរិភោគបានឡើយ»›។+
១៨ «‹ខ្ញុំនឹងដេញតាមប្រហារពួកគេដោយដាវ+ ហើយពួកគេនឹងគេចមិនផុតពីការអត់ឃ្លាន និងរោគរាតត្បាតទេ។ ខ្ញុំនឹងធ្វើឲ្យរាជាណាចក្រទាំងឡាយនៅផែនដីភ័យរន្ធត់ដោយសារតែពួកគេ។+ នៅស្រុកណាដែលពួកគេទៅរស់នៅ ពួកអ្នកស្រុកនោះនឹងមើលងាយ សើចចំអក ជេរប្រមាថ និងប្រទេចផ្ដាសាពួកគេជានិច្ច។+ ១៩ ព្រោះពួកគេមិនបានស្ដាប់ពាក្យរបស់ខ្ញុំ តាមរយៈពួកអ្នកប្រកាសទំនាយជាពួកអ្នកបម្រើខ្ញុំទេ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ខ្ញុំបានចាត់អ្នកប្រកាសទំនាយទាំងនោះឲ្យទៅឯពួកគេម្ដងហើយម្ដងទៀត›។+
«‹ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់ទាល់តែសោះ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២០ «ហេតុនេះ ឱបណ្ដាជនដែលខ្ញុំបាននិរទេសចេញពីក្រុងយេរូសាឡិមឲ្យធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូនអើយ! ចូរស្ដាប់ប្រសាសន៍របស់ខ្ញុំជាយេហូវ៉ា! ២១ ស្ដីអំពីអាហាប់ជាកូនកូឡាយ៉ា និងសេដេគាជាកូនម៉ាអាសៀ ដែលបានប្រកាសទំនាយមិនពិតក្នុងនាមខ្ញុំ+ជាយេហូវ៉ា ជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល ខ្ញុំប្រាប់ថា៖ ‹មើល! ខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយគាត់នឹងសម្លាប់ពួកគេនៅចំពោះមុខអ្នករាល់គ្នា។ ២២ រួចមក អ្វីដែលកើតឡើងចំពោះពួកគេ បណ្ដាជនយូដាដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន នឹងប្រើជាពាក្យសម្រាប់ដាក់បណ្ដាសាថា៖ «សូមឲ្យព្រះយេហូវ៉ាធ្វើដល់អ្នក ដូចសេដេគានិងអាហាប់ដែលស្ដេចស្រុកបាប៊ីឡូនបានដុតនៅក្នុងភ្លើង!»។ ២៣ ព្រោះពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យអាម៉ាស់ក្នុងស្រុកអ៊ីស្រាអែល+ ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងប្រពន្ធអ្នកជិតខាងខ្លួន ព្រមទាំងនិយាយពាក្យមិនពិតក្នុងនាមខ្ញុំ ជាពាក្យដែលខ្ញុំមិនបានបង្គាប់សោះឡើយ។+
«‹«ខ្ញុំជាសាក្សី ហើយដឹងច្បាស់អំពីនេះ»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›»។
២៤ «ចំណែកសិមម៉ាយ៉ា+ដែលមកពី នេហេឡាមវិញ អ្នកត្រូវប្រាប់គាត់ថា៖ ២៥ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានប្រសាសន៍ថា៖ «ដោយសារតែអ្នកបានផ្ញើសំបុត្រក្នុងឈ្មោះអ្នកផ្ទាល់ ទៅកាន់បណ្ដាជននៅក្រុងយេរូសាឡិម ទៅកាន់សេផានា+ជាកូនម៉ាអាសៀដែលជាសង្ឃ ព្រមទាំងទៅកាន់ពួកសង្ឃទាំងអស់ ដោយមានសេចក្ដីថា៖ ២៦ ‹ព្រះយេហូវ៉ាបានតែងតាំងអ្នកជាសង្ឃ ជំនួសយេហូយ៉ាដាជាសង្ឃ ឲ្យធ្វើជាអ្នកត្រួតពិនិត្យវិហាររបស់ព្រះយេហូវ៉ា និងឲ្យចាប់មនុស្សឆ្កួតណាដែលប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ យកទៅដាក់ខ្នោះនិងច្រវាក់+ ២៧ បើដូច្នេះ ហេតុអ្វីបានជាអ្នកមិនដាក់ទោសយេរេមាជាអ្នកក្រុងអាណាថោត+ដែលកំពុងប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយទៅ?+ ២៨ ព្រោះគាត់ហ៊ានផ្ញើសំបុត្រមកយើងនៅស្រុកបាប៊ីឡូន ដោយនិយាយថា៖ «គឺនៅយូរទៀត! ដូច្នេះ ចូរសង់ផ្ទះ ហើយរស់នៅទីនោះទៅ ព្រមទាំងធ្វើចម្ការ និងបរិភោគផលដែរ+. . . »›»›»។
២៩ ពេលសេផានា+ជាសង្ឃអានសំបុត្រនេះ នៅមុខយេរេមាជាអ្នកប្រកាសទំនាយ ៣០ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាថា៖ ៣១ «ចូរផ្ញើពាក្យនេះទៅបណ្ដាជនទាំងអស់ដែលជាប់ជាឈ្លើយ ដោយប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ស្ដីអំពីសិមម៉ាយ៉ាដែលមកពីនេហេឡាមថា៖ «ខ្ញុំមិនបានចាត់សិមម៉ាយ៉ាឲ្យប្រកាសទំនាយដល់អ្នករាល់គ្នាទេ តែគាត់បានព្យាយាមនិយាយពាក្យកុហកដើម្បីធ្វើឲ្យអ្នករាល់គ្នាជឿស្លុងតាមគាត់។+ ៣២ ហេតុនេះ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹មើល! ខ្ញុំនឹងដាក់ទោសសិមម៉ាយ៉ាដែលមកពីនេហេឡាម និងកូនចៅគាត់។ គ្មានកូនចៅណាម្នាក់របស់គាត់ នឹងរួចជីវិតក្នុងចំណោមបណ្ដាជននេះទេ។ គាត់នឹងមិនឃើញអ្វីល្អដែលខ្ញុំនឹងធ្វើដើម្បីរាស្ត្រខ្ញុំឡើយ ព្រោះគាត់បានញុះញង់បណ្ដាជនឲ្យបះបោរប្រឆាំងនឹងខ្ញុំជាយេហូវ៉ា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»។