អ្នកទូន្មាន
៦ ខ្ញុំបានឃើញរឿងខ្លោចផ្សា*មួយទៀតដែលកើតឡើងនៅក្រោមថ្ងៃ ហើយនេះជារឿងធម្មតារបស់មនុស្ស៖ ២ ព្រះពិតផ្ដល់ឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ មានធនធាន និងមានកិត្តិយស។ យ៉ាងនេះ គាត់មិនខ្វះអ្វីដែលគាត់ចង់បានឡើយ។ ប៉ុន្តែ ព្រះពិតមិនបានឲ្យគាត់សប្បាយនឹងអ្វីទាំងនោះទេ តែលោកអនុញ្ញាតឲ្យអ្នកផ្សេងមកសប្បាយជំនួសគាត់វិញ។ នេះក៏អសារឥតការ និងជាទុក្ខវេទនាដ៏ធ្ងន់ធ្ងរដែរ។ ៣ ឧបមាថា បុរសម្នាក់មានកូន១០០នាក់ គាត់មានអាយុវែង ហើយរស់បានយូររហូតដល់ចាស់ជរា តែគាត់មិនដែលបានសប្បាយនឹងអ្វីល្អៗដែលគាត់មានមុនពេលស្លាប់ទេ។ ខ្ញុំសូមប្រាប់ថាកូនដែលស្លាប់ក្នុងផ្ទៃប្រសើរជាងគាត់ឆ្ងាយណាស់+ ៤ ព្រោះកូននោះកើតមកជាឥតប្រយោជន៍ ហើយបាត់ទៅក្នុងភាពងងឹតវិញ ហើយឈ្មោះរបស់គាត់ក៏សាបសូន្យទៅដែរ។* ៥ ទោះជាគាត់មិនបានឃើញពន្លឺថ្ងៃ និងមិនបានដឹងអ្វីសោះក៏ដោយ តែគាត់នៅតែប្រសើរជាងបុរសនោះ។+ ៦ ប្រសិនបើមនុស្សអាចរស់ដល់២.០០០ឆ្នាំ តែមិនដែលបានសប្បាយរីករាយ តើមានប្រយោជន៍អ្វី? ព្រោះនៅចុងបញ្ចប់ មនុស្សគ្រប់រូបទៅកន្លែងដូចគ្នា។+
៧ មនុស្សខំធ្វើការទាំងអស់យ៉ាងនឿយហត់ គឺដើម្បីចម្អែតក្រពះរបស់ខ្លួន។+ ប៉ុន្តែ គេមិនចេះស្កប់ស្កល់ឡើយ។ ៨ រីឯមនុស្សឈ្លាសវៃវិញ តើមានអ្វីល្អជាងមនុស្សល្ងីល្ងើទៅ?+ ហើយចំពោះមនុស្សក្រីក្រដែលប្រឹងត្រដររស់ តើគាត់បានប្រយោជន៍អ្វី? ៩ បើសប្បាយនឹងអ្វីដែលភ្នែកមើលឃើញ នោះប្រសើរជាងដេញតាមអ្វីដែលចិត្តប្រាថ្នាចង់បាន។ នេះក៏អសារឥតការដូចគ្នា ប្រៀបដូចជាការដេញចាប់ខ្យល់។
១០ អ្វីៗដែលមានស្រាប់ នោះបានត្រូវដាក់ឈ្មោះរួចអស់ហើយ។ ចំណែកឯធាតុពិតរបស់មនុស្សក៏បានត្រូវស្គាល់រួចហើយដែរ។ មនុស្សមិនអាចប្រកែកតវ៉ា*ជាមួយនឹងអ្នកដែលមានឫទ្ធានុភាពខ្លាំងជាងខ្លួនបានទេ។ ១១ និយាយច្រើន* អសារឥតការក៏ច្រើន។ ដូច្នេះ តើបានប្រយោជន៍អ្វី? ១២ តើអ្វីទៅមានប្រយោជន៍ច្រើនបំផុតដែលមនុស្សគួរធ្វើក្នុងជីវិតដ៏ខ្លីឥតបានការរបស់ពួកគេ ដែលប្រៀបដូចជាស្រមោលរសាត់បាត់?+ តើមានអ្នកណាដឹងទេ? តើអ្នកណាអាចប្រាប់បានថាក្រោយមនុស្សស្លាប់ទៅ នឹងមានអ្វីកើតឡើងនៅក្រោមថ្ងៃ?