ប្រវត្តិហេតុទី២
១២ ក្រោយពីរេហូបោមបានតាំងអំណាចគ្រប់គ្រងយ៉ាងរឹងមាំហើយ+ គាត់បានឈប់ធ្វើតាមច្បាប់របស់ព្រះយេហូវ៉ា។+ ឯបណ្ដាជនអ៊ីស្រាអែលទាំងអស់ក៏តាមគាត់ដែរ។ ២ នៅឆ្នាំទី៥នៃរាជ្យរេហូបោម ស៊ីសាក់+ជាស្ដេចស្រុកអេហ្ស៊ីបបានឡើងមកច្បាំងនឹងក្រុងយេរូសាឡិម។ ការនេះបានកើតឡើងដោយសារជនជាតិអ៊ីស្រាអែលប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ៣ ស៊ីសាក់បានមកច្បាំងដោយមានរទេះចម្បាំងចំនួន១.២០០គ្រឿង និងទ័ពសេះចំនួន៦០.០០០នាក់ រួមទាំងកងទ័ពអេហ្ស៊ីបជាច្រើន ព្រមទាំងទ័ពលីប៊ី ទ័ពស៊ូគាម និងទ័ពអេត្យូពី។+ ៤ គាត់បានចាប់យកក្រុងនានាក្នុងស្រុកយូដាដែលមានកំពែងរឹងមាំ ហើយក្រោយមកគាត់ក៏មកដល់ក្រុងយេរូសាឡិម។
៥ គ្រានោះ រេហូបោមនិងពួកអ្នកគ្រប់គ្រងក្នុងស្រុកយូដាបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះតែខ្លាចស៊ីសាក់។ ឯសិមម៉ាយ៉ា+ជាអ្នកប្រកាសទំនាយបានធ្វើដំណើរទៅជួបពួកគេនៅទីនោះ ហើយគាត់និយាយទៅកាន់ពួកគេថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹អ្នករាល់គ្នាបានបោះបង់ចោលខ្ញុំ ដូច្នេះ ខ្ញុំក៏បោះបង់ចោលអ្នករាល់គ្នាដែរ+ ហើយខ្ញុំនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃស៊ីសាក់›»។ ៦ ពេលនោះ ស្ដេចនិងពួកអ្នកគ្រប់គ្រងទាំងនោះបានបន្ទាបខ្លួន+ ហើយនិយាយថា៖ «ព្រះយេហូវ៉ាគឺសុចរិត»។ ៧ ពេលព្រះយេហូវ៉ាឃើញពួកគេបន្ទាបខ្លួនដូច្នោះ ព្រះយេហូវ៉ាក៏ប្រាប់សិមម៉ាយ៉ាថា៖ «ពួកគេបានបន្ទាបខ្លួនហើយ ខ្ញុំនឹងមិនបំផ្លាញពួកគេទេ។+ បន្តិចទៀត ខ្ញុំនឹងសង្គ្រោះពួកគេ។ ខ្ញុំនឹងមិនបញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិម តាមរយៈស៊ីសាក់ឡើយ។ ៨ ប៉ុន្តែ ពួកគេនឹងក្លាយទៅជាអ្នកបម្រើរបស់ស៊ីសាក់ ដើម្បីឲ្យពួកគេដឹងថាការបម្រើខ្ញុំនិងការបម្រើស្ដេចនានានៅស្រុកឯទៀត គឺខុសគ្នាយ៉ាងណា»។
៩ ដូច្នេះ ស៊ីសាក់ជាស្ដេចស្រុកអេហ្ស៊ីបបានឡើងទៅច្បាំងនឹងក្រុងយេរូសាឡិម។ គាត់បានយករបស់របរមានតម្លៃពីវិហាររបស់ព្រះយេហូវ៉ា+ ហើយក៏បានយកទ្រព្យសម្បត្តិពីវិមានរបស់ស្ដេចដែរ។ ស៊ីសាក់បានយកអ្វីៗទាំងអស់ រួមទាំងខែលមាសទាំងប៉ុន្មានដែលសាឡូម៉ូនបានធ្វើ។+ ១០ ដូច្នេះ ស្ដេចរេហូបោមបានធ្វើខែលស្ពាន់ជំនួសវិញ ហើយគាត់បានប្រគល់ឲ្យពួកមេអ្នកយាមខ្លោងទ្វារវិមានរបស់ស្ដេច មើលថែរក្សា។ ១១ កាលណាស្ដេចចូលទៅក្នុងវិហាររបស់ព្រះយេហូវ៉ា អ្នកយាមនឹងកាន់ខែលទាំងនោះ ក្រោយមកពួកគេទុកខែលទាំងនោះទៅក្នុងបន្ទប់អ្នកយាមវិញ។ ១២ ដោយសារស្ដេចបានបន្ទាបខ្លួន នោះព្រះយេហូវ៉ាលែងខឹងនឹងគាត់+ ហើយលោកមិនបានបំផ្លាញពួកគេទាំងស្រុងឡើយ។+ ម្យ៉ាងទៀត ដោយសារលោកឃើញមានសេចក្ដីល្អខ្លះនៅក្នុងស្រុកយូដា។+
១៣ ស្ដេចរេហូបោមបានពង្រឹងអំណាចគ្រប់គ្រងរបស់គាត់នៅក្រុងយេរូសាឡិម។ រេហូបោមបានក្លាយទៅជាស្ដេចពេលដែលគាត់មានអាយុ៤១ឆ្នាំ ហើយគាត់បានគ្រប់គ្រងអស់រយៈពេល១៧ឆ្នាំនៅក្រុងយេរូសាឡិម ជាក្រុងដែលព្រះយេហូវ៉ាបានជ្រើសរើសពីកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាកន្លែងដែលតាំងនាមលោក។ ម្ដាយរបស់រេហូបោមឈ្មោះណាអាម៉ា ជាជនជាតិអាំម៉ូន។+ ១៤ ប៉ុន្តែ រេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ព្រោះគាត់មិនបានតាំងចិត្តស្វែងរកព្រះយេហូវ៉ាទេ។+
១៥ រីឯកិច្ចការទាំងប៉ុន្មានដែលរេហូបោមបានធ្វើតាំងពីដើមដល់ចប់ បានត្រូវសិមម៉ាយ៉ា+ជាអ្នកប្រកាសទំនាយ និងអ៊ីតដូ+ដែលជាអ្នកទទួលការបើកបង្ហាញពីព្រះ កត់ត្រាទុកក្នុងបញ្ជីគ្រួសារអ៊ីស្រាអែល។ រេហូបោមនិងយេរ៉ូបោមតែងតែច្បាំងគ្នាជានិច្ច។+ ១៦ រួចមក រេហូបោមបានស្លាប់ ហើយគេបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់នៅក្រុងដាវីឌ។+ ក្រោយមក អាប៊ីយ៉ា+ជាកូនរបស់គាត់បានគ្រងរាជ្យបន្ទាប់ពីគាត់។