សៀវភៅសាំយូអែលទី២
២៣ នេះជាទំនុកចុងក្រោយរបស់ដាវីឌ៖+
«ទំនុករបស់ដាវីឌកូនប្រុសអ៊ីសាយ+
ជាទំនុករបស់បុរសដែលបានត្រូវលើកតម្កើង+
ជាអ្នកដែលព្រះនៃយ៉ាកុបបានរើសតាំង+
ជាអ្នកចម្រៀង+ជាទីស្រឡាញ់របស់អ៊ីស្រាអែល។
២ ព្រះយេហូវ៉ាប្រើឫទ្ធានុភាពរបស់លោកដើម្បីដឹកនាំខ្ញុំឲ្យនិយាយ+
ប្រសាសន៍របស់លោកនៅនឹងអណ្ដាតខ្ញុំ។+
៣ ព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍។
ព្រះជាថ្មដានៃជនជាតិអ៊ីស្រាអែល+មានប្រសាសន៍មកខ្ញុំថា៖
‹ពេលបុគ្គលម្នាក់គ្រប់គ្រងមនុស្សជាតិដោយសុចរិត+
និងគ្រប់គ្រងដោយមានការកោតខ្លាចព្រះ+
៤ នោះប្រៀបដូចជាពន្លឺនាពេលថ្ងៃរះ+
ដូចជាព្រឹកដែលគ្មានពពក
ហើយប្រៀបដូចជាមេឃស្រឡះក្រោយពេលភ្លៀង
ធ្វើឲ្យស្មៅលាស់ខ្ចីចេញពីដី›។+
៥ ពូជពង្សរបស់ខ្ញុំក៏យ៉ាងដូច្នោះដែរនៅចំពោះព្រះ
ព្រោះលោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ ហើយកិច្ចព្រមព្រៀងនោះនឹងស្ថិតស្ថេរជានិច្ច+
លោកបានរៀបរាប់ក្នុងនោះយ៉ាងល្អិតល្អន់ ហើយមិនប្រែប្រួលឡើយ។
៦ ប៉ុន្តែ មនុស្សឥតបានការប្រៀបដូចជាបន្លាដែលគេបោះចោល+
ព្រោះមិនអាចដកវាចេញដោយដៃទទេបានទេ។
៧ ពេលអ្នកណាពាល់វា
អ្នកនោះត្រូវកាន់គ្រឿងដែកឬលំពែង
ហើយត្រូវដុតបំផ្លាញវានៅនឹងកន្លែង»។
៨ នេះជាឈ្មោះអ្នកចម្បាំងដ៏ខ្លាំងក្លា៣នាក់របស់ដាវីឌ:+ យ៉ូសេបបាស៊ីបេតជាកូនចៅតាក់គីម៉ូណាយ គាត់ជាមេគេក្នុងចំណោមអ្នកចម្បាំងដ៏ខ្លាំងក្លា៣នាក់នោះ។+ ក្នុងពេលមួយ គាត់បានប្រើលំពែងសម្លាប់សត្រូវអស់ជាង៨០០នាក់។ ៩ បន្ទាប់ពីគាត់ គឺអេលាសារ+ជាកូនប្រុសដូដូ+ ហើយដូដូជាកូនប្រុសអាហូហាយ។ នៅពេលមួយ ពួកភីលីស្ទីនប្រមូលគ្នាដើម្បីធ្វើសង្គ្រាមនឹងទាហានអ៊ីស្រាអែល។ អ្នកចម្បាំងដ៏ខ្លាំងក្លាបីនាក់របស់ដាវីឌដែលរួមមានអេលាសារ បានបបួលពួកភីលីស្ទីនប្រកួតគ្នា។ ប៉ុន្តែនៅពេលនោះ ពួកទាហានអ៊ីស្រាអែលបានដកថយ។ ១០ អេលាសារបានបន្តច្បាំងនឹងពួកភីលីស្ទីន គាត់កាន់ដាវសម្លាប់ពួកគេរហូតដល់ដៃរបស់គាត់ឡើងរឹងចុករោយស្រពន់។+ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលឲ្យទទួលជ័យជម្នះដ៏ធំ+ រួចមកពួកទាហានអ៊ីស្រាអែលបានត្រឡប់មកវិញដើម្បីយករបស់របរដែលនៅជាប់នឹងសាកសព។
១១ បន្ទាប់ពីអេលាសារ គឺសាម៉ាជាកូនប្រុសអេគី ដែលមកពីតំបន់ហារ៉ា។ មានគ្រាមួយ ពួកភីលីស្ទីនបានជួបជុំគ្នានៅលេហ៊ី ទីនោះមានដីស្រែមួយកន្លែងដែលពេញដោយដើមសណ្ដែក។ ពេលធ្វើសង្គ្រាមជាមួយនឹងពួកភីលីស្ទីន ទាហានអ៊ីស្រាអែលបានរត់គេចពីពួកគេ។ ១២ ប៉ុន្តែ សាម៉ាបានឈរនៅកណ្ដាលស្រែដើម្បីការពារដីស្រែនោះ ហើយសម្លាប់ពួកភីលីស្ទីនអស់ជាច្រើននាក់។ យ៉ាងនោះ ព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលឲ្យទទួលជ័យជម្នះដ៏ធំ។+
១៣ ក្នុងអំឡុងរដូវច្រូតកាត់ មេទ័ព៣នាក់ក្នុងចំណោមមេទ័ព៣០នាក់បានទៅជួបដាវីឌនៅឯរូងភ្នំអាឌូឡាម។+ រីឯពួកភីលីស្ទីន ពួកគេបោះទ័ពនៅជ្រលងភ្នំ*រេផែម។+ ១៤ ពេលនោះ ដាវីឌនៅកន្លែងលាក់ខ្លួន+ ហើយពួកភីលីស្ទីនមានបន្ទាយទ័ពនៅក្រុងបេថ្លេហិម។ ១៥ ក្រោយមក ដាវីឌនឹកចង់ផឹកទឹកពីក្រុងបេថ្លេហិម ហើយនិយាយថា៖ «បើខ្ញុំបានផឹកទឹកពីអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិម មិនដឹងជាល្អយ៉ាងណាទេ!»។ ១៦ ពេលឮដូច្នោះ អ្នកចម្បាំងដ៏ខ្លាំងក្លាបីនាក់នោះបានសម្រុកចូលជំរំទ័ពភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិមយកមកឲ្យដាវីឌ។ ប៉ុន្តែ ដាវីឌមិនព្រមផឹកទឹកនោះទេ ហើយក៏ចាក់ច្រួចទៅដីជូនព្រះយេហូវ៉ាវិញ។+ ១៧ ដាវីឌបាននិយាយថា៖ «ឱព្រះយេហូវ៉ា ខ្ញុំនឹងមិនផឹកទឹកនេះជាដាច់ខាត! ព្រោះទឹកនេះប្រៀបដូចជាឈាម+របស់បុរសទាំងនេះ ដែលបានប្រថុយជីវិត*យកមកឲ្យខ្ញុំ»។ ម្ល៉ោះហើយ ដាវីឌមិនព្រមផឹកទឹកនោះទេ។ នេះជាស្នាដៃរបស់អ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះ។
១៨ ឯអាប៊ីសាយ+ជាបងយ៉ូអាប់ ដែលជាកូនប្រុសសេរូយ៉ា+ គាត់ជាមេគេក្នុងចំណោមក្រុមមេទ័ព៣នាក់ផ្សេងទៀត។ គាត់បានប្រើលំពែងសម្លាប់សត្រូវអស់៣០០នាក់ ហើយគាត់មានកេរ្ដិ៍ឈ្មោះល្បីដូចអ្នកចម្បាំងដ៏ខ្លាំងក្លាទាំង៣រូបនោះដែរ។+ ១៩ ក្នុងចំណោមមេទ័ពបីនាក់ អាប៊ីសាយមានកិត្តិយសជាងពីរនាក់ទៀត ហើយគាត់ជាប្រមុខពួកគេ។ ប៉ុន្តែ គាត់មិនមានឋានៈស្មើនឹងអ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះទេ។
២០ ចំណែកបេនណាយ៉ា+ជាកូនយេហូយ៉ាដាវិញ គាត់ជាបុរសអង់អាចក្លាហាន គាត់មានស្នាដៃដ៏អស្ចារ្យជាច្រើននៅក្រុងកាបសៀល។+ គាត់បានសម្លាប់កូនពីរនាក់របស់អេរៀលជាជនជាតិម៉ូអាប់។ នៅថ្ងៃដែលមានព្រិលធ្លាក់ គាត់បានចុះទៅក្នុងរណ្ដៅមួយ ហើយសម្លាប់សត្វតោមួយក្បាល។+ ២១ ម្យ៉ាងទៀត បេនណាយ៉ាបានសម្លាប់បុរសជនជាតិអេហ្ស៊ីបម្នាក់ដែលមានមាឌធំសម្បើម។ បុរសនោះមានលំពែង តែបេនណាយ៉ាកាន់ដំបងទៅប្រយុទ្ធនឹងបុរសនោះ។ ពេលកំពុងប្រយុទ្ធ បេនណាយ៉ាបានកន្ដ្រាក់យកលំពែងពីដៃបុរសនោះ ហើយចាក់សម្លាប់គាត់ដោយលំពែងនោះទៅ។ ២២ ដោយសារស្នាដៃទាំងនោះហើយ នាំឲ្យបេនណាយ៉ាជាកូនយេហូយ៉ាដាមានកេរ្តិ៍ឈ្មោះល្បីដូចក្រុមអ្នកចម្បាំងដ៏ខ្លាំងក្លាទាំងបីរូបនោះ។ ២៣ ទោះជាបេនណាយ៉ាមានកិត្តិយសជាងមេទ័ព៣០នាក់ទៀតក្ដី តែគាត់មិនមានឋានៈស្មើនឹងក្រុមអ្នកចម្បាំងដ៏ខ្លាំងក្លា៣រូបនោះទេ។ យ៉ាងណាមិញ ដាវីឌបានតែងតាំងគាត់ឲ្យធ្វើជាមេពួកអង្គរក្ស។
២៤ ក្នុងចំណោមមេទ័ព៣០នាក់នោះរួមមាន អាសាអែល+ជាប្អូនរបស់យ៉ូអាប់ អែលហាណានជាកូនដូដូដែលជាអ្នកក្រុងបេថ្លេហិម+ ២៥ សាម៉ាជាអ្នកស្រុកហារ៉ុត អេលីកាជាអ្នកស្រុកហារ៉ុត ២៦ ហេលែស+ជាអ្នកក្រុងបេតផេលែត អាយរ៉ា+ជាកូនអ៊ីកកេសដែលជាអ្នកក្រុងថេកូអា ២៧ អាប៊ីអ៊ីសឺ+ជាអ្នកក្រុងអាណាថោត+ មេបុនណាយជាអ្នកក្រុងហ៊ូសា ២៨ សាល់ម៉ូនជាកូនចៅអាហូហាយ ម៉ាហារ៉ាយ+ជាអ្នកភូមិណេថូផា ២៩ ហេលែបជាកូនបាអាណាដែលជាអ្នកភូមិណេថូផា អ៊ីតថាយជាកូនរីបាយដែលជាអ្នកក្រុងគីបៀក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ៣០ បេនណាយ៉ា+ជាអ្នកក្រុងពីរ៉ាថូន ហ៊ីដាយជាអ្នកមកពីតំបន់ជ្រលងភ្នំជិតទួលកាអាស+ ៣១ អេបាយអាល់បិនជាអ្នកក្រុងបេតអារ៉ាបា អាសម៉ាវែតជាអ្នកភូមិបាហ៊ូរីម ៣២ អេឡាយអាបាជាអ្នកក្រុងស្អាលប៊ីម ពួកកូនប្រុសរបស់យ៉ាសេន និងយ៉ូណាថាន ៣៣ សាម៉ាជាអ្នកមកពីតំបន់ហារ៉ា អាហេមជាកូនសេរ៉ាដែលជាអ្នកមកពីតំបន់ហារ៉ា ៣៤ អេលីផាលេតជាកូនអាហាសបាយដែលជាកូនចៅរបស់ពួកម៉ាអាកាត អេឡែមជាកូនអាហ៊ីថូផែល+ដែលជាអ្នកក្រុងគីឡោ ៣៥ ហេស្រូជាអ្នកក្រុងកើមែល ផាអារ៉ាយជាអ្នកក្រុងអារ៉ាប់ ៣៦ អាយកាលជាកូនណាថាន់ដែលជាអ្នកស្រុកសូបា បាណាយមកពីកុលសម្ព័ន្ធកាដ ៣៧ សេលេកជាជនជាតិអាំម៉ូន ណាហារ៉ាយជាអ្នកក្រុងបៀរ៉ូត គាត់ជាអ្នកកាន់គ្រឿងចម្បាំងឲ្យយ៉ូអាប់កូនសេរូយ៉ា ៣៨ អាយរ៉ានិងការេបជាកូនចៅអ៊ីស្រៃ+ ៣៩ និងអ៊ូរី+ជាជនជាតិហេត។ សរុបទាំងអស់គឺ៣៧នាក់។