ជំរឿនបណ្ដាជន
២៧ គ្រានោះ កូនស្រីរបស់ស្លូផិហាត+ក៏បាននាំគ្នាចូលមក។ ស្លូផិហាតជាកូនហេផឺ ត្រូវជាចៅរបស់គីលាតក្នុងអំបូរម៉ាគា មកពីកុលសម្ព័ន្ធម៉ាណាសេ ម៉ាណាសេជាកូនយ៉ូសែប។ កូនស្រីទាំងនោះមានឈ្មោះម៉ាឡា ណូអេ ហុកឡា មីលកា និងធើសា។ ២ ពួកនាងបានទៅឈរនៅមុខម៉ូសេ និងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំ+ និងពួកជំនុំទាំងមូល នៅឯច្រកចូលត្រសាលជំនុំរបស់ព្រះ។ រួចពួកនាងនិយាយថា៖ ៣ «ឪពុករបស់យើងខ្ញុំបានស្លាប់នៅក្នុងតំបន់ស្ងាត់ជ្រងំ តែគាត់មិនបានចូលដៃនឹងក្រុមរបស់កូរ៉ាដែលបះបោរប្រឆាំងនឹងព្រះយេហូវ៉ានោះទេ។+ គាត់បានស្លាប់ដោយសារភាពខុសឆ្គងរបស់គាត់ ហើយគាត់គ្មានកូនប្រុសទេ។ ៤ ដូច្នេះ សូមកុំឲ្យឈ្មោះឪពុកយើងខ្ញុំត្រូវលុបចេញពីអំបូរគាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ។ សូមឲ្យយើងខ្ញុំមានមត៌កនៅក្នុងចំណោមសាច់ញាតិរបស់ឪពុកយើងខ្ញុំផង»។ ៥ ដូច្នេះ ម៉ូសេក៏បាននាំយករឿងនោះទៅជម្រាបព្រះយេហូវ៉ា។+
៦ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេដូច្នេះថា៖ ៧ «កូនស្រីស្លូផិហាតនិយាយត្រូវ។ អ្នកត្រូវឲ្យពួកគេមានដីធ្លីនៅក្នុងចំណោមសាច់ញាតិរបស់ឪពុកពួកគេផង។ អ្វីៗដែលជាមត៌ករបស់ឪពុកពួកគេ ចូរប្រគល់ឲ្យពួកគេទៅ។+ ៨ បន្ថែមទៅទៀត អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើបុរសណាម្នាក់ស្លាប់ ហើយគាត់គ្មានកូនប្រុសទេ នោះត្រូវប្រគល់មត៌ករបស់បុរសនោះឲ្យដល់កូនស្រីគាត់។ ៩ ប៉ុន្តែ បើបុរសនោះគ្មានកូនស្រី ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់បងប្អូនប្រុសរបស់គាត់។ ១០ ប្រសិនបើបុរសនោះគ្មានបងប្អូនប្រុស ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់បងប្អូនប្រុសរបស់ឪពុកគាត់។ ១១ បើឪពុកបុរសនោះគ្មានបងប្អូនប្រុសទេ ត្រូវប្រគល់មត៌ករបស់គាត់ឲ្យដល់សាច់ញាតិជិតបំផុត គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ។ ការសម្រេចនេះនឹងទៅជាច្បាប់សម្រាប់បណ្ដាជនអ៊ីស្រាអែល ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ›»។
១២ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរឡើងទៅលើភ្នំក្នុងតំបន់អាបារីម+ ហើយសម្លឹងមើលទៅទឹកដីដែលខ្ញុំនឹងប្រគល់ឲ្យបណ្ដាជនអ៊ីស្រាអែល។+ ១៣ ក្រោយពីអ្នកបានឃើញហើយ អ្នកនឹងស្លាប់ទៅ+ ដូចអេរ៉ុនបងអ្នកដែរ។+ ១៤ ព្រោះកាលពួកជំនុំរករឿងទាស់នឹងខ្ញុំនៅតំបន់ស្ងាត់ជ្រងំស៊ីង+ អ្នកបានប្រឆាំងនឹងបង្គាប់ខ្ញុំ ដោយមិនបានលើកតម្កើងខ្ញុំជាបរិសុទ្ធនៅមុខពួកគេទេ+ នៅឯប្រភពទឹកមេរីបា+ក្នុងតំបន់កាដេស»។+
១៥ រួចមក ម៉ូសេបានជម្រាបព្រះយេហូវ៉ាថា៖ ១៦ «សូមព្រះយេហូវ៉ាជាព្រះដែលផ្ដល់ជីវិតដល់មនុស្សទាំងឡាយ តែងតាំងបុរសម្នាក់ឲ្យដឹកនាំពួកជំនុំអ៊ីស្រាអែលផង។ ១៧ គាត់នឹងចេញទៅ ហើយចូលមកនៅមុខពួកគេ គឺគាត់នឹងធ្វើជាអ្នកដឹកនាំពួកគេក្នុងគ្រប់ការទាំងអស់ ហើយណែនាំរាល់សកម្មភាពរបស់ពួកគេ ដើម្បីកុំឲ្យពួកជំនុំរបស់ព្រះយេហូវ៉ាដូចជាហ្វូងចៀមដែលគ្មានគង្វាលឡើយ»។ ១៨ ដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «ចូរនាំយ៉ូស្វេជាកូននុន ជាបុរសដែលមានសមត្ថភាពគ្រប់គ្រាន់ចូលមក ហើយដាក់ដៃលើគាត់។+ ១៩ បន្ទាប់មកឲ្យគាត់ឈរនៅមុខអេលាសារជាសង្ឃ និងពួកជំនុំទាំងមូល។ រួចអ្នកត្រូវតែងតាំងគាត់នៅមុខពួកគេ។+ ២០ អ្នកត្រូវប្រគល់អំណាច*ខ្លះដល់គាត់+ ដើម្បីឲ្យពួកជំនុំអ៊ីស្រាអែលទាំងមូលស្ដាប់តាមគាត់។+ ២១ គាត់នឹងឈរនៅមុខអេលាសារជាសង្ឃ ហើយអេលាសារនឹងសួរជំនួសគាត់អំពីការសម្រេចរបស់ខ្ញុំយេហូវ៉ាតាមរយៈយូរីម។+ តាមរយៈការសម្រេចនេះ គាត់និងពួកជំនុំទាំងមូល ព្រមទាំងបណ្ដាជនអ៊ីស្រាអែលទាំងអស់នឹងចេញទៅ ហើយនឹងចូលមក»។
២២ ដូច្នេះ ម៉ូសេបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់។ គាត់ក៏នាំយ៉ូស្វេទៅឈរនៅមុខអេលាសារជាសង្ឃនិងពួកជំនុំទាំងមូល។ ២៣ រួចគាត់ដាក់ដៃលើយ៉ូស្វេ ហើយតែងតាំងគាត់+ដូចព្រះយេហូវ៉ាបានបង្គាប់។+