ជំរឿនបណ្ដាជន
៣១ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរសងសឹក+នឹងពួកម៉ាឌាន+ចំពោះអ្វីដែលពួកគេបានធ្វើមកលើប្រជាជាតិអ៊ីស្រាអែល។ ក្រោយមក អ្នកនឹងស្លាប់ទៅ»។+
៣ ដូច្នេះ ម៉ូសេបានប្រាប់បណ្ដាជនថា៖ «ចូរឲ្យពួកបុរសរបស់អ្នករាល់គ្នា ត្រៀមខ្លួនចេញទៅច្បាំងនឹងពួកម៉ាឌាន ដើម្បីឲ្យការសងសឹករបស់ព្រះយេហូវ៉ាបានសម្រេច។ ៤ ត្រូវចាត់ទាហាន១.០០០នាក់ពីកុលសម្ព័ន្ធនីមួយៗ ឲ្យចេញទៅប្រយុទ្ធ»។ ៥ ដូច្នេះ ពួកគេបានជ្រើសរើសបុរស១.០០០នាក់ពីកុលសម្ព័ន្ធនីមួយៗ+ ហើយទ័ពទាំងអស់មានចំនួនសរុប១២.០០០នាក់។
៦ បន្ទាប់មក ម៉ូសេបានចាត់កងទ័ពទាំងនោះឲ្យទៅជាមួយភីនេហាស+ជាកូនអេលាសារដែលជាសង្ឃ។ ភីនេហាសកាន់ប្រដាប់ប្រដាបរិសុទ្ធ និងត្រែសម្រាប់ផ្លុំប្រកាសចម្បាំង+ទៅជាមួយដែរ។ ៧ ទ័ពអ៊ីស្រាអែលបានទៅច្បាំងនឹងទ័ពម៉ាឌាន ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ ហើយពួកគេបានសម្លាប់ពួកប្រុសៗជនជាតិម៉ាឌានអស់ទៅ។ ៨ ពួកគេក៏បានសម្លាប់ស្ដេចប្រាំរូបរបស់ពួកម៉ាឌាន គឺអេវ៉ាយ រេខេម សឺរ ហឺរ និងរេបា។ បន្ថែមទៅទៀត ពួកគេបានសម្លាប់បាឡាម+ជាកូនបេអ័រដែរ។ ៩ ប៉ុន្តែ ពួកអ៊ីស្រាអែលបានចាប់ពួកស្ត្រីនិងកូនក្មេងជនជាតិម៉ាឌានធ្វើជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិនិងហ្វូងសត្វរបស់ពួកគេផងដែរ។ ១០ ឯក្រុងនិងជំរំទាំងប៉ុន្មានរបស់ពួកម៉ាឌាន ពួកអ៊ីស្រាអែលបានដុតបំផ្លាញចោលទាំងអស់។ ១១ ពួកអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ រួមទាំងមនុស្សនិងសត្វដែរ។ ១២ រួចមក ពួកគេបាននាំឈ្លើយសឹក និងរបស់របរដែលពួកគេរឹបអូសបាន យកទៅប្រគល់ឲ្យម៉ូសេនិងអេលាសារជាសង្ឃ ព្រមទាំងពួកជំនុំអ៊ីស្រាអែល នៅឯជំរំ ត្រង់តំបន់វាលម៉ូអាប់+ ក្បែរទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ។
១៣ ពេលនោះ ម៉ូសេនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំទាំងអស់ បានចេញទៅជួបពួកគេនៅក្រៅជំរំ។ ១៤ ប៉ុន្តែ ម៉ូសេបានខឹងនឹងពួកមេលើ១.០០០នាក់ និងពួកមេលើ១០០នាក់ ដែលបានវិលមកពីចម្បាំងវិញ។ ១៥ ម៉ូសេបាននិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាទុកជីវិតពួកស្ត្រីទាំងនេះដូច្នេះ? ១៦ គឺស្ត្រីទាំងនេះហើយ ដែលបានធ្វើតាមការណែនាំរបស់បាឡាម ហើយបានល្បួងលួងលោមពួកអ៊ីស្រាអែល ឲ្យប្រព្រឹត្តមិនស្មោះត្រង់+ចំពោះព្រះយេហូវ៉ានៅតំបន់ភ្នំពេអរ។+ ហេតុនេះហើយបានជាពួកជំនុំរបស់ព្រះយេហូវ៉ាមានសេចក្ដីវេទនា។+ ១៧ ឥឡូវ ចូរអ្នករាល់គ្នាសម្លាប់ក្មេងប្រុសៗទាំងអស់ ព្រមទាំងស្ត្រីទាំងឡាយដែលធ្លាប់រួមដំណេកជាមួយនឹងបុរសទៅ។ ១៨ ប៉ុន្តែ អ្នករាល់គ្នាត្រូវទុកជីវិតឲ្យស្រីវ័យក្មេងដែលមិនធ្លាប់រួមដំណេកវិញ។+ ១៩ អ្នករាល់គ្នាត្រូវស្នាក់នៅក្រៅជំរំអស់រយៈពេល៧ថ្ងៃ។ អស់អ្នកដែលបានសម្លាប់អ្នកណាម្នាក់ និងអស់អ្នកដែលបានប៉ះសាកសព+ ត្រូវជម្រះខ្លួនឲ្យបានស្អាតបរិសុទ្ធ+នៅថ្ងៃទី៣និងថ្ងៃទី៧ គឺទាំងអ្នករាល់គ្នា ទាំងឈ្លើយសឹក។ ២០ ម្យ៉ាងទៀត អ្នករាល់គ្នាត្រូវសម្អាតសម្លៀកបំពាក់ ប្រដាប់ប្រដាធ្វើពីស្បែកសត្វ ប្រដាប់ប្រដាធ្វើពីរោមពពែ និងប្រដាប់ប្រដាធ្វើពីឈើ»។
២១ បន្ទាប់មក អេលាសារជាសង្ឃបានប្រាប់ពួកទាហានដែលបានចេញទៅច្បាំងថា៖ «ព្រះយេហូវ៉ាបានបង្គាប់ម៉ូសេនូវច្បាប់ដូចនេះថា៖ ២២ ‹ចំពោះមាស ប្រាក់ ស្ពាន់ ដែក ទង់ដែង និងសំណ ២៣ ពោលគឺអ្វីៗទាំងអស់ដែលធន់នឹងភ្លើង អ្នករាល់គ្នាត្រូវយកទៅរោលនឹងភ្លើង រួចលាងសម្អាតនឹងទឹក។* ក្រោយនោះ របស់ទាំងនោះនឹងបានស្អាតបរិសុទ្ធ។+ ប៉ុន្តែ របស់ណាដែលមិនធន់នឹងភ្លើង អ្នករាល់គ្នាត្រូវយកទៅលាងសម្អាតនឹងទឹក*ប៉ុណ្ណោះ។ ២៤ លុះដល់ថ្ងៃទី៧ អ្នករាល់គ្នាត្រូវបោកសម្លៀកបំពាក់ខ្លួន។ យ៉ាងនេះ អ្នករាល់គ្នានឹងបានស្អាតបរិសុទ្ធ ហើយអាចចូលទៅក្នុងជំរំបាន›»។+
២៥ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២៦ «ចូរអ្នកនិងអេលាសារជាសង្ឃ ព្រមទាំងពួកមេដឹកនាំពួកជំនុំ ចុះបញ្ជីរបស់របរដែលរឹបអូសបាន ហើយរាប់ចំនួនពួកឈ្លើយសឹកនិងសត្វផងដែរ។ ២៧ រួចបែងចែកជាពីរផ្នែក មួយផ្នែកសម្រាប់ទ័ពដែលបានចេញទៅច្បាំង មួយផ្នែកទៀតសម្រាប់បណ្ដាជនអ៊ីស្រាអែលទាំងមូល។+ ២៨ ចំពោះមួយផ្នែករបស់ពួកទ័ព ពួកគេត្រូវទុកមួយចំណែកជូនព្រះយេហូវ៉ា គឺក្នុងចំណោមមនុស្ស៥០០នាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងសត្វ៥០០ក្បាល ត្រូវញែកទុក១ក្បាល ទាំងគោ ទាំងលា ទាំងចៀមនិងពពែ។ ២៩ រួចអ្នកត្រូវទទួលចំណែកនេះពីពួកគេ ហើយប្រគល់ឲ្យអេលាសារជាសង្ឃជាវិភាគទានជូនព្រះយេហូវ៉ា។+ ៣០ ចំពោះមួយផ្នែករបស់បណ្ដាជនអ៊ីស្រាអែល ពួកគេក៏ត្រូវញែកទុកមួយចំណែកដែរ គឺក្នុងចំណោមមនុស្ស៥០នាក់ ត្រូវញែកទុកម្នាក់ ហើយក្នុងចំណោមហ្វូងសត្វ៥០ក្បាល ត្រូវញែកទុក១ក្បាល ទាំងគោ ទាំងលា ទាំងចៀមនិងពពែ ទាំងហ្វូងសត្វស្រុកឯទៀត។ រួចត្រូវប្រគល់ឲ្យពួកលេវី+ដែលបំពេញភារកិច្ចទាក់ទងនឹងត្រសាលជំនុំរបស់ព្រះយេហូវ៉ា»។+
៣១ ដូច្នេះ ម៉ូសេនិងអេលាសារជាសង្ឃបានធ្វើដូចដែលព្រះយេហូវ៉ាបានបង្គាប់។ ៣២ ហ្វូងសត្វដែលពួកទ័ពរឹបអូសបាន មានចៀមនិងពពែចំនួន៦៧៥.០០០ក្បាល ៣៣ គោចំនួន៧២.០០០ក្បាល ៣៤ និងលាចំនួន៦១.០០០ក្បាល។ ៣៥ រីឯស្ត្រីក្រមុំបរិសុទ្ធ+ដែលពួកគេចាប់បានមានចំនួន៣២.០០០នាក់។ ៣៦ ដូច្នេះ ពួកទ័ពដែលចេញទៅច្បាំង បានទទួលចំណែកជាចៀមនិងពពែចំនួន៣៣៧.៥០០ក្បាល។ ៣៧ ពីចំណោមចៀមនិងពពែទាំងនោះ ពួកគេបានញែកទុកចំនួន៦៧៥ក្បាលជូនព្រះយេហូវ៉ា។ ៣៨ ពីចំណោមគោចំនួន៣៦.០០០ក្បាល ពួកគេបានញែកទុកចំនួន៧២ក្បាលជូនព្រះយេហូវ៉ា។ ៣៩ ពីចំណោមលាចំនួន៣០.៥០០ក្បាល ពួកគេបានញែកទុកចំនួន៦១ក្បាលជូនព្រះយេហូវ៉ា។ ៤០ ពីចំណោមមនុស្សចំនួន១៦.០០០នាក់ ពួកគេបានញែកទុកចំនួន៣២នាក់ជូនព្រះយេហូវ៉ា។ ៤១ រួចមក ម៉ូសេបានប្រគល់អ្វីទាំងនោះដែលជាវិភាគទានជូនព្រះយេហូវ៉ា ឲ្យដល់អេលាសារជាសង្ឃ+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
៤២ ក្រៅពីចំណែករបស់ពួកទ័ពដែលបានចេញទៅច្បាំង ម៉ូសេក៏បានញែកទុកមួយចំណែកឲ្យដល់បណ្ដាជនអ៊ីស្រាអែលដែរ។ ចំណែកនោះមានដូចតទៅ៖ ៤៣ ចៀមនិងពពែចំនួន៣៣៧.៥០០ក្បាល ៤៤ គោចំនួន៣៦.០០០ក្បាល ៤៥ និងលាចំនួន៣០.៥០០ក្បាល ៤៦ ព្រមទាំងមនុស្សចំនួន១៦.០០០នាក់។ ៤៧ ពីចំណែករបស់បណ្ដាជនអ៊ីស្រាអែលទាំងនេះ ម៉ូសេបានយកម្នាក់ពីមនុស្ស៥០នាក់ ហើយយក១ក្បាលពីសត្វ៥០ក្បាល ទៅប្រគល់ឲ្យពួកលេវី+ដែលបំពេញភារកិច្ចទាក់ទងនឹងត្រសាលជំនុំរបស់ព្រះយេហូវ៉ា+ ដូចដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
៤៨ ក្រោយមក ពួកបុរសដែលបានត្រូវតែងតាំងឲ្យដឹកនាំទាហាន+ ពោលគឺពួកមេលើ១.០០០នាក់និងពួកមេលើ១០០នាក់ បាននាំគ្នាចូលទៅជួបម៉ូសេ។ ៤៩ ពួកគេបានរាយការណ៍ប្រាប់ម៉ូសេថា៖ «ពួកខ្ញុំបានរាប់កូនទាហានដែលនៅក្រោមបញ្ជាពួកខ្ញុំ ហើយឃើញថាគ្មានខ្វះអ្នកណាម្នាក់ទេ។+ ៥០ ដូច្នេះ ពួកខ្ញុំសូមប្រគល់អ្វីដែលពួកខ្ញុំរឹបអូសបាន ជូនព្រះយេហូវ៉ាជាគ្រឿងបូជា គឺគ្រឿងមាស កងដៃ ខ្សែជើង ចិញ្ចៀនត្រា ក្រវិល និងគ្រឿងអលង្ការផ្សេងទៀត ដើម្បីជម្រះភាពខុសឆ្គងរបស់ពួកខ្ញុំនៅចំពោះព្រះយេហូវ៉ា»។
៥១ ដូច្នេះ ម៉ូសេនិងអេលាសារជាសង្ឃក៏ទទួលយកមាសពីពួកគេ ពោលគឺគ្រឿងអលង្ការទាំងអស់។ ៥២ ដូច្នេះ មាសដែលពួកមេលើ១.០០០នាក់និងមេលើ១០០នាក់ បានយកមកជូនជាវិភាគទានដល់ព្រះយេហូវ៉ា មានទម្ងន់១៦.៧៥០ហ្សេគិល។* ៥៣ ឯទ័ពម្នាក់ៗ ពួកគេក៏បានរឹបអូសយករបស់របរទុកសម្រាប់ខ្លួនផងដែរ។ ៥៤ ក្រោយទទួលមាសពីពួកមេលើ១.០០០នាក់និងពីពួកមេលើ១០០នាក់ហើយ ម៉ូសេនិងអេលាសារជាសង្ឃបានយកទៅដាក់ក្នុងត្រសាលជំនុំ ទុកជាសេចក្ដីរំលឹកសម្រាប់បណ្ដាជនអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា។