បណ្ដាស្ដេចទី១
១៨ លុះក្រោយមក នៅឆ្នាំទី៣+ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់អេលីយ៉ាថា៖ «ចូរទៅជួបអាហាប់ ហើយខ្ញុំនឹងបង្អុរភ្លៀងមកលើផ្ទៃដី»។+ ២ ដូច្នេះ អេលីយ៉ាក៏បានធ្វើដំណើរចេញទៅជួបអាហាប់នៅស្រុកសាម៉ារី ដែលកំពុងមានភាពអត់ឃ្លានជាខ្លាំង។+
៣ នៅដំណាលគ្នានោះ អាហាប់បានហៅអូបាឌាឲ្យមកជួប។ អូបាឌាជាអ្នកមើលការខុសត្រូវក្នុងវិមានស្ដេច (គាត់ជាអ្នកគោរពកោតខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង ៤ ហើយកាលដែលយេសិបិល+បានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា អូបាឌាបាននាំពួកអ្នកប្រកាសទំនាយ១០០នាក់ទៅលាក់ខ្លួននៅក្នុងរអាងភ្នំ គឺក្នុងរអាងមួយមានចំនួន៥០នាក់។ គាត់បានផ្គត់ផ្គង់នំប៉័ងនិងទឹកដល់ពួកគេ)។ ៥ រួចអាហាប់បាននិយាយទៅកាន់អូបាឌាថា៖ «ចូរទៅមើលតាមប្រភពទឹកនិងជ្រលងទាំងប៉ុន្មានក្នុងស្រុក ក្រែងលោយើងរកបានស្មៅ សម្រាប់សេះនិងលា ដើម្បីកុំឲ្យហ្វូងសត្វទាំងអស់នោះងាប់»។ ៦ ដូច្នេះ ពួកគាត់បានបែងចែកតំបន់គ្នាទៅរកមើល។ អាហាប់បានទៅតាមផ្លូវមួយ ហើយអូបាឌាបានទៅតាមផ្លូវមួយផ្សេងទៀត។
៧ កាលអូបាឌាកំពុងធ្វើដំណើរ អេលីយ៉ាបានមកជួបគាត់។ ភ្លាមនោះអូបាឌាស្គាល់គាត់ ហើយក៏បានក្រាបមុខដល់ដី រួចសួរបញ្ជាក់ថា៖ «លោកម្ចាស់អេលីយ៉ា! គឺលោកមែនឬ?»។+ ៨ អេលីយ៉ាបានតបឆ្លើយថា៖ «គឺខ្ញុំហើយ។ ចូរទៅប្រាប់លោកម្ចាស់របស់អ្នកថា៖ ‹អេលីយ៉ាមកហើយ›»។ ៩ ប៉ុន្តែ អូបាឌាបាននិយាយថា៖ «តើខ្ញុំបានប្រព្រឹត្តអំពើខុសឆ្គងអ្វី បានជាលោកឲ្យខ្ញុំស្លាប់ក្រោមដៃស្ដេចអាហាប់ដូច្នេះ? ១០ ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា ស្ដេចអាហាប់បានចាត់គេឲ្យទៅស្វែងរកលោក នៅគ្រប់ប្រជាជាតិ គ្រប់រាជាណាចក្រ។ បើពួកគេនិយាយថា៖ ‹អេលីយ៉ាមិននៅទីនេះទេ› នោះស្ដេចអាហាប់បានឲ្យរាជាណាចក្រនិងប្រជាជាតិនោះស្បថថាពួកគេពិតជាមិនបានឃើញលោកមែន។+ ១១ ឥឡូវ លោកមានប្រសាសន៍ថា៖ ‹ចូរទៅប្រាប់លោកម្ចាស់របស់អ្នកថា៖ «អេលីយ៉ាមកហើយ»›។ ១២ ប៉ុន្តែ ពេលខ្ញុំចេញពីលោកម្ចាស់ទៅ ព្រះយេហូវ៉ានឹងប្រើឫទ្ធានុភាពរបស់លោក ដើម្បីយកលោកម្ចាស់ទៅ+កន្លែងដែលខ្ញុំមិនស្គាល់។ រួចពេលខ្ញុំប្រាប់ស្ដេចអាហាប់ ហើយគាត់រកលោកម្ចាស់មិនឃើញ នោះគាត់នឹងសម្លាប់ខ្ញុំជាមិនខាន។ ខ្ញុំជាអ្នកបម្រើលោកបានគោរពកោតខ្លាចព្រះយេហូវ៉ាតាំងតែពីក្មេងមកម្ល៉េះ។ ១៣ កាលដែលយេសិបិលសម្លាប់ពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា តើលោកម្ចាស់មិនបានឮអំពីការដែលខ្ញុំបានលាក់ពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាចំនួន១០០នាក់ ដោយដាក់មួយក្រុមៗ៥០នាក់នៅក្នុងរអាងភ្នំ ហើយផ្គត់ផ្គង់នំប៉័ងនិងទឹកដល់ពួកគេទេឬ?+ ១៤ ប៉ុន្តែ ឥឡូវលោកនិយាយថា៖ ‹ចូរទៅប្រាប់លោកម្ចាស់របស់អ្នកថា៖ «អេលីយ៉ាមកហើយ»›។ ស្ដេចអាហាប់ប្រាកដជាសម្លាប់ខ្ញុំមិនខាន»។ ១៥ ប៉ុន្តែ អេលីយ៉ាបាននិយាយថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ ហើយជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះដែលខ្ញុំកំពុងបម្រើថា ថ្ងៃនេះខ្ញុំនឹងបង្ហាញខ្លួននៅចំពោះមុខអាហាប់ជាប្រាកដ»។
១៦ ដូច្នេះ អូបាឌាបានចេញដំណើរទៅជួបអាហាប់ដើម្បីជម្រាបគាត់។ បន្ទាប់មក អាហាប់ក៏បានទៅជួបអេលីយ៉ា។
១៧ ពេលអាហាប់បានឃើញអេលីយ៉ាភ្លាម គាត់និយាយទៅអេលីយ៉ាថា៖ «គឺជាអ្នកហើយ ដែលបាននាំឲ្យមានទុក្ខវេទនាជាខ្លាំងមកលើស្រុកអ៊ីស្រាអែល!»។
១៨ អេលីយ៉ាបានតបថា៖ «ខ្ញុំមិនបាននាំឲ្យមានទុក្ខវេទនាមកលើស្រុកអ៊ីស្រាអែលទេ គឺលោកនិងពូជពង្សរបស់ឪពុកលោកវិញទេតើ ព្រោះពួកលោកបានឈប់កាន់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ា ហើយបានកាន់តាមព្រះបាលវិញ។+ ១៩ ឥឡូវ សូមប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យទៅជួបខ្ញុំនៅឯភ្នំកើមែល។+ ម្យ៉ាងទៀត សូមហៅពួកអ្នកប្រកាសទំនាយ៤៥០នាក់របស់ព្រះបាល និងពួកអ្នកប្រកាសទំនាយ៤០០នាក់របស់ព្រះអាសេរ៉ា*+ ដែលបរិភោគនៅតុយេសេបិលឲ្យមកជាមួយដែរ»។ ២០ ដូច្នេះ អាហាប់បានចាត់គេឲ្យទៅប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ និងពួកអ្នកប្រកាសទំនាយទាំងនោះឲ្យមកឯភ្នំកើមែល។
២១ រួចមក អេលីយ៉ាបានចូលទៅជិតបណ្ដាជនទាំងអស់ ហើយនិយាយថា៖ «តើអ្នករាល់គ្នានៅស្ទាក់ស្ទើរដល់កាលណាទៀត?+ បើព្រះយេហូវ៉ាជាព្រះពិត ចូរកាន់តាមលោកចុះ+ តែបើព្រះបាលជាព្រះពិត ចូរកាន់តាមទៅ!»។ ប៉ុន្តែ បណ្ដាជនមិនបានតបឆ្លើយមកគាត់វិញទេ សូម្បីតែមួយម៉ាត់។ ២២ រួចមក អេលីយ៉ាបាននិយាយទៅបណ្ដាជនថា៖ «ខ្ញុំជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាតែម្នាក់គត់ដែលនៅសល់។+ ឯអ្នកប្រកាសទំនាយរបស់ព្រះបាលវិញ គឺមាន៤៥០នាក់។ ២៣ សូមយកគោស្ទាវពីរក្បាលមក ហើយឲ្យពួកគេរើសយកមួយក្បាល កាប់ជាដុំៗតម្រៀបលើអុស តែកុំឲ្យពួកគេដុតភ្លើងឡើយ។ ឯខ្ញុំវិញ ខ្ញុំនឹងកាប់គោមួយទៀត ដាក់តម្រៀបលើអុស ហើយខ្ញុំក៏មិនដុតភ្លើងដែរ។ ២៤ បន្ទាប់មក សូមអ្នករាល់គ្នាស្រែកហៅរកឈ្មោះព្រះរបស់អ្នករាល់គ្នាទៅ+ ហើយខ្ញុំនឹងហៅរកនាមព្រះយេហូវ៉ា។ បើព្រះណាដែលឆ្លើយមក ដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយជាព្រះពិត»។+ ឯបណ្ដាជនទាំងអស់ក៏តបមកវិញថា៖ «បាន! យើងយល់ព្រម»។
២៥ ពេលនោះ អេលីយ៉ាបាននិយាយទៅកាន់អ្នកប្រកាសទំនាយរបស់ព្រះបាលថា៖ «សូមអ្នករាល់គ្នារើសយកគោស្ទាវមួយរៀបចំជាមុនចុះ ព្រោះអ្នករាល់គ្នាមានគ្នាច្រើន។ រួចហៅរកឈ្មោះព្រះរបស់អ្នករាល់គ្នាទៅ តែអ្នករាល់គ្នាមិនត្រូវដុតភ្លើងឡើយ»។ ២៦ ដូច្នេះ ពួកគេយកគោស្ទាវមួយក្បាលដែលបានត្រូវជ្រើសរើស មករៀបចំ ហើយបានស្រែកហៅឈ្មោះព្រះបាលតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ដោយថា៖ «ឱព្រះបាលអើយ! សូមឆ្លើយមកយើងផង»។ ប៉ុន្តែ គ្មានឮសំឡេងឬចម្លើយឆ្លើយមកវិញសោះ។+ ពួកគេចេះតែលោតជុំវិញទីបូជាដែលពួកគេបានដំឡើង។ ២៧ លុះដល់ថ្ងៃត្រង់ អេលីយ៉ាបានចំអកឲ្យពួកគេថា៖ «សូមស្រែកឲ្យខ្លាំងឡើង! ក្រែងព្រះបាលជាព្រះមែនទេ?+ ប្រហែលជាគាត់កំពុងរំពឹងគិតឬទៅបន្ទោបង់* ឬមួយក៏គាត់កំពុងដេកលក់ទេដឹង? ដូច្នេះ ឲ្យអ្នកណាម្នាក់ទៅដាស់គាត់ទៅ!»។ ២៨ ពួកគេស្រែកកាន់តែខ្លាំងឡើងៗ រួចយកកាំបិតមកឆូតសាច់តាមទម្លាប់របស់ពួកគេ រហូតដល់ហូរឈាមពេញខ្លួន។ ២៩ លុះផុតថ្ងៃត្រង់ហើយ ពួកគេនៅតែធ្វើដូចនោះដដែល រហូតដល់ពេលជូនគ្រឿងបូជាពីស្រូវនៅពេលល្ងាច។ ប៉ុន្តែ គ្មានឮសំឡេងឬចម្លើយតបមកវិញទេ ហើយក៏គ្មានអ្នកណាស្ដាប់ដែរ។+
៣០ ក្រោយមក អេលីយ៉ាបាននិយាយទៅបណ្ដាជនទាំងអស់ថា៖ «សូមចូលមកជិតខ្ញុំ»។ ដូច្នេះ បណ្ដាជនទាំងអស់ក៏ចូលទៅជិតគាត់។ រួចមក គាត់បានជួសជុលទីបូជារបស់ព្រះយេហូវ៉ាដែលគេបានរំលំចោលនោះឡើងវិញ។+ ៣១ បន្ទាប់មក អេលីយ៉ាបានយកថ្ម១២ដុំ តាមចំនួនកុលសម្ព័ន្ធរបស់កូនប្រុសយ៉ាកុប។ យ៉ាកុបនោះហើយដែលព្រះយេហូវ៉ាធ្លាប់ប្រាប់ថា៖ «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល»។+ ៣២ គាត់ក៏យកថ្មទាំងនោះទៅសង់ទីបូជា+សម្រាប់នាមរបស់ព្រះយេហូវ៉ា។ រួចមក គាត់ជីកប្រឡាយជុំវិញទីបូជានោះ ដែលមានទំហំធំល្មមអាចសាបព្រោះគ្រាប់ពូជចំនួនពីររង្វាល់។* ៣៣ បន្ទាប់មក គាត់បានតម្រៀបអុសលើទីបូជា ហើយកាប់គោជាដុំៗដាក់លើអុសនោះ។+ លុះរៀបចំអស់ហើយ គាត់និយាយថា៖ «ចូរដងទឹកបួនក្អមមក ហើយយកមកចាក់លើគ្រឿងបូជាដុតនិងអុសទាំងនេះ»។ ៣៤ រួចគាត់ប្រាប់ថា៖ «ចូរចាក់ទឹកម្ដងទៀត»។ ដូច្នេះ គេក៏ចាក់ទឹកម្ដងទៀត។ រួចគាត់ប្រាប់ទៀតថា៖ «ចូរចាក់ទឹកជាលើកទី៣»។ ដូច្នេះ គេក៏បានចាក់ជាលើកទី៣។ ៣៥ ទឹកនោះបានហូរស្រោចសព្វទីបូជា ហើយគាត់ក៏ចាក់ទឹកពេញប្រឡាយដែរ។
៣៦ លុះដល់ពេលជូនគ្រឿងបូជាពីស្រូវនៅពេលល្ងាច+ អេលីយ៉ាជាអ្នកប្រកាសទំនាយបានចូលទៅជិតទីបូជា ហើយអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់អាប្រាហាំ+ អ៊ីសាក+ និងអ៊ីស្រាអែលអើយ! នៅថ្ងៃនេះ សូមបង្ហាញឲ្យគេដឹងថា លោកជាព្រះពិតក្នុងស្រុកអ៊ីស្រាអែល ហើយថាខ្ញុំជាអ្នកបម្រើរបស់លោក។ សូមឲ្យគេដឹងថា ខ្ញុំធ្វើការទាំងនេះ តាមប្រសាសន៍របស់លោក។+ ៣៧ ឱព្រះយេហូវ៉ាអើយ! សូមឆ្លើយតបមកខ្ញុំ សូមឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យបណ្ដាជនទាំងនេះដឹងថា ព្រះយេហូវ៉ាគឺជាព្រះពិត ហើយថាលោកកំពុងបំបែរចិត្តពួកគេឲ្យមករកលោកវិញ»។+
៣៨ ខណៈនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះគ្រឿងបូជា+ អុស ថ្ម និងដី ថែមទាំងធ្វើឲ្យទឹកក្នុងប្រឡាយរីងស្ងួតអស់ទៅ។+ ៣៩ ពេលបណ្ដាជនបានឃើញដូច្នេះ ភ្លាមនោះពួកគេក្រាបមុខដល់ដី ហើយនិយាយថា៖ «ព្រះយេហូវ៉ាគឺជាព្រះពិត! ព្រះយេហូវ៉ាគឺជាព្រះពិត!»។ ៤០ រួចអេលីយ៉ាបានបង្គាប់គេថា៖ «ចូរចាប់ពួកអ្នកប្រកាសទំនាយរបស់ព្រះបាល។ កុំឲ្យអ្នកណាម្នាក់រួចខ្លួនឡើយ!»។ ភ្លាមនោះ ពួកគេក៏ចាប់អ្នកទាំងនោះ។ បន្ទាប់មក អេលីយ៉ាយកអ្នកទាំងនោះចុះទៅឯជ្រលងគីសុន+ រួចសម្លាប់ពួកគេនៅទីនោះទៅ។+
៤១ ក្រោយមក អេលីយ៉ាបាននិយាយទៅអាហាប់ថា៖ «សូមលោកឡើងទៅបរិភោគចុះ ព្រោះមានឮសូរសន្ធឹកភ្លៀងយ៉ាងខ្លាំងធ្លាក់មកហើយ»។+ ៤២ ដូច្នេះ អាហាប់ក៏ឡើងទៅបរិភោគ។ ពេលនោះ អេលីយ៉ាឡើងទៅលើកំពូលភ្នំកើមែល ហើយលុតជង្គង់ក្រាបខ្លួនដល់ដី។+ ៤៣ រួចមក គាត់បាននិយាយទៅអ្នកបម្រើគាត់ថា៖ «សូមឡើងទៅ ហើយមើលឆ្ពោះទៅសមុទ្រ»។ ដូច្នេះ អ្នកបម្រើក៏ឡើងទៅមើល ហើយមកប្រាប់គាត់វិញថា៖ «គ្មានឃើញអ្វីសោះ»។ អេលីយ៉ាបានប្រាប់អ្នកបម្រើអស់៧ដងថា៖ «សូមទៅមើលម្ដងទៀត»។ ៤៤ នៅលើកទី៧ អ្នកបម្រើរបស់គាត់បានប្រាប់ថា៖ «មើល! មានពពកតូចមួយប៉ុនបាតដៃឡើងពីសមុទ្រមក»។ ដូច្នេះ អេលីយ៉ានិយាយថា៖ «ចូរទៅជម្រាបស្ដេចអាហាប់ថា៖ ‹សូមទឹមរទេះហើយធ្វើដំណើរចុះទៅវិញ មុនភ្លៀងធ្លាក់មកបង្អាក់ដំណើរលោក!›»។ ៤៥ ដំណាលគ្នានោះ ពពកកាន់តែក្រាស់ឡើង ហើយមេឃចាប់ផ្ដើមងងឹត ខ្យល់ក៏បក់បោកមក រួចភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង។+ អាហាប់ក៏បន្តដំណើរទៅក្រុងយេសរៀល។+ ៤៦ ពេលនោះ ព្រះយេហូវ៉ាបានផ្ដល់កម្លាំងពិសេសដល់អេលីយ៉ា។ ដូច្នេះ គាត់បានលើកអាវវែងមកចងក្រវាត់នៅចង្កេះ ហើយរត់ហួសទៅមុនអាហាប់ រហូតដល់ក្រុងយេសរៀល។