ចម្រៀងសរសើរព្រះ
ទំនុករបស់ដាវីឌ។ ម៉ាស់គាល។*
៣២ អ្នកណាដែលបានទទួលការលើកលែងទោសចំពោះអំពើរំលង ហើយការខុសឆ្គងរបស់ខ្លួនបានត្រូវគ្របបាំង* អ្នកនោះមានសុភមង្គលហើយ។+
២ អ្នកណាដែលព្រះយេហូវ៉ាចាត់ទុកថាគ្មានទោស និងអ្នកណាដែលគ្មានគំនិតបោកបញ្ឆោត អ្នកនោះមានសុភមង្គលហើយ។+
៣ ពេលខ្ញុំនៅស្ងៀមមិនចេញស្ដី កម្លាំងខ្ញុំក៏ខ្សោយទៅព្រោះតែខ្ញុំស្រែកថ្ងូរឥតឈប់ឈរ។+
៤ ទាំងថ្ងៃទាំងយប់ខ្ញុំមានអារម្មណ៍ថាមានបន្ទុកធ្ងន់ដោយសារលោកមិនពេញចិត្តខ្ញុំ។+
កម្លាំងរបស់ខ្ញុំហួតហែងអស់ ប្រៀបដូចជាទឹករីងស្ងួតនារដូវក្ដៅ។ (ស៊ីឡា)
៥ នៅទីបំផុត ខ្ញុំបានសារភាពអំពើខុសឆ្គងប្រាប់លោក
ខ្ញុំមិនបានលាក់បាំងកំហុសរបស់ខ្ញុំទេ។+
ខ្ញុំនិយាយថា៖ «ខ្ញុំនឹងសារភាពអំពើរំលងរបស់ខ្ញុំទៅព្រះយេហូវ៉ា»+
ហើយលោកបានលើកលែងទោសចំពោះអំពើខុសឆ្គងរបស់ខ្ញុំ។+ (ស៊ីឡា)
៦ ហេតុនេះហើយបានជាមនុស្សគ្រប់រូបដែលមានភក្ដីភាពនឹងអធិដ្ឋានទៅលោក+
កាលដែលអាចឃើញលោកនៅឡើយ។+
យ៉ាងនោះ សូម្បីតែទឹកជំនន់ក៏នឹងមិនជន់លិចគាត់ដែរ។
៧ លោកជាទីពឹងជ្រករបស់ខ្ញុំ
លោកនឹងការពារខ្ញុំក្នុងគ្រាលំបាក+
លោកនឹងធ្វើឲ្យមានសំឡេងត្រេកអរនៅជុំវិញខ្ញុំដោយសារលោកបានសង្គ្រោះខ្ញុំ។+ (ស៊ីឡា)
៨ លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យអ្នកមានការយល់ធ្លុះជ្រៅ ហើយណែនាំអ្នកឲ្យដើរតាមផ្លូវដែលគួរដើរ+
ខ្ញុំនឹងផ្ដល់ឱវាទដល់អ្នក ហើយមើលថែអ្នកមិនឲ្យឃ្លាតពីភ្នែករបស់ខ្ញុំឡើយ។+
៩ កុំធ្វើដូចជាលាកាត់ឬដូចជាសេះដែលគ្មានការយល់ដឹង+
ទាល់តែដាក់បង្ហៀរទើបអាចគ្រប់គ្រងវាបាន»។
១០ ជនទុច្ចរិតមានការឈឺចាប់ច្រើនណាស់
ប៉ុន្តែ អ្នកដែលទុកចិត្តព្រះយេហូវ៉ារមែងទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោក។+
១១ អស់អ្នកដែលជាមនុស្សសុចរិត ចូររីករាយហើយត្រេកអរដោយសារព្រះយេហូវ៉ា
អស់អ្នកដែលមានចិត្តទៀងត្រង់ ចូរស្រែកឡើងដោយអំណរ។