ច្បាប់លេវី
៦ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៅកាន់ម៉ូសេថា៖ ២ «បើអ្នកណាម្នាក់ធ្វើអំពើខុសឆ្គងនិងប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា+ ដោយលួច ឬបោកប្រាស់ ឬកុហកអ្នកជិតខាងអំពីអ្វីដែលអ្នកនោះបានផ្ញើ+ ឬបញ្ចាំ ៣ ឬបើគាត់រើសបានរបស់ណាមួយ តែកុហកថាមិនបានឃើញ ឬក៏ស្បថមិនពិតក្នុងរឿងណាមួយដែលគាត់បានធ្វើខុស+ គាត់ត្រូវធ្វើដូចតទៅ៖ ៤ អ្នកដែលធ្វើខុស ហើយមានទោសនោះ ត្រូវសងអ្វីដែលគាត់លួច អ្វីដែលគាត់កេងប្រវ័ញ្ច អ្វីដែលគាត់បោកប្រាស់ អ្វីដែលគេផ្ញើ ឬអ្វីដែលគាត់រើសបាន ៥ ឬអ្វីដែលគាត់បានស្បថមិនពិត គឺគាត់ត្រូវសងទាំងអស់ដល់ម្ចាស់វិញ។+ មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវថែម១ភាគ៥ពីលើតម្លៃនៃរបស់នោះ ហើយត្រូវសងនៅថ្ងៃដែលគេរកឃើញថាគាត់មានទោសតែម្ដង។ ៦ គាត់ត្រូវយកចៀមឈ្មោលដែលល្អឥតខ្ចោះទៅប្រគល់ឲ្យសង្ឃ ដើម្បីជូនព្រះយេហូវ៉ាជាគ្រឿងបូជាសម្រាប់អំពើរំលងរបស់គាត់ ស្របតាមតម្លៃដែលបានត្រូវកំណត់ចំពោះគ្រឿងបូជានោះ។+ ៧ បន្ទាប់មក សង្ឃនឹងជម្រះភាពខុសឆ្គងឲ្យបុគ្គលនោះនៅចំពោះព្រះយេហូវ៉ា។ ទោះបើគាត់ធ្វើខុសក្នុងករណីណាមួយក៏ដោយ គាត់នឹងទទួលការអភ័យទោស»។+
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេបន្តទៀតថា៖ ៩ «ចូរបង្គាប់អេរ៉ុននិងកូនប្រុសៗរបស់គាត់ថា៖ ‹ច្បាប់សម្រាប់ការជូនគ្រឿងបូជាដុតមានដូចតទៅ៖+ ត្រូវទុកគ្រឿងបូជាដុតនៅលើរានទីបូជាពេញមួយយប់រហូតដល់ព្រឹក ហើយត្រូវមើលភ្លើងឲ្យនៅឆេះជានិច្ច។ ១០ ឯសង្ឃវិញ គាត់ត្រូវស្លៀកសម្លៀកបំពាក់សង្ឃដែលធ្វើពីក្រណាត់សាច់ល្អ+ ហើយត្រូវស្លៀកខោខ្លីពីក្រណាត់សាច់ល្អ+ដើម្បីបិទបាំងកេរ្តិ៍ខ្មាស។ បន្ទាប់មក គាត់ត្រូវកើបផេះ+ពីគ្រឿងបូជាដុត ហើយដាក់ក្បែរទីបូជា។ ១១ រួចគាត់ត្រូវផ្លាស់សម្លៀកបំពាក់+ ហើយយកផេះទៅចាក់នៅកន្លែងស្អាតបរិសុទ្ធខាងក្រៅជំរំ។+ ១២ ឯភ្លើងនៅលើទីបូជា ត្រូវឆេះជានិច្ច មិនត្រូវឲ្យរលត់ឡើយ។ រៀងរាល់ព្រឹក សង្ឃត្រូវថែមអុស+នៅលើទីបូជា ហើយដាក់គ្រឿងបូជាដុតនៅលើនោះ រួចដុតខ្លាញ់នៃគ្រឿងបូជានៃមេត្រីភាពឲ្យផ្សែងហុយឡើង។+ ១៣ ត្រូវមើលភ្លើងនៅលើទីបូជាឲ្យនៅឆេះជានិច្ច មិនត្រូវឲ្យរលត់ឡើយ។
១៤ «‹ច្បាប់សម្រាប់ការជូនគ្រឿងបូជាពីស្រូវមានដូចតទៅ៖+ កូនប្រុសៗរបស់អេរ៉ុនត្រូវជូនគ្រឿងបូជានេះចំពោះព្រះយេហូវ៉ា នៅខាងមុខទីបូជា។ ១៥ ពួកគាត់ម្នាក់ត្រូវយកម្សៅម៉ដ្ឋមួយក្ដាប់ពីគ្រឿងបូជានោះ ដែលមានប្រេងនិងម្សៅក្រអូប ទៅដុតលើទីបូជាឲ្យផ្សែងហុយឡើងជាក្លិនឈ្ងុយជូនព្រះយេហូវ៉ា។* ម្សៅនោះសម្រាប់ជាតំណាងគ្រឿងបូជានោះទាំងមូល។+ ១៦ ឯចំណែកដែលនៅសល់ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងយកទៅធ្វើជានំប៉័ងឥតដំបែ រួចបរិភោគនៅកន្លែងបរិសុទ្ធ គឺនៅទីធ្លាត្រសាលជំនុំ។+ ១៧ ពួកគាត់មិនត្រូវលាយចំណែកនោះជាមួយដំបែឡើយ។+ ខ្ញុំបានឲ្យចំណែកនោះដល់ពួកគាត់ពីគ្រឿងបូជាដុតរបស់ខ្ញុំ។+ ចំណែកនោះជាអ្វីដែលបរិសុទ្ធបំផុត+ ដូចគ្រឿងបូជាសម្រាប់អំពើខុសឆ្គង និងដូចគ្រឿងបូជាសម្រាប់អំពើរំលងដែរ។ ១៨ កូនប្រុសៗទាំងអស់របស់អេរ៉ុននឹងបរិភោគចំណែកនោះ+ ជាចំណែកដែលដុតជូនព្រះយេហូវ៉ា ហើយចំណែកពីគ្រឿងបូជានោះនឹងបានទៅជារបស់ពួកគាត់គ្រប់ជំនាន់តទៅ។+ អ្វីក៏ដោយដែលប៉ះនឹងគ្រឿងបូជាទាំងនោះនឹងបានទៅជាបរិសុទ្ធ›»។
១៩ ព្រះយេហូវ៉ាមានប្រសាសន៍ម្ដងទៀតទៅកាន់ម៉ូសេថា៖ ២០ «នេះជាគ្រឿងបូជាដែលអេរ៉ុននិងកូនប្រុសៗគាត់ ត្រូវជូនព្រះយេហូវ៉ានៅថ្ងៃដែលគាត់បានត្រូវចាក់ប្រេងតែងតាំង+ គឺត្រូវជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា*+ជាគ្រឿងបូជាពីស្រូវ ហើយពួកគាត់ត្រូវធ្វើដូច្នេះជានិច្ច។+ គាត់ត្រូវជូនម្សៅនោះពាក់កណ្ដាលនៅពេលព្រឹក ពាក់កណ្ដាលនៅពេលល្ងាច។ ២១ គាត់ត្រូវចម្អិនម្សៅនោះនឹងប្រេងនៅក្នុងខ្ទះ។+ បន្ទាប់មក ត្រូវកាច់ជាដុំៗ ហើយចាក់ប្រេងពីលើ រួចជូនជាគ្រឿងបូជាពីស្រូវដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។* ២២ សង្ឃដែលនឹងត្រូវតែងតាំងពីចំណោមកូនប្រុសរបស់គាត់ឲ្យធ្វើជាសង្ឃបន្ទាប់+ ត្រូវជូនគ្រឿងបូជាដែលដុតទាំងមូល ឲ្យផ្សែងហុយឡើងនៅចំពោះព្រះយេហូវ៉ា។ នេះជាច្បាប់ដែលនៅស្ថិតស្ថេរជារៀងរហូត។ ២៣ គ្រប់គ្រឿងបូជាពីស្រូវដែលសង្ឃត្រូវជូននោះ គឺត្រូវដុតទាំងអស់ មិនត្រូវបរិភោគឡើយ»។
២៤ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេបន្តទៀតថា៖ ២៥ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗគាត់ថា៖ ‹ច្បាប់នៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គងមានដូចតទៅ៖+ សត្វដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ត្រូវសម្លាប់នៅចំពោះព្រះយេហូវ៉ា នៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។+ គ្រឿងបូជានោះគឺបរិសុទ្ធបំផុត។ ២៦ សង្ឃដែលជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង នឹងបរិភោគសាច់សត្វនោះ+ ហើយត្រូវបរិភោគនៅកន្លែងបរិសុទ្ធ គឺនៅទីធ្លាត្រសាលជំនុំ។+
២៧ «‹អ្វីក៏ដោយដែលប៉ះសាច់សត្វនោះ នឹងទៅជាបរិសុទ្ធ។ បើឈាមសត្វនៃគ្រឿងបូជាខ្ទាតទៅលើអាវអ្នកណាម្នាក់ នោះត្រូវបោកអាវដែលប្រឡាក់ឈាមនោះនៅកន្លែងបរិសុទ្ធ។ ២៨ បើស្ងោរសាច់នៅក្នុងឆ្នាំងដី ក្រោយស្ងោររួចត្រូវបំបែកឆ្នាំងនោះចោល។ ប៉ុន្តែ បើស្ងោរនៅក្នុងឆ្នាំងស្ពាន់វិញ ក្រោយស្ងោររួចត្រូវដុសលាងសម្អាតវានឹងទឹក។
២៩ «‹កូនប្រុសៗទាំងអស់របស់សង្ឃនឹងបរិភោគសាច់នោះ។+ គ្រឿងបូជានោះជាអ្វីដែលបរិសុទ្ធបំផុត។+ ៣០ ប៉ុន្តែ បើសង្ឃយកឈាមខ្លះពីសត្វនៃគ្រឿងបូជានោះ ចូលក្នុងត្រសាលជំនុំសម្រាប់ជម្រះភាពខុសឆ្គងក្នុងកន្លែងបរិសុទ្ធ នោះមិនត្រូវបរិភោគសាច់សត្វនោះទេ+ តែត្រូវដុតទាំងអស់វិញ។