ប្រវត្តិហេតុទី២
៧ ក្រោយពីសាឡូម៉ូនបានអធិដ្ឋានចប់ភ្លាម+ ព្រះបានធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃ+មកបញ្ឆេះគ្រឿងបូជាដុតនិងគ្រឿងបូជាឯទៀត។ ពេលនោះ សិរីរុងរឿងរបស់ព្រះយេហូវ៉ាមានពេញវិហារលោក។+ ២ ដូច្នេះ ពួកសង្ឃមិនអាចចូលក្នុងវិហាររបស់ព្រះយេហូវ៉ាបានទេ ព្រោះសិរីរុងរឿងរបស់ព្រះយេហូវ៉ាមានពេញវិហាររបស់ព្រះយេហូវ៉ា។+ ៣ ខណៈនោះ បណ្ដាជនអ៊ីស្រាអែលទាំងអស់ក៏បានឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរីរុងរឿងរបស់ព្រះយេហូវ៉ាលើវិហារដែរ។ ពួកគេលំឱនកាយក្រាបមុខដល់ដី ហើយបានអរគុណព្រះយេហូវ៉ាថា៖ «ព្រោះលោកល្អ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប»។
៤ រួចមក ស្ដេចនិងជនជាតិអ៊ីស្រាអែលទាំងអស់ បានជូនគ្រឿងបូជានៅចំពោះព្រះយេហូវ៉ា។+ ៥ ស្ដេចសាឡូម៉ូនបានជូនគ្រឿងបូជាជាគោចំនួន២២.០០០ក្បាល និងចៀមចំនួន១២០.០០០ក្បាល។ យ៉ាងនេះ ស្ដេចនិងជនជាតិអ៊ីស្រាអែលទាំងអស់បានសម្ពោធវិហាររបស់ព្រះពិត។+ ៦ ពួកសង្ឃបានឈរតាមកន្លែងរបស់ពួកគេរៀងខ្លួន ហើយពួកលេវីដែលកាន់ឧបករណ៍ភ្លេងផ្សេងៗក៏ឈរដែរ ដើម្បីច្រៀងសរសើរព្រះយេហូវ៉ា។+ (ស្ដេចដាវីឌបានធ្វើឧបករណ៍ភ្លេងទាំងនោះដើម្បីថ្លែងអំណរគុណព្រះយេហូវ៉ា ដោយច្រៀងថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប»។ ដាវីឌច្រៀងសរសើរព្រះ ដោយលេងឧបករណ៍ភ្លេងទាំងនេះ)។* ពួកសង្ឃបានផ្លុំត្រែយ៉ាងឮ+នៅខាងមុខពួកលេវី កាលដែលបណ្ដាជនអ៊ីស្រាអែលទាំងអស់កំពុងឈរ។
៧ នៅថ្ងៃនោះ សាឡូម៉ូនបានញែកផ្នែកកណ្ដាលនៃទីធ្លា ដែលនៅមុខវិហាររបស់ព្រះយេហូវ៉ាទុកជាបរិសុទ្ធ សម្រាប់ជូនគ្រឿងបូជាដុត+ គ្រឿងបូជាពីស្រូវ+ និងខ្លាញ់នៃគ្រឿងបូជានៃមេត្រីភាព+ ព្រោះទីបូជាស្ពាន់+ដែលនៅមុខវិហារ គឺតូចពេក មិនល្មមសម្រាប់ជូនគ្រឿងបូជាទាំងនោះឡើយ។ ៨ នៅពេលនោះ សាឡូម៉ូនបានធ្វើពិធីបុណ្យអស់៧ថ្ងៃ+ជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទាំងអស់ ជាក្រុមជំនុំយ៉ាងធំ ដែលមូលមកចាប់ពីលេបូហាម៉ាតរហូតដល់ជ្រលងអេហ្ស៊ីប។+ ៩ ពួកគេបានធ្វើពិធីសម្ពោធទីបូជាអស់៧ថ្ងៃ និងពិធីបុណ្យ*អស់៧ថ្ងៃទៀត។ ប៉ុន្តែ នៅថ្ងៃទី៨* ពួកគេបានធ្វើពិធីប្រជុំពិសេសមួយ។+ ១០ នៅថ្ងៃទី២៣ ខែទី៧ សាឡូម៉ូនបានឲ្យបណ្ដាជនត្រឡប់ទៅផ្ទះរបស់ពួកគេរៀងខ្លួន។ ពួកគេត្រឡប់ទៅវិញដោយមានចិត្តត្រេកអរ+និងសប្បាយរីករាយ ដោយសារព្រះយេហូវ៉ាបានបង្ហាញគុណធម៌ចំពោះដាវីឌ សាឡូម៉ូន និងជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក។+
១១ សាឡូម៉ូនបានសាងសង់វិហាររបស់ព្រះយេហូវ៉ា និងវិមានរបស់គាត់ចប់ជាស្ថាពរ+ ហើយអ្វីៗដែលគាត់មានបំណងចង់ធ្វើស្ដីអំពីវិហាររបស់ព្រះយេហូវ៉ានិងវិមានរបស់គាត់ ក៏ធ្វើចប់រួចរាល់ដែរ។+ ១២ នៅយប់មួយ ព្រះយេហូវ៉ាបានលេចមកឲ្យសាឡូម៉ូនឃើញ+ ហើយលោកមានប្រសាសន៍ទៅកាន់គាត់ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ។ ខ្ញុំបានជ្រើសរើសកន្លែងនេះទុកជាវិហារសម្រាប់ជូនគ្រឿងបូជាដល់ខ្ញុំ។+ ១៣ ពេលដែលខ្ញុំធ្វើឲ្យស្រុករាំងស្ងួតគ្មានភ្លៀង ធ្វើឲ្យហ្វូងកណ្ដូបស៊ីបំផ្លាញផលដំណាំក្នុងស្រុក ហើយនាំឲ្យមានរោគរាតត្បាតដល់រាស្ត្រខ្ញុំ ១៤ បើរាស្ត្រតំណាងនាមខ្ញុំ+បន្ទាបខ្លួន+ ហើយអធិដ្ឋានស្វែងរកខ្ញុំ ព្រមទាំងលះចោលផ្លូវអាក្រក់របស់ខ្លួន+ នោះខ្ញុំនឹងស្ដាប់ពួកគេពីស្ថានសួគ៌ ហើយអភ័យទោសឲ្យពួកគេ ថែមទាំងធ្វើឲ្យស្រុករបស់ពួកគេល្អឡើងវិញដែរ។+ ១៥ ចាប់ពីពេលនេះទៅ ភ្នែកខ្ញុំនឹងសម្លឹងទៅវិហារនេះ ហើយត្រចៀកខ្ញុំនឹងប្រុងស្ដាប់ពាក្យដែលគេអធិដ្ឋាននៅទីនេះ។+ ១៦ ខ្ញុំបានជ្រើសរើសវិហារនេះ ហើយញែកជាបរិសុទ្ធដើម្បីជាតំណាងនាមខ្ញុំជារៀងរហូត។+ ខ្ញុំនឹងថែរក្សាការពារវិហារនេះជានិច្ច។+
១៧ «ឯអ្នកវិញ បើអ្នកដើរតាមខ្ញុំដូចដាវីឌឪពុករបស់អ្នក ដោយធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ខ្ញុំ ព្រមទាំងធ្វើតាមបញ្ញត្តិ និងការវិនិច្ឆ័យរបស់ខ្ញុំ+ ១៨ នោះខ្ញុំនឹងតាំងបល្ល័ង្កនៃការគ្រប់គ្រងរបស់អ្នក+ ដូចខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងដាវីឌឪពុកអ្នក+ ដែលថា៖ ‹នឹងមានបុគ្គលម្នាក់ពីពូជពង្សរបស់អ្នក គ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែលជានិច្ច›។+ ១៩ ប៉ុន្តែ បើអ្នកឈប់ដើរតាមខ្ញុំ ហើយឈប់កាន់តាមច្បាប់និងបញ្ញត្តិដែលខ្ញុំបានឲ្យដល់អ្នក ហើយបែរទៅបម្រើព្រះឯទៀតនិងក្រាបគោរពដល់ព្រះទាំងនោះវិញ+ ២០ នោះខ្ញុំនឹងកាត់ប្រជាជាតិអ៊ីស្រាអែលចេញពីទឹកដីដែលខ្ញុំបានឲ្យដល់ពួកគេ+ ឯវិហារដែលខ្ញុំបានញែកជាបរិសុទ្ធសម្រាប់នាមខ្ញុំ នោះខ្ញុំក៏នឹងបោះបង់ចោលដែរ ហើយធ្វើឲ្យវិហារនោះរងការប្រមាថមើលងាយពីប្រជាជាតិទាំងឡាយ។+ ២១ វិហារនេះនឹងទៅជាគំនរបាក់បែក។ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត+ ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+ ២២ រួចមក អ្នកទាំងនោះនឹងនិយាយថា៖ ‹នេះមកពីពួកគេបានបោះបង់ចោលព្រះយេហូវ៉ា+ជាព្រះរបស់ពួកគេ ជាព្រះដែលបាននាំបុព្វបុរសរបស់ពួកគេចេញពីស្រុកអេហ្ស៊ីបមក+ តែពួកគេបែរទៅរកព្រះឯទៀត ព្រមទាំងក្រាបគោរពនិងបម្រើព្រះទាំងនោះវិញ។+ ហេតុនេះហើយបានជាលោកនាំឲ្យពួកគេមានអន្តរាយយ៉ាងនេះ›»។+