យេរេមា
៣៥ នៅក្នុងរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀសស្ដេចស្រុកយូដា ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាថា៖ ២ «ចូរទៅជួបកូនចៅរេកាប+ ហើយនិយាយជាមួយនឹងពួកគេ។ បន្ទាប់មក ចូរនាំពួកគេមកឯវិហាររបស់ព្រះយេហូវ៉ា ហើយចូលក្នុងបន្ទប់បរិភោគអាហារ រួចចាក់ស្រាឲ្យពួកគេពិសា»។
៣ ដូច្នេះ ខ្ញុំក៏នាំយ៉ាអាសានៀជាកូនយេរេមា ត្រូវជាកូនហាបាស៊ីនា ព្រមទាំងកូនប្រុសៗនិងបងប្អូនប្រុសរបស់គាត់ និងពូជពង្សរេកាបទាំងអស់ ៤ មកឯវិហារព្រះយេហូវ៉ា។ រួចខ្ញុំនាំពួកគេចូលក្នុងបន្ទប់បរិភោគអាហាររបស់កូនចៅហាណានជាកូនអ៊ីកដាលៀ ដែលជាតំណាងព្រះពិត។ បន្ទប់នោះនៅជាប់បន្ទប់បរិភោគអាហាររបស់ពួកអ្នកគ្រប់គ្រង និងនៅលើបន្ទប់បរិភោគអាហាររបស់ម៉ាអាសៀជាកូនសាលូម ដែលជាអ្នកយាមទ្វារ។ ៥ បន្ទាប់មក ខ្ញុំដាក់ពែងនិងឪទឹនស្រានៅមុខកូនចៅរេកាប ហើយប្រាប់ពួកគេថា៖ «សូមអញ្ជើញពិសាស្រាចុះ»។
៦ ប៉ុន្តែ ពួកគេនិយាយថា៖ «យើងមិនពិសាស្រាទេ ព្រោះយេហូណាដាប*+ជាកូនរេកាបដែលជាបុព្វបុរសរបស់យើងបានបង្គាប់យើងថា៖ ‹អ្នកនិងកូនចៅអ្នកមិនត្រូវពិសាស្រាជាដាច់ខាត។ ៧ អ្នកក៏មិនត្រូវសង់ផ្ទះ ដាំដុះ ឬមិនត្រូវមានចម្ការទំពាំងបាយជូរដែរ។ ផ្ទុយទៅវិញ អ្នកត្រូវរស់នៅក្នុងត្រសាលជានិច្ច ដើម្បីអ្នកអាចរស់នៅជាយូរអង្វែងក្នុងទឹកដីដែលអ្នកកំពុងស្នាក់នៅជាជនបរទេស›។ ៨ ហេតុនេះ យើងតែងតែធ្វើតាមបង្គាប់ទាំងអស់របស់យេហូណាដាប*ជាកូនរេកាបដែលជាបុព្វបុរសយើង ដោយមិនពិសាស្រាសោះ គឺទាំងខ្លួនយើង ទាំងប្រពន្ធកូនយើង។ ៩ យើងក៏មិនបានសង់ផ្ទះដើម្បីរស់នៅ ឬមានស្រែ ឬស្រូវពូជ ឬចម្ការទំពាំងបាយជូរដែរ។ ១០ យើងតែងតែរស់នៅក្នុងត្រសាល ហើយធ្វើតាមបង្គាប់ទាំងអស់របស់យេហូណាដាបដែលជាបុព្វបុរសរបស់យើង។ ១១ ប៉ុន្តែ ពេលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានឡើងមកច្បាំងនឹងស្រុកនេះ+ យើងក៏និយាយគ្នាថា៖ ‹ចូរយើងនាំគ្នារត់ទៅអាស្រ័យនៅក្នុងក្រុងយេរូសាឡិមទៅ ដើម្បីយើងអាចគេចពីទ័ពខាល់ដេនិងទ័ពស៊ីរី›។ ហេតុនេះហើយបានជាយើងរស់នៅក្នុងក្រុងយេរូសាឡិមរហូតមកដល់សព្វថ្ងៃ»។
១២ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់យេរេមាថា៖ ១៣ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ចូរទៅប្រាប់ពួកយូដានិងអ្នកក្រុងយេរូសាឡិមថា៖ «តើខ្ញុំមិនតែងតែប្រាប់អ្នករាល់គ្នាឲ្យស្ដាប់បង្គាប់ខ្ញុំទេឬ?»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ១៤ «មើល! យេហូណាដាបជាកូនរេកាបបានហាមកូនចៅរបស់គាត់មិនឲ្យពិសាស្រា ហើយពួកគេបានធ្វើតាមបង្គាប់របស់បុព្វបុរសពួកគេដោយមិនពិសាស្រាសោះឡើយ។+ ចំណែកខ្ញុំវិញ ខ្ញុំតែងតែនិយាយមកកាន់អ្នករាល់គ្នាម្ដងហើយម្ដងទៀត តែអ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ខ្ញុំទេ។+ ១៥ ខ្ញុំតែងតែចាត់ពួកអ្នកប្រកាសទំនាយដែលជាអ្នកបម្រើខ្ញុំឲ្យទៅឯអ្នករាល់គ្នា+ ហើយប្រាប់អ្នករាល់គ្នាថា៖ ‹សូមបែរចេញពីផ្លូវទុច្ចរិត ហើយត្រឡប់មករកខ្ញុំវិញ។ ចូរឈប់ប្រព្រឹត្តអំពើអាក្រក់ទៅ+ តែធ្វើអ្វីដែលត្រឹមត្រូវវិញ! ចូរកុំកាន់តាមព្រះដទៃ ឬបម្រើព្រះទាំងនោះឡើយ ដើម្បីឲ្យអ្នករាល់គ្នាអាចរស់នៅជាយូរអង្វែងក្នុងស្រុកដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នា›។+ ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ខ្ញុំ ឬផ្ទៀងត្រចៀកស្ដាប់ខ្ញុំទេ។ ១៦ ឯកូនចៅយេហូណាដាបជាកូនរេកាប ពួកគេចេះធ្វើតាមបង្គាប់របស់បុព្វបុរសខ្លួន+ តែបណ្ដាជននេះមិនធ្វើតាមបង្គាប់ខ្ញុំទាល់តែសោះ»›»។
១៧ «ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំនឹងបណ្ដាលឲ្យមានសេចក្ដីវេទនាធ្លាក់មកលើពួកយូដានិងអ្នកក្រុងយេរូសាឡិម ជាសេចក្ដីវេទនាទាំងប៉ុន្មានដែលខ្ញុំបានព្រមានពួកគេ។+ ព្រោះខ្ញុំបាននិយាយមកកាន់ពួកគេ តែពួកគេមិនស្ដាប់ខ្ញុំទេ។ ខ្ញុំតែងតែហៅពួកគេ តែពួកគេមិនបានឆ្លើយទេ›»។+
១៨ រួចយេរេមាក៏និយាយទៅកាន់កូនចៅរេកាបថា៖ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ ‹ដោយសារអ្នករាល់គ្នាស្ដាប់បង្គាប់យេហូណាដាបជាបុព្វបុរសអ្នករាល់គ្នា ហើយតែងតែធ្វើតាមការណែនាំទាំងអស់របស់គាត់យ៉ាងដិតដល់ ១៩ នោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «នឹងតែងតែមានកូនចៅយេហូណាដាប*ជាកូនរេកាបបម្រើនៅចំពោះមុខខ្ញុំជានិច្ច»›»។