ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៦ ឥឡូវ យើងបានរៀនសេចក្ដីបង្រៀនជាមូលដ្ឋាន+អំពីគ្រិស្តរួចហើយ។ ដូច្នេះ ចូរយើងខំប្រឹងឈានទៅរកភាពចាស់ទុំ+ ហើយកុំឲ្យយើងរៀនសេចក្ដីបង្រៀនជាមូលដ្ឋានម្ដងទៀត ដោយរៀនអំពីការប្រែចិត្តពីការប្រព្រឹត្តដែលឥតប្រយោជន៍ និងអំពីជំនឿទៅលើព្រះ ២ សេចក្ដីបង្រៀនអំពីការជ្រមុជទឹក ការដាក់ដៃលើ+ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ+ និងការវិនិច្ឆ័យទោសដែលនៅជាប់ជារៀងរហូត។ ៣ ប្រសិនបើព្រះអនុញ្ញាត យើងនឹងឈានទៅរកភាពចាស់ទុំពិតប្រាកដ។
៤ ព្រោះចំពោះពួកអ្នកដែលធ្លាប់ទទួលការបំភ្លឺម្ដងរួចហើយ+ និងដែលបានភ្លក់អំណោយទានពីស្ថានសួគ៌ ហើយបានទទួលឫទ្ធានុភាពបរិសុទ្ធ ៥ ក៏បានទទួលបណ្ដាំដ៏ល្អប្រសើររបស់ព្រះ ថែមទាំងបានឃើញលទ្ធផលពីឫទ្ធានុភាពដែលនឹងត្រូវបង្ហាញក្នុងរបៀបរបបពិភពលោកដែលនឹងមកដល់* ៦ តែពួកគេបានបែរចេញពីជំនឿ+ នោះគ្មានផ្លូវអាចជួយពួកគេឲ្យភ្ញាក់ខ្លួន ហើយប្រែចិត្តបានទេ ពីព្រោះពួកគេព្យួរបុត្ររបស់ព្រះសាជាថ្មីដោយខ្លួនគេ ហើយធ្វើឲ្យលោកអាប់ឱនកិត្តិយសនៅមុខមនុស្សទូទៅ។+ ៧ ជាឧទាហរណ៍ ដីណាដែលទទួលទឹកភ្លៀងជារឿយៗ ហើយធ្វើឲ្យដុះរុក្ខជាតិល្អសម្រាប់អ្នកដែលដាំដុះ ដីនោះទទួលពរពីព្រះ។ ៨ ប៉ុន្តែ ប្រសិនបើដីនោះធ្វើឲ្យដុះដើមបន្លាវិញ ដីនោះនឹងត្រូវគេបោះបង់ចោល ហើយជិតត្រូវបណ្ដាសា។ នៅទីបំផុត ដីនោះនឹងត្រូវគេដុតចោល។
៩ ប៉ុន្តែ អ្នករាល់គ្នាជាទីស្រឡាញ់អើយ ទោះជាយើងនិយាយដូច្នោះក៏ដោយ យើងជឿជាក់ថា ករណីអ្នករាល់គ្នាគឺប្រសើរជាងពួកអ្នកដែលបានបែរចេញពីជំនឿ ហើយអ្នករាល់គ្នាកំពុងធ្វើអ្វីដែលនាំឲ្យអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះពីព្រះ។ ១០ ព្រោះព្រះមិនប្រព្រឹត្តដោយអយុត្ដិធម៌ ដោយបំភ្លេចការដែលអ្នករាល់គ្នាបានធ្វើ និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានបង្ហាញចំពោះនាមរបស់លោកឡើយ+ គឺអ្នករាល់គ្នាបានបម្រើពួកអ្នកបរិសុទ្ធ ហើយនៅតែបម្រើពួកគាត់ជានិច្ច។ ១១ ប៉ុន្តែ យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញចិត្តឧស្សាហ៍ដូចកាលពីដើម ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមយ៉ាងពិតប្រាកដ+រហូតដល់ទីបញ្ចប់+ ១២ និងដើម្បីកុំឲ្យអ្នករាល់គ្នាក្លាយទៅជាមនុស្សខ្ជិលឡើយ+ តែចូរយកតម្រាប់ពួកអ្នកដែលបានទទួលសេចក្ដីសន្យាជាមត៌ក ដោយសារពួកគេមានជំនឿនិងចិត្តអត់ធ្មត់។
១៣ ពីព្រោះពេលដែលព្រះសន្យាជាមួយនឹងអាប្រាហាំ លោកធានាសេចក្ដីសន្យារបស់លោកដោយអាង*ជីវិតខ្លួនលោក ព្រោះគ្មានអ្នកណាធំជាងលោកដែលលោកអាចអាងដើម្បីធានាសេចក្ដីសន្យានោះឡើយ។+ ១៤ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងឲ្យពរដល់អ្នក ហើយខ្ញុំប្រាកដជានឹងធ្វើឲ្យអ្នកមានគ្នាច្រើនឡើង»។+ ១៥ ដូច្នេះ ក្រោយពីអាប្រាហាំបានបង្ហាញចិត្តអត់ធ្មត់ គាត់ក៏ទទួលសេចក្ដីសន្យានោះ។ ១៦ ព្រោះមនុស្សស្បថដោយអាងអ្នកដែលធំជាង ហើយសម្បថរបស់ពួកគេបញ្ចប់គ្រប់ជម្លោះ ពីព្រោះសម្បថនោះជាការធានារ៉ាប់រងតាមច្បាប់ចំពោះពួកគេ។+ ១៧ តាមរបៀបនោះដែរ ពេលដែលព្រះបានសម្រេចចិត្តបង្ហាញឲ្យពួកអ្នកដែលនឹងទទួលសេចក្ដីសន្យាជាមត៌ក ឃើញកាន់តែច្បាស់ថា+ គោលបំណងរបស់លោកមិនអាចប្រែប្រួល នោះលោកបានធានាដោយស្បថបន្ថែមពីលើសេចក្ដីសន្យានោះ។ ១៨ ដូច្នេះ តាមរយៈការទាំងពីរនោះដែលពុំអាចប្រែប្រួល និងដែលបង្ហាញថាព្រះមិនអាចកុហកបាន+ នោះយើងដែលជាអ្នកបានរត់ទៅទីជ្រកកោនរបស់លោក អាចទទួលការលើកទឹកចិត្តយ៉ាងខ្លាំង ដើម្បីឈោងចាប់សេចក្ដីសង្ឃឹមដែលបានត្រូវដាក់នៅមុខយើង។ ១៩ សេចក្ដីសង្ឃឹមនេះ+ជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ ហើយសេចក្ដីសង្ឃឹមនេះនាំយើងចូលហួសវាំងនន+ ២០ ជាកន្លែងដែលអ្នកបើកផ្លូវបានចូលដើម្បីជាប្រយោជន៍ដល់យើង គឺលោកយេស៊ូ+ដែលបានក្លាយទៅជាសម្ដេចសង្ឃជារៀងរហូត តាមរបៀបដូចម៉េលគីសេដិក។+