នេហេមា
២ នៅខែណែសាន* ក្នុងឆ្នាំទី២០+នៃរាជ្យអើថាស៊ើកសេស+ មានពេលមួយគេបានលើកស្រាមកជូនស្ដេច ហើយខ្ញុំក៏យកស្រានោះជូនស្ដេចដូចសព្វដង។+ ប៉ុន្តែ នៅពេលនោះខ្ញុំមានទឹកមុខស្រងូតស្រងាត់ខុសពីធម្មតា។ ២ ពេលឃើញដូច្នេះ ស្ដេចបានសួរខ្ញុំថា៖ «មើលទៅអ្នកដូចជាមិនឈឺទេ តែម្ដេចក៏អ្នកមានទឹកមុខស្រងូតស្រងាត់ម្ល៉េះ? អ្នកច្បាស់ជាពិបាកចិត្តហើយ»។ ឮដូច្នោះខ្ញុំភ័យខ្លាចជាខ្លាំង។
៣ ពេលនោះ ខ្ញុំបានឆ្លើយតបទៅស្ដេចវិញថា៖ «សូមឲ្យស្ដេចមានអាយុវែង! ខ្ញុំមានទឹកមុខស្រងូតស្រងាត់ ពីព្រោះក្រុងដែលជាកន្លែងបញ្ចុះសពបុព្វបុរសរបស់ខ្ញុំបានបាក់បែក ហើយទ្វារក្រុងក៏ត្រូវឆេះអស់ដែរ»។+ ៤ បន្ទាប់មក ស្ដេចបានសួរខ្ញុំថា៖ «តើអ្នកមានបំណងអ្វី?»។ ភ្លាមនោះ ខ្ញុំបានអធិដ្ឋានទៅព្រះនៃស្ថានសួគ៌។+ ៥ រួចខ្ញុំក៏តបទៅស្ដេចវិញថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមលោកចាត់ខ្ញុំឲ្យទៅស្រុកយូដា គឺទៅក្រុងដែលជាកន្លែងបញ្ចុះសពបុព្វបុរសរបស់ខ្ញុំ ដើម្បីខ្ញុំអាចសង់ក្រុងនោះឡើងវិញ»។+ ៦ បន្ទាប់មក ស្ដេចបានសួរខ្ញុំថា៖ «តើអ្នកទៅរយៈពេលប៉ុន្មាន ហើយត្រឡប់មកវិញនៅពេលណា?»។ ក្រោយនោះ ស្ដេចបានអនុញ្ញាតឲ្យខ្ញុំទៅ+ ហើយខ្ញុំកំណត់ថ្ងៃឲ្យស្ដេចជ្រាប។+ ពេលនោះ អគ្គមហេសីក៏អង្គុយនៅជិតស្ដេចដែរ។
៧ រួចមក ខ្ញុំបានស្នើសុំស្ដេចថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ សូមលោកចេញលិខិតសម្រាប់ពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត+ ដើម្បីឲ្យពួកគេអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរឆ្លងកាត់ទៅដល់ស្រុកយូដាដោយសុវត្ថិភាព។ ៨ បន្ថែមទៅទៀត សូមស្ដេចជាម្ចាស់ចេញលិខិតដល់អេសាភជាអ្នកមើលថែឧទ្យាន*របស់លោក ដើម្បីឲ្យគាត់ផ្ដល់ឈើដល់ខ្ញុំសម្រាប់សង់ទ្វារបន្ទាយ+នៃវិហារ សម្រាប់សង់កំពែងក្រុង+ ហើយសម្រាប់សង់ផ្ទះដែលខ្ញុំត្រូវស្នាក់នៅ»។ ដូច្នេះ ស្ដេចក៏ចេញលិខិតទាំងនោះឲ្យខ្ញុំ+ ព្រោះព្រះរបស់ខ្ញុំបានជួយខ្ញុំ។+
៩ មួយរយៈក្រោយមក ខ្ញុំបានទៅជួបពួកអភិបាលនៅតំបន់ខាងនាយទន្លេអឺប្រាត រួចប្រគល់លិខិតរបស់ស្ដេចឲ្យដល់ពួកគេ។ ស្ដេចក៏បានចាត់មេទ័ពខ្លះនិងពលសេះឲ្យមកជាមួយនឹងខ្ញុំដែរ។ ១០ ប៉ុន្តែ ពេលសានបាឡាត+ជាអ្នកក្រុងបេតហូរ៉ុន និងថូបៀ+ជាមន្ត្រីជនជាតិអាំម៉ូន+ ឮថាមានអ្នកណាម្នាក់មកជួយជ្រោមជ្រែងជនជាតិអ៊ីស្រាអែល ពួកគេមិនពេញចិត្តទាល់តែសោះ។
១១ ទីបំផុត ខ្ញុំក៏បានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះអស់បីថ្ងៃ។ ១២ រួចមក ខ្ញុំបានក្រោកឡើងទាំងយប់ ហើយបាននាំបុរសមួយចំនួនទៅជាមួយ ដោយមិនប្រាប់អ្នកណាអំពីអ្វីដែលព្រះបានជំរុញចិត្តខ្ញុំឲ្យធ្វើនៅក្រុងយេរូសាឡិមទេ ហើយខ្ញុំក៏មិនបាននាំសត្វណាទៅជាមួយនឹងខ្ញុំដែរ លើកលែងតែសត្វដែលខ្ញុំជិះប៉ុណ្ណោះ។ ១៣ ខ្ញុំបានធ្វើដំណើរទាំងយប់តាមទ្វារច្រកភ្នំ+ កាត់តាមទ្វារប្រភពទឹកពស់ធំ តម្រង់ទៅទ្វារសំរាម។+ ពេលនោះ ខ្ញុំបានពិនិត្យមើលកំពែងក្រុងដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលបានឆេះ។+ ១៤ រួចមក ខ្ញុំធ្វើដំណើរឆ្ពោះទៅទ្វារក្បាលទឹក+ និងអាងទឹកស្ដេច តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះ ដើរទៅមុខទៀតបានឡើយ។ ១៥ ប៉ុន្តែ ខ្ញុំនៅតែបន្តដំណើរតាមជ្រលងភ្នំ+ទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុងតទៅទៀត ហើយខ្ញុំបានត្រឡប់មកវិញតាមទ្វារច្រកភ្នំ។
១៦ ពួកអ្នកគ្រប់គ្រងបន្ទាប់+ មិនបានដឹងថាខ្ញុំទៅកន្លែងណាឬធ្វើអ្វីទេ ព្រោះខ្ញុំមិនទាន់ប្រាប់អ្នកណាម្នាក់ឡើយ។ សូម្បីតែពួកយូដា ពួកសង្ឃ ពួកអ្នកដឹកនាំ ឬពួកអ្នកសាងសង់ ក៏មិនបានដឹងដែរ។ ១៧ ក្រោយមក ខ្ញុំបានប្រាប់ពួកគេថា៖ «ដូចអ្នករាល់គ្នាឃើញស្រាប់ហើយថា យើងកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក ព្រោះក្រុងយេរូសាឡិមបានបាក់បែក ហើយទ្វារក្រុងក៏បានឆេះអស់ដែរ។ ដូច្នេះ ចូរយើងនាំគ្នាសង់កំពែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យយើងអាម៉ាស់មុខតទៅទៀត»។ ១៨ បន្ទាប់មក ខ្ញុំប្រាប់ពួកគេអំពីរបៀបដែលព្រះបានជួយខ្ញុំ+ និងអំពីអ្វីដែលស្ដេចបាននិយាយមកកាន់ខ្ញុំ។+ ពេលស្ដាប់រួច ពួកគេក៏និយាយថា៖ «ចូរយើងនាំគ្នាសាងសង់!»។ យ៉ាងនេះ ពួកគេបានពង្រឹងកម្លាំងចិត្តគ្នាដើម្បីធ្វើកិច្ចការនោះ។+
១៩ ប៉ុន្តែ ក្រោយពីសានបាឡាតជាអ្នកក្រុងបេតហូរ៉ុន និងថូបៀ+ជាមន្ត្រីជនជាតិអាំម៉ូន+ ព្រមទាំងកេសឹមជាជនជាតិអារ៉ាប់+ បានឮអំពីរឿងនេះ ពួកគេបានចំអក+មើលងាយយើង ហើយសួរយើងថា៖ «តើពួកឯងរាល់គ្នាកំពុងធ្វើអ្វី? តើកំពុងបះបោរប្រឆាំងនឹងស្ដេចឬ?»។+ ២០ ប៉ុន្តែ ខ្ញុំបានតបឆ្លើយទៅវិញថា៖ «ព្រះនៃស្ថានសួគ៌គឺជាអ្នកដែលនឹងជួយយើងសម្រេចកិច្ចការនេះ។+ យើងដែលជាអ្នកបម្រើលោក នឹងនាំគ្នាសាងសង់។ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិនៅក្រុងយេរូសាឡិមទេ ហើយក៏គ្មានអ្វីដើម្បីរំលឹកអំពីអ្នករាល់គ្នាដែរ»។+