នេហេមា
១២ រីឯពួកសង្ឃនិងពួកលេវីដែលបានធ្វើដំណើរឡើងទៅជាមួយនឹងសេរ៉ូបាបិល+ជាកូនសាលធាល+ និងយេសួរ+មានដូចតទៅ៖ សេរ៉ាយ៉ា យេរេមា អែសរ៉ា ២ អាម៉ារៀ ម៉ាឡាក ហាធូស ៣ សេកានៀ រេហម មេរេម៉ត ៤ អ៊ីតដូ គីនេថូយ អាប៊ីយ៉ា ៥ មីយ៉ាមីន ម៉ាអាឌា ប៊ីលកា ៦ សិមម៉ាយ៉ា យ៉ូយ៉ារីប យេដាយយ៉ា ៧ សាលលូ អេម៉ក់ ហ៊ីលគីយ៉ា និងយេដាយយ៉ា។ ពួកគេទាំងនេះសុទ្ធតែជាមេដឹកនាំលើពួកសង្ឃនិងលើបងប្អូនរបស់ខ្លួន នៅក្នុងគ្រាយេសួរ។
៨ ពួកលេវីមានដូចជា យេសួ ប៊ីននូអាយ កាតម៉ែល+ សេរេបៀ យូដា និងម៉ាថានៀ។+ ម៉ាថានៀជាអ្នកនាំមុខច្រៀងថ្លែងអំណរគុណជាមួយនឹងបងប្អូនរបស់គាត់។ ៩ ឯបាកប៊ូគានិងអាន់ណាយ ពួកគាត់ឈរទល់មុខពួកអ្នកទាំងនោះ បំពេញភារកិច្ចជាអ្នកយាម។ ១០ យេសួជាឪពុក*យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុកអេឡាយអាស៊ីប+ អេឡាយអាស៊ីបជាឪពុកយ៉ូយ៉ាដា។+ ១១ យ៉ូយ៉ាដាជាឪពុកយ៉ូណាថាន យ៉ូណាថានជាឪពុកយ៉ាដួរ។
១២ នៅគ្រាយ៉ូយ៉ាគីម ពួកសង្ឃដែលជាប្រមុខគ្រួសារមានដូចតទៅ៖ មេរ៉ាយ៉ាជាតំណាងក្រុមគ្រួសារសេរ៉ាយ៉ា។+ ហាណានាជាតំណាងក្រុមគ្រួសារយេរេមា។ ១៣ មេស៊ូឡាមជាតំណាងក្រុមគ្រួសារអែសរ៉ា។+ យេហូហេណានជាតំណាងក្រុមគ្រួសារអាម៉ារៀ។ ១៤ យ៉ូណាថានជាតំណាងក្រុមគ្រួសារម៉ាឡាកាយ។ យ៉ូសែបជាតំណាងក្រុមគ្រួសារសេបានៀ។ ១៥ អាតណាជាតំណាងក្រុមគ្រួសារហារីម។+ ហេលកាយជាតំណាងក្រុមគ្រួសារមេរ៉ាយ៉ុត។ ១៦ សាការីជាតំណាងក្រុមគ្រួសារអ៊ីតដូ។ មេស៊ូឡាមជាតំណាងក្រុមគ្រួសារគីនេថូន។ ១៧ ស៊ីកក្រាយជាតំណាងក្រុមគ្រួសារអាប៊ីយ៉ា។+ តំណាងក្រុមគ្រួសារមីណាយអាមីនគឺ . . .។* ពីលថាយជាតំណាងក្រុមគ្រួសារម៉ូអាឌា។ ១៨ សាំមូអាជាតំណាងក្រុមគ្រួសារប៊ីលកា។+ យេហូណាថានជាតំណាងក្រុមគ្រួសារសិមម៉ាយ៉ា។ ១៩ ម៉ាធីណាយជាតំណាងក្រុមគ្រួសារយ៉ូយ៉ារីប។ អើសាយជាតំណាងក្រុមគ្រួសារយេដាយយ៉ា។+ ២០ កាឡាយជាតំណាងក្រុមគ្រួសារសាឡាយ។ ហេបឺរជាតំណាងក្រុមគ្រួសារអេម៉ក់។ ២១ ហាសាបៀជាតំណាងក្រុមគ្រួសារហ៊ីលគីយ៉ា។ នេថានេលជាតំណាងក្រុមគ្រួសារយេដាយយ៉ា។
២២ គេបានកត់ឈ្មោះប្រមុខគ្រួសារពួកលេវីនិងពួកសង្ឃក្នុងបញ្ជី ចាប់ពីគ្រាអេឡាយអាស៊ីប យ៉ូយ៉ាដា យ៉ូហាណាន និងយ៉ាដួរ+ រហូតដល់រាជ្យដារីយុសជាស្ដេចស្រុកពើស៊ី។
២៣ គេបានកត់ឈ្មោះពួកលេវីដែលជាប្រមុខគ្រួសារ ក្នុងសៀវភៅប្រវត្តិសាស្ត្រ រហូតដល់គ្រាយ៉ូហាណានជាកូនអេឡាយអាស៊ីប។ ២៤ ឯពួកលេវីដែលជាប្រមុខ មានហាសាបៀ សេរេបៀ យេសួ+ជាកូនកាតម៉ែល+ និងបងប្អូនរបស់ពួកគេដែលជាក្រុមអ្នកយាម។ ពួកគេឈរជាក្រុមៗទល់មុខគ្នា ដើម្បីច្រៀងសរសើរតម្កើងនិងថ្លែងអំណរគុណព្រះ ស្របតាមការណែនាំរបស់ដាវីឌ+ជាតំណាងព្រះពិត។ ២៥ ចំណែកម៉ាថានៀ+ បាកប៊ូគា អូបាឌា មេស៊ូឡាម តាល់ម៉ូន និងអាកខុប+ ពួកគេមានភារកិច្ចជាអ្នកយាមទ្វារ។+ ពួកគេឈរយាមបន្ទប់ឃ្លាំងដែលនៅក្បែរទ្វារវិហារ។ ២៦ ពួកអ្នកទាំងនោះបំពេញកិច្ចបម្រើរបស់ពួកគេ នៅគ្រាយ៉ូយ៉ាគីមជាកូនយេសួរ+ ត្រូវជាចៅយ៉ូសាដាក។ ពួកគេក៏បម្រើនៅគ្រានេហេមាជាអភិបាល ព្រមទាំងគ្រាអែសរ៉ា+ជាសង្ឃនិងជាអ្នកចម្លងឯកសារដែរ។
២៧ នៅពិធីសម្ពោធកំពែងក្រុងយេរូសាឡិម គេបានស្វែងរកពួកលេវីពីគ្រប់កន្លែង រួចនាំមកក្រុងយេរូសាឡិម ដើម្បីឲ្យមកអបអរពិធីសម្ពោធ និងច្រៀងថ្លែងអំណរគុណព្រះ+ អមជាមួយនឹងសំឡេងឆាប ពិណ និងឧបករណ៍ភ្លេងមានខ្សែ។ ២៨ ឯក្រុមអ្នកចម្រៀងដែលបានទទួលការបង្ហាត់បង្រៀន* ពួកគេក៏បានមកជួបជុំគ្នាដែរ។ ពួកគេមកពីតំបន់ជិតទន្លេយូដាន់ តំបន់ជុំវិញក្រុងយេរូសាឡិម ពីភូមិនានាក្នុងតំបន់ណេថូផា+ ២៩ ពីក្រុងបេតគីលកាល+ ពីតំបន់វាលនៅក្រុងកេបា+ និងក្រុងអាសម៉ាវែត+ ព្រោះពួកអ្នកចម្រៀងបានតាំងទីលំនៅនៅតំបន់ផ្សេងៗជុំវិញក្រុងយេរូសាឡិម។ ៣០ ពួកសង្ឃនិងពួកលេវី បានជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ។ បន្ទាប់មក ពួកគេធ្វើឲ្យបណ្ដាជនស្អាតបរិសុទ្ធដែរ+ រួមទាំងទ្វារក្រុង+ និងកំពែង។+
៣១ បន្ទាប់ពីនោះ ខ្ញុំបាននាំពួកអ្នកគ្រប់គ្រងនៅស្រុកយូដាឡើងលើកំពែង។ រួចខ្ញុំបានរៀបចំឲ្យមានអ្នកចម្រៀងពីរក្រុមធំៗ ដើរដង្ហែគ្នាច្រៀងថ្លែងអំណរគុណព្រះ។ ខ្ញុំបានឲ្យក្រុមមួយដើរលើកំពែងទៅខាងស្ដាំ ឆ្ពោះទៅទ្វារសំរាម។+ ៣២ ពួកអ្នកដែលដើរខាងក្រោយក្រុមទី១ មានហូសាយ៉ា និងពួកអ្នកគ្រប់គ្រងចំនួនពាក់កណ្ដាល ៣៣ ព្រមទាំងអាសារៀ អែសរ៉ា មេស៊ូឡាម ៣៤ យូដា បេនយ៉ាមីន សិមម៉ាយ៉ា និងយេរេមា។ ៣៥ កូនប្រុសខ្លះរបស់ពួកសង្ឃបានកាន់ត្រែដើរដង្ហែជាមួយនឹងពួកគេដែរ ក្នុងនោះមាន៖+ សាការីជាកូនយ៉ូណាថាន យ៉ូណាថានជាកូនសិមម៉ាយ៉ា សិមម៉ាយ៉ាជាកូនម៉ាថានៀ ម៉ាថានៀជាកូនមីកាយ៉ា មីកាយ៉ាជាកូនសាកឺ សាកឺជាកូនអេសាភ+ ៣៦ ព្រមទាំងបងប្អូនរបស់គាត់ដែរ គឺសិមម៉ាយ៉ា អាសារ៉េល មីឡាឡាយ គីឡាឡាយ ម៉ាអាយ នេថានេល យូដា និងហាណាណៃ ពួកគេបានកាន់ឧបករណ៍ភ្លេងដែលដាវីឌ+ជាតំណាងព្រះពិតបានធ្វើ។ ពេលនោះ អែសរ៉ា+ជាអ្នកចម្លងឯកសារ បានដើរពីមុខពួកគេ។ ៣៧ ពេលទៅដល់ទ្វារក្បាលទឹក+ ពួកគេឡើងជណ្ដើរ+ក្រុងដាវីឌ+ ដែលនៅក្បែរជម្រាលកំពែងប៉ែកខាងលើវិមានដាវីឌ ហើយឆ្ពោះទៅទ្វារទឹក+ដែលនៅប៉ែកខាងកើត។
៣៨ ឯក្រុមទី២ ពួកគេដើរដង្ហែគ្នាលើកំពែងទៅខាងឆ្វេងវិញ ដោយច្រៀងថ្លែងអំណរគុណព្រះ។ ឯខ្ញុំនិងអ្នកដែលនៅសល់ពាក់កណ្ដាលទៀតដើរតាមក្រោយក្រុមអ្នកចម្រៀងនោះដែរ យើងធ្វើដំណើរកាត់តាមប៉មឡនំប៉័ង+ និងកំពែងធំ+ ៣៩ ហើយកាត់តាមទ្វារអេប្រាអ៊ីម+ ទ្វារក្រុងចាស់+ ទ្វារត្រី+ ប៉មហាណានៀល+ ប៉មម៉េអា និងទ្វារចៀម។+ បន្ទាប់មក ពួកគេបានឈប់នៅត្រង់ទ្វារអ្នកចាំយាម។
៤០ ទីបំផុត អ្នកចម្រៀងទាំងពីរក្រុម បានទៅដល់ខាងមុខវិហាររបស់ព្រះពិត ហើយខ្ញុំនិងពួកអ្នកគ្រប់គ្រងពាក់កណ្ដាលក៏ទៅដល់ទីនោះដែរ។ ៤១ ឯពួកសង្ឃដែលកាន់ត្រែក៏នៅទីនោះដែរគឺ អេលាគីម ម៉ាអាសៀ មីណាយអាមីន មីកាយ៉ា អេលីយ៉ូអ៊ីណាយ សាការី ហាណានា ៤២ ម៉ាអាសៀ សិមម៉ាយ៉ា អេលាសារ អើសាយ យេហូហេណាន ម៉ាលខាយយ៉ា អេឡាំ និងអេសឺ។ ពេលនោះ ក្រុមអ្នកចម្រៀងបានច្រៀងឡើងយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់អ៊ីសរ៉ាហៀ។
៤៣ នៅថ្ងៃនោះ គេបានជូនគ្រឿងបូជាយ៉ាងច្រើនសន្ធឹកដល់ព្រះ ហើយពួកគេសប្បាយរីករាយក្រៃលែង+ ព្រោះព្រះពិតបានធ្វើឲ្យពួកគេមានអំណរយ៉ាងខ្លាំង ទាំងស្ត្រីទាំងកូនក្មេងក៏អរសប្បាយដែរ។+ យ៉ាងនេះ នៅក្រុងយេរូសាឡិមមានសំឡេងអរសប្បាយលាន់ឮកងរំពងទៅដល់កន្លែងឆ្ងាយៗ។+
៤៤ នៅថ្ងៃដដែលនោះ មានបុរសខ្លះបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើបន្ទប់ឃ្លាំង+ដាក់វិភាគទាន+ ផលដំបូង+ និងអំណោយ១ភាគ១០។+ ពួកគេត្រូវប្រមូលភោគផលពីស្រែតាមក្រុងនានា មកដាក់ក្នុងឃ្លាំង សម្រាប់ទុកជាចំណែកដល់ពួកសង្ឃនិងពួកលេវី ស្របតាមច្បាប់តម្រូវឲ្យ។+ ពេលនោះ បណ្ដាជនក្នុងស្រុកយូដាមានអំណរជាខ្លាំង ព្រោះពួកសង្ឃនិងពួកលេវីបំពេញតួនាទីនៅឯវិហារ។ ៤៥ បន្ថែមទៀត ពួកសង្ឃនិងពួកលេវីបានបំពេញកិច្ចបម្រើរបស់ខ្លួននៅចំពោះព្រះ និងបំពេញមុខងារក្នុងការញែកឲ្យបានស្អាតបរិសុទ្ធ។ ចំណែកពួកអ្នកចម្រៀងនិងអ្នកយាមទ្វារវិញ ពួកគេក៏បំពេញភារកិច្ចរបស់ខ្លួនដែរ ស្របតាមការណែនាំពីដាវីឌនិងសាឡូម៉ូនជាកូនរបស់គាត់។ ៤៦ តាំងពីយូរមកហើយ នៅគ្រាដាវីឌនិងអេសាភ តែងតែមានពួកអ្នកដឹកនាំអ្នកចម្រៀង ក្នុងការច្រៀងសរសើរនិងការច្រៀងថ្លែងអំណរគុណដល់ព្រះ។+ ៤៧ នៅគ្រាសេរ៉ូបាបិល+និងគ្រានេហេមា បណ្ដាជនអ៊ីស្រាអែលទាំងអស់បានជូនវិភាគទាន សម្រាប់ពួកអ្នកចម្រៀង+ និងពួកអ្នកយាមទ្វារ+ ស្របតាមតម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ បណ្ដាជនក៏បានជូនវិភាគទានសម្រាប់ពួកលេវីដែរ។+ ឯពួកលេវីវិញ ពួកគេបានជូនវិភាគទានសម្រាប់កូនចៅអេរ៉ុន។