សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១៣ នេះជាលើកទី៣ហើយដែលខ្ញុំប្រុងប្រៀបខ្លួនទៅឯអ្នករាល់គ្នា។ «ចូរឲ្យគ្រប់រឿងទាំងអស់បានត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរនាក់ឬបីនាក់»។+ ២ ទោះជាខ្ញុំនៅឆ្ងាយពីអ្នករាល់គ្នាក៏ដោយ ចូរស្ដាប់ពាក្យរបស់ខ្ញុំហាក់ដូចជាខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជាលើកទី២។ ដូច្នេះ ខ្ញុំសូមព្រមានពួកអ្នកដែលបានធ្វើខុស*ពីមុននិងអ្នកឯទៀតទាំងអស់ ទុកជាមុនថា ប្រសិនបើខ្ញុំមកម្ដងទៀត ខ្ញុំនឹងមិនប្រណីពួកគេទេ ៣ ដោយសារអ្នករាល់គ្នាចង់ឃើញភ័ស្តុតាងដែលបញ្ជាក់ថា គ្រិស្តកំពុងមានប្រសាសន៍តាមរយៈខ្ញុំ គឺលោកមិនមែនអន់ខ្សោយចំពោះអ្នករាល់គ្នាទេ តែលោកខ្លាំងក្លាក្នុងចំណោមអ្នករាល់គ្នា។ ៤ ប្រាកដណាស់ លោកបានត្រូវគេប្រហារជីវិតលើបង្គោលឈើ ដោយសារភាពទន់ខ្សោយ តែលោកមានជីវិតរស់នៅដោយសារឫទ្ធានុភាពរបស់ព្រះ។+ ពិតមែន យើងក៏ទន់ខ្សោយជាមួយនឹងលោកដែរ តែយើងនឹងរស់ជាមួយនឹងលោក+ដោយសារឫទ្ធានុភាពរបស់ព្រះសណ្ឋិតលើអ្នករាល់គ្នា។+
៥ ចូរពិនិត្យពិចារណាអំពីខ្លួនឥតឈប់ ដើម្បីឲ្យដឹងថាអ្នកកំពុងកាន់ខ្ជាប់តាមជំនឿឬយ៉ាងណា។ ចូរសឲ្យឃើញជានិច្ចថាអ្នកជាមនុស្សបែបណា។+ តើអ្នករាល់គ្នាមិនទទួលស្គាល់ថាលោកយេស៊ូគ្រិស្តរួបរួមជាមួយនឹងអ្នករាល់គ្នាទេឬ? អ្នករាល់គ្នាគួរតែទទួលស្គាល់ លើកលែងតែព្រះមិនពេញចិត្តអ្នករាល់គ្នាទៀត។ ៦ ខ្ញុំពិតជាសង្ឃឹមថាអ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះពេញចិត្តយើង។
៧ យើងអធិដ្ឋានទៅព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើអំពើអាក្រក់ណាមួយឡើយ មិនមែនដើម្បីឲ្យអ្នកឯទៀតពេញចិត្តយើងទេ តែដើម្បីឲ្យអ្នករាល់គ្នាធ្វើអំពើល្អ ទោះជាអ្នកឯទៀតមិនពេញចិត្តយើងក៏ដោយ។ ៨ ព្រោះយើងមិនអាចប្រឆាំងសេចក្ដីពិតបានឡើយ មានតែធ្វើអ្វីដែលគាំទ្រសេចក្ដីពិតប៉ុណ្ណោះ។ ៩ យើងពិតជាអរសប្បាយពេលដែលអ្នករាល់គ្នាមានកម្លាំងខ្លាំងក្លា ទោះជាដំណាលគ្នានោះយើងខ្សោយក៏ដោយ។ យើងតែងតែអធិដ្ឋានសូមឲ្យអ្នករាល់គ្នាកែតម្រង់ខ្លួនឡើងវិញ។ ១០ ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលដែលខ្ញុំមិននៅជាមួយនឹងអ្នករាល់គ្នា ដើម្បីកុំឲ្យខ្ញុំត្រូវប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ព្រោះលោកម្ចាស់បានផ្ដល់អំណាចឲ្យខ្ញុំ+ពង្រឹងអ្នករាល់គ្នា មិនមែនបំផ្លាញអ្នករាល់គ្នាទេ។
១១ ជាទីបញ្ចប់ បងប្អូនអើយ ចូរបន្តអរសប្បាយ ទទួលការកែតម្រង់ ទទួលការសម្រាលទុក្ខ+ មានគំនិតឯកភាព+ មានរបៀបរស់នៅដែលធ្វើឲ្យមានសេចក្ដីសុខសាន្ត។+ យ៉ាងនេះ ព្រះនៃសេចក្ដីស្រឡាញ់និងសេចក្ដីសុខសាន្ត+ នឹងនៅជាមួយនឹងអ្នករាល់គ្នា។ ១២ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើប។* ១៣ ពួកអ្នកបរិសុទ្ធទាំងអស់ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
១៤ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្ត សេចក្ដីស្រឡាញ់របស់ព្រះ និងការរួមចំណែកក្នុងឫទ្ធានុភាពបរិសុទ្ធ នៅជាមួយនឹងអ្នកទាំងអស់គ្នា។