អេសាយ
៨ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ «ចូរយកបន្ទះឈើធំមួយមក+ រួចយកដែកចារមកសរសេរលើនោះថា‹ម៉ាហឺសាឡាលហាសបាស›។* ២ រួចខ្ញុំនឹងឲ្យសាក្សីស្មោះត្រង់ពីរនាក់ សរសេរបញ្ជាក់នូវសំណេររបស់អ្នក គឺអ៊ូរី+ជាសង្ឃ និងសាការីជាកូនយេបេរេគា»។
៣ ក្រោយនោះ ខ្ញុំ*បានរួមដំណេកជាមួយនឹងប្រពន្ធខ្ញុំដែលជាអ្នកប្រកាសទំនាយ ហើយនាងក៏មានផ្ទៃពោះ។ ក្រោយមក នាងសម្រាលបានកូនប្រុសមួយ។+ រួចព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ «ចូរដាក់ឈ្មោះកូននេះថាម៉ាហឺសាឡាលហាសបាស ៤ ព្រោះមុនកូននេះចេះហៅ‹ពុក›និង‹ម៉ែ›នោះ ទ្រព្យទាំងអស់នៅក្រុងដាម៉ាស់និងធនធាននៅក្រុងសាម៉ារី នឹងត្រូវដឹកជញ្ជូនទៅនៅចំពោះមុខស្ដេចស្រុកអាស៊ីរី»។+
៥ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀតថា៖
៦ «ដោយសារប្រជាជាតិនេះមិនបានទទួលស្គាល់ប្រភពទឹកសៃឡោ*+ដែលហូររឹមៗ
តែបែរជាត្រេកអរនឹងរេសិននិងកូនរេម៉ាលៀទៅវិញ+
៧ ហេតុនេះ ព្រះយេហូវ៉ានឹងចាត់ស្ដេចអាស៊ីរី+ដ៏ខ្លាំងក្លា
ព្រមទាំងកងទ័ពដ៏អង់អាចរបស់គាត់ មកច្បាំងនឹងពួកគេ។
ស្ដេចនោះនឹងមកយ៉ាងលឿនដូចជាកម្លាំងទឹកដ៏ធំសម្បើមនៃទន្លេអឺប្រាត
ដែលហូរជន់លិចច្រាំងទាំងអស់
៨ និងហូរកាត់ស្រុកយូដាទាំងមូល។
ស្ដេចនោះប្រៀបដូចជាទឹកជំនន់ដែលហូរកាត់ស្រុកយូដាហើយជន់ឡើងលិចដល់ត្រឹមក+
ឱអេម៉ាញូអែលអើយ!
ដូចបក្សី ស្លាបដ៏ធំរបស់គាត់នឹងគ្របពេញស្រុកអ្នកហើយ»។+
៩ ចូរបំផ្លាញពួកគេទៅ តែអ្នកនឹងត្រូវគេបំផ្លាញវិញ។
ចូរស្ដាប់ចុះ! ឱអស់អ្នកដែលមកពីចុងផែនដីអើយ!
ចូរត្រៀមប្រយុទ្ធចុះ! តែអ្នកនឹងត្រូវបំបាក់បំបែកឲ្យខ្ទេចខ្ទី!+
ចូរត្រៀមច្បាំងចុះ! តែអ្នកនឹងត្រូវបំផ្លិចបំផ្លាញចោល!
១០ ចូររៀបចំគម្រោងការចុះ តែនោះមិនបានសម្រេចទេ!
១១ ពេលព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំ ឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកបានសណ្ឋិតលើខ្ញុំ ហើយលោកបានព្រមានខ្ញុំកុំឲ្យដើរតាមគន្លងរបស់បណ្ដាជននេះ ដោយមានប្រសាសន៍ថា៖
១២ «អ្វីដែលបណ្ដាជននេះចាត់ទុកថាក្បត់ អ្នកមិនត្រូវចាត់ទុកជាការក្បត់ទេ!
អ្វីដែលពួកគេភ័យខ្លាច អ្នកមិនត្រូវខ្លាច និងភ័យតក់ស្លុតឡើយ។
១៣ មានតែព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌តែមួយប៉ុណ្ណោះដែលអ្នកគួរចាត់ទុកថាបរិសុទ្ធ+
មានតែលោកប៉ុណ្ណោះដែលអ្នកគួរកោតខ្លាច
មានតែលោកប៉ុណ្ណោះដែលអ្នកគួរភ័យតក់ស្លុត»។+
១៤ លោកនឹងទៅជាទីបរិសុទ្ធ តែជាថ្មដែលនាំឲ្យជំពប់
និងជាថ្មដាដែលនាំឲ្យដួល+
ចំពោះរាជាណាចក្រទាំងពីរនៃអ៊ីស្រាអែល
លោកជាលប់និងអន្ទាក់ ចំពោះពួកអ្នកក្រុងយេរូសាឡិម។
១៥ ពួកគេជាច្រើននឹងជំពប់ដួល ហើយរងរបួសធ្ងន់
ពួកគេនឹងធ្លាក់ក្នុងអន្ទាក់ ហើយជាប់លប់ជាមិនខាន។
១៦ ចូរមូរទុកសេចក្ដីបញ្ជាក់នេះ
ហើយបិទត្រាលើច្បាប់*នេះទុកជាមួយនឹងពួកអ្នកកាន់តាមខ្ញុំចុះ!
១៧ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា+ ហើយសង្ឃឹមលើលោកជានិច្ច ទោះជាលោកបែរមុខចេញពីពូជពង្សយ៉ាកុបក៏ដោយ។+
១៨ មើល! ខ្ញុំនិងកូនៗដែលព្រះយេហូវ៉ាបានប្រគល់ឲ្យនោះ+ ពួកយើងជាសញ្ញាសម្គាល់+ក្នុងស្រុកអ៊ីស្រាអែល ហើយជាការអស្ចារ្យពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ដែលអាស្រ័យនៅភ្នំស៊ីយ៉ូន។
១៩ ប្រសិនបើពួកគេប្រាប់អ្នកថា៖ «ចូរទៅសួរគ្រូខាបឬគ្រូទាយដែលបញ្ចេញសំឡេងតូចខ្សាវៗនោះទៅ» តើអ្នកគួរទៅឬទេ? បណ្ដាជនគួរទៅសួរព្រះរបស់ពួកគេ មែនទេ? ហេតុអ្វីទៅសួរមនុស្សស្លាប់ដើម្បីជាប្រយោជន៍ដល់មនុស្សរស់ដូច្នេះ?+ ២០ ផ្ទុយទៅវិញ ពួកគេគួរទទួលការណែនាំពីច្បាប់របស់ព្រះនិងសេចក្ដីបញ្ជាក់របស់លោកវិញ!
ពេលពួកគេមិនធ្វើតាមការណែនាំនេះ ពួកគេគ្មានពន្លឺឡើយ។+ ២១ បុគ្គលម្នាក់ៗនឹងឆ្លងកាត់ស្រុកនេះទាំងវេទនានិងអត់ឃ្លាន+ ហើយដោយសារគាត់ឃ្លាននិងខឹងផងនោះ គាត់នឹងសម្លឹងមើលទៅលើ ហើយដាក់បណ្ដាសាស្ដេចនិងព្រះរបស់ខ្លួន។ ២២ បន្ទាប់មក គាត់នឹងសម្លឹងទៅក្រោម មើលឃើញសុទ្ធតែទុក្ខវេទនានិងភាពងងឹត ទុក្ខលំបាកនិងភាពអន្ធការ ការអាប់រស្មីនិងភាពងងឹតសូន្យសុង។