ការបើកបង្ហាញចំពោះយ៉ូហាន
១៨ បន្ទាប់ពីការនោះ ខ្ញុំឃើញទេវតាមួយទៀតចុះពីស្ថានសួគ៌*ដោយមានអំណាចខ្លាំងក្លា ហើយសិរីរុងរឿងរបស់ទេវតានោះបានបំភ្លឺផែនដី។ ២ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «នាងបានរលំហើយ! បាប៊ីឡូនដ៏ខ្លាំងក្លាបានរលំហើយ+ ក្រុងនោះបានក្លាយទៅជាលំនៅរបស់ពួកវិញ្ញាណកំណាច* និងជាកន្លែងដែលពេញទៅដោយពួកវិញ្ញាណ*ស្មោកគ្រោក ហើយជាជម្រករបស់សត្វស្លាបទាំងអស់ដែលស្មោកគ្រោកនិងដែលគួរឲ្យស្អប់ខ្ពើម!+ ៣ ព្រោះប្រជាជាតិទាំងអស់បានរងគ្រោះ ដោយសារស្រានៃកំហឹងនៃអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង+ ហើយស្ដេចទាំងឡាយនៅផែនដីបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងនាង។+ ឯពួកអ្នកជួញដូរ*នៅផែនដីបានក្លាយទៅជាអ្នកមាន ដោយសារភាពសម្បូរសប្បាយហួសហេតុរបស់នាង»។
៤ រួចខ្ញុំឮសំឡេងមួយទៀតបន្លឺពីលើមេឃ*ថា៖ «រាស្ដ្រខ្ញុំអើយ ចូរចេញពីក្រុងនោះមក+ ប្រសិនបើអ្នករាល់គ្នាមិនចង់មានចំណែកក្នុងអំពើខុសឆ្គងរបស់នាង ហើយប្រសិនបើអ្នករាល់គ្នាមិនចង់ទទួលចំណែកពីសេចក្ដីវេទនារបស់នាងទេ។+ ៥ ព្រោះអំពើខុសឆ្គងរបស់ក្រុងនោះបានគរឡើងរហូតដល់ស្ថានសួគ៌+ ហើយព្រះបាននឹកឃើញការប្រព្រឹត្តដោយអយុត្តិធម៌*របស់នាង។+ ៦ ចូរសងដល់នាងតាមដែលនាងបានធ្វើដល់គេ+ ចូរសងដល់នាង១ជា២ គឺ១ជា២នៃអ្វីដែលនាងបានធ្វើ។+ ក្នុងពែង+ដែលនាងបានលាយ ចូរលាយ១ជា២ក្នុងពែងនោះឲ្យនាងវិញ។+ ៧ នាងលើកតម្កើងខ្លួននិងរស់នៅដោយភាពសម្បូរសប្បាយហួសហេតុដល់កម្រិតណា ចូរធ្វើទារុណកម្មនាងនិងធ្វើឲ្យនាងមានទុក្ខព្រួយដល់កម្រិតនោះដែរ។ ពីព្រោះនាងនិយាយក្នុងចិត្តថា៖ ‹ខ្ញុំគ្រប់គ្រងជាមហាក្សត្រី ហើយខ្ញុំមិនមែនជាស្ត្រីមេម៉ាយទេ ខ្ញុំនឹងមិនមានទុក្ខព្រួយឡើយ›។+ ៨ ហេតុនោះហើយបានជាសេចក្ដីវេទនារបស់នាងនឹងមកក្នុងមួយថ្ងៃ គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងការអត់ឃ្លាន ហើយនាងនឹងត្រូវដុតចោលដោយភ្លើង+ ពីព្រោះព្រះយេហូវ៉ា*ជាព្រះដែលវិនិច្ឆ័យទោសនាង លោកខ្លាំងក្លា។+
៩ «ឯស្ដេចទាំងឡាយនៅផែនដី ដែលបានធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*ជាមួយនឹងនាង និងដែលបានរស់នៅដោយភាពសម្បូរសប្បាយហួសហេតុ នឹងយំគក់ទ្រូងដោយកើតទុក្ខអំពីនាង ពេលដែលពួកគេឃើញផ្សែងដែលកំពុងហុយឡើងពីការដុតនាង។ ១០ ពួកគេនឹងឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មដែលនាងបានទទួល ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា+ បាប៊ីឡូនដែលជាក្រុងមាំមួន ពីព្រោះការវិនិច្ឆ័យទោសរបស់នាងបានមកដល់ក្នុងរយៈពេលតែមួយម៉ោង!›។
១១ «ម្យ៉ាងទៀត ពួកអ្នកជួញដូរនៅផែនដីក៏យំ ហើយកើតទុក្ខអំពីនាង ពីព្រោះលែងមានអ្នកណាទិញទំនិញដែលពួកគេបានប្រមូលទុកយ៉ាងច្រើនទៀតហើយ។ ១២ ពួកគេបានប្រមូលមាស ប្រាក់ ត្បូងថ្លៃវិសេស គជ់ខ្យង ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមឆ្អៅ របស់ទាំងអស់ដែលធ្វើពីឈើក្រអូប របស់គ្រប់យ៉ាងដែលធ្វើពីភ្លុក និងរបស់សព្វបែបយ៉ាងដែលធ្វើពីឈើថ្លៃវិសេស ពីស្ពាន់ ពីដែក និងពីថ្មកែវ ១៣ ព្រមទាំងបានប្រមូលឈើអែម គ្រឿងទេសពីឥណ្ឌា គ្រឿងក្រអូប* ប្រេងក្រអូប ជ័រល្វីងទេស* ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅហ្មត់ ស្រូវសាលី ហ្វូងគោ ហ្វូងចៀម សេះ រទេះ ពួកខ្ញុំបម្រើ និងមនុស្សឯទៀត។* ១៤ ផ្លែឈើល្អៗដែលក្រុងនោះចង់បាន បានបាត់ពីក្រុងនោះទៅ។ ឯរបស់ប្រណីត និងអ្វីស្អាតៗរបស់ក្រុងនោះបានសាបសូន្យអស់ ហើយមនុស្សនឹងមិនបានឃើញអ្វីៗទាំងនោះទៀតទេ។
១៥ «រីឯពួកអ្នកជួញដូររបស់ទាំងនោះដែលបានក្លាយទៅជាអ្នកមានដោយសារនាង ពួកគេនឹងឈរនៅឆ្ងាយ ដោយសារខ្លាចទារុណកម្មដែលនាងបានទទួល។ ពួកគេនឹងយំកើតទុក្ខ ១៦ ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា ដែលមានសម្លៀកបំពាក់ក្រណាត់សាច់ល្អ ក្រណាត់ពណ៌ស្វាយ និងក្រណាត់ពណ៌ក្រហមឆ្អៅ និងមានពាក់អលង្ការមាស ត្បូងថ្លៃវិសេស និងគជ់ខ្យងជាច្រើន+ ១៧ ពីព្រោះក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្តិដ៏ហូរហៀរទាំងនោះបានត្រូវបំផ្លាញអស់ទៅ!›។
«ឯអ្នកបើកសំពៅទាំងអស់ និងមនុស្សទាំងឡាយដែលធ្វើដំណើរតាមសំពៅ និងពួកអ្នកដើរសំពៅ ហើយអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រ បានឈរនៅឆ្ងាយ។ ១៨ ពេលដែលពួកគេមើលផ្សែងហុយឡើងពីការដុតនាង ពួកគេក៏ស្រែកឡើងថា៖ ‹តើមានក្រុងណាដែលដូចក្រុងដ៏ខ្លាំងក្លានោះ?›។ ១៩ ពួកគេបាចធូលីដីលើក្បាលរបស់ខ្លួន ក៏ស្រែកយំកើតទុក្ខ ហើយនិយាយថា៖ ‹ស្ដាយណាស់! ស្ដាយណាស់! ក្រុងដ៏ខ្លាំងក្លា ជាកន្លែងដែលអស់អ្នកដែលមានសំពៅលើសមុទ្របានក្លាយទៅជាអ្នកមានដោយសារភាពស្ដុកស្ដម្ភរបស់នាង ពីព្រោះនាងបានត្រូវបំផ្លាញក្នុងរយៈពេលតែមួយម៉ោង!›។+
២០ «ឱស្ថានសួគ៌+ ពួកអ្នកបរិសុទ្ធ+ ពួកសាវ័ក* និងពួកអ្នកប្រកាសទំនាយអើយ! ចូរត្រេកអរដោយសារអ្វីដែលបានកើតឡើងដល់នាង ពីព្រោះព្រះបានវិនិច្ឆ័យក្ដីឲ្យអ្នករាល់គ្នាដោយដាក់ទោសនាងហើយ!»។+
២១ រួចមក ទេវតាខ្លាំងពូកែមួយរូបបានលើកថ្មត្បាល់កិនធំមួយ ហើយបោះទៅក្នុងសមុទ្រ ដោយនិយាយថា៖ «ក្រុងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបោះទម្លាក់ទៅយ៉ាងរហ័សដូច្នេះដែរ ហើយគ្មានអ្នកណានឹងប្រទះឃើញវាម្ដងទៀតទេ។+ ២២ គ្មានអ្នកណានឹងឮអ្នកចម្រៀងដែលច្រៀងផងដេញពិណបន្ទរផង ហើយនឹងលែងឮអ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែនៅក្នុងបាប៊ីឡូនទៀត ក៏នឹងលែងឃើញជាងជំនាញគ្រប់មុខនៅក្នុងក្រុងអ្នក ឯសូរត្បាល់កិនក៏លែងឮនៅក្នុងក្រុងអ្នកទៀតដែរ។ ២៣ ក៏នឹងលែងមានចង្កៀងភ្លឺក្នុងក្រុងអ្នកទៀត ហើយនឹងលែងមានសំឡេងកូនកំលោះកូនក្រមុំនៅក្នុងក្រុងអ្នកទៀតដែរ ពីព្រោះពួកអ្នកជួញដូរនៅក្នុងក្រុងរបស់អ្នក សុទ្ធតែជាអ្នកមានមុខមានមាត់ធំដុំនៅផែនដី និងពីព្រោះអ្នកបានបំភាន់ប្រជាជាតិទាំងអស់ ដោយការទាក់ទងនឹងពួកវិញ្ញាណអាក្រក់។+ ២៤ នៅក្នុងក្រុងនោះមានឈាមរបស់ពួកអ្នកប្រកាសទំនាយ ពួកអ្នកបរិសុទ្ធ+ និងអស់អ្នកដែលបានត្រូវសម្លាប់នៅផែនដី»។+