សៀវភៅសាំយូអែលទី២
១១ នៅដើមឆ្នាំបន្ទាប់* ពេលដែលស្ដេចនានាចេញទៅធ្វើចម្បាំង ដាវីឌបានចាត់យ៉ូអាប់ ពួកអ្នកបម្រើរបស់គាត់ និងកងទ័ពអ៊ីស្រាអែលទាំងអស់ ឲ្យទៅឡោមព័ទ្ធក្រុងរ៉ាបា+ដើម្បីបំផ្លាញពួកអាំម៉ូន។ ប៉ុន្តែ ដាវីឌមិនបានទៅទេ គាត់បន្តអាស្រ័យនៅក្រុងយេរូសាឡិម។+
២ នៅល្ងាចមួយ ដាវីឌក្រោកពីដំណេក រួចគាត់ចេញទៅឯដំបូលវិមាន។ ពេលនោះ គាត់បានឃើញស្ត្រីម្នាក់កំពុងងូតទឹក ស្ត្រីនោះស្អាតខ្លាំងណាស់។ ៣ ម្ល៉ោះហើយ ដាវីឌក៏ចាត់មនុស្សម្នាក់ឲ្យទៅស៊ើបសួរអំពីស្ត្រីនោះ ហើយអ្នកនោះបានមករាយការណ៍វិញថា៖ «នាងនោះឈ្មោះបាតសេបា+ ជាកូនស្រីរបស់អេឡែម+ និងជាប្រពន្ធរបស់អ៊ូរី+ជនជាតិហេត»។+ ៤ បន្ទាប់មក ដាវីឌចាត់គេឲ្យទៅនាំនាងមក។+ នាងបានចូលទៅជួបដាវីឌ ហើយដាវីឌបានរួមដំណេកជាមួយនឹងនាង+ (នេះកើតឡើងក្នុងអំឡុងពេលដែលនាងកំពុងធ្វើឲ្យខ្លួនស្អាតបរិសុទ្ធ)។*+ រួចមក នាងត្រឡប់ទៅផ្ទះវិញ។
៥ ក្រោយមក បាតសេបាមានផ្ទៃពោះ។ នាងបានផ្ញើសារទៅប្រាប់ដាវីឌថា៖ «ខ្ញុំមានផ្ទៃពោះ»។ ៦ ដាវីឌក៏ប្រញាប់ផ្ញើសារទៅយ៉ូអាប់ថា៖ «ចូរឲ្យអ៊ូរីជនជាតិហេតមកជួបខ្ញុំ»។ ដូច្នេះ យ៉ូអាប់ចាត់អ៊ូរីឲ្យមកជួបដាវីឌ។ ៧ ពេលអ៊ូរីមកជួបដាវីឌ ដាវីឌសួរគាត់អំពីសុខទុក្ខរបស់យ៉ូអាប់ អំពីកងទ័ព និងអំពីសភាពការណ៍សឹកសង្គ្រាម។ ៨ រួចដាវីឌនិយាយទៅអ៊ូរីថា៖ «ចូរអ្នកទៅផ្ទះសម្រាកចុះ!»។ ពេលអ៊ូរីចេញពីវិមានស្ដេច ស្ដេចបានផ្ញើអំណោយឲ្យគាត់តាមក្រោយ។ ៩ ក៏ប៉ុន្តែ អ៊ូរីមិនបានទៅផ្ទះរបស់គាត់ទេ។ គាត់បានទៅគេងនៅច្រកចូលវិមាន ជាមួយនឹងពួកអ្នកបម្រើឯទៀតរបស់ស្ដេច។ ១០ រួចមកមានគេប្រាប់ដាវីឌថា៖ «អ៊ូរីមិនបានទៅផ្ទះទេ»។ ដូច្នេះ ដាវីឌហៅអ៊ូរីមកសួរថា៖ «អ្នកទើបតែធ្វើដំណើរមកពីឆ្ងាយ ហេតុអ្វីមិនទៅសម្រាកនៅផ្ទះ?»។ ១១ អ៊ូរីឆ្លើយទៅដាវីឌថា៖ «ហឹបនៃព្រះ+ ព្រមទាំងពួកអ៊ីស្រាអែល និងពួកយូដា កំពុងស្នាក់នៅក្នុងត្រសាល។ ចំណែកយ៉ូអាប់ជាម្ចាស់របស់ខ្ញុំនិងពួកអ្នកបម្រើវិញ ពួកគាត់ស្នាក់នៅឯវាលក្នុងជំរំ។ តើឲ្យខ្ញុំទៅពិសាអាហារយ៉ាងសប្បាយនៅផ្ទះ ហើយរួមដំណេកជាមួយនឹងប្រពន្ធខ្ញុំយ៉ាងដូចម្ដេចបាន?+ ខ្ញុំសូមស្បថចំពោះមុខស្ដេចថា ខ្ញុំមិនអាចធ្វើដូច្នោះបានឡើយ!»។
១២ ដាវីឌបង្គាប់អ៊ូរីថា៖ «ថ្ងៃនេះ ចូរអ្នកស្នាក់នៅទីនេះទៀត ហើយថ្ងៃស្អែកខ្ញុំនឹងឲ្យអ្នកទៅវិញ»។ ដូច្នេះ អ៊ូរីបន្តស្នាក់នៅក្រុងយេរូសាឡិមរហូតដល់ថ្ងៃស្អែក។ ១៣ រួចមក ដាវីឌឲ្យគេទៅហៅអ៊ូរីមកពិសាអាហារពិសាស្រាជាមួយនឹងគាត់។ ដាវីឌឲ្យស្រាអ៊ូរីផឹករហូតដល់ស្រវឹង។ នាល្ងាចថ្ងៃនោះ អ៊ូរីមិនបានទៅផ្ទះទេ គាត់បានទៅសម្រាកជាមួយនឹងពួកអ្នកបម្រើរបស់ស្ដេចម្ដងទៀត។ ១៤ លុះព្រឹកឡើង ដាវីឌបានសរសេរសំបុត្រមួយឲ្យអ៊ូរីយកទៅឲ្យយ៉ូអាប់។ ១៥ ដាវីឌសរសេរក្នុងសំបុត្រនោះថា៖ «ចូរដាក់អ៊ូរីនៅជួរសមរភូមិមុខដែលមានការប្រយុទ្ធយ៉ាងស្វិតស្វាញ រួចដកទ័ពថយមកវិញ ទុកឲ្យសត្រូវសម្លាប់គាត់ចោលទៅ»។+
១៦ ក្រោយពីយ៉ូអាប់បានសង្កេតមើលក្រុងនោះយ៉ាងដិតដល់ គាត់ដាក់អ៊ូរីនៅកន្លែងដែលគាត់ដឹងថាមានសត្រូវខ្លាំងពូកែ។ ១៧ ពួកបុរសនៅក្រុងនោះបានចេញមកប្រយុទ្ធនឹងយ៉ូអាប់ ហើយបានសម្លាប់ទាហានខ្លះរបស់ដាវីឌ ក្នុងនោះមានអ៊ូរីជាជនជាតិហេតផងដែរ។+ ១៨ យ៉ូអាប់ឲ្យអ្នកនាំដំណឹងមកប្រាប់ដាវីឌនូវរឿងគ្រប់យ៉ាងដែលទាក់ទងនឹងសង្គ្រាមនោះ។ ១៩ គាត់បង្គាប់អ្នកនាំដំណឹងនោះថា៖ «ពេលអ្នកនិយាយប្រាប់ស្ដេចអំពីសភាពការណ៍សង្គ្រាមចប់សព្វគ្រប់ហើយ ២០ បើស្ដេចខឹង ហើយសួរអ្នកថា‹ហេតុអ្វីអ្នករាល់គ្នាចូលទៅច្បាំងជិតក្រុងនោះខ្លាំងម្ល៉េះ? តើអ្នករាល់គ្នាមិនដឹងទេឬថាសត្រូវនឹងបាញ់ព្រួញពីលើកំពែងក្រុង? ២១ តើអ្នករាល់គ្នាមិនចាំទេឬ ថាអ្នកណាបានសម្លាប់អាប៊ីម៉ាឡិច+កូនប្រុសរបស់យេរូបេសេត?+ តើមិនមែនជាស្ត្រីម្នាក់ដែលបានទម្លាក់ត្បាល់កិនពីលើកំពែងក្រុងថេបេសបណ្ដាលឲ្យគាត់ស្លាប់ទេឬ? ហេតុអ្វីអ្នករាល់គ្នានៅតែចូលទៅជិតកំពែងក្រុងទៀត?›។ នោះអ្នកត្រូវឆ្លើយថា៖ ‹អ៊ូរីជនជាតិហេតដែលជាអ្នកបម្រើលោកក៏ស្លាប់ដែរ›»។
២២ អ្នកនាំដំណឹងនោះក៏ទៅប្រាប់ដាវីឌតាមបង្គាប់ទាំងអស់របស់យ៉ូអាប់។ ២៣ អ្នកនាំដំណឹងប្រាប់ដាវីឌថា៖ «ពួកសត្រូវមានប្រៀបជាងយើង។ ពួកគេសម្រុកចេញមកប្រយុទ្ធនឹងយើងនៅឯវាល តែយើងវាយបកពួកគេវិញរហូតដល់ខ្លោងទ្វារកំពែងក្រុងរបស់ពួកគេ។ ២៤ ពួកខ្មាន់ធ្នូដែលនៅលើកំពែងក្រុងបានបាញ់ទាហានខាងយើង។ ទាហានខ្លះបានស្លាប់ ហើយអ៊ូរីជនជាតិហេតដែលជាអ្នកបម្រើលោកក៏ស្លាប់ដែរ»។+ ២៥ ឮដូច្នោះ ដាវីឌនិយាយទៅអ្នកនាំដំណឹងថា៖ «ចូរលើកទឹកចិត្តយ៉ូអាប់ ហើយប្រាប់គាត់ថា៖ ‹កុំព្រួយចិត្តព្រោះតែរឿងនេះឡើយ! ក្នុងសង្គ្រាម ជាការធម្មតាទេដែលមានមនុស្សស្លាប់។ ចូរតស៊ូហើយខំប្រឹងឲ្យកាន់តែខ្លាំងឡើងដើម្បីវាយឈ្នះក្រុងនោះ›»។+
២៦ ពេលប្រពន្ធរបស់អ៊ូរីឮថាប្ដីនាងស្លាប់ នាងក៏យំសោកសៅ។ ២៧ លុះចប់វេលាដែលនាងកាន់ទុក្ខហើយ ដាវីឌបានឲ្យគេទៅនាំនាងមកវិមានរបស់គាត់ ហើយនាងបានក្លាយទៅជាប្រពន្ធរបស់គាត់+ រួចបានបង្កើតកូនប្រុសមួយឲ្យគាត់។ ប៉ុន្តែ ព្រះយេហូវ៉ាមិនពេញចិត្តចំពោះទង្វើរបស់ដាវីឌទាល់តែសោះ។+