សកម្មភាពរបស់ពួកសាវ័ក
៩ ប៉ុន្តែ សុលនៅតែគំរាមពួកអ្នកកាន់តាមលោកម្ចាស់នៅឡើយ ហើយចង់សម្លាប់ពួកគាត់យ៉ាងខ្លាំង។+ ដូច្នេះ សុលបានទៅជួបសម្ដេចសង្ឃ ២ ហើយសុំសំបុត្រពីគាត់យកទៅសាលាប្រជុំទាំងប៉ុន្មាននៅក្រុងដាម៉ាស់ ដើម្បីអាចចាប់ចងអស់អ្នកណាដែលកាន់តាមផ្លូវលោកម្ចាស់+ រួចនាំមកក្រុងយេរូសាឡិម ទោះជាប្រុសឬស្រីក៏ដោយ។
៣ លុះធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺពីលើមេឃចាំងជុំវិញគាត់+ ៤ រួចគាត់ក៏ដួលដល់ដី ហើយឮសំឡេងមួយបន្លឺមកថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ ៥ គាត់សួរថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ លោកមានប្រសាសន៍ថា៖ «ខ្ញុំគឺយេស៊ូ+ ដែលអ្នកកំពុងបៀតបៀន។+ ៦ ប៉ុន្តែ ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ រួចអ្នកនឹងទទួលដំណឹងអំពីអ្វីដែលអ្នកត្រូវធ្វើ»។ ៧ ឯបុរសទាំងប៉ុន្មានដែលរួមដំណើរជាមួយនឹងគាត់ ពួកគេឈរស្ងៀមនិយាយមិនចេញ។ ពួកគេឮសំឡេងនិយាយ តែមិនឃើញអ្នកណាឡើយ។+ ៨ បន្ទាប់មក សុលបានក្រោកពីដីឡើង តែគាត់មើលអ្វីមិនឃើញសោះ ទោះជាភ្នែកគាត់នៅបើកក៏ដោយ។ ដូច្នេះ ពួកគេដឹកដៃគាត់ ហើយនាំគាត់ទៅក្រុងដាម៉ាស់។ ៩ គាត់មើលអ្វីមិនឃើញអស់រយៈពេលបីថ្ងៃ+ ក៏មិនបានបរិភោគឬផឹកអ្វីដែរ។
១០ នៅក្រុងដាម៉ាស់ មានអ្នកកាន់តាមម្នាក់ឈ្មោះអាណានាស។+ លោកម្ចាស់លេចមកឲ្យគាត់ឃើញក្នុងគំនិត ហើយមានប្រសាសន៍ទៅគាត់ថា៖ «អាណានាស!»។ គាត់ឆ្លើយថា៖ «ខ្ញុំនៅទីនេះហើយ លោកម្ចាស់»។ ១១ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរក្រោកឡើងទៅឯផ្លូវដែលហៅថាត្រង់ ហើយរកបុរសម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស+ នៅផ្ទះរបស់យូដាស។ ព្រោះមើល! គាត់កំពុងអធិដ្ឋាន ១២ ហើយក្នុងគំនិត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស មកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់អាចមើលឃើញឡើងវិញ»។+ ១៣ ប៉ុន្តែ អាណានាសតបថា៖ «លោកម្ចាស់ ខ្ញុំបានឮគេជាច្រើននាក់និយាយអំពីបុរសនេះថា គាត់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើនទៅលើពួកអ្នកបរិសុទ្ធ*របស់លោកនៅក្រុងយេរូសាឡិម។ ១៤ ពេលនេះគាត់មានអំណាចពីពួកសង្ឃនាយក ដើម្បីចាប់*អស់អ្នកណាដែលហៅរកនាមរបស់លោក»។+ ១៥ ប៉ុន្តែ លោកម្ចាស់មានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ពីព្រោះបុរសនេះប្រៀបដូចជាភាជនៈដែលខ្ញុំបានជ្រើសរើស+ ដើម្បីជាតំណាងឈ្មោះខ្ញុំនៅមុខប្រជាជាតិនានា+ ព្រមទាំងនៅមុខស្ដេចផ្សេងៗ+ និងពួកកូន*អ៊ីស្រាអែល។ ១៦ ព្រោះខ្ញុំនឹងបង្ហាញគាត់ឲ្យឃើញច្បាស់ថា គាត់ត្រូវរងទុក្ខច្រើនយ៉ាងណាដោយសារឈ្មោះរបស់ខ្ញុំ»។+
១៧ ដូច្នេះ អាណានាសចេញទៅ រួចចូលក្នុងផ្ទះនោះ ក៏ដាក់ដៃលើសុល ហើយនិយាយថា៖ «សុល បងប្រុសអើយ លោកម្ចាស់យេស៊ូដែលបានលេចមកឲ្យអ្នកឃើញតាមផ្លូវដែលអ្នកបានធ្វើដំណើរមកនោះ បានចាត់ខ្ញុំឲ្យមក ដើម្បីឲ្យអ្នកមើលឃើញឡើងវិញ ហើយឲ្យអ្នកពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ»។+ ១៨ រំពេចនោះ មានអ្វីដែលមើលទៅដូចជាស្រកាធ្លាក់ពីភ្នែកសុល ហើយគាត់ក៏មើលឃើញឡើងវិញ។ រួចមក គាត់បានក្រោកឡើង ហើយទទួលការជ្រមុជទឹក។* ១៩ បន្ទាប់មក គាត់បរិភោគ រួចមានកម្លាំងឡើងវិញ។
គាត់នៅក្រុងដាម៉ាស់ជាមួយនឹងពួកអ្នកកាន់តាមនៅទីនោះអស់ជាច្រើនថ្ងៃ+ ២០ ហើយចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗក្នុងសាលាប្រជុំនានាអំពីលោកយេស៊ូថា លោកជាបុត្ររបស់ព្រះ។ ២១ ប៉ុន្តែ អស់អ្នកដែលឮសម្ដីរបស់គាត់តាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយថា៖ «តើមិនមែនបុរសនេះទេឬ ដែលបានបៀតបៀនយ៉ាងឃោរឃៅដល់អស់អ្នកនៅក្រុងយេរូសាឡិមដែលហៅរកឈ្មោះនេះ?+ តើបុរសនេះមិនមែនមកទីនេះដើម្បីចាប់ពួកគេយកទៅឯពួកសង្ឃនាយកទេឬ?»។+ ២២ ចំណែកសុលវិញ គាត់កាន់តែពូកែឡើងៗក្នុងកិច្ចបម្រើផ្សាយ។ គាត់បានជជែកវែកញែកប្រាប់ជនជាតិយូដាដែលរស់នៅក្រុងដាម៉ាស់ ដោយបង្ហាញភ័ស្តុតាងយ៉ាងសមហេតុសមផលថាលោកយេស៊ូគឺជាគ្រិស្ត។+
២៣ លុះយូរថ្ងៃក្រោយមក ជនជាតិយូដាបានប្រឹក្សាគ្នារកវិធីសម្លាប់សុលចោល។+ ២៤ ពួកគេថែមទាំងបានចាំមើលទ្វារក្រុងយ៉ាងដិតដល់ទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់គាត់ទៀតផង។ ក៏ប៉ុន្តែ គម្រោងការអាក្រក់របស់ពួកគេបានឮដល់សុល។ ២៥ ដូច្នេះនៅពេលយប់ ពួកអ្នកកាន់តាមដាក់គាត់ក្នុងកញ្ឆេ រួចសម្រូតចុះតាមចន្លោះមួយនៃកំពែង។+
២៦ លុះទៅដល់ក្រុងយេរូសាឡិមហើយ+ សុលខំចូលរួមជាមួយនឹងពួកអ្នកកាន់តាម ប៉ុន្តែពួកគាត់ទាំងអស់គ្នាខ្លាចសុល ពីព្រោះពួកគាត់មិនជឿថាសុលជាអ្នកកាន់តាមទេ។ ២៧ ដូច្នេះ បាណាបាស+បានមកជួយសុល ហើយនាំគាត់ទៅឯពួកសាវ័ក រួចរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីការដែលសុលបានឃើញលោកម្ចាស់ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ+ និងអំពីប្រសាសន៍របស់លោកទៅកាន់គាត់។ បាណាបាសក៏ប្រាប់ដែរអំពីការដែលសុលបាននិយាយយ៉ាងក្លាហានដោយនូវនាមលោកយេស៊ូនៅក្រុងដាម៉ាស់។+ ២៨ ដូច្នេះ សុលនៅជាមួយនឹងពួកគាត់តទៅទៀត ហើយដើរដោយសេរីនៅក្នុងក្រុងយេរូសាឡិមទាំងនិយាយយ៉ាងក្លាហានដោយនូវនាមរបស់លោកម្ចាស់។ ២៩ គាត់បាននិយាយនិងជជែកតវ៉ាជាមួយនឹងជនជាតិយូដាដែលនិយាយភាសាក្រិច។ ប៉ុន្តែ ពួកគេប៉ុនប៉ងសម្លាប់គាត់។+ ៣០ ពេលដែលបងប្អូនដឹងអំពីរឿងនេះ ពួកគាត់ក៏នាំសុលចុះទៅក្រុងសេសារៀ រួចឲ្យគាត់ចេញដំណើរទៅក្រុងតើសុស។+
៣១ បន្ទាប់មក ក្រុមជំនុំទាំងមូលនៃតំបន់យូឌា ស្រុកកាលីឡេ និងស្រុកសាម៉ារី+ មានសេចក្ដីសុខសាន្តមួយគ្រា ហើយបានត្រូវពង្រឹងឲ្យមាំមួនឡើង។ ពួកគេរស់នៅដោយកោតខ្លាចព្រះយេហូវ៉ា* ហើយទទួលកម្លាំងពីឫទ្ធានុភាពបរិសុទ្ធ+ ព្រមទាំងបានចម្រើនឡើងជានិច្ច។
៣២ កាលដែលពេត្រុសកំពុងធ្វើដំណើរកាត់តាមគ្រប់តំបន់ គាត់ក៏បានចុះទៅឯពួកអ្នកបរិសុទ្ធនៅក្រុងលីដាដែរ។+ ៣៣ នៅទីនោះគាត់ឃើញបុរសម្នាក់ឈ្មោះអេនាស ដែលបានដេកលើគ្រែងើបមិនរួចអស់៨ឆ្នាំ ព្រោះគាត់ស្លាប់ដៃស្លាប់ជើង។ ៣៤ រួចពេត្រុសនិយាយទៅគាត់ថា៖ «អេនាស លោកយេស៊ូគ្រិស្តធ្វើឲ្យអ្នកជា។+ ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកចុះ»។+ គាត់ក៏ក្រោកឡើងភ្លាម។ ៣៥ អស់អ្នកដែលរស់នៅក្រុងលីដានិងវាលទំនាបសារ៉ុនបានឃើញគាត់ ហើយពួកគេចាប់ផ្ដើមមានជំនឿលើលោកម្ចាស់។
៣៦ ឯនៅក្រុងយ៉ុបប៉ាវិញ មានអ្នកកាន់តាមម្នាក់ឈ្មោះតាប៊ីថា ដែលមានន័យថា«ដ័រកាស»។* នាងធ្វើអំពើល្អជាបរិបូរនិងធ្វើទានជាច្រើន។ ៣៧ ប៉ុន្តែនៅគ្រានោះ នាងធ្លាក់ខ្លួនឈឺ ហើយស្លាប់។ ដូច្នេះ គេលាងជម្រះសពនាង រួចដាក់ក្នុងបន្ទប់ខាងលើ។ ៣៨ ពេលដែលពួកអ្នកកាន់តាមឮថាពេត្រុសនៅក្រុងលីដាដែលនៅជិតក្រុងយ៉ុបប៉ា នោះពួកគាត់ក៏ចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញគាត់ថា៖ «សូមមកឯយើងជាប្រញាប់»។ ៣៩ ឮដូច្នេះ ពេត្រុសក្រោកឡើង ហើយទៅជាមួយនឹងពួកគាត់។ លុះទៅដល់ ពួកគាត់នាំពេត្រុសទៅបន្ទប់ខាងលើ រួចពួកស្ត្រីមេម៉ាយបានចូលមកជិតគាត់ទាំងយំ ហើយបង្ហាញគាត់ឲ្យឃើញសម្លៀកបំពាក់ផ្សេងៗជាច្រើនដែលដ័រកាសបានដេរកាលពីនាងនៅរស់។ ៤០ រួចមក ពេត្រុសឲ្យពួកគាត់ទាំងអស់គ្នាចេញទៅក្រៅ+ រួចគាត់លុតជង្គង់អធិដ្ឋាន ហើយបែរទៅសពដោយនិយាយថា៖ «តាប៊ីថា ចូរក្រោកឡើង!»។ នាងបានបើកភ្នែក ហើយកាលដែលក្រឡេកទៅឃើញពេត្រុស នាងក៏ងើបអង្គុយ។+ ៤១ ពេត្រុសហុចដៃឲ្យនាងតោង ហើយទាញឲ្យក្រោកឡើង រួចគាត់ហៅពួកអ្នកបរិសុទ្ធនិងពួកស្ត្រីមេម៉ាយមក ហើយបង្ហាញនាងឲ្យពួកគាត់ឃើញថានាងមានជីវិតរស់នៅ។+ ៤២ រឿងនេះបានឮពេញក្រុងយ៉ុបប៉ា ហើយមនុស្សជាច្រើនបានទៅជាអ្នកជឿលោកម្ចាស់។+ ៤៣ ពេត្រុសបន្តនៅក្រុងយ៉ុបប៉ាជាច្រើនថ្ងៃទៀត ជាមួយនឹងបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកកែច្នៃស្បែក។+