សកម្មភាពរបស់ពួកសាវ័ក
១៩ កាលដែលអាប៉ូឡុស+នៅក្រុងកូរិនថូស ប៉ូលបានចុះទៅក្រុងអេភេសូរ+តាមផ្លូវមួយដែលនៅឆ្ងាយពីសមុទ្រ រួចគាត់បានរកឃើញពួកអ្នកកាន់តាមខ្លះនៅទីនោះ។ ២ ប៉ូលសួរពួកគាត់ថា៖ «ពេលដែលអ្នករាល់គ្នាបានទៅជាអ្នកជឿ តើអ្នករាល់គ្នាបានទទួលឫទ្ធានុភាពបរិសុទ្ធឬទេ?»។+ ពួកគាត់ឆ្លើយថា៖ «យើងមិនធ្លាប់ឮអំពីឫទ្ធានុភាពបរិសុទ្ធទាល់តែសោះ»។ ៣ ប៉ូលនិយាយថា៖ «បើដូច្នេះ តើអ្នករាល់គ្នាបានទទួលការជ្រមុជទឹកបែបណា?»។ ពួកគាត់និយាយថា៖ «យើងបានទទួលការជ្រមុជទឹករបស់យ៉ូហាន»។+ ៤ ប៉ូលនិយាយថា៖ «យ៉ូហានបានជ្រមុជទឹកឲ្យគេ ដើម្បីបង្ហាញថាពួកគេបានប្រែចិត្ត+ ទាំងប្រាប់ពួកគេឲ្យមានជំនឿលើលោកដែលនឹងមកក្រោយគាត់+ គឺលោកយេស៊ូ»។ ៥ ពេលឮដូច្នេះ ពួកគាត់ក៏ទទួលការជ្រមុជទឹកដោយនូវនាមរបស់លោកម្ចាស់យេស៊ូ។ ៦ រួចពេលដែលប៉ូលដាក់ដៃលើពួកគាត់ នោះពួកគាត់ទទួលឫទ្ធានុភាពបរិសុទ្ធ+ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ ព្រមទាំងប្រកាសទំនាយផងដែរ។+ ៧ សរុបទាំងអស់មានបុរសប្រហែល១២នាក់។
៨ ក្នុងអំឡុងបីខែ ប៉ូលចូលក្នុងសាលាប្រជុំ+ ហើយនិយាយយ៉ាងក្លាហាន ដោយថ្លែងសុន្ទរកថានិងខំបញ្ជាក់ហេតុផលដើម្បីឲ្យពួកគេជឿអំពីរាជាណាចក្ររបស់ព្រះ។+ ៩ ប៉ុន្តែ មានអ្នកខ្លះរឹងចចេស* ហើយមិនព្រមជឿទេ ថែមទាំងនិយាយអាក្រក់អំពីផ្លូវនៃសេចក្ដីពិត+នៅមុខបណ្ដាជនទៀតផង។ ដូច្នេះ ប៉ូលចេញពីពួកគេ+ ហើយនាំពួកអ្នកកាន់តាមទៅជាមួយ រួចថ្លែងសុន្ទរកថាជារៀងរាល់ថ្ងៃក្នុងសាលនៃសាលាទីរ៉ានុស។ ១០ គាត់បានថ្លែងសុន្ទរកថាអស់ពីរឆ្នាំ រហូតដល់អស់អ្នកដែលរស់នៅខេត្តអាស៊ី* ទាំងពួកយូដាទាំងពួកក្រិច បានឮបណ្ដាំរបស់លោកម្ចាស់។
១១ ម្ដងហើយម្ដងទៀត ព្រះបានប្រើប៉ូលឲ្យធ្វើការដែលប្រកបទៅដោយឫទ្ធានុភាពយ៉ាងអស្ចារ្យ។+ ១២ សូម្បីតែគេគ្រាន់តែយកក្រណាត់ឬអៀមរបស់ប៉ូលទៅដល់អ្នកដែលឈឺ+ អ្នកនោះក៏បានជា ហើយវិញ្ញាណអាក្រក់ក៏បានចេញពីពួកគេដែរ។+ ១៣ ប៉ុន្តែ អ្នកខ្លះពីចំណោមជនជាតិយូដាដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបណ្ដេញពួកវិញ្ញាណកំណាច ពួកគេក៏ព្យាយាមប្រើនាមលោកម្ចាស់យេស៊ូ ដោយនិយាយទៅកាន់មនុស្សដែលមានវិញ្ញាណអាក្រក់ចូលថា៖ «ខ្ញុំបង្គាប់ពួកឯងឲ្យចេញទៅ ដោយនូវនាមរបស់លោកយេស៊ូដែលប៉ូលផ្សព្វផ្សាយ»។+ ១៤ កូនប្រុស៧នាក់របស់សង្ឃនាយកជនជាតិយូដាម្នាក់ឈ្មោះស៊ីវ៉ា កំពុងធ្វើដូច្នេះដែរ។ ១៥ ប៉ុន្តែ វិញ្ញាណអាក្រក់នោះនិយាយទៅពួកគេថា៖ «ខ្ញុំស្គាល់យេស៊ូ+ ហើយដឹងថាប៉ូល+ជាអ្នកណា តែតើពួកអ្នកឯងជាអ្នកណា?»។ ១៦ លុះនិយាយចប់ បុរសដែលមានវិញ្ញាណអាក្រក់ចូល ក៏លោតទៅវាយពួកគេម្នាក់ៗ រហូតដល់ពួកគេរត់ចេញពីផ្ទះនោះទាំងរបួស ហើយគ្មានសម្លៀកបំពាក់។ ១៧ ឯមនុស្សទាំងឡាយដែលនៅក្រុងអេភេសូរ គឺទាំងពួកយូដាទាំងពួកក្រិចបានឮអំពីការនោះគ្រប់គ្នា រួចពួកគេទាំងអស់គ្នាតាំងភ័យខ្លាច ហើយនាមរបស់លោកម្ចាស់យេស៊ូបន្តទទួលការសរសើរតម្កើង។ ១៨ មនុស្សជាច្រើននាក់ដែលបានទៅជាអ្នកជឿ បានមកសារភាពប្រាប់អំពីការប្រព្រឹត្តរបស់ខ្លួនជាចំហ។ ១៩ មនុស្សជាច្រើនដែលចេះវេទមន្តបានយកសៀវភៅរបស់ពួកគេមកដាក់រួមគ្នា រួចដុតចោលនៅមុខមនុស្សទាំងអស់។+ ពួកគេសរុបតម្លៃសៀវភៅទាំងនោះឃើញថាមានតម្លៃ៥០.០០០កាក់ធ្វើពីប្រាក់។ ២០ ដូច្នេះ បណ្ដាំរបស់ព្រះយេហូវ៉ា*បន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា។+
២១ បន្ទាប់ពីការទាំងនេះ ប៉ូលបានសម្រេចចិត្តថា ក្រោយពីគាត់ធ្វើដំណើរពេញតំបន់ម៉ាសេដូន+និងខេត្តអាខេយ៉ាហើយ គាត់នឹងទៅក្រុងយេរូសាឡិម។+ គាត់និយាយថា៖ «ក្រោយពីខ្ញុំទៅដល់ទីនោះ ខ្ញុំក៏ត្រូវទៅមើលក្រុងរ៉ូមដែរ»។+ ២២ ដូច្នេះ ប៉ូលចាត់ជំនួយការពីរនាក់ គឺធីម៉ូថេ+និងអេរ៉ាធូស+ ឲ្យទៅតំបន់ម៉ាសេដូន តែគាត់បន្តស្នាក់នៅខេត្តអាស៊ីមួយរយៈពេលសិន។
២៣ នៅពេលនោះ ភាពជ្រួលច្របល់ជាខ្លាំង+បានកើតឡើងដោយសារផ្លូវនៃសេចក្ដីពិត។+ ២៤ ព្រោះបុរសម្នាក់ឈ្មោះដេមេទ្រាស ដែលជាជាងប្រាក់ បានជួយពួកជាងឲ្យទទួលកម្រៃជាច្រើន តាមរយៈការធ្វើរូបវិហារតូចៗរបស់ព្រះអាតេមីសពីប្រាក់។+ ២៥ ដេមេទ្រាសបានប្រមូលពួកគេនិងអ្នកឯទៀតដែលធ្វើការដូចនេះឲ្យមក រួចនិយាយថា៖ «អ្នករាល់គ្នាដឹងច្បាស់ថា ពួកយើងចម្រុងចម្រើនដោយសារមុខរបរនេះឯង។ ២៦ ប៉ុន្តែ ឥឡូវអ្នករាល់គ្នាឃើញនិងឮហើយ ថាប៉ូលនេះបានបញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យមានគំនិតផ្សេង មិនត្រឹមតែនៅក្រុងអេភេសូរ+ប៉ុណ្ណោះ ប៉ុន្តែសឹងតែគ្រប់កន្លែងនៅខេត្តអាស៊ី ដោយនិយាយថាព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។+ ២៧ លើសពីនោះទៅទៀត ខ្ញុំខ្លាចថាមនុស្សនឹងនិយាយអាក្រក់អំពីមុខរបររបស់យើង ហើយក៏ខ្លាចដែរថាមនុស្សចាត់ទុកវិហាររបស់ព្រះអាតេមីសដ៏ឧត្ដុង្គឧត្ដមរបស់យើងថាគ្មានតម្លៃ។ ទោះជាមនុស្សគ្រប់គ្នាក្នុងខេត្តអាស៊ីទាំងមូលនិងក្នុងផែនដីទាំងមូលគោរពបូជាដល់នាងក៏ដោយ គង់តែសិរីរុងរឿងរបស់នាងនឹងវិនាសសាបសូន្យទៅ»។ ២៨ កាលដែលឮដូច្នេះ បុរសទាំងនោះក៏មានកំហឹងក្ដៅឆួលឡើង ហើយចាប់ផ្ដើមស្រែកឡើងថា៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្ដុង្គឧត្ដម!»។
២៩ ដូច្នេះ ក្រុងនោះក៏ពេញទៅដោយភាពច្របូកច្របល់។ ពួកគេនាំគ្នាសម្រុកចូលសាលមហោស្រព ទាំងប្រើកម្លាំងចាប់កៃយុសនិងអារីស្ដាក+ ជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយនឹងប៉ូល អូសទៅជាមួយ។ ៣០ ចំណែកប៉ូលវិញ គាត់ចង់ចូលទៅឯបណ្ដាជន ប៉ុន្តែពួកអ្នកកាន់តាមមិនឲ្យគាត់ចូលទេ។ ៣១ សូម្បីតែអ្នកខ្លះដែលជាអ្នកចាត់ចែងពិធីបុណ្យនិងការប្រកួតកីឡា និងជាអ្នកដែលរាប់អានប៉ូល ក៏បានផ្ដាំអង្វរគាត់កុំឲ្យប្រថុយជីវិតចូលសាលមហោស្រពនោះដែរ។ ៣២ នៅទីនោះ បណ្ដាជនខ្លះស្រែកយ៉ាងនេះ ឯខ្លះទៀតស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនដឹងថាពួកគេបានមកជួបជុំគ្នាដើម្បីអ្វីទេ។ ៣៣ ដូច្នេះ ដោយសារជនជាតិយូដាបានរុញគាត់ចេញទៅខាងមុខបណ្ដាជន នោះអ្នកខ្លះបានប្រាប់អាឡិចសង់ឲ្យនិយាយ។ ម្ល៉ោះហើយ គាត់ក៏លើកដៃធ្វើសញ្ញា ហើយចង់បកស្រាយប្រាប់បណ្ដាជន។ ៣៤ ប៉ុន្តែ កាលដែលពួកគេឃើញថាគាត់ជាជនជាតិយូដា ពួកគេគ្រប់រូបស្រែកព្រមគ្នាអស់ពីរម៉ោងថា៖ «ព្រះអាតេមីសនៃក្រុងអេភេសូរគឺឧត្ដុង្គឧត្ដម!»។
៣៥ ពេលអភិបាលក្រុងបានបង្គាប់បណ្ដាជនឲ្យនៅស្ងៀមហើយ គាត់និយាយថា៖ «អ្នកក្រុងអេភេសូរអើយ មនុស្សជាតិទាំងអស់ដឹងថាក្រុងអេភេសូរជាអ្នករក្សាវិហាររបស់ព្រះអាតេមីសដ៏ឧត្ដុង្គឧត្ដមនិងរូបចម្លាក់ដែលបានធ្លាក់ពីលើមេឃ មែនទេ? ៣៦ ដោយសារគ្មានអ្នកណាអាចតវ៉ាអំពីការទាំងនេះបាន នោះគប្បីឲ្យអ្នករាល់គ្នានៅស្ងៀម ហើយមិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ។ ៣៧ ព្រោះអ្នករាល់គ្នាបានយកបុរសទាំងនេះមក តែពួកគេមិនបានប្លន់វិហាររបស់យើង ហើយក៏មិនបាននិយាយប្រមាថព្រះរបស់យើងដែរ។ ៣៨ ម្ល៉ោះហើយ ប្រសិនបើដេមេទ្រាស+និងពួកជាងដែលធ្វើការដូចគាត់មានរឿងក្ដីជាមួយនឹងអ្នកណាម្នាក់ ចូរឲ្យពួកគេប្ដឹងគ្នាចុះ ព្រោះមានតុលាការសម្រាប់វិនិច្ឆ័យក្ដី ហើយក៏មានអភិបាលខេត្តដែរ។ ៣៩ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមានរឿងផ្សេងទៀត នោះត្រូវសម្រេចក្នុងការប្រជុំជាផ្លូវការ។ ៤០ ពីព្រោះយើងអាចត្រូវគេចោទពីបទបំបះបំបោរដោយសារការនេះ ព្រោះគ្មានមូលហេតុណាមួយដែលយើងអាចប្រាប់គេស្ដីអំពីហេតុដែលមនុស្សមកប្រជុំគ្នាឥតសណ្ដាប់ធ្នាប់ដូច្នេះទេ»។ ៤១ លុះនិយាយការទាំងនេះចប់ហើយ គាត់រំសាយអង្គប្រជុំ។