យ៉ូប
១៥ អេលីផាស+ជាអ្នកស្រុកថេម៉ានឆ្លើយតបថា៖
២ «តើមនុស្សដែលមានប្រាជ្ញានឹងតវ៉ាដោយពាក្យឥតខ្លឹមសារឬ?
តើមនុស្សដែលមានប្រាជ្ញានឹងមានចិត្តពោរពេញទៅដោយគំនិតអាក្រក់ឬ?*
៣ ការខំប្រដៅតម្រង់ដោយពាក្យបែបនោះគឺអសារឥតការ
ហើយសម្ដីបែបនោះគ្មានប្រយោជន៍ទាល់តែសោះ។
៤ អ្នកធ្វើឲ្យការគោរពកោតខ្លាចចំពោះព្រះចុះខ្សោយ
ហើយធ្វើឲ្យអ្នកឯទៀតលែងអើពើនឹងព្រះ។
៥ ព្រោះអ្នកធ្វើខុស ទើបអ្នកនិយាយបែបនេះ
អ្នកពោលពាក្យលាក់កំណួច។
៦ មាត់របស់អ្នកផ្ដន្ទាទោសអ្នក មិនមែនខ្ញុំទេ
សម្ដីរបស់អ្នកផ្ទាល់ជាភ័ស្តុតាងចងខ្លួនអ្នក។+
៧ តើអ្នកជាមនុស្សទី១ដែលកើតមកឬ?
តើអ្នកកើតមុនអស់ទាំងភ្នំតូចៗឬ?
៨ តើអ្នកស្ដាប់ឮកិច្ចពិភាក្សាសម្ងាត់របស់ព្រះឬ?
តើមានតែអ្នកប៉ុណ្ណោះឬដែលមានប្រាជ្ញា?
៩ តើមានអ្វីដែលអ្នកដឹង ហើយពួកយើងមិនដឹង?+
តើមានអ្វីដែលអ្នកយល់ ហើយពួកយើងមិនយល់?
១០ ពួកយើងមានទាំងអ្នកសក់ស មានទាំងអ្នកវ័យចាស់+
ជាអ្នកដែលមានអាយុច្រើនជាងឪពុកអ្នកទៅទៀត។
១១ តើអ្នកគិតថាពាក្យសម្រាលទុក្ខពីព្រះ
និងសម្ដីទន់ភ្លន់មិនល្មមគ្រប់គ្រាន់សម្រាប់អ្នកទេឬ?
១២ ហេតុអ្វីអ្នកឲ្យអារម្មណ៍គ្រប់គ្រងចិត្តរបស់អ្នក?
ហេតុអ្វីក្រសែភ្នែករបស់អ្នកពោរពេញទៅដោយកំហឹង?
១៣ ដោយសារអ្នកខឹងព្រះ
បានជាអ្នកបណ្ដោយឲ្យពាក្យបែបនោះចេញពីមាត់របស់អ្នក។
១៤ តើមនុស្សអាចស្អាតបរិសុទ្ធនៅចំពោះព្រះបានទេ?
តើមនុស្សដែលកើតពីស្ត្រីអាចជាមនុស្សសុចរិតដូចម្ដេចបាន?+
១៦ ទម្រាំមនុស្សដែលគួរឲ្យស្អប់ខ្ពើមនិងមិនស្អាតស្អំ
ជាអ្នកដែលផឹកសេចក្ដីទុច្ចរិតដូចផឹកទឹក
លោកច្បាស់ជាចាត់ទុកថាមិនបរិសុទ្ធជាងនោះទៅទៀត!+
១៧ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងប្រាប់អ្នក! ខ្ញុំនឹងរៀបរាប់អ្វីដែលខ្ញុំបានឃើញ
១៨ ជារឿងដែលមនុស្សមានប្រាជ្ញាបានឮពីបុព្វបុរសពួកគេ+
ពួកគេតំណាលរឿងទាំងនោះដោយមិនលាក់លៀមឡើយ។
១៩ មានតែបុព្វបុរសរបស់ពួកគេប៉ុណ្ណោះដែលបានទទួលទឹកដីនោះ
គ្មានអ្នកក្រៅណាចូលមកក្នុងចំណោមពួកគេទេ។
២០ មនុស្សទុច្ចរិតនិងឃោរឃៅរងទុក្ខវេទនាអស់មួយជីវិត
គាត់ជួបទុក្ខលំបាករហូតដល់ថ្ងៃស្លាប់។
២១ នៅគ្រាមានសេចក្ដីសុខសាន្ត ក្រុមចោរប្លន់វាយប្រហារគាត់
គាត់ឮសំឡេងដ៏គួរឲ្យតក់ស្លុត។+
២២ គាត់ដឹងថាគាត់មិនអាចរួចផុតពីភាពងងឹតទេ+
គាត់បានត្រូវទុកឲ្យស្លាប់ដោយមុខដាវ។
២៣ គាត់ខំស្វះស្វែងរកអាហារ ហើយពោលថា៖ «តើអាហារនៅឯណា?»
គាត់ដឹងជាក់ថាថ្ងៃនៃភាពងងឹតជិតមកដល់។
២៤ គាត់ភ័យតក់ស្លុតព្រោះមានទុក្ខកង្វល់និងទុក្ខព្រួយឥតឈប់ឈរ
ទុក្ខទាំងនោះមកគ្របសង្កត់គាត់ ប្រៀបដូចជាស្ដេចប្រមូលកម្លាំងមកវាយសង្គ្រុប។
២៥ ព្រោះគាត់ហ៊ានលើកដៃតទល់នឹងព្រះ
គាត់ព្យាយាមប្រឆាំងលោក*ដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
២៦ គាត់ជម្នះរត់ឆ្ពោះទៅឯលោក
ទាំងកាន់ខែលយ៉ាងក្រាស់ទៅជាមួយផង។
២៧ មុខរបស់គាត់ឡើងធាត់*
ពោះរបស់គាត់ឡើងធំ។
២៨ គាត់អាស្រ័យនៅក្នុងក្រុងដែលនឹងត្រូវបំផ្លាញ
គាត់នៅក្នុងផ្ទះដែលនឹងគ្មានមនុស្សរស់នៅ
ហើយសំណង់ទាំងនោះនឹងក្លាយទៅជាគំនរថ្ម។
២៩ គាត់នឹងមិនបានទៅជាអ្នកមាន ហើយទ្រព្យសម្បត្តិគាត់នឹងមិនកើនឡើងឡើយ
ចំណែកឯធនធានរបស់គាត់ ក៏នឹងមិនចម្រុងចម្រើនក្នុងស្រុកដែរ។
៣០ គាត់នឹងមិនជៀសផុតពីភាពងងឹតទេ
អណ្ដាតភ្លើងនឹងធ្វើឲ្យមែកខ្ចី*របស់គាត់ក្រៀមស្វិត
ហើយគាត់នឹងវិនាសទៅដោយសម្ទុះខ្យល់ពីមាត់របស់ព្រះ។+
៣១ គាត់មិនគួរវង្វេងចេញ ហើយទុកចិត្តលើអ្វីដែលឥតប្រយោជន៍ទេ
ព្រោះគាត់នឹងមិនបានអ្វីមកវិញឡើយ។
៣២ បន្តិចទៀត រឿងនោះនឹងកើតឡើងចំពោះគាត់
ហើយមែករបស់គាត់នឹងមិនលូតលាស់ឡើយ។+
៣៣ គាត់នឹងប្រៀបដូចជាវល្លិទំពាំងបាយជូរដែលជ្រុះផ្លែអស់កាលនៅខ្ចីនៅឡើយ
ហើយដូចដើមអូលីវដែលរលេះផ្កា។
៣៤ ការជួបជុំរបស់មនុស្សមិនគោរពកោតខ្លាចព្រះ* គឺឥតកើតការ+
ហើយភ្លើងនឹងឆេះត្រសាលរបស់ពួកស៊ីសំណូក។
៣៥ ពួកគេបង្កើតគម្រោងអាក្រក់ ហើយប្រព្រឹត្តអំពើទុច្ចរិត
ចិត្តរបស់ពួកគេតែងរៀបឧបាយកលគ្រប់វេលា»។