សកម្មភាពរបស់ពួកសាវ័ក
៤ កាលដែលពួកគាត់ទាំងពីរនាក់កំពុងនិយាយនៅឡើយ ពួកសង្ឃ មេកងរក្សាវិហារ និងពួកសាឌូស៊ី+ បានមករកពួកគាត់។ ២ ពួកគេមួម៉ៅ ពីព្រោះពួកសាវ័កកំពុងបង្រៀនបណ្ដាជន ទាំងប្រកាសជាចំហអំពីការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។+ ៣ ដូច្នេះ អ្នកទាំងនោះបានចាប់ពួកគាត់ ហើយឃុំទុក+រហូតដល់ថ្ងៃស្អែក ព្រោះល្ងាចហើយ។ ៤ ប៉ុន្តែ មនុស្សជាច្រើនដែលបានស្ដាប់ពួកគាត់និយាយ ក៏បានជឿ រួចចំនួនបុរសបានកើនឡើងប្រហែល៥.០០០នាក់។+
៥ លុះស្អែកឡើង ពួកអ្នកគ្រប់គ្រង ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ បានជួបជុំគ្នានៅក្រុងយេរូសាឡិម ៦ មានទាំងអេណាស+ដែលជាសង្ឃនាយក កៃផាស+ យ៉ូហាន អាឡិចសង់ និងអស់អ្នកដែលជាសាច់ញាតិរបស់សង្ឃនាយក។ ៧ ពួកគេបានឲ្យពេត្រុសនិងយ៉ូហានមកឈរនៅកណ្ដាលពួកគេ ហើយចាប់ផ្ដើមសួរថា៖ «តើអ្នកបានធ្វើការនេះដោយអាងអំណាចអ្វី ឬដោយអាងឈ្មោះរបស់អ្នកណា?»។ ៨ បន្ទាប់មក ពេត្រុសបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ ហើយនិយាយទៅកាន់ពួកគេថា៖
«ពួកអ្នកគ្រប់គ្រងបណ្ដាជន និងពួកបុរសចាស់ទុំអើយ ៩ ប្រសិនបើថ្ងៃនេះ អ្នករាល់គ្នាសួរចម្លើយយើងអំពីការប្រព្រឹត្តល្អដែលយើងបានធ្វើដល់បុរសពិការម្នាក់+ ព្រោះចង់ដឹងថាគាត់បានជាដោយសារអ្នកណា ១០ នោះសូមអ្នកទាំងអស់គ្នា និងបណ្ដាជនអ៊ីស្រាអែលទាំងឡាយជ្រាបថា បុរសនេះឈរនៅមុខអ្នករាល់គ្នាទាំងមានរូបកាយមាំមួន ដោយសារនាមរបស់លោកយេស៊ូគ្រិស្តពីក្រុងណាសារ៉ែត+ លោកជាអ្នកដែលអ្នករាល់គ្នាបានប្រហារជីវិតលើបង្គោលឈើ+ តែព្រះបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ។+ ១១ លោកយេស៊ូនេះហើយជា‹ថ្មដែលអ្នកសាងសង់ បានចាត់ទុកថាគ្មានប្រយោជន៍ បានទៅជាថ្មដ៏សំខាន់បំផុត›។*+ ១២ ម្យ៉ាងទៀត គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាទៀតឡើយ ព្រោះនៅក្រោមមេឃ គ្មាននាមណាផ្សេងទៀត+ដែលព្រះបានផ្ដល់ក្នុងចំណោមមនុស្សជាតិ ដើម្បីឲ្យយើងរាល់គ្នាទទួលសេចក្ដីសង្គ្រោះទេ»។+
១៣ ពេលដែលពួកគេឃើញពេត្រុសនិងយ៉ូហាននិយាយដោយចិត្តក្លាហាន នោះពួកគេក៏ភ្ញាក់ផ្អើល ព្រោះយល់ឃើញថាពួកគាត់ជាជនសាមញ្ញ+ ហើយមិនបានរៀនសូត្រ*ទេ។ រួចមក ទើបពួកគេដឹងថាពួកគាត់ធ្លាប់នៅជាមួយនឹងលោកយេស៊ូ។+ ១៤ កាលដែលពួកគេមើលបុរសដែលបានជានោះឈរជាមួយនឹងពួកគាត់+ នោះពួកគេគ្មានអ្វីឆ្លើយតបទេ។+ ១៥ ដូច្នេះ ពួកគេបង្គាប់ពួកគាត់ឲ្យចេញក្រៅសាលក្រុមប្រឹក្សាជាន់ខ្ពស់* រួចពួកគេចាប់ផ្ដើមប្រឹក្សាគ្នាថា៖ ១៦ «តើយើងត្រូវធ្វើអ្វីចំពោះបុរសទាំងនេះ?+ ពីព្រោះសញ្ញាសម្គាល់ដ៏អស្ចារ្យមួយបានកើតឡើងតាមរយៈពួកគេពិតមែន ជាសញ្ញាសម្គាល់ដែលអ្នកក្រុងយេរូសាឡិមទាំងឡាយបានឃើញជាក់ស្ដែង+ ហើយយើងមិនអាចបដិសេធបានទេ។ ១៧ ទោះជាយ៉ាងនោះក៏ដោយ ចូរយើងគំរាមពួកគេ ហើយប្រាប់ថាមិនត្រូវនិយាយដោយនូវឈ្មោះនោះដល់អ្នកណាតទៅទៀតឡើយ ដើម្បីកុំឲ្យការនោះឮសុសសាយក្នុងចំណោមបណ្ដាជន»។+
១៨ លុះនិយាយចប់ ពួកគេក៏ហៅពួកគាត់មក រួចបង្គាប់ពួកគាត់មិនឲ្យនិយាយឬបង្រៀនដោយនូវនាមលោកយេស៊ូជាដាច់ខាត។ ១៩ ប៉ុន្តែ ពេត្រុសនិងយ៉ូហានតបទៅពួកគេថា៖ «បើអ្នករាល់គ្នាគិតថាការស្ដាប់បង្គាប់អ្នករាល់គ្នាជាជាងស្ដាប់បង្គាប់ព្រះ ជាអ្វីដែលព្រះចាត់ទុកជាអំពើសុចរិត នោះស្រេចលើអ្នករាល់គ្នាចុះ។ ២០ ប៉ុន្តែចំណែកយើងវិញ យើងមិនអាចឈប់និយាយអំពីអ្វីដែលយើងបានឃើញនិងបានឮទេ»។+ ២១ ដូច្នេះ ពួកគេបានគំរាមពួកគាត់ថែមទៀត រួចដោះលែងទៅ ដោយសារមិនអាចរកឃើញហេតុឲ្យដាក់ទោសពួកគាត់បាន និងដោយសារខ្លាចបណ្ដាជន+ ព្រោះបណ្ដាជនទាំងឡាយកំពុងសរសើរតម្កើងព្រះអំពីអ្វីដែលបានកើតឡើង។ ២២ ចំណែកបុរសដែលបានត្រូវធ្វើឲ្យជាដោយអព្ភូតហេតុ* គាត់មានអាយុជាង៤០ឆ្នាំហើយ។
២៣ បន្ទាប់ពីបានត្រូវដោះលែង ពួកគាត់ក៏ទៅជួបអ្នកកាន់តាមឯទៀត ហើយរៀបរាប់អំពីអ្វីដែលពួកសង្ឃនាយកនិងពួកបុរសចាស់ទុំបានប្រាប់ពួកគាត់។ ២៤ កាលដែលឮអ្វីៗទាំងនោះ ពួកគាត់ទាំងអស់គ្នាបានបន្លឺសំឡេងរួមគ្នាអធិដ្ឋានទៅព្រះថា៖
«ឱម្ចាស់ដ៏ឧត្ដមបំផុត លោកជាអ្នកដែលបានបង្កើតមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីនោះ។+ ២៥ លោកបានមានប្រសាសន៍ដោយឫទ្ធានុភាពបរិសុទ្ធរបស់លោក តាមរយៈមាត់របស់ដាវីឌជាបុព្វបុរសរបស់យើង+ និងជាអ្នកបម្រើរបស់លោកថា៖ ‹ហេតុអ្វីបានជាប្រជាជាតិទាំងឡាយចាប់ផ្ដើមជ្រួលច្របល់ ហើយជនជាតិនានាជញ្ជឹងគិតអំពីការឥតប្រយោជន៍? ២៦ ពួកស្ដេចផែនដីបានប្រុងប្រៀបតតាំង ហើយពួកអ្នកគ្រប់គ្រងបានរួមគ្នាប្រឆាំងព្រះយេហូវ៉ា*និងអ្នកដែលលោកបានរើសតាំង›។*+ ២៧ នោះបានកើតឡើងពិតមែន ព្រោះទាំងហេរ៉ូឌទាំងប៉ុនទាសពីឡាត+ ជាមួយនឹងជនជាតិផ្សេងៗនិងបណ្ដាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្រុងនេះ ដើម្បីប្រឆាំងអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូដែលលោកបានរើសតាំង។+ ២៨ ពួកគេបានជួបជុំគ្នា ហើយធ្វើអ្វីដែលលោកបានប្រកាសទុកជាមុន។ លោកបានធ្វើឲ្យការនេះកើតឡើងដោយឫទ្ធានុភាពរបស់លោក ស្របតាមបំណងប្រាថ្នារបស់លោក។+ ២៩ ឥឡូវនេះ ឱព្រះយេហូវ៉ា*អើយ សូមស្ដាប់ការគំរាមរបស់ពួកគេ ហើយសូមជួយពួកខ្ញុំបម្រើរបស់លោកឲ្យបន្តប្រកាសបណ្ដាំរបស់លោកដោយចិត្តក្លាហាន ៣០ កាលដែលលោកលាដៃដើម្បីធ្វើឲ្យមនុស្សជាសះស្បើយ ហើយកាលដែលសញ្ញាសម្គាល់និងការអស្ចារ្យកើតឡើង+ដោយនូវនាមអ្នកបម្រើបរិសុទ្ធរបស់លោក គឺលោកយេស៊ូ»។+
៣១ លុះពួកគាត់បានអធិដ្ឋានអង្វរ*ចប់ហើយ កន្លែងដែលពួកគាត់ជួបជុំគ្នាក៏រញ្ជួយ ហើយពួកគាត់ទាំងអស់គ្នាបានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ+ រួចប្រកាសបណ្ដាំរបស់ព្រះដោយចិត្តក្លាហាន។+
៣២ ម្យ៉ាងទៀត មនុស្សជាច្រើនដែលជាអ្នកជឿបានរួមចិត្តគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថាអ្វីដែលពួកគាត់មានជារបស់ខ្លួនទេ តែពួកគាត់ចែករំលែកអ្វីៗទាំងអស់ជាមួយគ្នា។+ ៣៣ ពួកសាវ័កបន្តធ្វើជាសាក្សីបញ្ជាក់យ៉ាងមានប្រសិទ្ធភាពអំពីការប្រោសលោកម្ចាស់យេស៊ូឲ្យរស់ឡើងវិញ+ ហើយពួកគាត់ទាំងអស់គ្នាបានទទួលគុណដ៏វិសេសលើសលប់យ៉ាងច្រើនពីព្រះ។ ៣៤ ក្នុងចំណោមពួកគាត់ គ្មានអ្នកណាម្នាក់ខ្វះខាតឡើយ+ ព្រោះអស់អ្នកណាដែលមានស្រែចម្ការឬផ្ទះ បានលក់យកប្រាក់ ៣៥ មកឲ្យពួកសាវ័ក។+ រួចពួកសាវ័កក៏ចែកដល់ពួកគាត់ម្នាក់ៗតាមសេចក្ដីត្រូវការ។+ ៣៦ រីឯយ៉ូសែបដែលពួកសាវ័កហៅថាបាណាបាស+ (ដែលមានន័យថា«កូននៃការសម្រាលទុក្ខ») និងជាអ្នកក្រុងគីប្រុស ពីកុលសម្ព័ន្ធលេវី ៣៧ គាត់មានដី ហើយបានលក់ដីយកប្រាក់មកឲ្យពួកសាវ័ក។+