ដើមកំណើត
២៣ សារ៉ារស់បាន១២៧ឆ្នាំ+ នេះហើយជាអាយុរបស់នាង។ ២ នាងបានស្លាប់នៅក្រុងគារីអាតអាបា+ គឺក្រុងហេប្រុន+ក្នុងស្រុកកាណាន។+ ពេលនោះ អាប្រាហាំបានយំ ហើយកើតទុក្ខយ៉ាងខ្លាំង។ ៣ រួចមក អាប្រាហាំបានក្រោកចេញពីសពប្រពន្ធគាត់ ហើយទៅនិយាយនឹងជនជាតិហេតថា៖+ ៤ «ខ្ញុំជាជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា+ ដូច្នេះសូមលក់ដីមួយកន្លែងឲ្យខ្ញុំ ដើម្បីខ្ញុំអាចបញ្ចុះសពប្រពន្ធខ្ញុំនៅទីនេះ»។ ៥ ឮដូច្នេះ ជនជាតិហេតបានឆ្លើយថា៖ ៦ «លោកម្ចាស់អើយ! សូមស្ដាប់យើងខ្ញុំសិន លោកជាអ្នកដឹកនាំដែលព្រះបានជ្រើសរើស។+ ដូច្នេះ សូមបញ្ចុះសពប្រពន្ធលោកនៅទីបញ្ចុះសពដ៏ល្អបំផុតរបស់យើងខ្ញុំចុះ យើងខ្ញុំទាំងអស់គ្នាពេញចិត្តឲ្យលោកបញ្ចុះសពប្រពន្ធលោកនៅទីនេះ»។
៧ អាប្រាហាំបានក្រោកឡើង ហើយក្រាបគោរពជនជាតិហេតដែលជាអ្នកស្រុកនោះ។+ ៨ អាប្រាហាំបាននិយាយទៅកាន់ពួកគេថា៖ «បើអ្នករាល់គ្នាយល់ព្រមឲ្យខ្ញុំបញ្ចុះសពប្រពន្ធខ្ញុំនៅស្រុកនេះមែន សូមមេត្តាជួយនិយាយនឹងអេប្រុនជាកូនសូហាឲ្យខ្ញុំផង ៩ គឺសូមឲ្យគាត់លក់រអាងម៉ាក់ពេឡាជារអាងដែលនៅចុងដីចម្ការរបស់គាត់មកឲ្យខ្ញុំ នៅមុខអ្នករាល់គ្នា។ សូមឲ្យគាត់លក់ឲ្យខ្ញុំតាមតម្លៃកំណត់ចុះ+ ដើម្បីឲ្យខ្ញុំអាចប្រើកន្លែងនោះទុកជាទីបញ្ចុះសព»។+
១០ ពេលនោះ អេប្រុនកំពុងអង្គុយនៅជាមួយនឹងជនរួមជាតិគាត់។ នៅចំពោះមុខពួកគេ និងអស់អ្នកដែលឆ្លងកាត់ខ្លោងទ្វារក្រុង+ គាត់បានឆ្លើយទៅអាប្រាហាំថា៖ ១១ «ទេ លោកម្ចាស់! សូមស្ដាប់ខ្ញុំសិន។ ខ្ញុំសូមប្រគល់ជូនដីចម្ការនិងរអាងភ្នំនេះដល់លោក។ ខ្ញុំសូមប្រគល់ឲ្យលោកនៅចំពោះមុខជនរួមជាតិរបស់ខ្ញុំ។ សូមលោកយកទុកធ្វើជាទីបញ្ចុះសពចុះ»។ ១២ ឮដូច្នោះ អាប្រាហាំបានក្រាបគោរពនៅចំពោះពួកអ្នកស្រុកនោះ ១៣ ហើយគាត់បាននិយាយទៅកាន់អេប្រុន នៅចំពោះមុខពួកគេថា៖ «សូមមេត្តាស្ដាប់ខ្ញុំសិន ខ្ញុំនឹងប្រគល់ប្រាក់ឲ្យអ្នកពេញតម្លៃសម្រាប់ដីចម្ការនេះ។ សូមទទួលយកពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំអាចប្រើទីនេះជាទីបញ្ចុះសពរបស់ប្រពន្ធខ្ញុំ»។
១៤ បន្ទាប់មក អេប្រុនឆ្លើយទៅអាប្រាហាំថា៖ ១៥ «លោកម្ចាស់ សូមស្ដាប់ខ្ញុំវិញ។ ដីនេះមានតម្លៃជាប្រាក់៤០០ហ្សេគិល* តែតម្លៃនេះមិនសំខាន់ទេ។ ដូច្នេះ សូមលោកយកធ្វើជាទីបញ្ចុះសពចុះ»។ ១៦ ពេលស្ដាប់រួច អាប្រាហាំក៏ថ្លឹងប្រាក់ចំនួន៤០០ហ្សេគិលតាមចំនួននោះ រួចប្រគល់ឲ្យអេប្រុននៅចំពោះមុខជនជាតិហេត ស្របតាមទម្ងន់ប្រាក់កំណត់ដោយអ្នកជួញដូរនៅសម័យនោះ។+ ១៧ ដូច្នេះ ដីចម្ការរបស់អេប្រុនដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ គឺចម្ការនិងរអាងភ្នំ ព្រមទាំងដើមឈើទាំងអស់ដែលនៅក្នុងចម្ការនោះ បានក្លាយទៅជា ១៨ កម្មសិទ្ធិរបស់អាប្រាហាំ ទាំងមានជនជាតិហេតនិងអស់អ្នកដែលឆ្លងកាត់ខ្លោងទ្វារក្រុង ធ្វើជាសាក្សី។ ១៩ ក្រោយមក អាប្រាហាំបានបញ្ចុះសពសារ៉ាជាប្រពន្ធគាត់ ក្នុងរអាងភ្នំដែលនៅចម្ការម៉ាក់ពេឡាខាងមុខម៉ាមរេ គឺនៅឯហេប្រុនក្នុងស្រុកកាណាន។ ២០ យ៉ាងនេះ ចម្ការនិងរអាងភ្នំនោះបានត្រូវប្ដូរពីកម្មសិទ្ធិរបស់ជនជាតិហេតទៅជាកម្មសិទ្ធិរបស់អាប្រាហាំ ទុកជាទីបញ្ចុះសពរហូតតទៅ។+