យេរេមា
៥ ចូរដើរតាមផ្លូវនានាក្នុងក្រុងយេរូសាឡិម ហើយមើលជុំវិញឲ្យបានហ្មត់ចត់
រួចរកមើលនៅទីធ្លាសាធារណៈ
បើអ្នកអាចរកឃើញបុគ្គលម្នាក់ដែលប្រព្រឹត្តដោយយុត្តិធម៌+
ជាអ្នកដែលព្យាយាមប្រព្រឹត្តស្មោះត្រង់ នោះខ្ញុំនឹងអភ័យទោសឲ្យក្រុងនេះ។
២ ទោះជាពួកគេស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅក៏ដោយ ក៏ពាក្យសម្បថរបស់ពួកគេមិនពិតដែរ។+
៣ ឱព្រះយេហូវ៉ាអើយ! លោកតែងរកមើលសេចក្ដីស្មោះត្រង់ មែនទេ?+
លោកវាយពួកគេ តែពួកគេមិនរាងចាលទេ។
លោកបានបំផ្លាញពួកគេជាច្រើន តែពួកគេមិនបានទាញមេរៀនពីការនោះទេ។+
ពួកគេមានមុខរឹងជាងថ្មទៅទៀត+ ហើយមិនព្រមកែប្រែទាល់តែសោះ។+
៤ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់ខ្លួនឯងថា៖ «ពួកអ្នកទាំងនេះច្បាស់ជាជនសាមញ្ញដែលគ្មានចំណេះដឹង។
ពួកគេប្រព្រឹត្តយ៉ាងល្ងីល្ងើណាស់ ព្រោះពួកគេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ាទេ
ពោលគឺការវិនិច្ឆ័យរបស់ព្រះនៃពួកគេ។
៥ ខ្ញុំនឹងទៅឯពួកអ្នកមានមុខមាត់ ហើយនិយាយជាមួយនឹងពួកគេ
ព្រោះពួកគេច្បាស់ជាស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា
គឺស្គាល់ការវិនិច្ឆ័យរបស់ព្រះនៃពួកគេ។+
ប៉ុន្តែ ពួកគេទាំងអស់គ្នាបានបំបាក់នឹម* ហើយកាត់ផ្ដាច់ចំណងចោល»។
៦ ហេតុនេះហើយបានជាតោនៅព្រៃចេញមកត្របាក់ពួកគេ
ហើយឆ្កែចចកនៅតំបន់ស្ងាត់ជ្រងំបំផ្លាញពួកគេ។
ឯខ្លារខិនវិញ វាបានដេកចាំនៅជិតបណ្ដាក្រុងរបស់ពួកគេ។
អ្នកណាដែលចេញពីក្រុងនោះ នឹងត្រូវវាត្របាក់ស៊ី
ព្រោះអំពើរំលងរបស់ពួកគេមានច្រើនណាស់
ហើយការប្រព្រឹត្តមិនស្មោះត្រង់របស់ពួកគេ ក៏រាប់មិនអស់ដែរ។+
៧ តើឲ្យខ្ញុំអភ័យទោសឲ្យអ្នក*ម្ដេចនឹងបានទៅ?
ព្រោះកូនចៅអ្នកបានបោះបង់ចោលខ្ញុំហើយ
ព្រមទាំងស្បថដោយនូវឈ្មោះព្រះមិនពិតទៀតផង។+
ខ្ញុំបានបំពេញសេចក្ដីត្រូវការរបស់ពួកគេ
តែពួកគេនៅតែមិនស្កប់ស្កល់ ហើយប្រព្រឹត្តអំពើផិតក្បត់ដដែល។
ពួកគេតែងតែផ្ដុំគ្នានៅផ្ទះរបស់ស្រីពេស្យា។
៨ ដូចសេះស្រែកកញ្ជ្រៀវរកញីយ៉ាងណា
នោះពួកគេក៏ឆ្លេឆ្លាតាមប្រពន្ធរបស់អ្នកឯទៀតយ៉ាងនោះដែរ។+
៩ ព្រះយេហូវ៉ាប្រកាសថា៖ «តើមិនគួរឲ្យខ្ញុំដាក់ទោសពួកគេចំពោះរឿងទាំងនេះទេឬ? តើមិនគួរឲ្យខ្ញុំសងសឹកនឹងប្រជាជាតិនេះទេឬ?»។+
១០ «ចូរឡើងមកទាស់នឹងចម្ការទំពាំងបាយជូររបស់នាង ហើយបំផ្លាញចោលទៅ តែកុំបំផ្លាញទាំងអស់ឡើយ។+
ចូរកាត់ខ្នែងរបស់នាងចេញ ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះយេហូវ៉ាទេ។
១១ ព្រោះពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដា
សុទ្ធតែក្បត់នឹងខ្ញុំហើយ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
១២ «ពួកគេមិនបានទទួលស្គាល់ព្រះយេហូវ៉ាទេ ហើយចេះតែនិយាយថា៖
‹លោកនឹងមិនធ្វើអ្វីឡើយ*+ ហើយសេចក្ដីវេទនាក៏មិនធ្លាក់មកលើយើងដែរ។
យើងនឹងមិនជួបសង្គ្រាមឬការអត់ឃ្លានទេ›។+
១៣ ពួកអ្នកប្រកាសទំនាយសុទ្ធតែឥតបានការ
ហើយប្រសាសន៍របស់ព្រះមិននៅក្នុងចិត្តពួកគេទេ។
សូមឲ្យពួកគេវិនាសសាបសូន្យទៅ!»។*
១៤ ហេតុនេះ ព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ដោយសារបុរសទាំងនេះកំពុងនិយាយដូច្នេះ
មើល! ខ្ញុំនឹងដាក់ពាក្យរបស់ខ្ញុំដែលប្រៀបដូចជាភ្លើង នៅក្នុងមាត់អ្នក+
ឯបណ្ដាជននេះប្រៀបដូចជាអុសវិញ ហើយភ្លើងនោះនឹងឆាបឆេះពួកគេ»។+
១៥ ព្រះយេហូវ៉ាប្រកាសថា៖ «ពូជពង្សអ៊ីស្រាអែលអើយ! មើល! ខ្ញុំនឹងនាំប្រជាជាតិមួយដែលនៅឆ្ងាយ ឲ្យមកទាស់នឹងអ្នក។+
ប្រជាជាតិនោះមានតាំងពីយូរមកហើយ ជាប្រជាជាតិពីបុរាណ
ពួកគេនិយាយភាសាផ្សេងដែលអ្នកមិនស្គាល់ ហើយក៏មិនយល់ដែរ។+
១៦ ពួកគេសុទ្ធតែជាអ្នកចម្បាំងដ៏អង់អាច
ហើយបំពង់ព្រួញរបស់ពួកគេប្រៀបដូចជាផ្នូរបើកចំហ។
១៧ ពួកគេនឹងដណ្ដើមយកផលដំណាំនិងស្បៀងអាហាររបស់អ្នក+
ថែមទាំងសម្លាប់កូនប្រុសកូនស្រីអ្នកទៀតផង។
ពួកគេនឹងចាប់យកហ្វូងចៀម ហ្វូងពពែ និងហ្វូងគោរបស់អ្នក
ព្រមទាំងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការល្វារបស់អ្នកទៀតផង។
ពួកគេនឹងវាយរំលំបណ្ដាក្រុងដែលមានកំពែងរឹងមាំជាក្រុងដែលអ្នករាល់គ្នាទុកចិត្ត»។
១៨ ព្រះយេហូវ៉ាប្រកាសថា៖ «ប៉ុន្តែ នៅគ្រានោះខ្ញុំនឹងមិនបំផ្លាញអ្នករាល់គ្នាទាំងស្រុងទេ។+ ១៩ ពេលពួកគេសួរថា៖ ‹ហេតុអ្វីព្រះយេហូវ៉ាជាព្រះនៃយើង បានធ្វើដូច្នេះចំពោះយើង?›។ អ្នកត្រូវឆ្លើយប្រាប់ពួកគេថា៖ ‹នេះគឺដោយសារអ្នករាល់គ្នាបានបោះបង់ចោលខ្ញុំ ហើយគោរពបម្រើដល់ព្រះដទៃនៅក្នុងស្រុកអ្នក។ ដូច្នេះ អ្នករាល់គ្នានឹងបម្រើជនជាតិដទៃនៅក្នុងស្រុករបស់ពួកគេវិញ›»។+
២០ ចូរប្រកាសពាក្យទាំងនេះដល់ពូជពង្សយ៉ាកុប
ហើយថ្លែងប្រាប់ដល់ពួកយូដាថា៖
២១ «ឱប្រជាជាតិដ៏ល្ងីល្ងើនិងខ្វះការពិចារណាអើយ! ចូរស្ដាប់ពាក្យដូចតទៅនេះ៖+
២២ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹តើអ្នករាល់គ្នាមិនកោតខ្លាចខ្ញុំទេឬ?
តើអ្នករាល់គ្នាមិនតក់ស្លុតនៅចំពោះខ្ញុំទេឬ?
គឺខ្ញុំហើយដែលបានដាក់ឆ្នេរខ្សាច់ជាដែនខណ្ឌសមុទ្រ
គឺជាច្បាប់ដ៏ស្ថិតស្ថេរដែលសមុទ្រមិនអាចឆ្លងផុតឡើយ។
ទោះជារលកបក់បោកយ៉ាងណា ក៏មិនអាចរំលងបានទេ
ទោះជារលកកញ្ជ្រោលកក្រើករំពើកយ៉ាងណា ក៏មិនអាចឆ្លងហួសបានដែរ។+
២៣ ប៉ុន្តែ ប្រជាជាតិនេះចេះតែបះបោរ និងមានចិត្តរឹងរូសជានិច្ច។
ពួកគេបានបែរទៅធ្វើតាមផ្លូវរបស់ខ្លួនវិញ។+
២៤ ពួកគេមិនបាននឹកគិតក្នុងចិត្តថា៖
«ឥឡូវ ចូរយើងកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់យើងវិញ
លោកហើយដែលបានផ្ដល់ទឹកភ្លៀងតាមរដូវ គឺទាំងដើមរដូវ ទាំងចុងរដូវ។
លោកជាអ្នកកំណត់ឲ្យមានរដូវប្រមូលផលជាទៀងទាត់សម្រាប់យើង»។+
២៥ អ្នកមិនបានទទួលអ្វីទាំងនេះ ដោយសារតែកំហុសឆ្គងរបស់អ្នក
ហើយអំពើខុសឆ្គងរបស់អ្នកបាននាំឲ្យអ្នកបង់ប្រយោជន៍។+
២៦ ព្រោះមានមនុស្សទុច្ចរិតក្នុងចំណោមរាស្ត្រខ្ញុំ។
ពួកគេចេះតែរំពៃមើល ដូចជានាយព្រានលបចាំចាប់សត្វស្លាប។
ពួកគេរាយអន្ទាក់ដើម្បីចាប់មនុស្ស។
២៧ ដូចទ្រុងដែលមានពេញដោយសត្វស្លាប
នោះផ្ទះរបស់ពួកគេក៏ពេញទៅដោយការបោកបញ្ឆោតដែរ។+
ហេតុនេះហើយបានជាពួកគេមានអំណាចនិងទ្រព្យសម្បត្តិស្តុកស្តម្ភ។
២៨ ពួកគេឡើងសាច់ ហើយធាត់រលោង
ពួកគេប្រព្រឹត្តអំពើអាក្រក់ច្រើនក្រៃលែង។
ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ពួកគេមិនជួយរកយុត្តិធម៌ឲ្យកូនកំព្រាទេ+
ហើយក៏មិនកាត់ក្ដីដោយយុត្តិធម៌ឲ្យជនក្រីក្រដែរ›»។+
២៩ ព្រះយេហូវ៉ាប្រកាសថា៖ «តើមិនគួរឲ្យខ្ញុំដាក់ទោសពួកគេចំពោះរឿងទាំងនេះទេឬ?
តើមិនគួរឲ្យខ្ញុំសងសឹកនឹងប្រជាជាតិនេះទេឬ?។
៣០ មានរឿងដ៏អាក្រក់និងគួរឲ្យរន្ធត់កើតឡើងនៅក្នុងស្រុក
៣១ គឺពួកអ្នកប្រកាសទំនាយប្រកាសពាក្យមិនពិត+
ហើយពួកសង្ឃប្រើអំណាចខ្លួន ត្រួតត្រាលើអ្នកឯទៀត។
ចំណែករាស្ត្ររបស់ខ្ញុំ ពួកគេពេញចិត្តនឹងការទាំងនោះណាស់។+
ប៉ុន្តែ ពេលដែលទីបញ្ចប់មកដល់ តើអ្នករាល់គ្នានឹងធ្វើអ្វីទៅ?»។