សៀវភៅយ៉ូហាន
១៩ រួចមក ពីឡាតឲ្យគេយកលោកយេស៊ូទៅវាយនឹងរំពាត់ខ្សែតី។+ ២ ពួកទាហានបានយកបន្លាមកក្រងធ្វើជាមកុដមួយបំពាក់លើក្បាលលោក ហើយយកសម្លៀកបំពាក់ក្រៅពណ៌ស្វាយមកបំពាក់ឲ្យលោកដែរ។+ ៣ បន្ទាប់មក ពួកទាហានចូលទៅជិតលោក ហើយចេះតែចំអកឲ្យលោកថា៖ «សូមគោរពស្ដេចនៃជនជាតិយូដា!»។ រួចពួកគេទះកំផ្លៀងលោកម្ដងហើយម្ដងទៀត។+ ៤ ពីឡាតចេញទៅក្រៅម្ដងទៀត ហើយនិយាយទៅកាន់ជនជាតិយូដាថា៖ «មើល! ខ្ញុំនាំគាត់ចេញមកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។+ ៥ ដូច្នេះ លោកយេស៊ូចេញមកក្រៅទាំងមានមកុដបន្លាលើក្បាល និងសម្លៀកបំពាក់ក្រៅពណ៌ស្វាយ។ រួចពីឡាតនិយាយទៅកាន់ពួកគេថា៖ «មើល! គឺបុរសនេះហើយ!»។ ៦ ក៏ប៉ុន្តែ ពេលដែលពួកសង្ឃនាយកនិងពួកអាជ្ញាធរឃើញលោក ពួកគេស្រែកឡើងថា៖ «ព្យួរគាត់ទៅ! ព្យួរគាត់ទៅ!»។*+ ពីឡាតនិយាយទៅពួកគេថា៖ «ចូរយកគាត់ទៅព្យួរដោយខ្លួនអ្នកចុះ ព្រោះខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។+ ៧ ជនជាតិយូដាតបថា៖ «យើងមានច្បាប់ ហើយយោងតាមច្បាប់នោះ គាត់គួរតែស្លាប់+ ពីព្រោះគាត់អះអាងថាគាត់ជាបុត្ររបស់ព្រះ»។+
៨ ពេលឮដូច្នេះ ពីឡាតក៏ខ្លាចជាងមុន។ ៩ រួចគាត់បានចូលក្នុងវិមានរបស់អភិបាលម្ដងទៀត ហើយនិយាយទៅលោកយេស៊ូថា៖ «តើអ្នកមកពីណា?»។ ប៉ុន្តែ លោកយេស៊ូមិនឆ្លើយទេ។+ ១០ ដូច្នេះ ពីឡាតសួរលោកថា៖ «តើអ្នកមិននិយាយជាមួយនឹងខ្ញុំទេឬ? តើអ្នកមិនដឹងថា ខ្ញុំមានអំណាចដោះលែងអ្នក ហើយក៏មានអំណាចប្រហារជីវិតអ្នក*ទេឬ?»។ ១១ លោកយេស៊ូតបទៅគាត់ថា៖ «អ្នកនឹងគ្មានអំណាចលើខ្ញុំទេ លុះត្រាតែអ្នកបានទទួលអំណាចពីស្ថានលើ។ ហេតុនេះ បុរសដែលបានប្រគល់ខ្ញុំឲ្យអ្នក បានធ្វើខុសធ្ងន់ជាងអ្នក»។
១២ ម្ល៉ោះហើយ ពីឡាតខំរិះរកវិធីដើម្បីដោះលែងលោក។ ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «ប្រសិនបើលោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តរបស់សេសារ*ទេ។ អ្នកណាដែលលើកខ្លួនជាស្ដេច អ្នកនោះនិយាយប្រឆាំងសេសារហើយ»។+ ១៣ ពេលពីឡាតឮពាក្យទាំងនេះ គាត់ក៏យកលោកយេស៊ូចេញមកក្រៅ រួចអង្គុយនៅកន្លែងកាត់ក្ដីដែលហៅថា ទីលានក្រាលថ្ម តែភាសាហេប្រឺហៅថាកាបបាថា។ ១៤ ថ្ងៃនោះជាថ្ងៃរៀបចំ*+សម្រាប់បុណ្យរំលង។ ពេលនោះប្រហែលជាម៉ោងទី៦។* ពីឡាតនិយាយទៅកាន់ជនជាតិយូដាថា៖ «មើល! ស្ដេចរបស់អ្នករាល់គ្នា!»។ ១៥ ក៏ប៉ុន្តែ ពួកគេស្រែកឡើងថា៖ «យកគាត់ចេញ! យកគាត់ចេញ! ព្យួរគាត់ទៅ!»។* ពីឡាតសួរពួកគេថា៖ «តើឲ្យខ្ញុំប្រហារជីវិតស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកសង្ឃនាយកឆ្លើយថា៖ «យើងគ្មានស្ដេចក្រៅពីសេសារទេ»។ ១៦ ដូច្នេះ គាត់ប្រគល់លោកឲ្យពួកគេយកទៅព្យួរលើបង្គោល។+
រួចពួកគេក៏នាំយកលោកយេស៊ូទៅ។ ១៧ លោកយេស៊ូលីបង្គោលទារុណកម្ម*ដោយផ្ទាល់ ចេញទៅឯកន្លែងហៅថាលលាដ៍ក្បាល+ ដែលភាសាហេប្រឺហៅថាកុលកូថា។+ ១៨ នៅទីនោះ ពួកគេព្យួរលោកយេស៊ូលើបង្គោល*+ ក៏ព្យួរបុរសពីរនាក់ទៀតនៅសងខាង ដោយមានលោកយេស៊ូនៅកណ្ដាល។+ ១៩ ពីឡាតសរសេរសេចក្ដីប្រកាសមួយ ហើយបិទលើបង្គោលទារុណកម្ម។* សេចក្ដីប្រកាសនោះថា៖ «យេស៊ូពីក្រុងណាសារ៉ែត ជាស្ដេចនៃជនជាតិយូដា»។+ ២០ ជនជាតិយូដាជាច្រើននាក់បានអានសេចក្ដីប្រកាសនោះ ដោយសារកន្លែងដែលគេព្យួរលោកយេស៊ូលើបង្គោលគឺនៅជិតក្រុង ហើយសេចក្ដីប្រកាសនោះបានត្រូវសរសេរជាភាសាហេប្រឺ ឡាតាំង និងក្រិច។ ២១ ក៏ប៉ុន្តែ ពួកសង្ឃនាយកនៃជនជាតិយូដានិយាយទៅកាន់ពីឡាតថា៖ «សូមកុំសរសេរថា‹ស្ដេចនៃជនជាតិយូដា› តែសូមសរសេរដូចដែលគាត់បាននិយាយថា៖ ‹ខ្ញុំជាស្ដេចនៃជនជាតិយូដា›»។ ២២ ពីឡាតតបថា៖ «ខ្ញុំសរសេរយ៉ាងណា ត្រូវទុកយ៉ាងនោះ»។
២៣ ក្រោយពីពួកទាហានបានព្យួរលោកយេស៊ូលើបង្គោល ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោក រួចចែកជាបួនផ្នែក ហើយទាហានម្នាក់ៗបានមួយផ្នែក។ ពួកគេក៏បានយកសម្លៀកបំពាក់ក្នុងរបស់លោកដែរ។ ប៉ុន្តែ សម្លៀកបំពាក់ក្នុងនោះគ្មានថ្នេរឡើយ ព្រោះបានត្រូវត្បាញពីលើចុះមក។ ២៤ ដូច្នេះ ពួកគេនិយាយគ្នាថា៖ «កុំហែកសម្លៀកបំពាក់នោះ ប៉ុន្តែចូរយើងចាប់ឆ្នោតដើម្បីដឹងថាអ្នកណានឹងបាន»។+ នេះគឺដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេយកសម្លៀកបំពាក់ក្រៅរបស់ខ្ញុំចែកគ្នា ហើយពួកគេចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ»។+ ពួកទាហានពិតជាធ្វើដូច្នោះមែន។
២៥ ឯម្ដាយរបស់លោកយេស៊ូ+ ប្អូនស្រីរបស់ម្ដាយលោក ម៉ារៀដែលជាប្រពន្ធរបស់ក្លូប៉ាស និងម៉ារៀម៉ាក់ដាឡេន ពួកនាងឈរនៅក្បែរបង្គោលទារុណកម្ម*របស់លោក។+ ២៦ ពេលដែលលោកយេស៊ូឃើញម្ដាយលោក និងអ្នកកាន់តាមដែលលោកស្រឡាញ់+កំពុងឈរនៅក្បែរ នោះលោកមានប្រសាសន៍ទៅម្ដាយលោកថា៖ «មើល! កូនរបស់អ្នកម្ដាយ!»។ ២៧ បន្ទាប់មក លោកមានប្រសាសន៍ទៅអ្នកកាន់តាមនោះថា៖ «មើល! ម្ដាយរបស់អ្នក!»។ ចាប់ពីពេលនោះមក អ្នកកាន់តាមនោះបានយកម្ដាយរបស់លោកទៅរស់នៅក្នុងផ្ទះរបស់គាត់។
២៨ បន្ទាប់ពីនោះ ពេលដែលលោកយេស៊ូជ្រាបថាការទាំងអស់បានសម្រេចហើយ តែដើម្បីសម្រេចតាមបទគម្ពីរ លោកក៏មានប្រសាសន៍ថា៖ «ខ្ញុំស្រេកទឹក»។+ ២៩ មានភាជនៈមួយនៅទីនោះដែលពេញទៅដោយស្រាជូរ។ ដូច្នេះ គេបានជ្រលក់ប្រដាប់ជក់ទឹកក្នុងស្រាជូរ រួចដាក់លើចុងដើមហ៊ីសុប* ហើយហុចដល់មាត់របស់លោក។+ ៣០ លុះបានភ្លក់ស្រាជូរនោះហើយ លោកយេស៊ូមានប្រសាសន៍ថា៖ «ការទាំងអស់បានសម្រេចហើយ!»។+ រួចលោកឱនក្បាល ហើយផុតដង្ហើមទៅ។+
៣១ ក្រោយមក ជនជាតិយូដាបានសុំឲ្យពីឡាតបំបាក់ជើងរបស់ពួកអ្នកដែលនៅជាប់បង្គោលទារុណកម្ម ហើយយកសពរបស់ពួកគេចេញ ពីព្រោះនោះជាថ្ងៃរៀបចំ+ ហើយពួកគេមិនចង់ឲ្យសពទាំងនោះនៅជាប់បង្គោលទារុណកម្ម+នៅថ្ងៃឈប់សម្រាកទេ (ព្រោះជាថ្ងៃឈប់សម្រាកធំ)។*+ ៣២ ដូច្នេះ ពួកទាហានក៏មកបំបាក់ជើងរបស់បុរសទី១ និងបុរសមួយទៀតដែលបានត្រូវព្យួរលើបង្គោលក្បែរលោក។ ៣៣ ប៉ុន្តែ ពេលដែលមកដល់លោកយេស៊ូ ពួកគេមិនបានបំបាក់ជើងលោកទេ ព្រោះឃើញថាលោកស្លាប់ហើយ។ ៣៤ ទោះជាយ៉ាងនោះក៏ដោយ ទាហានម្នាក់បានចាក់ចំហៀងខ្លួនលោកនឹងលំពែង+ ហើយឈាមនិងទឹកក៏ចេញមកភ្លាម។ ៣៥ ឯអ្នកដែលបានឃើញការនេះបានធ្វើជាសាក្សី ហើយការបញ្ជាក់របស់គាត់គឺពិត។ គាត់ក៏ដឹងថាគាត់និយាយការពិត ដើម្បីឲ្យអ្នករាល់គ្នាជឿ។+ ៣៦ ការទាំងនេះបានកើតឡើងដើម្បីសម្រេចតាមបទគម្ពីរដែលចែងថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់បានត្រូវបំបាក់ឡើយ»។+ ៣៧ បទគម្ពីរមួយទៀតចែងថា៖ «ពួកគេនឹងមើលទៅអ្នកដែលពួកគេបានចាក់ទម្លុះ»។+
៣៨ បន្ទាប់ពីការទាំងនេះ យ៉ូសែបពីក្រុងអារីម៉ាថេបានសុំពីឡាតយកសពរបស់លោកយេស៊ូ។ គាត់ជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ ប៉ុន្តែគាត់កាន់តាមលោកដោយសម្ងាត់ ដោយសារខ្លាចជនជាតិយូដា។+ ពេលពីឡាតអនុញ្ញាតហើយ គាត់ក៏មកយកសពរបស់លោកចេញ។+ ៣៩ រីឯនីកូដេម+ជាបុរសដែលធ្លាប់មកជួបលោកយេស៊ូនៅពេលយប់ គាត់ក៏បានមកដែរ ដោយយកជ័រល្វីងទេស និងគ្រឿងក្រអូបអាឡូដែលលាយស្រាប់* ប្រហែល៣៣គីឡូក្រាម*មកជាមួយផង។+ ៤០ ដូច្នេះ ពួកគេយកសពរបស់លោកយេស៊ូមករុំនឹងក្រណាត់សាច់ល្អដែលមានគ្រឿងក្រអូបទាំងនោះ+ តាមទំនៀមទម្លាប់របស់ជនជាតិយូដាក្នុងការរៀបចំបញ្ចុះសព។ ៤១ រីឯកន្លែងដែលគេបានប្រហារជីវិតលោក* មានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានទីបញ្ចុះសពថ្មី+ ដែលគេមិនទាន់ដាក់សពណាមួយនៅឡើយ។ ៤២ ដូច្នេះ ពួកគេបានដាក់លោកយេស៊ូក្នុងទីបញ្ចុះសពនោះ ដោយសារថ្ងៃនោះជាថ្ងៃរៀបចំ+របស់ជនជាតិយូដា ហើយទីបញ្ចុះសពនោះនៅជិត។