ជំរឿនបណ្ដាជន
១៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេនិងអេរ៉ុន បន្តទៀតថា៖ ២ «ព្រះយេហូវ៉ាបានឲ្យច្បាប់ដូចតទៅនេះ៖ ‹ត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេយកគោមួយក្បាលមកប្រគល់ឲ្យអ្នក គឺគោល្អឥតខ្ចោះដែលមានសម្បុរទង់ដែង+ ដែលមិនធ្លាប់មានគេទឹម។ ៣ អ្នកត្រូវឲ្យអេលាសារជាសង្ឃ ដឹកគោនោះចេញទៅក្រៅជំរំ រួចឲ្យគេសម្លាប់វានៅមុខគាត់។ ៤ បន្ទាប់មក អេលាសារជាសង្ឃត្រូវជ្រលក់ម្រាមដៃក្នុងឈាមរបស់គោនោះ រួចប្រោះ៧ដងតម្រង់ទៅច្រកចូលត្រសាលជំនុំ។+ ៥ ក្រោយនោះ ត្រូវដុតគោនោះនៅមុខគាត់ គឺត្រូវដុតទាំងសាច់ ទាំងស្បែក ទាំងឈាមនិងលាមកផង។+ ៦ រួចសង្ឃត្រូវយកឈើស៊ីដារ មែកហ៊ីសុប+ និងក្រណាត់ពណ៌ក្រហម បោះចូលទៅក្នុងភ្លើងដែលកំពុងឆាបឆេះគោនោះ។ ៧ បន្ទាប់មក សង្ឃត្រូវបោកសម្លៀកបំពាក់ខ្លួន និងងូតទឹកជម្រះកាយ។ ក្រោយនោះ គាត់អាចចូលទៅក្នុងជំរំវិញ តែគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
៨ «‹ឯអ្នកដែលដុតគោនោះ ក៏ត្រូវបោកសម្លៀកបំពាក់ខ្លួន រួចងូតទឹកសម្អាតកាយដែរ ហើយគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
៩ «‹ត្រូវឲ្យបុរសម្នាក់ដែលស្អាតបរិសុទ្ធ ទៅប្រមូលផេះគោនោះ+ រួចយកទៅដាក់នៅក្រៅជំរំត្រង់កន្លែងស្អាតបរិសុទ្ធ។ ពួកជំនុំអ៊ីស្រាអែលត្រូវទុកផេះទាំងនោះសម្រាប់លាយនឹងទឹកដើម្បីប្រើក្នុងការជម្រះឲ្យស្អាតបរិសុទ្ធ។+ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។ ១០ អ្នកដែលប្រមូលផេះនោះ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយគាត់នៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។
«‹នេះនឹងទៅជាច្បាប់ជារៀងរហូត សម្រាប់បណ្ដាជនអ៊ីស្រាអែលនិងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។+ ១១ បើអ្នកណាប៉ះសាកសពបុគ្គលម្នាក់ អ្នកនោះនឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។+ ១២ ដូច្នេះ នៅថ្ងៃទី៣ អ្នកនោះត្រូវធ្វើពិធីជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ ដោយប្រើទឹកនោះ។ យ៉ាងនេះ នៅថ្ងៃទី៧ គាត់នឹងបានស្អាតបរិសុទ្ធ។ ប៉ុន្តែ បើគាត់មិនធ្វើដូច្នេះនៅថ្ងៃទី៣ទេ នោះគាត់នឹងមិនបានស្អាតបរិសុទ្ធនៅថ្ងៃទី៧ឡើយ។ ១៣ គាត់នឹងនៅជាមិនស្អាតបរិសុទ្ធជានិច្ច ដោយសារគាត់មិនបានត្រូវប្រោះដោយទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ។+ អស់អ្នកណាដែលបានប៉ះសាកសពមនុស្ស ហើយមិនជម្រះខ្លួនឲ្យស្អាតបរិសុទ្ធទេ គាត់បានធ្វើឲ្យត្រសាលរបស់ព្រះយេហូវ៉ាទៅជាមិនស្អាតបរិសុទ្ធហើយ។+ ដូច្នេះ អ្នកនោះនឹងត្រូវកាត់ចេញ*ពីចំណោមជនរួមជាតិខ្លួន។+
១៤ «‹នៅពេលដែលមានអ្នកណាម្នាក់ស្លាប់ក្នុងត្រសាល ត្រូវធ្វើតាមច្បាប់នេះ គឺអស់អ្នកដែលនៅក្នុងត្រសាល និងអស់អ្នកដែលចូលទៅក្នុងត្រសាលនោះ នឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។ ១៥ ឯភាជនៈដែលឥតមានគម្រប ហើយនៅចំហ ក៏នឹងទៅជាមិនស្អាតបរិសុទ្ធដែរ។+ ១៦ បើអ្នកណាចេញទៅឯវាល ហើយប៉ះសាកសពមនុស្សដែលត្រូវគេសម្លាប់ដោយដាវ ឬសាកសពមនុស្សដែលស្លាប់តាមធម្មជាតិ ឬប៉ះឆ្អឹង ឬប៉ះផ្នូរ អ្នកនោះនឹងទៅជាមិនស្អាតបរិសុទ្ធអស់រយៈពេល៧ថ្ងៃ។+ ១៧ ដើម្បីជម្រះអ្នកនោះឲ្យស្អាតបរិសុទ្ធ ត្រូវឲ្យគេយកផេះខ្លះរបស់គោដែលបានត្រូវដុតជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនោះ មកលាយជាមួយទឹកស្អាតក្នុងភាជនៈមួយ។ ១៨ រួចមក ត្រូវឲ្យបុរសម្នាក់ដែលស្អាតបរិសុទ្ធ+ យកមែកហ៊ីសុប+ជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើត្រសាល លើអ្នកដែលនៅក្នុងត្រសាល និងលើភាជនៈទាំងអស់ ថែមទាំងប្រោះលើអ្នកដែលបានប៉ះសាកសពមនុស្សដែលត្រូវគេសម្លាប់ ឬប៉ះសាកសពមនុស្សដែលស្លាប់តាមធម្មជាតិ ឬប៉ះឆ្អឹង ឬប៉ះផ្នូរផងដែរ។ ១៩ បុរសដែលស្អាតបរិសុទ្ធនោះត្រូវប្រោះទឹកនោះលើអ្នកដែលមិនស្អាតបរិសុទ្ធនៅថ្ងៃទី៣ និងនៅថ្ងៃទី៧។ យ៉ាងនេះ អ្នកដែលមិនស្អាតបរិសុទ្ធនោះនឹងបានជ្រះស្អាតពីអំពើខុសឆ្គងរបស់គាត់នៅថ្ងៃទី៧។+ អ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួន រួចងូតទឹកសម្អាតកាយ ហើយនៅល្ងាចថ្ងៃនោះគាត់នឹងបានស្អាតបរិសុទ្ធឡើងវិញ។
២០ «‹ប៉ុន្តែ បើមានអ្នកណាមិនស្អាតបរិសុទ្ធ ដែលមិនព្រមជម្រះខ្លួនឲ្យស្អាតបរិសុទ្ធទេ គាត់បានធ្វើឲ្យកន្លែងបរិសុទ្ធរបស់ព្រះយេហូវ៉ាទៅជាមិនស្អាតបរិសុទ្ធហើយ។ ដូច្នេះ អ្នកនោះនឹងត្រូវកាត់ចេញពីចំណោមជនរួមជាតិខ្លួន។+ គាត់មិនស្អាតបរិសុទ្ធ ដោយសារគាត់មិនបានត្រូវប្រោះដោយទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ។
២១ «‹នេះជាច្បាប់ដែលត្រូវអនុវត្តជាដរាបតទៅ គឺអ្នកដែលប្រោះទឹកសម្រាប់ជម្រះឲ្យស្អាតបរិសុទ្ធ+ ត្រូវបោកសម្លៀកបំពាក់ខ្លួន ហើយអ្នកដែលប៉ះទឹកនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។ ២២ បើអ្នកដែលមិនស្អាតបរិសុទ្ធប៉ះអ្វីណាក៏ដោយ អ្វីនោះនឹងទៅជាមិនស្អាតបរិសុទ្ធ ហើយអ្នកណាដែលប៉ះអ្វីនោះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច›»។+