ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ
៣ ហេតុនេះ ខ្ញុំ ប៉ូល ដែលជាអ្នកទោស+ដើម្បីគ្រិស្តយេស៊ូ និងជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាជនជាតិដទៃ . . . ២ តាមពិតអ្នករាល់គ្នាបានឮហើយថា ខ្ញុំបានទទួលភារកិច្ចជួយអ្នករាល់គ្នា+ឲ្យទទួលប្រយោជន៍ពីគុណដ៏វិសេសលើសលប់របស់ព្រះ ៣ គឺអាថ៌កំបាំងដ៏ពិសិដ្ឋបានត្រូវបើកបង្ហាញដល់ខ្ញុំ ដូចខ្ញុំបានសរសេរយ៉ាងខ្លីខាងលើ។ ៤ អាស្រ័យហេតុនេះ ពេលដែលអ្នករាល់គ្នាអានសេចក្ដីនេះ អ្នករាល់គ្នាអាចដឹងថាខ្ញុំមានការយល់ដឹងយ៉ាងណាអំពីអាថ៌កំបាំងដ៏ពិសិដ្ឋ+អំពីគ្រិស្ត។ ៥ នៅជំនាន់មុនៗ ព្រះមិនបានបើកបង្ហាញអាថ៌កំបាំងនេះឲ្យមនុស្សដឹងទេ ប៉ុន្តែឥឡូវលោកបានបើកបង្ហាញដល់ពួកសាវ័កបរិសុទ្ធនិងពួកអ្នកប្រកាសទំនាយ តាមរយៈឫទ្ធានុភាពរបស់លោក។+ ៦ អាថ៌កំបាំងនោះគឺថា ជនជាតិដទៃត្រូវធ្វើជាអ្នកទទួលមត៌ករួមគ្នាជាមួយនឹងយើង ហើយជាអវយវៈនៃរូបកាយតែមួយ+ ក៏មានចំណែកក្នុងសេចក្ដីសន្យារបស់ព្រះជាមួយនឹងយើងដែរ ដោយសារពួកគេជាអ្នកកាន់តាមគ្រិស្តយេស៊ូតាមរយៈដំណឹងល្អ។ ៧ ខ្ញុំបានទៅជាអ្នកបម្រើនៃអាថ៌កំបាំងនេះ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។ លោកបានឲ្យអំណោយដ៏អស្ចារ្យនេះដល់ខ្ញុំ តាមរយៈឫទ្ធានុភាពរបស់លោក។+
៨ គុណដ៏វិសេសលើសលប់នេះបានត្រូវឲ្យដល់ខ្ញុំ+ ដែលជាអ្នកតូចជាងអ្នកតូចបំផុតក្នុងចំណោមពួកអ្នកបរិសុទ្ធ។+ នេះគឺដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អដល់ប្រជាជាតិនានា អំពីទ្រព្យសម្បត្តិរបស់គ្រិស្តដែលជាទ្រព្យសម្បត្តិដ៏អស្ចារ្យហួសពីការនឹកស្មាន ៩ ហើយដើម្បីឲ្យខ្ញុំធ្វើឲ្យមនុស្សទាំងឡាយយល់អំពីការចាត់ចែងនៃអាថ៌កំបាំងដ៏ពិសិដ្ឋ+ ជាអាថ៌កំបាំងដែលបានត្រូវលាក់ទុកតាំងពីអស់កាលដ៏យូរលង់នៅក្នុងព្រះដែលបានបង្កើតអ្វីៗទាំងអស់។ ១០ ការនេះគឺដើម្បីឲ្យរដ្ឋាភិបាលនិងអាជ្ញាធរទាំងឡាយនៅស្ថានសួគ៌ដឹងឥឡូវនេះអំពីលក្ខណៈដ៏ច្រើនអនេកនៃប្រាជ្ញារបស់ព្រះ+ តាមរយៈក្រុមជំនុំ។+ ១១ នេះស្របតាមគោលបំណងដែលមានជារៀងរហូត ដែលលោកបានគ្រោងទុកទាក់ទងនឹងគ្រិស្ត+យេស៊ូជាម្ចាស់របស់យើង។ ១២ ដោយសារយើងមានជំនឿលើគ្រិស្ត យើងអាចនិយាយដោយក្លាហាន ហើយអធិដ្ឋានទៅព្រះ+ដោយមានទំនុកចិត្ត។ ១៣ ដូច្នេះ ខ្ញុំសុំអ្នករាល់គ្នាកុំឈប់តស៊ូព្រោះតែសេចក្ដីវេទនាដែលខ្ញុំមានដើម្បីអ្នករាល់គ្នានោះឡើយ ព្រោះសេចក្ដីវេទនាទាំងនេះនាំឲ្យអ្នករាល់គ្នាទទួលកិត្តិយស។+
១៤ ហេតុនេះ ខ្ញុំលុតជង្គង់អធិដ្ឋានទៅបិតានៅស្ថានសួគ៌ ១៥ ជាបិតាដែលគ្រប់គ្រួសារនៅស្ថានសួគ៌និងនៅផែនដីមាននាមត្រកូលមកពីលោក។ ១៦ ខ្ញុំអធិដ្ឋានសុំឲ្យលោកដែលមានសិរីរុងរឿងដ៏បរិបូរ មេត្តាផ្ដល់ឫទ្ធានុភាពរបស់លោកដើម្បីធ្វើឲ្យអ្នករាល់គ្នាមានកម្លាំងចិត្តខ្លាំងក្លា+ ១៧ ហើយសុំឲ្យគ្រិស្តអាស្រ័យនៅក្នុងចិត្តអ្នករាល់គ្នាជាមួយនឹងសេចក្ដីស្រឡាញ់+ តាមរយៈជំនឿរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានចាក់ឫស+ ហើយបានតាំងឡើងលើគ្រឹះមាំមួន+ ១៨ ដើម្បីឲ្យអ្នករាល់គ្នាអាចយល់ច្បាស់ដូចពួកអ្នកបរិសុទ្ធទាំងអស់អំពីទទឹង បណ្ដោយ កម្ពស់ និងជម្រៅនៃសេចក្ដីពិត ១៩ ហើយក្នុងបំណងឲ្យអ្នករាល់គ្នាស្គាល់សេចក្ដីស្រឡាញ់របស់គ្រិស្ត+ ដែលលើសពីចំណេះដឹង ដើម្បីឲ្យអ្នករាល់គ្នាបានពេញទៅដោយគុណសម្បត្តិទាំងអស់ដែលព្រះផ្ដល់ឲ្យ។
២០ ព្រះអាចធ្វើហួសពីអ្វីៗទាំងអស់ដែលយើងសុំឬគិតឃើញ+ ដោយឫទ្ធានុភាពរបស់លោកដែលកំពុងមានសកម្មភាពក្នុងយើង+ ២១ សូមឲ្យលោកទទួលការសរសើរតម្កើងតាមរយៈក្រុមជំនុំ និងតាមរយៈគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ជារៀងរហូតតទៅ។ អាមេន។