យេរេមា
២៥ នៅឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម+ជាកូនយ៉ូសៀសជាស្ដេចស្រុកយូដា ដែលជាឆ្នាំទី១នៃរាជ្យនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន ព្រះបានមានប្រសាសន៍តាមរយៈយេរេមាស្ដីអំពីបណ្ដាជនទាំងអស់ក្នុងស្រុកយូដា។ ២ យេរេមាជាអ្នកប្រកាសទំនាយ បានប្រកាសអំពី*បណ្ដាជនក្នុងស្រុកយូដានិងអ្នកក្រុងយេរូសាឡិមទាំងអស់ថា៖
៣ «អស់រយៈពេល២៣ឆ្នាំហើយ តាំងពីឆ្នាំទី១៣នៃរាជ្យយ៉ូសៀស+ជាកូនអេម៉ុនដែលជាស្ដេចស្រុកយូដា រហូតមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំ ហើយខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាម្ដងហើយម្ដងទៀត តែអ្នករាល់គ្នាមិនព្រមស្ដាប់ទេ។+ ៤ មិនត្រឹមតែប៉ុណ្ណោះ ព្រះយេហូវ៉ាក៏បានចាត់អ្នកប្រកាសទំនាយទាំងអស់ដែលជាអ្នកបម្រើរបស់លោកឲ្យទៅឯអ្នករាល់គ្នាជាច្រើនលើកច្រើនសា តែអ្នករាល់គ្នាមិនបានស្ដាប់ទេ ហើយក៏មិនផ្ទៀងត្រចៀកដែរ។+ ៥ ពួកអ្នកប្រកាសទំនាយតែងនិយាយថា៖ ‹ឱអ្នករាល់គ្នាអើយ! សូមបែរចេញពីផ្លូវទុច្ចរិតនិងការប្រព្រឹត្តអាក្រក់របស់ខ្លួនទៅ។+ យ៉ាងនោះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នាតាំងពីយូរយារមកហើយ។ ៦ កុំដើរតាមព្រះឯទៀត ហើយកុំបម្រើ និងក្រាបគោរពព្រះទាំងនោះ ដើម្បីកុំឲ្យខ្ញុំខឹងដោយសារតែរូបព្រះដែលអ្នករាល់គ្នាបានឆ្លាក់នោះឡើយ។ បើមិនដូច្នោះទេ ខ្ញុំនឹងនាំសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នា›។
៧ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់ខ្ញុំទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំខឹងដោយសារតែស្នាដៃរបស់អ្នករាល់គ្នា។ យ៉ាងនេះ អ្នករាល់គ្នានាំឲ្យខ្លួនវេទនាហើយ›។+
៨ «ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹«ដោយសារអ្នកមិនស្ដាប់បង្គាប់ខ្ញុំ ៩ នោះខ្ញុំនឹងចាត់បណ្ដាជនទាំងឡាយពីភាគខាងជើងឲ្យមក»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ «ខ្ញុំនឹងចាត់នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ដែលជាអ្នកបម្រើរបស់ខ្ញុំ+ ឲ្យមកទាស់នឹងស្រុកនេះនិងពួកអ្នកស្រុកនេះ+ ព្រមទាំងទាស់នឹងប្រជាជាតិនានាដែលនៅជុំវិញ។+ ខ្ញុំនឹងបំផ្លាញពួកគេ ហើយធ្វើឲ្យពួកគេទៅជាហេតុដែលនាំឲ្យមានការភ័យតក់ស្លុត និងធ្វើឲ្យពួកគេរងការប្រមាថមើលងាយ ហើយត្រូវវិនាសជារៀងរហូត។ ១០ ខ្ញុំនឹងធ្វើឲ្យលែងមានសំឡេងហ៊ោកញ្ជ្រៀវ និងសំឡេងត្រេកអររបស់ពួកគេ+ រួមទាំងសំឡេងសប្បាយរីករាយរបស់កូនកំលោះកូនក្រមុំ+ ព្រមទាំងសំឡេងកិនម្សៅទៀតផង។ សូម្បីតែពន្លឺចង្កៀងក៏លែងមានទៀតដែរ។ ១១ ដូច្នេះ ស្រុកនេះទាំងមូលនឹងត្រូវបំផ្លាញ ហើយទៅជាកន្លែងគួរឲ្យភ័យខ្លាច។ ប្រជាជាតិទាំងនេះនឹងត្រូវបម្រើស្ដេចស្រុកបាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ»›។+
១២ «ព្រះយេហូវ៉ាប្រកាសថា៖ ‹លុះចប់៧០ឆ្នាំហើយ+ ខ្ញុំនឹងឲ្យស្ដេចស្រុកបាប៊ីឡូននិងប្រជាជាតិនោះទទួលខុសត្រូវចំពោះទោសកំហុសរបស់ខ្លួន+ ហើយខ្ញុំនឹងធ្វើឲ្យស្រុករបស់ពួកខាល់ដេទៅជាតំបន់ស្ងាត់ជ្រងំជារៀងរហូត។+ ១៣ ម្ល៉ោះហើយ អ្វីដែលខ្ញុំបានមានប្រសាសន៍ទាស់នឹងស្រុកនោះ ខ្ញុំនឹងធ្វើឲ្យកើតឡើងជាមិនខាន ពោលគឺអ្វីទាំងអស់ដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ ជាទំនាយដែលយេរេមាបានប្រកាសទាស់នឹងប្រជាជាតិនានា។ ១៤ ព្រោះប្រជាជាតិជាច្រើននិងបណ្ដាស្ដេចដ៏ខ្លាំងក្លា+ នឹងយកពួកគេទៅធ្វើជាខ្ញុំបម្រើ+ ហើយខ្ញុំនឹងសងពួកគេឲ្យសមនឹងការប្រព្រឹត្តនិងស្នាដៃរបស់ពួកគេវិញ›»។+
១៥ ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍មកខ្ញុំថា៖ «ចូរយកពែងស្រានៃសេចក្ដីកំហឹងរបស់ខ្ញុំចេញពីដៃខ្ញុំ ទៅឲ្យប្រជាជាតិនានាដែលខ្ញុំចាត់អ្នកឲ្យទៅ រួចឲ្យពួកគេផឹក។ ១៦ ពួកគេនឹងផឹកស្រានោះ ហើយដើរទ្រេតទ្រោត ព្រមទាំងប្រព្រឹត្តដូចជាមនុស្សឆ្កួត ពេលដែលខ្ញុំធ្វើឲ្យមានសង្គ្រាមក្នុងចំណោមពួកគេ»។+
១៧ ដូច្នេះ ខ្ញុំក៏យកពែងចេញពីដៃព្រះយេហូវ៉ា ទៅឲ្យប្រជាជាតិនានាផឹក ជាប្រជាជាតិដែលព្រះយេហូវ៉ាចាត់ខ្ញុំឲ្យទៅឯពួកគេ។+ ១៨ ដំបូងគឺពួកអ្នកក្រុងយេរូសាឡិម និងអ្នករស់នៅបណ្ដាក្រុងក្នុងស្រុកយូដា+ រួមទាំងបណ្ដាស្ដេចនិងពួកអ្នកគ្រប់គ្រង ដើម្បីធ្វើឲ្យពួកគេវិនាស និងទៅជាហេតុដែលនាំឲ្យមានការភ័យតក់ស្លុត ហើយត្រូវគេប្រមាថមើលងាយនិងត្រូវបណ្ដាសា+ ដូចឃើញនៅសព្វថ្ងៃនេះ។ ១៩ បន្ទាប់មកគឺផារ៉ូស្ដេចស្រុកអេហ្ស៊ីប និងពួកអ្នកបម្រើគាត់ ព្រមទាំងមន្ត្រីនិងរាស្ត្ររបស់គាត់+ ២០ ថែមទាំងជនជាតិផ្សេងៗដែលរស់នៅក្នុងស្រុកនោះ។ បន្ទាប់នោះគឺបណ្ដាស្ដេចក្នុងស្រុកអ៊ូស បណ្ដាស្ដេចក្នុងស្រុកភីលីស្ទីន+ អ្នកក្រុងអាសកាឡូន+ អ្នកក្រុងកាសា អ្នកក្រុងអេក្រុន និងអ្នកដែលនៅសេសសល់ក្នុងក្រុងអាសូត ២១ ពួកអេដំ+ ពួកម៉ូអាប់+ ពួកអាំម៉ូន+ ២២ បណ្ដាស្ដេចនៅក្រុងទីរ៉ុស បណ្ដាស្ដេចនៅក្រុងស៊ីដូន+ រួមទាំងបណ្ដាស្ដេចនៃកោះនៅសមុទ្រ។ ២៣ ពួកដេដាន់+ ពួកតេម៉ា ពួកប៊ូស និងអស់អ្នកដែលតម្រឹមសក់ត្រឹមសៀតផ្កា+ ២៤ ព្រមទាំងបណ្ដាស្ដេចរបស់ពួកអារ៉ាប់+ និងបណ្ដាស្ដេចរបស់ជនជាតិផ្សេងៗដែលរស់នៅក្នុងតំបន់ស្ងាត់ជ្រងំ ២៥ បណ្ដាស្ដេចនៅតំបន់ស៊ីមរី បណ្ដាស្ដេចនៅស្រុកអេឡាំ+ និងបណ្ដាស្ដេចរបស់ជនជាតិមេឌី+ ២៦ បណ្ដាស្ដេចនៅភាគខាងជើងទាំងជិតទាំងឆ្ងាយ ពីរាជាណាចក្រមួយទៅរាជាណាចក្រមួយ ព្រមទាំងរាជាណាចក្រទាំងអស់នៅផែនដី ហើយអ្នកដែលផឹកចុងក្រោយបង្អស់ គឺស្ដេចក្រុងសេសាក។*+
២៧ «រួចចូរទៅប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត ហើយដួលទៅ ដើម្បីមិនអាចក្រោកឡើងបាន+ ព្រោះខ្ញុំនឹងចាត់សត្រូវឲ្យទៅប្រហារអ្នករាល់គ្នា»›។ ២៨ បើពួកគេមិនព្រមទទួលពែងពីដៃអ្នកយកទៅផឹកទេ នោះអ្នកត្រូវប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បង្គាប់ថា៖ «អ្នករាល់គ្នាត្រូវតែផឹកជាដាច់ខាត!។ ២៩ ព្រោះមើល! បើខ្ញុំនាំសេចក្ដីវេទនាមកលើក្រុងដែលជាតំណាងនាមខ្ញុំ+ តើអ្នករាល់គ្នាអាចគេចផុតពីទោសបានឬ?»›។+
«‹អ្នករាល់គ្នានឹងមិនរួចខ្លួនទេ ព្រោះខ្ញុំនឹងចាត់ឲ្យមានដាវមួយទៅវាយប្រហារមនុស្សទាំងអស់នៅផែនដី›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣០ «អ្នកត្រូវប្រកាសទុកជាមុននូវពាក្យទាំងនេះដល់ពួកគេថា៖
‹ពីកន្លែងដ៏ខ្ពស់ ព្រះយេហូវ៉ានឹងគ្រហឹម
ពីលំនៅបរិសុទ្ធរបស់លោក លោកនឹងបន្លឺសំឡេងលាន់ឮរំពង។
លោកនឹងគ្រហឹមយ៉ាងខ្លាំងទាស់នឹងលំនៅរបស់លោក។
ដូចសំឡេងច្រៀងអរសប្បាយរបស់ពួកអ្នកជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា
នោះលោកនឹងច្រៀងអបអរជ័យជម្នះទៅលើអស់អ្នកដែលរស់នៅផែនដីដូច្នោះដែរ›។
៣១ ‹មានសំឡេងមួយលាន់ឮទៅដល់ចុងផែនដី
ព្រោះព្រះយេហូវ៉ាមានរឿងក្ដីនឹងប្រជាជាតិនានា។
លោកនឹងវិនិច្ឆ័យទោសមនុស្សជាតិទាំងឡាយដោយខ្លួនលោកផ្ទាល់+
ហើយនឹងប្រហារមនុស្សទុច្ចរិតដោយដាវ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣២ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នេះថា៖
‹មើល! នឹងមានសេចក្ដីវេទនាធ្លាក់លើប្រជាជាតិមួយទៅប្រជាជាតិមួយ+
ហើយព្យុះសង្ឃរាដ៏ធំសម្បើម នឹងបក់បោកមកយ៉ាងខ្លាំងពីកន្លែងឆ្ងាយបំផុតនៅផែនដី។+
៣៣ «‹នៅថ្ងៃនោះ សាកសពពួកអ្នកដែលព្រះយេហូវ៉ាប្រហារ នឹងមានច្រើនត្រៀបត្រាពីចុងផែនដីម្ខាងទៅចុងផែនដីម្ខាង។ គ្មានអ្នកណាយំកាន់ទុក្ខពួកគេទេ ហើយក៏គ្មានអ្នកណាយកសពពួកគេទៅបញ្ចុះដែរ។ សាកសពទាំងនោះនឹងក្លាយទៅជាជីនៅលើដីវិញ›។
៣៤ ឱពួកគង្វាលអើយ! ចូរទ្រហោយំចុះ!
ឱពួកអ្នកដែលរុងរឿងក្នុងចំណោមហ្វូងចៀមអើយ! ចូរននៀលនៅដីទៅ!
ព្រោះវេលាដែលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយនិងត្រូវស្លាប់បានមកដល់ហើយ
អ្នករាល់គ្នាប្រៀបដូចជាភាជនៈមានតម្លៃដែលធ្លាក់បែកខ្ទេចខ្ទី!
៣៥ នៅពេលនោះ ពួកគង្វាលនឹងគ្មានផ្លូវគេចរួចទេ
ឯពួកអ្នកដែលរុងរឿងក្នុងចំណោមហ្វូងចៀម ក៏គេចមិនផុតដែរ។
៣៦ ចូរស្ដាប់សម្រែករបស់ពួកគង្វាលចុះ!
ហើយក៏ស្ដាប់សំឡេងទ្រហោយំរបស់ពួកអ្នកដែលរុងរឿងក្នុងចំណោមហ្វូងចៀមដែរ
ព្រោះព្រះយេហូវ៉ាកំពុងបំផ្លាញវាលស្មៅខៀវខ្ចីរបស់ពួកគេហើយ។
៣៧ ចំណែកឯលំនៅដែលធ្លាប់តែមានសេចក្ដីសុខសាន្ត ក៏ប្រែទៅជាកន្លែងស្ងាត់ច្រៀបគ្មានមនុស្សរស់នៅ
ព្រោះតែកំហឹងដ៏ខ្លាំងរបស់ព្រះយេហូវ៉ា។
៣៨ លោកចាកចោលលំនៅរបស់លោក ដូចជាតោស្ទាវបោះបង់ចោលរូង+
ហើយទឹកដីរបស់ពួកគេបានទៅជាកន្លែងដ៏គួរឲ្យស្ញែងខ្លាច
ព្រោះលោកបានប្រើដាវវាយប្រហារដោយគ្មានមេត្តា
និងដោយសារតែកំហឹងដ៏ខ្លាំងរបស់លោក»។