ការបើកបង្ហាញចំពោះយ៉ូហាន
១៣ បន្ទាប់មក នាគក៏ទៅឈរលើខ្សាច់នៅឆ្នេរសមុទ្រ។
រួចខ្ញុំឃើញសត្វសាហាវមួយ+ឡើងមកពីសមុទ្រ។+ សត្វនោះមានស្នែង១០ ក្បាល៧ ហើយស្នែងរបស់វាមានមកុដ១០។ ប៉ុន្តែ នៅលើក្បាលវាមានឈ្មោះផ្សេងៗដែលប្រមាថព្រះ។ ២ ឯសត្វសាហាវដែលខ្ញុំឃើញនោះគឺដូចខ្លារខិន តែជើងរបស់វាដូចជើងខ្លាឃ្មុំ ហើយមាត់របស់វាដូចមាត់តោ។ រួចនាគ+ឲ្យកម្លាំងខ្លាំងក្លា បល្ល័ង្ក និងអំណាចយ៉ាងធំដល់សត្វសាហាវនោះ។+
៣ បន្ទាប់មក ខ្ញុំឃើញក្បាលមួយរបស់សត្វនោះ មើលទៅដូចជាត្រូវរបួសជិតស្លាប់ តែរបួសនោះបានជាសះស្បើយហើយ។+ រួចផែនដីទាំងមូលបានទៅតាមសត្វសាហាវនោះទាំងស្ងើចសរសើរ។ ៤ ពួកគេក៏គោរពប្រណិប័តន៍នាគនោះ ពីព្រោះវាជាអ្នកឲ្យអំណាចដល់សត្វសាហាវនោះ ហើយពួកគេបានគោរពប្រណិប័តន៍សត្វសាហាវនោះដោយពាក្យថា៖ «តើអ្នកណាឲ្យដូចសត្វសាហាវនោះ ហើយតើអ្នកណាអាចច្បាំងនឹងសត្វនោះបាន?»។ ៥ នាគបានឲ្យសត្វសាហាវនោះមានមាត់និយាយអួតនិងនិយាយប្រមាថព្រះ ហើយក៏ឲ្យវាមានអំណាចធ្វើសកម្មភាពអស់៤២ខែ។+ ៦ វាហាមាត់ប្រមាថព្រះ+ ប្រមាថនាមលោក និងលំនៅរបស់លោក ព្រមទាំងអស់អ្នកដែលអាស្រ័យនៅស្ថានសួគ៌។+ ៧ វាបានទទួលការអនុញ្ញាតឲ្យច្បាំង ហើយវាយឈ្នះពួកអ្នកបរិសុទ្ធ+ ក៏បានទទួលអំណាចលើគ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ គ្រប់ភាសា និងគ្រប់ប្រជាជាតិ។ ៨ អស់អ្នកដែលអាស្រ័យនៅផែនដីនឹងគោរពប្រណិប័តន៍វា។ តាំងពីកំណើតពិភពលោកមក ឈ្មោះរបស់អ្នកទាំងនោះមិននៅក្នុងបញ្ជីជីវិត+របស់កូនចៀមដែលបានត្រូវសម្លាប់ទេ។+
៩ អ្នកណាដែលមានត្រចៀក ចូរស្ដាប់ចុះ។+ ១០ ប្រសិនបើអ្នកណាត្រូវក្លាយទៅជាឈ្លើយ អ្នកនោះនឹងត្រូវនាំចេញទៅជាឈ្លើយ។ ប្រសិនបើអ្នកណាសម្លាប់គេដោយដាវ*+ អ្នកនោះនឹងត្រូវស្លាប់ដោយដាវដែរ។ នេះតម្រូវឲ្យពួកអ្នកបរិសុទ្ធ+ចេះស៊ូទ្រាំ+និងមានជំនឿ។+
១១ រួចមក ខ្ញុំឃើញសត្វសាហាវមួយទៀតឡើងមកពីផែនដី វាមានស្នែងពីរដូចស្នែងចៀម តែវាចាប់ផ្ដើមនិយាយដូចនាគ។+ ១២ វាប្រើអំណាចទាំងអស់របស់សត្វសាហាវទី១+ ក្រោមក្រសែភ្នែករបស់សត្វនោះ។ វាធ្វើឲ្យផែនដីនិងអស់អ្នកដែលរស់នៅផែនដីគោរពប្រណិប័តន៍សត្វសាហាវទី១ ដែលត្រូវរបួសជិតស្លាប់តែបានជាសះស្បើយ។+ ១៣ ម្យ៉ាងទៀត វាធ្វើសញ្ញាសម្គាល់អស្ចារ្យជាច្រើន រហូតដល់ធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃមកផែនដី ក្រោមក្រសែភ្នែករបស់មនុស្សទាំងឡាយ។
១៤ វាបំភាន់ពួកអ្នកដែលអាស្រ័យនៅផែនដី តាមរយៈសញ្ញាសម្គាល់ដែលវាបានត្រូវអនុញ្ញាតឲ្យធ្វើក្រោមក្រសែភ្នែករបស់សត្វសាហាវនោះ។ ដំណាលគ្នានោះ វាបានប្រាប់ពួកអ្នកដែលអាស្រ័យនៅផែនដីឲ្យធ្វើរូប+សត្វសាហាវនោះ ដែលត្រូវរបួសដោយដាវតែបានជាឡើងវិញ។+ ១៥ វាក៏បានទទួលការអនុញ្ញាតឲ្យផ្ដល់ដង្ហើមជីវិតដល់រូបសត្វសាហាវនោះ ដើម្បីឲ្យរូបនោះអាចនិយាយបាន និងអាចធ្វើឲ្យអស់អ្នកដែលមិនគោរពប្រណិប័តន៍រូបសត្វសាហាវនោះត្រូវប្រហារជីវិត។
១៦ វាបង្ខំមនុស្សទាំងអស់ ទាំងអ្នកតូចនិងអ្នកធំ ទាំងអ្នកមាននិងអ្នកក្រ ទាំងអ្នកមានសេរីភាពនិងពួកខ្ញុំបម្រើ ដើម្បីឲ្យទទួលសញ្ញាមួយនៅលើដៃស្ដាំឬនៅលើថ្ងាស+ ១៧ និងដើម្បីកុំឲ្យអ្នកណាអាចទិញឬលក់អ្វីបានឡើយ ក្រៅពីអ្នកដែលមានសញ្ញា មានឈ្មោះ+ ឬមានលេខនៃឈ្មោះរបស់សត្វសាហាវនោះ។+ ១៨ ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា៖ ចូរឲ្យអ្នកដែលមានសមត្ថភាពរិះគិត គណនាលេខនៃសត្វសាហាវនោះ ព្រោះលេខនោះជាលេខរបស់មនុស្ស។ លេខរបស់វាគឺ៦៦៦។+