ដើមកំណើត
៤១ លុះពីរឆ្នាំក្រោយមក ផារ៉ូបានយល់សប្ដិ+ឃើញថា គាត់កំពុងឈរនៅក្បែរទន្លេនីល។ ២ ពេលនោះ គាត់ឃើញមានគោធាត់ល្អ៧ក្បាល ឡើងចេញពីទន្លេនីលមកស៊ីស្មៅនៅមាត់ច្រាំង។+ ៣ បន្ទាប់មក គាត់បានឃើញគោស្គមកំព្រឹង៧ក្បាល ឡើងចេញពីទន្លេមកឈរនៅមាត់ច្រាំងក្បែរគោធាត់ៗទាំងនោះ។ ៤ រួចមក គោស្គម៧ក្បាល បានស៊ីគោធាត់ល្អអស់ទៅ។ រំពេចនោះ ផារ៉ូក៏បានភ្ញាក់ឡើង។
៥ រួចគាត់បានសម្រាន្តលក់ទៅវិញ ហើយបានយល់សប្ដិមួយទៀត។ គាត់ឃើញស្រូវមួយដើមដុះឡើង បែកចេញជា៧កួរ មានគ្រាប់ធំៗថ្លោសល្អ។+ ៦ បន្ទាប់នោះ គាត់ឃើញស្រូវស្កក៧កួរដុះចេញមក ហើយវាស្លោកដោយសារខ្យល់ក្ដៅពីទិសខាងកើត។ ៧ រួចកួរស្រូវស្កកនោះបានលេបកួរស្រូវទាំង៧ដែលធំថ្លោសល្អទៅ។ ខណៈនោះ គាត់បានភ្ញាក់ឡើង ហើយដឹងថាខ្លួនកំពុងយល់សប្ដិ។
៨ លុះព្រឹកឡើង គាត់មានអារម្មណ៍មិនសុខសោះ។ ដូច្នេះ គាត់បានកោះហៅពួកអ្នកប្រាជ្ញនៅក្នុងស្រុកអេហ្ស៊ីប ព្រមទាំងពួកគ្រូវេទមន្តទាំងអស់ ឲ្យមកជួបគាត់។ ផារ៉ូបានប្រាប់អំពីសុបិនទាំងនោះដល់ពួកគេ តែគ្មានអ្នកណាអាចកាត់ស្រាយឲ្យគាត់បានទេ។
៩ ពេលនោះ មេលើពួកអ្នកកាន់ពែងបានជម្រាបផារ៉ូថា៖ «ថ្ងៃនេះ ខ្ញុំសូមសារភាពកំហុសរបស់ខ្ញុំ។ ១០ ពេលមុន លោកម្ចាស់បានខឹងនឹងខ្ញុំនិងមេលើពួកអ្នកដុតនំ ហើយលោកបានឃុំឃាំងយើងទាំងពីរនាក់នៅផ្ទះរបស់មេអង្គរក្ស។+ ១១ នៅយប់មួយ យើងទាំងពីរនាក់បានយល់សប្ដិ ហើយសុបិនរបស់យើងទាំងពីរមានអត្ថន័យផ្សេងពីគ្នា។+ ១២ នៅកន្លែងឃុំឃាំងនោះ មានយុវជនហេប្រឺម្នាក់ជាអ្នកបម្រើមេអង្គរក្ស។+ យើងបានប្រាប់គាត់អំពីសុបិនរបស់យើង+ ហើយគាត់បានកាត់ស្រាយសុបិនទាំងនោះ។ ១៣ ក្រោយមក មានហេតុការណ៍កើតឡើងដូចដែលគាត់បានកាត់ស្រាយមែន គឺខ្ញុំបានទទួលតំណែងដូចដើមវិញ តែម្នាក់ទៀតបានត្រូវគេយកទៅព្យួរ»។+
១៤ ដូច្នេះ ផារ៉ូបានចាត់គេឲ្យទៅនាំយ៉ូសែបមក+ រួចគេក៏នាំគាត់ចេញពីគុកជាប្រញាប់។+ យ៉ូសែបបានកោរសក់ កោរពុកមាត់ ហើយប្ដូរសម្លៀកបំពាក់ រួចចូលទៅជួបផារ៉ូ។ ១៥ ផារ៉ូបាននិយាយទៅកាន់យ៉ូសែបថា៖ «ខ្ញុំមានសុបិនមួយតែគ្មានអ្នកណាអាចកាត់ស្រាយបានទេ។ ខ្ញុំឮថា បើមានអ្នកណាប្រាប់សុបិនដល់អ្នក អ្នកអាចកាត់ស្រាយបាន»។+ ១៦ យ៉ូសែបបាននិយាយទៅកាន់ផារ៉ូថា៖ «មិនមែនខ្ញុំបាទទេ តែគឺជាព្រះដែលនឹងប្រាប់អំពីសុខទុក្ខរបស់លោកម្ចាស់»។+
១៧ ផារ៉ូបាននិយាយបន្តថា៖ «ខ្ញុំបានយល់សប្ដិឃើញថា ខ្ញុំឈរនៅឯមាត់ច្រាំងទន្លេនីល។ ១៨ ខ្ញុំបានឃើញគោធាត់ល្អ៧ក្បាល ឡើងចេញពីទន្លេមកស៊ីស្មៅនៅមាត់ច្រាំង។+ ១៩ បន្ទាប់មក ខ្ញុំបានឃើញគោស្គមកំព្រឹង៧ក្បាលដែលអាក្រក់មើលក្រៃលែង ខ្ញុំមិនដែលឃើញគោណាអាក្រក់បែបនេះនៅក្នុងស្រុកអេហ្ស៊ីបពីមុនមកទេ។ ២០ រួចមក គោស្គមទាំង៧ក្បាលនោះ បានស៊ីគោធាត់ល្អអស់ទៅ។ ២១ ទោះជាពួកវាបានស៊ីហើយក្ដី តែគ្មានអ្នកណាដឹងថាពួកវាបានស៊ីទេ ព្រោះពួកវានៅតែស្គមស្គាំងដដែល។ រួចខ្ញុំក៏បានភ្ញាក់ឡើង។
២២ «ក្រោយនោះ ខ្ញុំបានដេកទៅវិញ ហើយបានយល់សប្ដិឃើញស្រូវមួយដើមបែកចេញជា៧កួរ មានគ្រាប់ធំថ្លោសល្អ។+ ២៣ បន្ទាប់ពីនោះ ខ្ញុំឃើញស្រូវស្កក៧កួរ ស្លោកដោយសារខ្យល់ក្ដៅពីទិសខាងកើត។ ២៤ រួចកួរស្រូវស្កកនោះ បានលេបកួរស្រូវទាំង៧ដែលធំថ្លោសល្អអស់ទៅ។ ខ្ញុំបានប្រាប់សុបិនទាំងនោះដល់គ្រូវេទមន្តទាំងអស់។+ ប៉ុន្តែ គ្មានអ្នកណាអាចកាត់ស្រាយបានទេ»។+
២៥ បន្ទាប់មក យ៉ូសែបបានប្រាប់ផារ៉ូថា៖ «សុបិនលោកម្ចាស់*មានអត្ថន័យតែមួយទេ។ ព្រះពិតបានប្រាប់លោកម្ចាស់ឲ្យដឹងអំពីអ្វីដែលលោកនឹងធ្វើ។+ ២៦ គោធាត់ល្អ៧ក្បាល សំដៅលើ៧ឆ្នាំ។ ឯស្រូវថ្លោស៧កួរ ក៏សំដៅលើ៧ឆ្នាំដែរ។ សុបិនលោកម្ចាស់មានអត្ថន័យដូចគ្នាទេ។ ២៧ ចំណែកគោស្គមកំព្រឹង៧ក្បាលដែលឡើងក្រោយមក សំដៅលើការអត់ឃ្លាន៧ឆ្នាំ ហើយស្រូវស្កក៧កួរដែលស្លោកដោយសារខ្យល់ក្ដៅពីទិសខាងកើត ក៏សំដៅលើការអត់ឃ្លាន៧ឆ្នាំដែរ។ ២៨ ដូចខ្ញុំបាទបានជម្រាបលោកម្ចាស់រួចហើយ ព្រះពិតបានបណ្ដាលឲ្យលោកម្ចាស់ឃើញជាមុននូវអ្វីដែលលោកនឹងធ្វើ។
២៩ «គឺរយៈពេល៧ឆ្នាំ នឹងមានភោគផលច្រើនក្រៃលែង នៅទូទាំងស្រុកអេហ្ស៊ីប។ ៣០ ប៉ុន្តែ បន្ទាប់ពីនោះនឹងមានការអត់ឃ្លានអស់រយៈពេល៧ឆ្នាំវិញ។ ទោះជាស្រុកអេហ្ស៊ីបធ្លាប់មានភោគផលច្រើនយ៉ាងនោះក៏ដោយ ក៏គេមិនចាំគ្រានោះដែរ ព្រោះការអត់ឃ្លាននោះនឹងបង្ហិនស្រុកនេះទៅ។+ ៣១ ការអត់ឃ្លាននោះគឺខ្លាំងដល់ម្ល៉េះ បានជាគេនឹងភ្លេចថាស្រុកអេហ្ស៊ីបធ្លាប់មានភោគផលសម្បូរហូរហៀរ។ ៣២ ព្រះពិតបានឲ្យលោកម្ចាស់យល់សប្ដិអស់ពីរដង គឺដោយសារព្រះបានសម្រេចចិត្តថានឹងធ្វើឲ្យកើតឡើងពិតប្រាកដមែន ហើយលោកនឹងធ្វើឲ្យកើតឡើងនាពេលឆាប់ៗខាងមុខនេះ។
៣៣ «ដូច្នេះ សូមលោកម្ចាស់ស្វែងរកបុរសម្នាក់ដែលមានប្រាជ្ញាវាងវៃនិងចេះពិចារណា ហើយតែងតាំងគាត់ឲ្យមើលការខុសត្រូវលើស្រុកអេហ្ស៊ីប។ ៣៤ សូមលោកម្ចាស់តែងតាំងអ្នកត្រួតពិនិត្យមួយចំនួន ហើយឲ្យពួកគេប្រមូលយកភោគផល១ភាគ៥ ក្នុងអំឡុងពេល៧ឆ្នាំដែលមានភោគផលជាបរិបូរ។+ ៣៥ បន្ថែមទៅទៀត នៅក្នុងឆ្នាំទាំងនោះ សូមលោកម្ចាស់ឲ្យគេប្រមូលស្បៀងអាហារទាំងអស់ ព្រមទាំងប្រមូលស្រូវយកទៅរក្សាទុកក្នុងឃ្លាំងរបស់លោកម្ចាស់នៅបណ្ដាក្រុងនានា។+ ៣៦ ក្នុងអំឡុងពេល៧ឆ្នាំដែលមានការអត់ឃ្លាន ស្បៀងអាហារទាំងនោះនឹងត្រូវផ្គត់ផ្គង់ក្នុងស្រុកអេហ្ស៊ីប ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសទៅដោយសារការអត់ឃ្លាននោះឡើយ»។+
៣៧ ក្រោយស្ដាប់យោបល់នោះរួច ផារ៉ូនិងពួកអ្នកបម្រើទាំងអស់ពេញចិត្តជាខ្លាំង។ ៣៨ ផារ៉ូបាននិយាយទៅកាន់ពួកអ្នកបម្រើគាត់ថា៖ «តើយើងអាចរកបុរសណាទៀតដែលមានឫទ្ធានុភាពពីព្រះដូចបុរសនេះបានទៅ?»។ ៣៩ បន្ទាប់មក ផារ៉ូនិយាយទៅកាន់យ៉ូសែបថា៖ «ដោយសារព្រះបានបណ្ដាលឲ្យអ្នកដឹងអំពីអ្វីទាំងនេះ នោះគ្មានអ្នកណាមានប្រាជ្ញាវាងវៃនិងចេះពិចារណាដូចអ្នកទេ។ ៤០ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើពួកអ្នកផ្ទះខ្ញុំ ហើយបណ្ដារាស្ត្រខ្ញុំនឹងស្ដាប់បង្គាប់អ្នកទាំងស្រុង។+ មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមានឋានៈខ្ពស់ជាងអ្នក»។ ៤១ រួចផារ៉ូបន្ថែមទៀតថា៖ «ចាប់ពីពេលនេះទៅ ខ្ញុំតែងតាំងអ្នកឲ្យត្រួតត្រាលើស្រុកអេហ្ស៊ីបទាំងមូល»។+ ៤២ បន្ទាប់មក ផារ៉ូបានដោះចិញ្ចៀនត្រាពីដៃគាត់ពាក់ឲ្យយ៉ូសែប ថែមទាំងយកសម្លៀកបំពាក់ក្រណាត់សាច់ល្អ និងខ្សែកមាសបំពាក់ឲ្យយ៉ូសែបទៀតផង។ ៤៣ គាត់បានឲ្យយ៉ូសែបជិះរទេះពិសេសបន្ទាប់ពីគាត់ ដើម្បីឲ្យបណ្ដាជនផ្ដល់កិត្តិយសដល់យ៉ូសែបដោយស្រែកថា៖ «អាវឺរេក!»។* យ៉ាងនេះ ផារ៉ូបានតែងតាំងយ៉ូសែបឲ្យត្រួតត្រាលើស្រុកអេហ្ស៊ីប។
៤៤ ផារ៉ូក៏បាននិយាយថែមទៀតថា៖ «ខ្ញុំជាផារ៉ូ តែបើគ្មានការអនុញ្ញាតពីអ្នកទេ គ្មានអ្នកណាអាចធ្វើអ្វីមួយនៅក្នុងស្រុកអេហ្ស៊ីបបានឡើយ»។+ ៤៥ ផារ៉ូបានដាក់ឈ្មោះយ៉ូសែបថាសេបផាណាតពេនា ហើយបានលើកនាងអាសិនណាត+ជាកូនស្រីប៉ូទីភឺរ៉ាជាសង្ឃនៅក្រុងអុន* ឲ្យធ្វើជាប្រពន្ធគាត់។ យ៉ូសែបក៏បានចាប់ផ្ដើមមើលការខុសត្រូវលើស្រុកអេហ្ស៊ីប។+ ៤៦ ពេលយ៉ូសែបចូលទៅជួប*ផារ៉ូស្ដេចស្រុកអេហ្ស៊ីប គាត់មានអាយុ៣០ឆ្នាំ។+
បន្ទាប់មក គាត់បានចេញពីផារ៉ូ ធ្វើដំណើរទៅពិនិត្យមើលស្រុកអេហ្ស៊ីបទាំងមូល។ ៤៧ ក្នុងអំឡុង៧ឆ្នាំសម្បូរភោគផល ដីស្រុកអេហ្ស៊ីបបានបង្កើតផលជាបរិបូរ។ ៤៨ ក្នុងឆ្នាំទាំងនោះ គាត់បានប្រមូលស្បៀងអាហារយកទៅទុកក្នុងឃ្លាំងតាមក្រុងនានាក្នុងស្រុកអេហ្ស៊ីប។ ស្បៀងដែលគេប្រមូលបានពីវាលស្រែនៅជុំវិញក្រុងនីមួយៗ គាត់យកទៅទុកក្នុងឃ្លាំងនៅក្រុងនោះតែម្ដង។ ៤៩ យ៉ូសែបបានប្រមូលស្បៀងអាហារច្រើនក្រៃលែង ដែលមានចំនួនដូចខ្សាច់នៅឆ្នេរសមុទ្រ។ ចំនួននោះច្រើនដល់ម្ល៉េះ រហូតដល់គេលែងរាប់ទៀត ព្រោះមិនអាចរាប់អស់។
៥០ មុនដល់ឆ្នាំដែលមានការអត់ឃ្លាន នាងអាសិនណាតបានបង្កើតកូនប្រុសពីរនាក់ឲ្យយ៉ូសែប។+ នាងជាកូនស្រីប៉ូទីភឺរ៉ាជាសង្ឃនៅក្រុងអុន។ ៥១ យ៉ូសែបបានដាក់ឈ្មោះកូនច្បងនោះថាម៉ាណាសេ*+ ព្រោះគាត់បាននិយាយថា៖ «ព្រះបានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងអស់របស់ខ្ញុំ និងធ្វើឲ្យខ្ញុំលែងនឹកអាល័យដល់ឪពុកនិងសាច់ញាតិខ្ញុំទៀត»។ ៥២ យ៉ូសែបបានដាក់ឈ្មោះកូនបន្ទាប់ថាអេប្រាអ៊ីម*+ ព្រោះគាត់បាននិយាយថា៖ «ព្រះបានធ្វើឲ្យខ្ញុំចម្រុងចម្រើននៅក្នុងស្រុកដែលខ្ញុំជួបទុក្ខលំបាក»។+
៥៣ រួចមក គ្រា៧ឆ្នាំដែលសម្បូរភោគផលបានកន្លងផុតទៅ+ ៥៤ ហើយគ្រា៧ឆ្នាំនៃការអត់ឃ្លានបានមកដល់ គឺដូចអ្វីដែលយ៉ូសែបបានប្រាប់មែន។+ ការអត់ឃ្លាននោះបានកើតឡើងនៅស្រុកទាំងអស់ តែចំណែកស្រុកអេហ្ស៊ីបវិញ មានស្បៀងអាហារ*គ្រប់គ្រាន់។+ ៥៥ ទីបំផុត បណ្ដាជនទាំងអស់នៅក្នុងស្រុកអេហ្ស៊ីបក៏ជួបការអត់ឃ្លានដែរ។ ដូច្នេះ ពួកគេបានទៅអង្វរផារ៉ូសុំស្បៀងអាហារ។+ ប៉ុន្តែ ផារ៉ូបានប្រាប់ពួកគេថា៖ «ចូរទៅជួបយ៉ូសែបទៅ ហើយធ្វើតាមបង្គាប់គាត់ចុះ»។+ ៥៦ ការអត់ឃ្លាននោះកើតឡើងពេញផែនដី។+ រួចមក យ៉ូសែបបានបើកឃ្លាំងទាំងអស់ ហើយលក់ស្រូវឲ្យដល់ជនជាតិអេហ្ស៊ីប+ ព្រោះនៅក្នុងស្រុកអេហ្ស៊ីប ការអត់ឃ្លាននោះគឺខ្លាំងណាស់។ ៥៧ ឯបណ្ដាជនពីស្រុកនានាបានធ្វើដំណើរមកស្រុកអេហ្ស៊ីប ដើម្បីទិញស្បៀងអាហារពីយ៉ូសែប ព្រោះការអត់ឃ្លាននោះគឺខ្លាំងដល់ម្ល៉េះរហូតដល់ពេញផែនដី។+