សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៩ ចំណែកឯកិច្ចបម្រើសម្រាប់ពួកអ្នកបរិសុទ្ធ+ ខ្ញុំមិនចាំបាច់សរសេរទៅអ្នករាល់គ្នាអំពីរឿងនោះទេ ២ ព្រោះខ្ញុំដឹងថាអ្នករាល់គ្នាស្ម័គ្រចិត្តជួយជានិច្ច ហើយខ្ញុំអួតប្រាប់គ្រិស្តសាសនិកនៅតំបន់ម៉ាសេដូនថា អ្នករាល់គ្នានៅខេត្តអាខេយ៉ាបានប្រុងប្រៀបជួយអស់មួយឆ្នាំហើយ។ ម្យ៉ាងទៀត ចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តពួកគាត់ភាគច្រើនឲ្យធ្វើដូចគ្នាដែរ។ ៣ ប៉ុន្តែ ខ្ញុំនឹងចាត់បងប្រុសៗឲ្យទៅឯអ្នករាល់គ្នា ដើម្បីកុំឲ្យអ្វីដែលយើងបានអួតប្រាប់អំពីអ្នករាល់គ្នាក្នុងរឿងនេះទៅជាអសារឥតការ និងដើម្បីឲ្យអ្នករាល់គ្នាបានប្រុងប្រៀបជាស្រេចពិតមែន ដូចខ្ញុំធ្លាប់ប្រាប់អ្នកឯទៀតអំពីអ្នករាល់គ្នា។ ៤ ពុំនោះសោត បើពួកអ្នកតំបន់ម៉ាសេដូនទៅជាមួយនឹងខ្ញុំ រួចឃើញថាអ្នករាល់គ្នាមិនទាន់ប្រុងប្រៀបជាស្រេច នោះទាំងខ្ញុំទាំងអ្នករាល់គ្នានឹងត្រូវខ្មាសគេ ពីព្រោះយើងបានទុកចិត្តអ្នករាល់គ្នា។ ៥ ដូច្នេះ ខ្ញុំគិតថាខ្ញុំត្រូវលើកទឹកចិត្តបងប្រុសៗឲ្យទៅឯអ្នករាល់គ្នាមុន ហើយរៀបចំអំណោយដ៏សប្បុរសដែលអ្នករាល់គ្នាបានសន្យាជូន ដើម្បីពេលយើងទៅដល់ អំណោយនោះបានរៀបចំជាស្រេច ជាអំណោយដែលអ្នករាល់គ្នាបានឲ្យដោយចិត្តទូលាយ មិនមែនដោយការបង្ខិតបង្ខំទេ។
៦ ប៉ុន្តែ ក្នុងរឿងនេះ អ្នកដែលសាបព្រោះដោយត្បិតត្បៀតនឹងទទួលផលបានតិចតួច ហើយអ្នកដែលសាបព្រោះដោយបរិបូរនឹងប្រមូលផលបានបរិបូរ។+ ៧ ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់*ឬដោយមានគេបង្ខំឡើយ+ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ។+
៨ ម្យ៉ាងទៀត ព្រះអាចធ្វើឲ្យគុណដ៏វិសេសលើសលប់របស់លោកមានកាន់តែច្រើនឡើងដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាតែងតែមានអ្វីៗទាំងអស់ដែលអ្នករាល់គ្នាត្រូវការ ព្រមទាំងមានជាបរិបូរដើម្បីធ្វើការល្អសព្វបែបយ៉ាង+ ៩ (ដូចបទគម្ពីរចែងថា៖ «គាត់បានចែកចាយដោយចិត្តទូលាយ គាត់បានឲ្យដល់អ្នកក្រីក្រ។ សេចក្ដីសុចរិតរបស់គាត់ស្ថិតស្ថេរជារៀងរហូត»។+ ១០ ព្រះដែលផ្គត់ផ្គង់គ្រាប់ពូជជាបរិបូរដល់អ្នកសាបព្រោះ ហើយផ្គត់ផ្គង់នំប៉័ងជាបរិបូរដល់អ្នកបរិភោគ នោះលោកនឹងផ្គត់ផ្គង់គ្រាប់ពូជជាបរិបូរដល់អ្នករាល់គ្នាដើម្បីសាបព្រោះ ហើយលោកក៏នឹងចម្រើនផលពីសេចក្ដីសុចរិតរបស់អ្នករាល់គ្នាដែរ)។ ១១ ព្រះផ្ដល់ពរគ្រប់បែបយ៉ាងដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចឲ្យដល់អ្នកឯទៀតដោយចិត្តទូលាយ ហើយមនុស្សនឹងអរគុណព្រះដោយសារអំណោយដែលអ្នករាល់គ្នាបានឲ្យអ្នកឯទៀតតាមរយៈយើង។ ១២ ពីព្រោះកិច្ចបម្រើសាធារណៈនេះ មិនគ្រាន់តែផ្ដល់អ្វីៗជាបរិបូរដែលពួកអ្នកបរិសុទ្ធត្រូវការប៉ុណ្ណោះទេ+ តែនាំឲ្យមានការថ្លែងអំណរគុណជាច្រើនដល់ព្រះ។ ១៣ តាមរយៈភ័ស្តុតាងដែលបានត្រូវបញ្ជាក់ដោយកិច្ចការផ្ដល់ជំនួយនេះ ពួកគាត់សរសើរតម្កើងព្រះ ដោយសារអ្នករាល់គ្នាចុះចូលធ្វើតាមដំណឹងល្អអំពីគ្រិស្ត ដូចអ្នករាល់គ្នាបានប្រកាសជាសាធារណៈ និងដោយសារអ្នករាល់គ្នាធ្វើវិភាគទានដោយចិត្តទូលាយសម្រាប់ពួកគាត់និងអ្នកឯទៀតទាំងអស់។+ ១៤ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់អង្វរព្រះអំពីអ្នករាល់គ្នា ហើយក៏ស្រឡាញ់អ្នករាល់គ្នាខ្លាំងទៀតផង ដោយសារគុណដ៏វិសេសលើសលប់ដែលព្រះមានចំពោះអ្នករាល់គ្នា។
១៥ សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក។