បណ្ដាស្ដេចទី១
១២ រេហូបោមបានទៅឯក្រុងស៊ីគឹម+ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់បានមកដើម្បីលើកគាត់ឲ្យធ្វើជាស្ដេច។+ ២ មិនយូរក្រោយមក យេរ៉ូបោមដែលជាកូននេបាតបានឮអំពីរឿងនេះ (ពេលនោះគាត់នៅស្រុកអេហ្ស៊ីបនៅឡើយ ព្រោះគាត់បានរត់គេចពីស្ដេចសាឡូម៉ូនហើយបានរស់នៅក្នុងស្រុកនោះ)+ ៣ ហើយគេបានចាត់មនុស្សឲ្យទៅអញ្ជើញយេរ៉ូបោមមក។ ក្រោយនោះ យេរ៉ូបោមនិងបណ្ដាជនអ៊ីស្រាអែលទាំងអស់បានមកជួបជុំគ្នានៅមុខរេហូបោម ហើយនិយាយថា៖ ៤ «ឪពុករបស់លោកបានដាក់នឹមយ៉ាងធ្ងន់មកលើយើង។*+ ប៉ុន្តែ បើលោកធ្វើឲ្យនឹមដ៏ធ្ងន់នោះទៅជាស្រាលជាង ហើយធ្វើឲ្យតម្រូវការដ៏ច្រើនរបស់ឪពុកលោកទៅជាតិចជាង នោះយើងនឹងបម្រើលោក»។
៥ ខណៈនោះ រេហូបោមបាននិយាយទៅកាន់ពួកគេថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមត្រឡប់មកជួបខ្ញុំវិញ»។ ដូច្នេះ បណ្ដាជនក៏ចាកចេញទៅ។+ ៦ បន្ទាប់មក ស្ដេចរេហូបោមបានប្រឹក្សានឹងពួកបុរសចាស់ទុំដែលធ្លាប់បម្រើសាឡូម៉ូនជាឪពុកកាលដែលគាត់នៅរស់។ រេហូបោមសួរពួកគាត់ថា៖ «តាមយោបល់អ្នករាល់គ្នា តើខ្ញុំគួរឆ្លើយតបយ៉ាងណានឹងបណ្ដាជនទាំងនេះ?»។ ៧ ពួកគាត់ឆ្លើយថា៖ «បើនៅថ្ងៃនេះ លោកបន្ទាបខ្លួន*ដោយព្រមធ្វើតាមសំណូមពររបស់បណ្ដាជន ហើយឆ្លើយទៅពួកគេ ដោយសម្ដីសប្បុរស នោះពួកគេនឹងបម្រើលោករហូតតទៅ»។
៨ ប៉ុន្តែ រេហូបោមមិនបានធ្វើតាមយោបល់របស់ពួកបុរសចាស់ទុំទេ។ ផ្ទុយទៅវិញ គាត់បានសួរយោបល់ពីពួកបុរសដែលធំឡើងជាមួយគាត់ ហើយពួកគេទាំងនេះកំពុងបម្រើគាត់។+ ៩ ដំបូង គាត់ប្រាប់ថា៖ «ពួកបណ្ដាជនបានស្នើមកខ្ញុំថា៖ ‹សូមលោកធ្វើឲ្យនឹមដែលឪពុកលោកបានដាក់មកលើយើងទៅជាស្រាលជាង›»។ រួចគាត់ក៏សួរពួកបុរសទាំងនោះថា៖ «តាមយោបល់អ្នករាល់គ្នា តើយើងគួរឆ្លើយតបយ៉ាងណានឹងពួកគេ?»។ ១០ ដូច្នេះ ពួកបុរសទាំងនោះបានតបទៅគាត់វិញថា៖ «ចំពោះពួកបណ្ដាជនដែលបាននិយាយថា៖ ‹ឪពុករបស់លោកបានដាក់នឹមយ៉ាងធ្ងន់មកលើយើង តែលោកគួរធ្វើឲ្យនឹមនោះទៅជាស្រាលជាង› លោកគួរមានប្រសាសន៍ទៅកាន់ពួកគេថា៖ ‹កូនដៃរបស់ខ្ញុំនឹងទៅជាធំជាងត្រគាករបស់ឪពុកខ្ញុំ។ ១១ ឪពុកខ្ញុំបានដាក់នឹមយ៉ាងធ្ងន់មកលើអ្នករាល់គ្នា តែខ្ញុំនឹងបន្ថែមទម្ងន់ទៅលើនឹមនោះឲ្យធ្ងន់ជាង។ ឪពុកខ្ញុំបានដាក់ទោសអ្នករាល់គ្នាដោយខ្សែតី តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្សែតីមុតស្រួច›»។
១២ លុះដល់ថ្ងៃទី៣ យេរ៉ូបោមនិងបណ្ដាជនទាំងឡាយបានចូលមកជួបស្ដេចរេហូបោម ដូចដែលស្ដេចបានបង្គាប់ថា៖ «ចាំបីថ្ងៃទៀតសឹមត្រឡប់មកជួបខ្ញុំវិញ»។+ ១៣ ស្ដេចមិនបានឆ្លើយតាមយោបល់របស់ពួកបុរសចាស់ទុំទេ តែបានឆ្លើយតបនឹងបណ្ដាជនយ៉ាងតឹងរ៉ឹងវិញ។ ១៤ គាត់បានតបឆ្លើយទៅបណ្ដាជនតាមយោបល់របស់ពួកបុរសអាយុស្រករគាត់ថា៖ «ឪពុកខ្ញុំបានដាក់នឹមយ៉ាងធ្ងន់មកលើអ្នករាល់គ្នា តែខ្ញុំនឹងបន្ថែមទម្ងន់ទៅលើនឹមនោះឲ្យធ្ងន់ជាង។ ឪពុកខ្ញុំបានដាក់ទោសអ្នករាល់គ្នាដោយខ្សែតី តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្សែតីមុតស្រួច»។ ១៥ ហេតុនេះ ស្ដេចមិនព្រមស្ដាប់តាមបណ្ដាជនទេ ព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យរឿងនេះកើតឡើង+ ដើម្បីឲ្យប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់យេរ៉ូបោមជាកូនណេបាត តាមរយៈអាហាយ៉ា+ជាអ្នកក្រុងស៊ីឡូរ បានក្លាយជាការពិត។
១៦ ពេលបណ្ដាជនអ៊ីស្រាអែលទាំងអស់បានឃើញថាស្ដេចមិនព្រមស្ដាប់តាមពួកគេ នោះពួកគេតបឆ្លើយទៅស្ដេចថា៖ «យើងគ្មានជាប់សាច់ឈាមអ្វីនឹងដាវីឌទេ យើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយកូនរបស់អ៊ីសាយដែរ។ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរទៅតាមព្រះរបស់អ្នករាល់គ្នាទៅ។ ឱដាវីឌអើយ! ចូរមើលថែពូជពង្សរបស់លោកដោយខ្លួនលោកចុះ»។ រួចមក បណ្ដាជនអ៊ីស្រាអែលក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។+ ១៧ ប៉ុន្តែ រេហូបោមបានបន្តគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែលដែលរស់នៅក្រុងផ្សេងៗក្នុងទឹកដីយូដា។+
១៨ បន្ទាប់មក ស្ដេចរេហូបោមបានបង្គាប់អាដូរ៉ាម+ដែលជាមេលើពួកកំណែន ឲ្យទៅជួបកូនចៅអ៊ីស្រាអែល តែពួកគេបានគប់ដុំថ្មសម្លាប់គាត់។ ឃើញដូច្នេះ ស្ដេចរេហូបោមក៏ប្រញាប់ប្រញាល់ឡើងជិះរទេះរបស់គាត់រត់គេចទៅក្រុងយេរូសាឡិមវិញ។+ ១៩ ចាប់ពីពេលនោះមក បណ្ដាជនអ៊ីស្រាអែលបានបះបោរប្រឆាំង+នឹងពូជពង្សរបស់ដាវីឌរហូតមកដល់សព្វថ្ងៃ។
២០ មិនយូរក្រោយពីប្រជាជាតិអ៊ីស្រាអែលទាំងមូលបានឮថាយេរ៉ូបោមបានត្រឡប់មកវិញ នោះពួកគេបានជួបជុំគ្នា រួចចាត់គេឲ្យទៅអញ្ជើញគាត់មក ហើយលើកគាត់ឲ្យធ្វើជាស្ដេចលើប្រជាជាតិអ៊ីស្រាអែល។+ ប៉ុន្តែ គ្មានអ្នកណាគាំទ្រពូជពង្សដាវីឌទេ លើកលែងតែកុលសម្ព័ន្ធយូដាប៉ុណ្ណោះ។+
២១ កាលរេហូបោមជាកូនសាឡូម៉ូន បានមកដល់ក្រុងយេរូសាឡិមវិញ គាត់ក៏ប្រមូលទាហានដ៏អង់អាចដែលពូកែច្បាំងចំនួន១៨០.០០០នាក់ពីពូជពង្សយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន ដើម្បីទៅច្បាំងនឹងពូជពង្សអ៊ីស្រាអែល ក្នុងបំណងដណ្ដើមយករាជ្យទាំងមូលមកវិញ។+ ២២ រួចមក ព្រះដ៏ពិតបានមានប្រសាសន៍ទៅកាន់សិមម៉ាយ៉ា+ជាតំណាងលោកថា៖ ២៣ «ចូរទៅប្រាប់រេហូបោមកូនសាឡូម៉ូនជាស្ដេចស្រុកយូដា ព្រមទាំងប្រាប់ពូជពង្សយូដានិងពូជពង្សបេនយ៉ាមីន រួមទាំងបណ្ដាជនទាំងអស់ថា៖ ២៤ ‹ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ «អ្នករាល់គ្នាមិនត្រូវឡើងទៅច្បាំងនឹងជនជាតិអ៊ីស្រាអែលជាបងប្អូនរបស់ខ្លួនទេ។ អ្នករាល់គ្នាត្រូវត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ព្រោះខ្ញុំទេជាអ្នកបណ្ដាលឲ្យរឿងនេះកើតឡើង»›»។+ ដូច្នេះ ពួកគេបានធ្វើតាមប្រសាសន៍របស់ព្រះយេហូវ៉ា ហើយក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដូចព្រះយេហូវ៉ាបានប្រាប់ពួកគេ។
២៥ ចំណែកឯយេរ៉ូបោមវិញ គាត់បានសង់ក្រុងស៊ីគឹម+នៅតំបន់ភ្នំអេប្រាអ៊ីមឡើងវិញ ហើយបានអាស្រ័យនៅទីនោះ។ បន្ទាប់មក គាត់បានចេញពីក្រុងស៊ីគឹម រួចទៅសង់ក្រុងពេនួលទៀត។+ ២៦ យេរ៉ូបោមបានរិះគិតក្នុងចិត្តថា៖ «រាជាណាចក្រនេះនឹងត្រូវប្រគល់ទៅពូជពង្សរបស់ដាវីឌវិញមិនខាន+ ២៧ បើបណ្ដាជននៅតែឡើងទៅជូនគ្រឿងបូជានៅវិហាររបស់ព្រះយេហូវ៉ាក្នុងក្រុងយេរូសាឡិមទៀត។+ ពួកគេនឹងបែរចិត្តទៅគាំទ្ររេហូបោមជាស្ដេចយូដាជាម្ចាស់របស់ពួកគេវិញ ហើយពួកគេមុខជាសម្លាប់ខ្ញុំជាមិនខាន»។ ២៨ ក្រោយពីយេរ៉ូបោមបានសុំយោបល់ពីទីប្រឹក្សារួច គាត់ក៏បានធ្វើរូបកូនគោមាសពីរ+ ហើយនិយាយទៅកាន់បណ្ដាជនថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! ការដែលអ្នករាល់គ្នាធ្វើដំណើរឡើងទៅក្រុងយេរូសាឡិមនោះ គឺពិបាកពេកណាស់។ នេះនែ៎! ព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបមក»។+ ២៩ រួចគាត់ដាក់រូបកូនគោមួយនៅក្រុងបេតអែល+ ឯមួយទៀតគាត់ដាក់នៅក្រុងដាន់។+ ៣០ បណ្ដាជនធ្វើដំណើររហូតដល់ក្រុងដាន់ដើម្បីគោរពបូជារូបកូនគោនៅទីនោះ។ ជាលទ្ធផល ពួកគេប្រព្រឹត្តខុសឆ្គង។+
៣១ គាត់ក៏បានធ្វើវិហារសម្រាប់គោរពបូជានៅលើទីខ្ពស់ពិសិដ្ឋ ហើយតែងតាំងបណ្ដាជនធម្មតាដែលមិនមែនជាពួកលេវីឲ្យបម្រើជាសង្ឃ។+ ៣២ យេរ៉ូបោមក៏បានកំណត់យកថ្ងៃទី១៥ ក្នុងខែទី៨ ទុកធ្វើពិធីបុណ្យមួយឲ្យដូចជាពិធីបុណ្យនៅស្រុកយូដាដែរ។+ គាត់ជូនគ្រឿងបូជាដល់រូបកូនគោមាសដែលគាត់បានធ្វើនៅលើទីបូជាដែលគាត់បានសង់នៅក្រុងបេតអែល។+ នៅទីនោះ គាត់ក៏តែងតាំងពួកសង្ឃឲ្យបម្រើនៅទីខ្ពស់ពិសិដ្ឋទាំងប៉ុន្មានដែលគាត់បានធ្វើដែរ។ ៣៣ គាត់ផ្ដើមជូនគ្រឿងបូជានៅលើទីបូជាដែលគាត់បានសង់នៅក្រុងបេតអែល នៅថ្ងៃទី១៥ ខែទី៨ គឺជាខែដែលគាត់បានកំណត់ដោយខ្លួនគាត់។ គាត់ផ្ដើមធ្វើពិធីបុណ្យមួយសម្រាប់បណ្ដាជនអ៊ីស្រាអែល ហើយគាត់បានឡើងទៅលើទីបូជាដើម្បីដុតគ្រឿងបូជាឲ្យមានផ្សែងហុយឡើង។