រូថ
៤ បូអូសបានធ្វើដំណើរទៅទ្វារកំពែងក្រុង+ ហើយអង្គុយនៅទីនោះ។ ពេលនោះ បុរសដែលបូអូសនិយាយថាជាសាច់ញាតិដែលមានសិទ្ធិលោះ+ បានដើរកាត់តាមផ្លូវនោះ។ បូអូសនិយាយទៅកាន់បុរសនោះថា៖ «សូមមកអង្គុយនៅទីនេះសិន»។ បុរសនោះក៏មកអង្គុយ។ ២ រួចបូអូសអញ្ជើញបុរសចាស់ទុំ១០នាក់ពីក្រុងនោះមក+ ហើយគាត់ក៏និយាយទៅពួកគេថា៖ «សូមអស់លោកអញ្ជើញអង្គុយនៅទីនេះ»។ ដូច្នេះ ពួកគេក៏អង្គុយចុះ។
៣ បូអូសនិយាយទៅអ្នកដែលមានសិទ្ធិលោះនោះថា៖+ «ណាអូមីដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ+ គាត់ចាំបាច់ត្រូវលក់ស្រែចម្ការរបស់អេលីម៉ាឡេកដែលជាសាច់ញាតិរបស់យើង។+ ៤ ដូច្នេះ ខ្ញុំគិតថាខ្ញុំគួរប្រាប់អ្នកឲ្យដឹងថា៖ ‹សូមលោះស្រែនោះនៅចំពោះមុខអ្នកក្រុងនេះនិងពួកបុរសចាស់ទុំ។+ បើអ្នកចង់លោះ សូមលោះចុះ។ ប៉ុន្តែ បើអ្នកមិនចង់ទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ព្រោះអ្នកមានសិទ្ធិលោះច្រើនជាងខ្ញុំ ហើយខ្ញុំមានសិទ្ធិលោះបន្ទាប់ពីអ្នក›»។ បុរសនោះឆ្លើយថា៖ «ខ្ញុំនឹងលោះស្រែនោះ»។+ ៥ រួចបូអូសនិយាយថា៖ «នៅថ្ងៃដែលអ្នកទិញស្រែចម្ការពីណាអូមី អ្នកក៏ត្រូវទិញពីរូថជនជាតិម៉ូអាប់ ជាប្រពន្ធរបស់បុរសដែលបានស្លាប់នោះដែរ ដើម្បីរក្សាមត៌ករបស់គាត់ទុកឲ្យកូនចៅគាត់តទៅ»។+ ៦ អ្នកដែលមានសិទ្ធិលោះនោះក៏តបវិញថា៖ «ខ្ញុំមិនអាចលោះបានទេ ព្រោះខ្ញុំខ្លាចថាអាចមានផលប៉ះពាល់ដល់មត៌ករបស់ខ្ញុំ។ ខ្ញុំប្រគល់សិទ្ធិលោះរបស់ខ្ញុំឲ្យទៅអ្នក សូមអ្នកលោះយកចុះ ព្រោះខ្ញុំមិនអាចលោះបានទេ»។
៧ តាមទំនៀមទម្លាប់ក្នុងស្រុកអ៊ីស្រាអែលពីបុរាណ ពេលអ្នកណាម្នាក់ចង់ដោះដូរឬលោះអ្វីណាមួយ អ្នកនោះត្រូវដោះស្បែកជើងម្ខាង+ ហើយហុចឲ្យភាគីមួយទៀត ទុកជាការបញ្ជាក់ថាពួកគេបានព្រមព្រៀងគ្នា។ ៨ ម្ល៉ោះហើយ ពេលអ្នកដែលមានសិទ្ធិលោះនោះប្រាប់បូអូសថា៖ «សូមអ្នកលោះយកចុះ» នោះគាត់បានដោះស្បែកជើងម្ខាងរបស់គាត់។ ៩ រួចមក បូអូសនិយាយទៅកាន់ពួកបុរសចាស់ទុំនិងបណ្ដាជនទាំងអស់ដែលនៅទីនោះថា៖ «នៅថ្ងៃនេះ អ្នកទាំងអស់គ្នាជាសាក្សី+ថាខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់អេលីម៉ាឡេក និងរបស់គីលាន ព្រមទាំងរបស់ម៉ាឡិន ពីណាអូមី។ ១០ ម្យ៉ាងទៀត ខ្ញុំនឹងយករូថជនជាតិម៉ូអាប់ដែលជាប្រពន្ធរបស់ម៉ាឡិន មកធ្វើជាប្រពន្ធរបស់ខ្ញុំ ដើម្បីនាងអាចមានកូនស្នងត្រកូលនិងស្នងមត៌ករបស់ម៉ាឡិនដែលបានស្លាប់ទៅនោះ។+ យ៉ាងនេះ បងប្អូនសាច់ញាតិរបស់គាត់និងមនុស្សក្នុងក្រុងនេះនឹងមិនភ្លេចឈ្មោះរបស់គាត់ឡើយ។ នៅថ្ងៃនេះ អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ»។+
១១ ដូច្នេះ បណ្ដាជនទាំងអស់ដែលនៅទ្វារកំពែងក្រុង និងពួកបុរសចាស់ទុំក៏និយាយថា៖ «យើងជាសាក្សីអំពីរឿងនេះ! សូមព្រះយេហូវ៉ាផ្ដល់ពរដល់ប្រពន្ធដែលចូលក្នុងផ្ទះរបស់អ្នក ឲ្យបានដូចជារ៉ាជែលនិងលេអា ព្រោះស្ត្រីទាំងពីរនោះជាមាតានៃជនជាតិអ៊ីស្រាអែល។+ សូមឲ្យអ្នកបានចម្រុងចម្រើននៅក្រុងអេប្រាតា+ និងមានកេរ្តិ៍ឈ្មោះល្អក្នុងក្រុងបេថ្លេហិម។+ ១២ សូមឲ្យកូនចៅដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យអ្នកតាមរយៈនារីនោះ ធ្វើឲ្យពូជពង្សរបស់អ្នកបានដូចជាពូជពង្សរបស់ពេរេស+ ដែលជាកូនប្រុសរបស់ថេម៉ានិងយូដា»។+
១៣ បូអូសបានយករូថធ្វើជាប្រពន្ធ ហើយគាត់បានរួមដំណេកជាមួយនឹងនាង។ រួចមក ព្រះយេហូវ៉ាបានឲ្យនាងមានផ្ទៃពោះ ហើយនាងកើតបានកូនប្រុសមួយ។ ១៤ ពួកស្ត្រីនិយាយទៅកាន់ណាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរ ព្រោះថ្ងៃនេះលោកឲ្យអ្នកមានអ្នកលោះម្នាក់។ សូមឲ្យកូននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកអ៊ីស្រាអែល! ១៥ កូននេះបានធ្វើឲ្យអ្នកមានជីវិត*ថ្មី ហើយកូននេះនឹងមើលថែរក្សាអ្នកពេលដែលអ្នកចាស់ទៅ ព្រោះកូននេះបានកើតពីកូនប្រសាស្រីដែលស្រឡាញ់អ្នក។+ កូនប្រសានេះវិសេសជាងការដែលអ្នកមានកូនប្រុស៧នាក់ទៅទៀត»។ ១៦ ណាអូមីក៏យកកូនតូចនោះមកបីឱបនឹងដើមទ្រូង ហើយនាងមើលថែកូននោះ។ ១៧ ពួកស្ត្រីជាអ្នកជិតខាងពោលថា៖ «ណាអូមីមានកូនប្រុសមួយហើយ» រួចពួកគេដាក់ឈ្មោះឲ្យកូននោះថាអូបិឌ។+ អូបិឌជាឪពុកអ៊ីសាយ+ អ៊ីសាយជាឪពុករបស់ដាវីឌ។
១៨ វង្សត្រកូលរបស់ពេរេសមានដូចតទៅ៖+ ពេរេសជាឪពុករបស់ហេស្រុន+ ១៩ ហេស្រុនជាឪពុករបស់រ៉ាម រ៉ាមជាឪពុករបស់អាមីណាដាប+ ២០ អាមីណាដាប+ជាឪពុករបស់ណាសូន ណាសូនជាឪពុករបស់សាលម៉ូន ២១ សាលម៉ូនជាឪពុករបស់បូអូស បូអូសជាឪពុករបស់អូបិឌ ២២ អូបិឌជាឪពុករបស់អ៊ីសាយ+ ហើយអ៊ីសាយជាឪពុករបស់ដាវីឌ។+