សៀវភៅម៉ាថាយ
១៨ នៅវេលានោះ អ្នកកាន់តាមលោកយេស៊ូបានមកឯលោក ហើយសួរថា៖ «តើអ្នកណាធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌?»។+ ២ ដូច្នេះ លោកបានហៅកូនក្មេងម្នាក់មក ហើយឲ្យឈរនៅកណ្ដាលពួកគាត់ ៣ រួចលោកមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតឲ្យដូចជាកូនក្មេងទេ+ នោះអ្នកនឹងមិនបានចូលក្នុងរាជាណាចក្រស្ថានសួគ៌ឡើយ។+ ៤ ដូច្នេះ អ្នកណាដែលបណ្ដុះឲ្យមានចិត្តរាបទាបដូចកូនក្មេងនេះ អ្នកនោះគឺធំជាងគេក្នុងរាជាណាចក្រស្ថានសួគ៌+ ៥ ហើយអ្នកណាដែលទទួលស្វាគមន៍កូនក្មេងបែបនេះ ដោយសារឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ។ ៦ ប៉ុន្តែ អ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលមានជំនឿលើខ្ញុំជំពប់ដួល គឺប្រសើរជាងបើយកថ្មត្បាល់កិនយ៉ាងធំមួយ មកចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលកណ្ដាលសមុទ្រ។+
៧ «ពិភពលោកនេះនឹងត្រូវវេទនាណាស់ ដោយសារឧបសគ្គដែលនាំឲ្យជំពប់ដួល! ឧបសគ្គទាំងនោះត្រូវតែមកដល់មែន។ ប៉ុន្តែ អ្នកណាដែលដាក់ឧបសគ្គដែលនាំឲ្យជំពប់ដួល អ្នកនោះនឹងត្រូវវេទនាណាស់! ៨ ដូច្នេះ ប្រសិនបើដៃម្ខាងឬជើងម្ខាងរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ។+ បើអ្នកពិការឬខ្វិន តែទទួលជីវិត គឺប្រសើរជាងមានដៃទាំងពីរ ឬជើងទាំងពីរ តែត្រូវបោះទៅក្នុងភ្លើងដែលឆេះជារៀងរហូត។+ ៩ ម្យ៉ាងទៀត ប្រសិនបើភ្នែកម្ខាងរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ។ បើអ្នកមានភ្នែកតែម្ខាង ប៉ុន្តែទទួលជីវិត គឺប្រសើរជាងមានភ្នែកទាំងសងខាង តែត្រូវបោះទៅក្នុងភ្លើងកេហេណា។*+ ១០ ចូរប្រយ័ត្ន កុំឲ្យមើលងាយអ្នកតូចបែបនេះឡើយ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់អ្នកទាំងនោះដែលនៅស្ថានសួគ៌ តែងតែឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌។+ ១១ *——
១២ «តើអ្នករាល់គ្នាគិតដូចម្ដេច? បើមានបុរសម្នាក់ដែលមានចៀម១០០ក្បាល តែមានចៀមមួយបានវង្វេងបាត់+ តើគាត់នឹងមិនទុកចៀម៩៩ក្បាលនៅលើភ្នំ រួចទៅស្វែងរកចៀមមួយដែលវង្វេងបាត់នោះទេឬ?+ ១៣ ប្រសិនបើគាត់រកឃើញចៀមនោះមែន ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គាត់មានអំណរចំពោះចៀមមួយនោះ ខ្លាំងជាងចំពោះចៀម៩៩ក្បាលដែលមិនបានវង្វេងបាត់ទៅទៀត។ ១៤ ដូចគ្នាដែរ បិតារបស់ខ្ញុំ*ដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ។+
១៥ «ម្យ៉ាងទៀត ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកបានធ្វើខុស ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។*+ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ។+ ១៦ ប៉ុន្តែ បើគាត់មិនស្ដាប់អ្នកទេ ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវចាត់ទុកថាជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់។+ ១៧ បើគាត់មិនស្ដាប់ពួកគេទេ ចូរប្រាប់ដល់ក្រុមជំនុំ។ ប្រសិនបើគាត់មិនស្ដាប់ក្រុមជំនុំទៀត នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ+ និងជាអ្នកយកពន្ធ។+
១៨ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្វីក៏ដោយដែលអ្នកចងនៅផែនដី នោះជាអ្វីដែលបានត្រូវចងនៅស្ថានសួគ៌ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅផែនដី នោះជាអ្វីដែលបានត្រូវស្រាយនៅស្ថានសួគ៌។ ១៩ ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើមានពីរនាក់ក្នុងចំណោមអ្នករាល់គ្នានៅផែនដី ព្រមព្រៀងគ្នាអធិដ្ឋានសុំបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អំពីរឿងអ្វីក៏ដោយដែលសំខាន់ នោះលោកនឹងសម្រេចការនោះឲ្យពួកគេ។+ ២០ ពីព្រោះនៅកន្លែងណាដែលមានពីរឬបីនាក់ជួបជុំគ្នាតាងនាមខ្ញុំ*+ នោះខ្ញុំក៏នៅក្នុងចំណោមពួកគេដែរ»។
២១ ក្រោយមក ពេត្រុសមកឯលោក ហើយសួរថា៖ «លោកម្ចាស់ ពេលបងប្អូនខ្ញុំធ្វើខុសនឹងខ្ញុំ តើខ្ញុំត្រូវអភ័យទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់៧ដងឬ?»។ ២២ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនរហូតដល់៧ដងទេ តែរហូតដល់៧៧ដង។+
២៣ «ហេតុនេះ រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាស្ដេចមួយរូប ដែលចង់ឲ្យពួកខ្ញុំបម្រើរបស់លោកសងបំណុល។ ២៤ នៅពេលដែលលោកចាប់ផ្ដើមទារបំណុល នោះគេបាននាំបុរសម្នាក់ដែលជំពាក់លោក៦០លានឌីណារី* មកឯលោក។ ២៥ ប៉ុន្តែ ដោយសារបុរសនោះគ្មានលទ្ធភាពសងបំណុល នោះស្ដេចដែលជាម្ចាស់របស់គាត់ បានបង្គាប់គេឲ្យលក់គាត់ ប្រពន្ធកូនរបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន រួចយកប្រាក់មកសងបំណុល។+ ២៦ ដូច្នេះ ខ្ញុំបម្រើនោះបានលុតជង្គង់ក្រាបក្បាលចុះ ហើយអង្វរម្ចាស់ថា៖ ‹សូមលោកមេត្តាពន្យារពេលឲ្យខ្ញុំផង ខ្ញុំនឹងសងលោកឲ្យគ្រប់ចំនួន›។ ២៧ នេះបានធ្វើឲ្យម្ចាស់មានចិត្តក្ដួលអាណិត ហើយលោកបានលែងគាត់ទៅ ដោយឲ្យរួចបំណុលទាំងអស់។+ ២៨ ប៉ុន្តែ ខ្ញុំបម្រើនោះបានចេញទៅរកខ្ញុំបម្រើដូចគ្នាម្នាក់ទៀត ដែលជំពាក់គាត់១០០ឌីណារី។* លុះរកឃើញហើយ ក៏ចាប់គាត់ រួចច្របាច់ក ដោយប្រាប់ថា៖ ‹សងប្រាក់ដែលឯងជំពាក់មក!›។ ២៩ ដូច្នេះ ខ្ញុំបម្រើម្នាក់នោះបានលុតជង្គង់អង្វរថា៖ ‹សូមមេត្តាពន្យារពេលឲ្យខ្ញុំផង ហើយខ្ញុំនឹងសងអ្នក›។ ៣០ ប៉ុន្តែ គាត់មិនសុខចិត្តទេ ក៏បានចេញទៅ ហើយឲ្យគេចាប់អ្នកនោះដាក់គុក រហូតដល់អ្នកនោះសងប្រាក់ដែលបានជំពាក់។ ៣១ ពេលដែលខ្ញុំបម្រើឯទៀតឃើញអ្វីដែលបានកើតឡើង ពួកគេមានទុក្ខព្រួយជាខ្លាំង ក៏បានទៅរាយការណ៍ប្រាប់ម្ចាស់របស់ពួកគេអំពីអ្វីៗទាំងអស់ដែលបានកើតឡើង។ ៣២ រួចមក ម្ចាស់បានហៅគាត់មក ហើយនិយាយថា៖ ‹ខ្ញុំបម្រើទុច្ចរិត! ខ្ញុំបានឲ្យអ្នករួចបំណុលទាំងអស់ ពេលដែលអ្នកអង្វរខ្ញុំ។ ៣៣ ដូច្នេះ អ្នកគួរតែមេត្តាដល់ខ្ញុំបម្រើដូចគ្នា ដូចខ្ញុំបានមេត្តាដល់អ្នកដែរ មែនទេ?›។+ ៣៤ ម្ចាស់បានខឹងខ្លាំងណាស់ ក៏បានប្រគល់ខ្ញុំបម្រើនោះទៅឲ្យអ្នកយាមគុក រហូតដល់គាត់សងប្រាក់ទាំងអស់ដែលបានជំពាក់។ ៣៥ បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នេះដែរ+ បើអ្នករាល់គ្នាម្នាក់ៗមិនអភ័យទោសឲ្យបងប្អូនខ្លួនស្មោះពីចិត្ត»។+