ប្រវត្តិហេតុទី២
២១ ក្រោយមក យេហូសាផាតបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់នៅក្រុងដាវីឌ។ រួចមក យេហូរ៉ាមជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។+ ២ យេហូរ៉ាមមានប្អូនប្រុសៗដូចតទៅ៖ អាសារៀ យេហែល សាការី អាសារៀ មីកែល និងសេផាធា។ ពួកគេទាំងអស់សុទ្ធតែជាកូនរបស់យេហូសាផាតជាស្ដេចស្រុកអ៊ីស្រាអែល។ ៣ យេហូសាផាតបានចែកមាសប្រាក់ និងទ្រព្យសម្បត្តិជាច្រើនឲ្យពួកគេ ព្រមទាំងឲ្យពួកគេគ្រប់គ្រងនៅក្រុងរឹងមាំទាំងឡាយក្នុងស្រុកយូដា។+ ប៉ុន្តែ គាត់បានប្រគល់រាជាណាចក្រយូដាឲ្យយេហូរ៉ាម+គ្រប់គ្រងវិញ ព្រោះយេហូរ៉ាមជាកូនច្បង។
៤ ពេលយេហូរ៉ាមចាប់ផ្ដើមគ្រប់គ្រងលើរាជាណាចក្រយូដា គាត់បានសម្លាប់ប្អូនប្រុសគាត់ទាំងអស់+ រួមទាំងអភិបាលខ្លះក្នុងស្រុកអ៊ីស្រាអែល ដើម្បីពង្រឹងអំណាចរបស់គាត់។ ៥ យេហូរ៉ាមបានក្លាយទៅជាស្ដេចពេលគាត់មានអាយុ៣២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៨ឆ្នាំ។+ ៦ គាត់បានដើរតាមគន្លងរបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល+ដូចពូជពង្សអាហាប់ដែរ ដោយសារគាត់បានរៀបការជាមួយនឹងកូនស្រីរបស់អាហាប់។+ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ ៧ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបំផ្លាញពូជពង្សដាវីឌឲ្យសាបសូន្យទេ ដោយយល់ដល់កិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងដាវីឌ+ ព្រោះលោកបានសន្យាថា ពូជពង្ស*របស់គាត់នឹងគ្រប់គ្រងជារៀងរហូត។+
៨ ក្នុងរាជ្យយេហូរ៉ាម ពួកអេដំបានបះបោរប្រឆាំងនឹងពួកយូដា+ ហើយពួកគេបានតែងតាំងស្ដេចឲ្យគ្រប់គ្រងលើពួកគេ។+ ៩ ដូច្នេះ យេហូរ៉ាមនិងពួកមេទ័ពទាំងអស់បានធ្វើដំណើរទៅបង្ក្រាបពួកអេដំ។ រួចគាត់បានក្រោកឡើងទាំងយប់ ទៅវាយប្រហារពួកអេដំដែលមកឡោមព័ទ្ធគាត់និងពួកមេទ័ពរទេះចម្បាំង ដោយទទួលជ័យជម្នះ។ ១០ ប៉ុន្តែ ពួកអេដំនៅតែបះបោរប្រឆាំងនឹងពួកយូដារហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលិបណា+ក៏បានបះបោរប្រឆាំងនឹងស្ដេចយេហូរ៉ាមដែរ។ នោះបានកើតឡើងដោយសារតែយេហូរ៉ាមបានលះចោលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់គាត់។+ ១១ គាត់ក៏បានធ្វើទីខ្ពស់ពិសិដ្ឋ+នៅលើភ្នំនានាក្នុងស្រុកយូដា ដែលនាំឲ្យអ្នកក្រុងយេរូសាឡិមប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះ* ហើយនាំឲ្យបណ្ដាជនយូដាបែរចេញពីលោក។
១២ ក្រោយមក អេលីយ៉ា+ជាអ្នកប្រកាសទំនាយបានផ្ញើសារទៅយេហូរ៉ាម។ សារនោះមានសេចក្ដីថា៖ «ព្រះយេហូវ៉ាជាព្រះរបស់ដាវីឌជាបុព្វបុរសរបស់អ្នក លោកមានប្រសាសន៍ថា៖ ‹អ្នកមិនបានដើរតាមគន្លងរបស់យេហូសាផាត+ជាឪពុករបស់អ្នក ឬតាមគន្លងរបស់អេសា+ជាស្ដេចស្រុកយូដាឡើយ។ ១៣ ប៉ុន្តែ អ្នកបានដើរតាមគន្លងរបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែលវិញ+ ហើយបានធ្វើឲ្យបណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមប្រព្រឹត្តមិនស្មោះត្រង់នឹងព្រះ* ដោយគោរពបូជាដល់ព្រះមិនពិត+តាមពូជពង្សរបស់អាហាប់។+ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏បានសម្លាប់ប្អូនប្រុសៗរបស់អ្នក+ ដែលជាមនុស្សប្រសើរជាងអ្នក។ ១៤ ហេតុនេះ ព្រះយេហូវ៉ានឹងវាយប្រហាររាស្ត្ររបស់អ្នក ប្រពន្ធកូនអ្នក ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ផងដែរ។ ១៥ ឯចំណែកអ្នកវិញ អ្នកនឹងរងទុក្ខដោយជំងឺជាច្រើន រួមទាំងជំងឺពោះវៀនផង។ អ្នកនឹងឈឺចាប់កាន់តែខ្លាំងដោយសារជំងឺនោះពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពោះវៀនចេញមកក្រៅ›»។
១៦ ក្រោយមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យ+ជនជាតិភីលីស្ទីន+ និងជនជាតិអារ៉ាប់+ដែលនៅក្បែរជនជាតិអេត្យូពី ប្រឆាំងនឹងយេហូរ៉ាម។ ១៧ ដូច្នេះ ពួកគេបានមកឈ្លានពានទឹកដីយូដា ហើយប្រមូលយកទ្រព្យសម្បត្តិទាំងអស់ពីវិមានស្ដេច+ ព្រមទាំងចាប់ប្រពន្ធកូនទាំងអស់របស់យេហូរ៉ាមយកទៅជាមួយដែរ ទុកឲ្យនៅសល់តែយេហូអាហាស*+ជាកូនពៅប៉ុណ្ណោះ។ ១៨ ក្រោយពីរឿងទាំងនោះ ព្រះយេហូវ៉ាបានធ្វើឲ្យគាត់រងទុក្ខវេទនាដោយជំងឺពោះវៀនដែលមិនអាចព្យាបាលបាន។+ ១៩ លុះពីរឆ្នាំក្រោយមក ពោះវៀនគាត់ធ្លាយចេញមកក្រៅ ដោយសារជំងឺនោះមានសភាពធ្ងន់ធ្ងរ ហើយគាត់ក៏ស្លាប់ទៅទាំងឈឺចាប់យ៉ាងខ្លាំង។ ប្រជារាស្ត្ររបស់គាត់មិនបានធ្វើពិធីដុតគ្រឿងក្រអូបសម្រាប់គាត់ ដូចជាបានធ្វើសម្រាប់បុព្វបុរសរបស់គាត់នោះទេ។+ ២០ ពេលគាត់បានក្លាយទៅជាស្ដេចគាត់មានអាយុ៣២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៨ឆ្នាំ។ ពេលគាត់ស្លាប់គ្មានអ្នកណាម្នាក់ស្ដាយស្រណោះគាត់ឡើយ។ គេបានបញ្ចុះសពគាត់នៅក្រុងដាវីឌ+ តែមិនមែននៅទីបញ្ចុះសពរបស់បណ្ដាស្ដេចទេ។+