ប្រវត្តិហេតុទី១
១៤ ហ៊ីរ៉ាម+ជាស្ដេចក្រុងទីរ៉ុសបានចាត់ពួកអ្នកនាំសារឲ្យទៅជួបដាវីឌ ហើយគាត់ក៏ផ្ញើឈើស៊ីដារ ព្រមទាំងចាត់ជាងថ្មនិងជាងឈើទៅជាមួយដែរ ដើម្បីឲ្យពួកគេសង់វិមានជូនដាវីឌ។+ ២ ដូច្នេះ ដាវីឌបានយល់ឃើញថាព្រះយេហូវ៉ាបានតាំងរាជ្យរបស់គាត់យ៉ាងរឹងមាំលើស្រុកអ៊ីស្រាអែល+ ហើយបានធ្វើឲ្យរាជ្យគាត់រុងរឿង សម្រាប់ជាប្រយោជន៍ដល់ជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក។+
៣ នៅក្រុងយេរូសាឡិម ដាវីឌបានយកប្រពន្ធថែមទៀត+ ហើយគាត់ក៏មានកូនប្រុសកូនស្រីថែមទៀតដែរ។+ ៤ កូនទាំងនោះដែលកើតនៅក្រុងយេរូសាឡិម+មានឈ្មោះដូចតទៅ៖ សាំមូអា សូបាប ណាថាន់+ សាឡូម៉ូន+ ៥ អ៊ីបហា អេលីស៊ូ អេលផាលេត ៦ ណូកា នេផេក យ៉ាភាអា ៧ អេលីសាម៉ា បេអាឡាយ៉ាដា និងអេលីផាលេត។
៨ ឯពួកភីលីស្ទីន ពួកគេបានទទួលដំណឹងថាដាវីឌបានត្រូវតែងតាំងជាស្ដេចលើអ៊ីស្រាអែល។+ ដូច្នេះ ពួកគេក៏បានមកច្បាំងនឹងដាវីឌ។+ ពេលដាវីឌបានឮដូច្នោះ គាត់ក៏បានចេញទៅច្បាំងនឹងពួកគេ។ ៩ ពួកភីលីស្ទីនបានចូលមកវាយលុកនៅឯជ្រលងរេផែម។+ ១០ ពេលនោះ ដាវីឌបានសួរព្រះយេហូវ៉ាថា៖ «តើខ្ញុំគួរទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើលោកនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំឬ?»។ លោកក៏តបឆ្លើយទៅវិញថា៖ «ចូរទៅចុះ! ខ្ញុំនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជាប្រាកដ»។+ ១១ ដូច្នេះ ដាវីឌបានទៅវាយប្រហារពួកភីលីស្ទីននៅឯបាលពេរ៉ាស៊ីម។+ បន្ទាប់មក ដាវីឌបាននិយាយថា៖ «ព្រះពិតបានជួយខ្ញុំវាយប្រហារពួកសត្រូវរហូតដល់ពួកគេបាក់ទ័ព ដូចជាទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថាបាលពេរ៉ាស៊ីម។* ១២ ពួកភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់ពួកគេនៅទីនោះ។ រួចមក ដាវីឌក៏បានបង្គាប់ឲ្យគេដុតបំផ្លាញរូបព្រះទាំងនោះចោល។+
១៣ ក្រោយមក ពួកភីលីស្ទីនបានចូលទៅវាយលុកនៅឯជ្រលងនោះម្ដងទៀត។+ ១៤ នៅពេលនោះ ដាវីឌបានសួរព្រះពិត តែលោកប្រាប់ថា៖ «កុំទៅច្បាំងនឹងពួកគេពីមុខឡើយ តែចូរវាងពីក្រោយ ហើយវាយឆ្មក់ពួកគេនៅមុខព្រៃគុម្ពោតបេកាវិញ។+ ១៥ ពេលដែលអ្នកឮសន្ធឹកជើងមកជិតដល់ព្រៃគុម្ពោតបេកា ចូរចេញទៅច្បាំងនឹងពួកគេទៅ ព្រោះព្រះពិតនឹងចេញទៅវាយប្រហារកងទ័ពភីលីស្ទីនមុនអ្នកហើយ»។+ ១៦ ដាវីឌបានធ្វើតាមបង្គាប់របស់ព្រះពិត+ ហើយគាត់បានសម្លាប់ពួកភីលីស្ទីនចាប់ពីក្រុងគីបៀនរហូតទៅដល់ក្រុងគីសឺ។+ ១៧ ដូច្នេះ ដាវីឌមានឈ្មោះល្បីរន្ទឺគ្រប់ទិសទី ហើយព្រះយេហូវ៉ាបានធ្វើឲ្យប្រជាជាតិនានាកោតខ្លាចដាវីឌ។+