ប្រវត្តិហេតុទី២
២ ក្រោយមក សាឡូម៉ូនបានចេញបញ្ជាឲ្យគេសាងសង់វិហារសម្រាប់នាមព្រះយេហូវ៉ា+ និងវិមានរបស់គាត់។+ ២ សាឡូម៉ូនមានកម្មករចំនួន៧០.០០០នាក់ អ្នកដាប់ថ្មនៅភ្នំចំនួន៨០.០០០នាក់+ និងពួកអ្នកត្រួតពិនិត្យចំនួន៣.៦០០នាក់មើលការខុសត្រូវលើពួកគេ។+ ៣ សាឡូម៉ូនក៏បានផ្ញើសារទៅហ៊ីរ៉ាម+ស្ដេចក្រុងទីរ៉ុសថា៖ «សូមអ្នកផ្ញើឈើស៊ីដារឲ្យខ្ញុំ ដូចដែលអ្នកបានផ្ញើឲ្យដាវីឌឪពុកខ្ញុំ កាលដែលគាត់សង់វិមានរបស់គាត់។+ ៤ ខ្ញុំមានគម្រោងសង់វិហារមួយសម្រាប់នាមព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំទុកប្រគល់ជូនលោក ដើម្បីដុតគ្រឿងក្រអូប+ និងដាក់នំប៉័ងតាំងទុក+ ហើយដើម្បីជូនគ្រឿងបូជាដុតជារៀងរាល់ព្រឹករៀងរាល់ល្ងាច+នៅថ្ងៃឈប់សម្រាក+ នៅថ្ងៃបុណ្យចូលខែថ្មី+ និងថ្ងៃបុណ្យផ្សេងៗ+តាមដែលព្រះយេហូវ៉ាបានបង្គាប់។ នេះជាបង្គាប់ដែលជនជាតិអ៊ីស្រាអែលត្រូវធ្វើជារៀងរហូតតទៅ។ ៥ វិហារដែលខ្ញុំមានគម្រោងសង់នេះ នឹងទៅជាវិហាររុងរឿងអស្ចារ្យ ព្រោះព្រះរបស់យើងខ្ពង់ខ្ពស់ជាងព្រះណាទាំងអស់។ ៦ តើអ្នកណាមានសមត្ថភាពសាងសង់វិហារជូនលោកបាន? មេឃនិងលំហអាកាសដ៏ធំធេងមិនធំល្មមសម្រាប់ជាលំនៅរបស់លោកបានផង។+ ចុះខ្ញុំជាអ្នកណា? ខ្ញុំគ្មានសមត្ថភាពសង់វិហារជូនលោកទេ មានតែសង់ទុកជាកន្លែងសម្រាប់ដុតគ្រឿងបូជា*ជូនលោកប៉ុណ្ណោះ។ ៧ សូមអ្នកបញ្ជូនជាងជំនាញម្នាក់មកឯខ្ញុំ ជាអ្នកដែលមានថ្វីដៃធ្វើគ្រឿងមាស គ្រឿងប្រាក់ គ្រឿងស្ពាន់+ និងគ្រឿងដែក ព្រមទាំងចេះជ្រលក់ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ខៀវ ហើយចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ។ គាត់នឹងធ្វើការនៅស្រុកយូដា និងក្រុងយេរូសាឡិម ជាមួយនឹងជាងជំនាញៗ ដែលដាវីឌឪពុកខ្ញុំបានត្រៀមទុក។+ ៨ សូមអ្នកផ្ញើឈើស៊ីដារ ឈើយូនីពើ+ និងឈើអាល់កឹម*+ ពីភ្នំលីបង់មកឲ្យខ្ញុំ ព្រោះខ្ញុំដឹងថាពួកអ្នកបម្រើរបស់អ្នកពូកែខាងកាប់ឈើនៅភ្នំលីបង់។+ ពួកអ្នកបម្រើរបស់ខ្ញុំនឹងធ្វើការជាមួយពួកអ្នកបម្រើរបស់អ្នក+ ៩ ដើម្បីត្រៀមឈើយ៉ាងច្រើនទុកសម្រាប់សង់វិហារ ព្រោះវិហារដែលខ្ញុំមានគម្រោងសង់នោះ នឹងទៅជាវិហាររុងរឿងអស្ចារ្យ។ ១០ ចំណែកខ្ញុំវិញ ខ្ញុំនឹងផ្គត់ផ្គង់ពួកអ្នកបម្រើរបស់អ្នក+ដែលជាអ្នកកាប់ឈើ ដោយឲ្យស្រូវសាលីចំនួន២០.០០០រង្វាល់* ស្រូវបាលី*ចំនួន២០.០០០រង្វាល់* ស្រាចំនួន២០.០០០រង្វាល់* និងប្រេងអូលីវចំនួន២០.០០០រង្វាល់»។
១១ ក្រោយមក ហ៊ីរ៉ាមជាស្ដេចក្រុងទីរ៉ុសបានផ្ញើសារមកសាឡូម៉ូនវិញថា៖ «ដោយសារព្រះយេហូវ៉ាស្រឡាញ់រាស្ត្ររបស់លោក នោះលោកបានតែងតាំងអ្នកឲ្យធ្វើជាស្ដេចលើពួកគេ»។ ១២ ហ៊ីរ៉ាមក៏បន្ថែមទៀតថា៖ «ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតមេឃនិងផែនដី និងជាព្រះនៃជនជាតិអ៊ីស្រាអែល សូមឲ្យលោកទទួលការសរសើរតម្កើង ព្រោះលោកបានឲ្យដាវីឌនូវកូនប្រុសម្នាក់ដែលមានប្រាជ្ញា+ មានការយល់ដឹងនិងចេះពិចារណា។+ គាត់នឹងសង់វិហារមួយជូនព្រះយេហូវ៉ា ថែមទាំងសង់វិមានសម្រាប់ខ្លួនគាត់ដែរ។ ១៣ ខ្ញុំនឹងចាត់ហ៊ីរ៉ាមអេបាយឲ្យទៅឯអ្នក គាត់ជាជាងជំនាញនិងប៉ិនប្រសប់។+ ១៤ គាត់ជាកូនរបស់ស្ត្រីម្នាក់ មកពីកុលសម្ព័ន្ធដាន់ ហើយឪពុកគាត់ជាអ្នកក្រុងទីរ៉ុស។ ហ៊ីរ៉ាមអេបាយមានថ្វីដៃខាងការធ្វើគ្រឿងមាស គ្រឿងប្រាក់ គ្រឿងស្ពាន់ គ្រឿងដែក ថ្មនិងឈើ ព្រមទាំងចេះជ្រលក់ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ខៀវ និងធ្វើក្រណាត់សាច់ល្អ។+ គាត់ចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះកែច្នៃតាមគម្រោងណាដែលគេឲ្យ។+ គាត់នឹងធ្វើការជាមួយនឹងជាងជំនាញៗរបស់អ្នក និងពួកជាងជំនាញដែលលោកម្ចាស់ដាវីឌជាឪពុកអ្នកបានត្រៀមទុក។ ១៥ ដូច្នេះ សូមអ្នកផ្ញើស្រូវបាលី ស្រូវសាលី ប្រេងអូលីវ និងស្រា ដូចដែលអ្នកបានសន្យាចុះ។+ ១៦ រីឯពួកអ្នកបម្រើខ្ញុំវិញ ពួកគេនឹងកាប់ឈើពីភ្នំលីបង់+ តាមសេចក្ដីត្រូវការរបស់អ្នក។ ពួកគេនឹងចងឈើទាំងនោះជាក្បូនបណ្ដែតតាមសមុទ្ររហូតដល់យ៉ុបប៉ា។+ រួចពួកអ្នកបម្រើរបស់អ្នកអាចដឹកជញ្ជូនយកទៅក្រុងយេរូសាឡិមបាន»។+
១៧ សាឡូម៉ូនបានរាប់ចំនួនជនបរទេសទាំងអស់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល+ ដូចដាវីឌជាឪពុកគាត់បានធ្វើដែរ។+ គាត់ឃើញមានចំនួន១៥៣.៦០០នាក់។ ១៨ ដូច្នេះ សាឡូម៉ូនបានបែងចែកពួកគេឲ្យធ្វើការងារផ្សេងៗ គឺមានកម្មករចំនួន៧០.០០០នាក់ ពួកអ្នកដាប់ថ្ម+នៅភ្នំចំនួន៨០.០០០នាក់ ហើយគាត់តែងតាំងពួកអ្នកត្រួតពិនិត្យចំនួន៣.៦០០នាក់ឲ្យមើលការខុសត្រូវលើពួកគេ។+