ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកាឡាទី
៤ ឥឡូវ ខ្ញុំសុំប្រាប់ថា ដរាបណាអ្នកដែលទទួលមត៌កនៅជាក្មេងតូច ដរាបនោះគាត់មិនខុសពីខ្ញុំបម្រើទេ ទោះជាគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ។ ២ ផ្ទុយទៅវិញ គាត់នៅក្រោមអំណាចរបស់អ្នកមើលការខុសត្រូវនិងអ្នកចាត់ចែងកិច្ចការផ្ទះ រហូតដល់ថ្ងៃដែលឪពុករបស់គាត់បានកំណត់ទុក។ ៣ ដូចគ្នាដែរ កាលដែលយើងជាក្មេងតូចនៅឡើយ យើងជាខ្ញុំបម្រើនៃអ្វីៗរបស់ពិភពលោកនេះ។*+ ៤ ប៉ុន្តែ ពេលដល់គ្រាកំណត់ហើយ ព្រះបានចាត់បុត្ររបស់លោកឲ្យមក រួចបុត្រនោះបានកើតពីស្ត្រី+ ក៏បានទៅជាអ្នកដែលនៅក្រោមច្បាប់+ ៥ ដើម្បីបុត្រនោះអាចរំដោះដោយទិញអស់អ្នកដែលនៅក្រោមច្បាប់។+ ការធ្វើដូច្នេះនាំឲ្យព្រះទទួលយើងជាកូន។+
៦ ពីព្រោះយើងជាកូនព្រះ ព្រះបានចាត់ឫទ្ធានុភាពបរិសុទ្ធ+ដែលបុត្ររបស់លោកបានទទួល ឲ្យចូលក្នុងចិត្តយើង+ ហើយឫទ្ធានុភាពនោះស្រែកឡើងថា៖ «អប្បា* បិតាអើយ!»។+ ៧ ដូច្នេះ អ្នកមិនមែនជាខ្ញុំបម្រើទៀតទេ តែជាកូនព្រះ ហើយប្រសិនបើអ្នកជាកូនព្រះ នោះព្រះក៏បានឲ្យអ្នករាល់គ្នាធ្វើជាអ្នកទទួលមត៌កដែរ។+
៨ ទោះជាយ៉ាងនោះក៏ដោយ ពេលដែលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នាធ្លាប់ធ្វើជាខ្ញុំបម្រើរបស់ព្រះនានាដែលមិនមែនជាព្រះពិត។ ៩ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ ឬអាចនិយាយថា ឥឡូវនេះព្រះស្គាល់អ្នករាល់គ្នាហើយ ដូច្នេះហេតុអ្វីអ្នករាល់គ្នាកំពុងត្រឡប់ទៅរកអ្វីៗដែលគ្មានប្រយោជន៍+និងគ្មានតម្លៃ ហើយចង់ធ្វើជាខ្ញុំបម្រើរបស់អ្វីៗទាំងនោះម្ដងទៀត?+ ១០ អ្នករាល់គ្នាកាន់តាមថ្ងៃ ខែ+ រដូវ និងឆ្នាំផ្សេងៗយ៉ាងផ្ចិតផ្ចង់។ ១១ ខ្ញុំបារម្ភអំពីអ្នករាល់គ្នា ព្រោះការខំប្រឹងរបស់ខ្ញុំដើម្បីជួយអ្នករាល់គ្នាប្រហែលជាឥតប្រយោជន៍។
១២ បងប្អូនអើយ ពីមុនខ្ញុំធ្លាប់ធ្វើដូចអ្នករាល់គ្នាដែរ ដូច្នេះខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើដូចខ្ញុំធ្វើនៅឥឡូវនេះ។+ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសចំពោះខ្ញុំទេ។ ១៣ ប៉ុន្តែអ្នករាល់គ្នាដឹងហើយ នៅលើកដំបូង ខ្ញុំមានឱកាសផ្សព្វផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ដោយសារខ្ញុំឈឺ។ ១៤ ទោះជាជំងឺរបស់ខ្ញុំជាការល្បងលដល់អ្នករាល់គ្នាក៏ដោយ អ្នករាល់គ្នាមិនបានមើលងាយឬស្អប់ខ្ពើមខ្ញុំ*ទេ តែអ្នករាល់គ្នាបានទទួលខ្ញុំដូចជាទទួលទេវតារបស់ព្រះ ឬដូចទទួលគ្រិស្តយេស៊ូ។ ១៥ ដូច្នេះ តើសុភមង្គលដែលអ្នករាល់គ្នាធ្លាប់មានពីមុននៅឯណា? ព្រោះខ្ញុំជឿជាក់ថា នៅពេលនោះអ្នករាល់គ្នាមុខជានឹងខ្វេះភ្នែកខ្លួនឯងផ្ដល់ឲ្យខ្ញុំហើយ ប្រសិនបើអាចធ្វើបាន។+ ១៦ បើដូច្នេះ តើខ្ញុំបានទៅជាសត្រូវរបស់អ្នករាល់គ្នា ដោយសារខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាឬ? ១៧ អ្នកទាំងនោះខំខ្នះខ្នែងឲ្យបានអ្នករាល់គ្នា ប៉ុន្តែមិនមែនដោយមានបំណងចិត្តល្អទេ តែពួកគេចង់ពង្រាត់អ្នករាល់គ្នាចេញពីខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាសង្វាតទៅតាមពួកគេវិញ។ ១៨ ក៏ប៉ុន្តែ ជាការល្អប្រសិនបើមានគេខ្នះខ្នែងឲ្យបានអ្នករាល់គ្នាដោយមានបំណងចិត្តល្អជានិច្ច មិនគ្រាន់តែពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះទេ។ ១៩ កូនៗអើយ!+ ដោយសារអ្នករាល់គ្នា ខ្ញុំកំពុងឈឺចាប់ម្ដងទៀតដូចជាស្ត្រីដែលកំពុងកើតកូន ហើយខ្ញុំនឹងបន្តឈឺចាប់រហូតដល់អ្នករាល់គ្នាមានគុណសម្បត្តិដូចគ្រិស្ត។ ២០ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នាឥឡូវនេះ ហើយនិយាយទៅអ្នករាល់គ្នាតាមរបៀបមួយផ្សេងទៀត ពីព្រោះខ្ញុំឆ្ងល់អំពីអ្នករាល់គ្នាណាស់។
២១ សូមប្រាប់ខ្ញុំ អ្នករាល់គ្នាដែលចង់នៅក្រោមច្បាប់* តើអ្នករាល់គ្នាមិនស្ដាប់អ្វីដែលច្បាប់ចែងទេឬ? ២២ ជាឧទាហរណ៍ បទគម្ពីរចែងថាអាប្រាហាំមានកូនប្រុសពីរនាក់ ម្នាក់កើតពីស្ត្រីដែលជាអ្នកបម្រើ+ ហើយម្នាក់ទៀតកើតពីស្ត្រីដែលមានសេរីភាព។+ ២៣ ប៉ុន្តែ កូនប្រុសដែលកើតពីស្ត្រីដែលជាអ្នកបម្រើ បានកើតមកដូចមនុស្សទូទៅ+ តែកូនប្រុសម្នាក់ទៀតដែលកើតពីស្ត្រីដែលមានសេរីភាព បានកើតមកដោយសារសេចក្ដីសន្យារបស់ព្រះ។+ ២៤ ព្រឹត្តិការណ៍ទាំងនេះមានអត្ថន័យជានិមិត្តរូប ព្រោះស្ត្រីទាំងពីរនេះជាតំណាងកិច្ចព្រមព្រៀងពីរ។ មួយជាកិច្ចព្រមព្រៀងដែលបានត្រូវធ្វើឡើងនៅភ្នំស៊ីណាយ+ ក៏បង្កើតកូនដែលត្រូវធ្វើជាខ្ញុំបម្រើ ហើយកិច្ចព្រមព្រៀងនេះគឺប្រៀបដូចជានាងហាកា។ ២៥ ឯហាកាគឺជាតំណាងភ្នំស៊ីណាយ+ ជាភ្នំមួយនៅស្រុកអារ៉ាប់ ហើយសព្វថ្ងៃនេះ នាងជាតំណាងក្រុងយេរូសាឡិម ព្រោះនាងនិងកូនរបស់នាងជាខ្ញុំបម្រើ។ ២៦ ប៉ុន្តែ ក្រុងយេរូសាឡិមនៅស្ថានលើមានសេរីភាព ហើយនាងជាម្ដាយរបស់យើង។
២៧ ព្រោះបទគម្ពីរចែងថា៖ «ស្ត្រីអារដែលមិនបង្កើតកូនអើយ! ចូរត្រេកអរឡើង! ស្ត្រីដែលមិនធ្លាប់ឈឺចាប់ដោយសម្រាលកូនអើយ! ចូរបន្លឺសំឡេង ហើយស្រែកឡើងដោយអំណរ! ព្រោះកូនរបស់ស្ត្រីអារ* គឺច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដី»។+ ២៨ ចំណែកយើងវិញ បងប្អូនអើយ យើងជាកូននៃសេចក្ដីសន្យានោះ ដូចអ៊ីសាកដែរ។+ ២៩ ប៉ុន្តែ នៅពេលនោះក៏ដូចសព្វថ្ងៃនេះដែរ ព្រោះអ្នកដែលកើតដូចមនុស្សទូទៅចាប់ផ្ដើមបៀតបៀនអ្នកដែលកើតដោយសារឫទ្ធានុភាពរបស់ព្រះ។+ ៣០ ទោះជាយ៉ាងនោះក៏ដោយ តើបទគម្ពីរចែងយ៉ាងណា? បទគម្ពីរចែងថា៖ «ចូរបណ្ដេញស្ត្រីដែលជាអ្នកបម្រើនិងកូនប្រុសរបស់នាងចេញទៅ ព្រោះកូនរបស់ស្ត្រីជាអ្នកបម្រើនឹងមិនទទួលមត៌កជាមួយនឹងកូនរបស់ស្ត្រីដែលមានសេរីភាពឡើយ»។+ ៣១ ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីជាអ្នកបម្រើទេ តែជាកូនរបស់ស្ត្រីដែលមានសេរីភាព។